ការអប់រំដែលមានផ្ដល់រង្វាន់ផងនោះ បានផ្ដោតលើចំណុចបីសំខាន់ គឺអប់រំអំពីសិទ្ធិការងារ សុខភាព និងសុវត្ថិភាពការងារ និងសុខភាពផ្ទាល់ខ្លួន។ កម្មវិធីនេះ បើកឲ្យកម្មកររោងចក្រហៅទូរស័ព្ទចូលរួមដោយឥតគិតថ្លៃ មានឆ្លើយសំណួរខ្លីៗដែលទាក់ទងការងារ និងសុខភាពរបស់កម្មករ។
ដោយយល់ឃើញថា កម្រិតយល់ដឹងរបស់កម្មករអំពីសិទ្ធិការងារ សុខភាព និងសុវត្ថិភាពការងារ និងសុខភាពផ្ទាល់ខ្លួននៅមានកម្រិតនៅឡើយនោះ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ បានបង្កើតកម្មវិធីអប់រំមួយឡើង។ កម្មវិធីនេះងាយស្រួលឲ្យកម្មករចូលរួមស្វែងយល់អំពីសិទ្ធិរបស់ខ្លួន មិនចាំបាច់ធ្វើដំណើរទៅឆ្ងាយ មិនចាំបាច់ចំណាយពេលយូរ គឺគ្រាន់តែចុចលេខទូរស័ព្ទតែបួនខ្ទង់ប៉ុណ្ណោះជាការស្រេច។ ចំពោះកម្មករណាដែលចង់ចូលរួមកម្មវិធីអប់រំនេះ ត្រូវយកទូរស័ព្ទដៃចុចហៅលេខ ៨៣៩៧ ដោយមិនអស់ប្រាក់។
ក្នុងរយៈពេល ២ខែមកនេះ មានកម្មករហៅចូលចំនួន ៣.២៤៥ដង។ កម្មវិធីនេះប្រើប្រព័ន្ធអន្តរកម្មឆ្លើយតបសំឡេង អាយ.វី.អរ (IVR) គឺនៅពេលកម្មករហៅទូរស័ព្ទចូល មានសំឡេងសារចាំទទួល និងសួរសំណួរជាស្វ័យប្រវត្តិ និងមានការណែនាំសំណួរចម្លើយ ជួយសម្រួលឲ្យកម្មករយល់។
មន្ត្រីនាំពាក្យរបស់អង្គការអន្តរជាតិខាងការងារ លោក គាំ ទីវា មានប្រសាសន៍ថា កម្មវិធីនេះ គឺជាការផ្ដល់សេវាអប់រំកម្មករដល់កន្លែង បង្កការងាយស្រួលឲ្យកម្មករចូលរួម ទោះមិនចេះអក្សរក្ដី ឲ្យតែមានទូរស័ព្ទដៃធម្មតាមួយបានហើយ៖ «ការដែលយើងបង្កើតគម្រោងនេះឡើង គឺយើងយល់ថា កម្មករគ្រប់រូបតែងតែមានទូរស័ព្ទដៃប្រើប្រាស់ផ្ទាល់ខ្លួន។ ទូរស័ព្ទហ្នឹងភាគច្រើនជាទូរស័ព្ទធម្មតា ដែលគាត់អត់អាចប្រើជាអ៊ីនធឺណិត ឬមួយអានជាភាសាខ្មែរ។ យើងមើលឃើញថា កម្មករក្ដី ចំណេះដឹងនៃការអានរបស់គាត់នៅមានកម្រិតអ៊ីចឹងណាស់ចំពោះកម្មករមួយចំនួន អ៊ីចឹងដើម្បីឲ្យពួកខ្ញុំអាចផ្ដល់ព័ត៌មានផ្សេងៗ និងអប់រំពួកគាត់បាន គឺការប្រើប្រាស់ទូរស័ព្ទជាលក្ខណៈសំឡេង។ ពួកខ្ញុំនឹងអាចយកព័ត៌មានទៅដល់ពួកគាត់បានទាំងមូលតែម្ដង»។
របាយការណ៍នៃគម្រោងកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ ដែលស្រង់ទិន្នន័យនៃកម្មវិធីអប់រំក្នុងរយៈពេលពីរខែដំបូងនេះ រកឃើញថា កម្មករបានយល់ដឹងច្រើនអំពីសុខភាព និងសុវត្ថិភាពការងារ និងសុខភាពផ្ទាល់ខ្លួន ដែលមានក្នុងសំណួរខ្លី តែនៅមានគម្លាតគ្នាឆ្ងាយរវាងចំណេះដឹងខាងសិទ្ធិការងារ។ ឧទាហរណ៍ ចំនួន ៣២% ក្នុងចំនួនអ្នកហៅចូលសរុបជាង ៣.២០០នាក់ យល់ខុសថា កម្មករដែលចូលរួមធ្វើកូដកម្មខុសច្បាប់ និងទទួលបានថ្លៃឈ្នួលក្នុងថ្ងៃដែលពួកគេធ្វើកូដកម្ម។ ហើយចម្លើយដែលត្រូវនោះ គឺកម្មករនឹងមិនត្រូវទទួលប្រាក់ឈ្នួលប្រចាំថ្ងៃទេ ក្នុងថ្ងៃពួកគេធ្វើកូដកម្មខុសច្បាប់។
ចំពោះសំណួរទាក់ទងកម្មការិនីមានផ្ទៃពោះ ហើយត្រូវសម្រាកសម្រាលកូនវិញ កម្មករ ៤៧% យល់ខុសថា កម្មការិនីដែលធ្វើការតិចជាងមួយឆ្នាំ នឹងទទួលបានការឈប់សម្រាកសម្រាលកូនដោយគិតថ្លៃឈ្នួល។ តាមពិត ចម្លើយត្រូវ គឺកម្មការិនីត្រូវធ្វើការលើសពី ១ឆ្នាំ ទើបទទួលបានប្រាក់ឈ្នួលនៅពេលសម្រាកសម្រាលកូន។
ទោះយ៉ាងណា កម្មវិធីអប់រំនេះនៅមានកម្រិត មានកម្មករជាច្រើននៅមិនទាន់ដឹងនៅឡើយ ឧទាហរណ៍ កម្មកររោងចក្រមួយចំនួននៅប៉ែកខាងលិចជាយរាជធានីភ្នំពេញជាដើម។
អ្នកយកព័ត៌មានយើងបានចុះទៅរោងចក្រកាត់ដេរពីរបី នៅខណ្ឌមានជ័យ ដៃកាន់ក្រដាសព័ត៌មានផ្សព្វផ្សាយអប់រំកម្មករនេះ បង្ហាញកម្មកររាប់រយនាក់ពេលចេញពីធ្វើការ។ ពួកគេទាំងអស់ឆ្លើយថា មិនដឹង ថែមទាំងមិនចាប់អារម្មណ៍កម្មវិធីអប់រំនេះទៀតផង ខណៈមានកម្មករពីរបីនាក់ឆ្លើយសំណួរទាំងទើសទាល់៖ «សំឡេងកម្មករចម្រុះ»។
ចំណែកកម្មការិនីម្នាក់ទៀតដែលដើរបែកហ្វូង ហាក់ដូចជាចាប់អារម្មណ៍ជាងកម្មករដទៃ។ កម្មការិនីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ អះអាងថា គាត់ធ្វើការនៅរោងចក្រ ញីវ អេស៊ា (New Asia)។ គាត់ថា គាត់គ្មានជំនឿលើការអប់រំនេះទេ ហើយបានលើកឧទាហរណ៍ថា កន្លងមក កម្មករបាននាំគ្នាធ្វើបាតុកម្មផង កូដកម្មផង ដើម្បីមូលហេតុដូចគ្នានេះ តែឥតប្រយោជន៍។ ហើយទីបំផុត កម្មករដែលតវ៉ាត្រូវថៅកែបរទេសបណ្ដេញចោលគ្មានការងារធ្វើ គ្មានអ្នកណាចេញមុខជួយ។
កម្មការិនីដែលមើលទៅមានរាងកាយស្លេកស្លាំងបន្តថា គាត់អស់សង្ឃឹមក្នុងការរើបម្រះពីការកេងប្រវ័ញ្ចជិះជាន់កម្លាំងពលកម្ម បង្ខំឲ្យធ្វើពលកម្មលើសម៉ោងពីសំណាក់ថៅកែ ហើយសុខចិត្តខាំមាត់សង្កត់ចិត្ត ប្រឹងធ្វើការបន្តទៅទៀតព្រោះគ្មានជម្រើស។ គាត់បញ្ជាក់ថា ការអប់រំខ្លាំងប៉ុណ្ណា ការធ្វើបាតុកម្ម ឬកូដកម្មខ្លាំងប៉ុណ្ណា ក៏នៅតែមិនអាចផ្លាស់ប្ដូរស្ថានភាពរំលោភសិទ្ធិការងារកម្មករដូចសព្វថ្ងៃនេះបានដែរ លុះត្រាណាមន្ត្រីរដ្ឋាភិបាលឈប់ពុករលួយ។
ទោះយ៉ាងណា លោក គាំ ទីវា នៅមានជំនឿថា ការអប់រំជាវិធីសាស្ត្រល្អបំផុតក្នុងការអប់រំកម្មករឲ្យស្គាល់ពីសិទ្ធិរបស់ខ្លួន ហើយអាចកែប្រែស្ថានភាពអាក្រក់នាសព្វថ្ងៃបាន គ្រាន់តែគេត្រូវការពេលវេលាយូរបន្ដិចតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ចម្លើយរបស់កម្មករក្នុងកម្មវិធីអប់រំនេះ គឺជាប្រភពឯកសារព័ត៌មានដើមមួយយ៉ាងសំខាន់ធ្វើជាត្រីវិស័យ សម្រាប់អ្នកធ្វើគោលនយោបាយនានា ឬសម្រាប់ស្ថាប័នពាក់ព័ន្ធដែលមានបំណងចង់លើកស្ទួយវិស័យកាត់ដេរ និងសិទ្ធិកម្មករកាត់ដេរកម្ពុជា។
ជារឿយៗគេសង្កេតឃើញថា កម្មកររោងចក្រតែងធ្វើបាតុកម្ម ឬកូដកម្មជាញឹកញាប់ ទាមទារសិទ្ធិការងារ ទាមទារប្រាក់ឈ្នួល ឬតវ៉ាពីបញ្ហាសុខភាពជាដើម តែភាគច្រើនមិនសូវមានគេអើពើ។ ផ្ទុយទៅវិញ ការតវ៉ាច្រើនទទួលរងនូវការបង្ក្រាបដោយហិង្សាពីកងកម្លាំងប៉ូលិសជាញឹកញាប់ ជំនួសលទ្ធផលនៃការទាមទារ។
បើតាមរបាយការណ៍របស់គម្រោងកាន់តែប្រសើរនៃអង្គការអន្តរជាតិខាងការងារ ថ្មីៗនេះ កម្ពុជា មានកម្មករសរុបប្រហែល ៥សែននាក់ និងរោងចក្រ ៤៦៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
