បញ្ហាលំហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ ជាពិសេសជនជាតិវៀតណាម ក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាសម្រាប់ប្រទេសកម្ពុជា។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា អាជ្ញាធរបានត្រឹមតែនិយាយថា ពង្រឹងវិធានការដោះស្រាយ តែការអនុវត្តជាក់ស្តែងហាក់នៅទន់ខ្សោយ។ ការលើកឡើនេះ នៅបន្ទាប់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមានដកតំណែងមន្ត្រីនគរបាលច្រកទ្វារព្រំដែនណា ដែលបន្តអនុញ្ញាតឲ្យជនបរទេសចូលកម្ពុជា ដោយខុសច្បាប់។
អង្គការសង្គមស៊ីវិលមើលឃើញថា រឿងរ៉ាវព្យាយាមបោសសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់ ជាពិសេសជនជាតិវៀតណាម នៅក្នុងប្រទេសកម្ពុជា ហាក់ដូចជាបាចអង្កាមបញ្ច្រាសខ្យល់ គឺជាលទ្ធផលមិនមានប្រសិទ្ធភាព។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ទិប ទាវ ពន្យល់ថា ជាទូទៅ ការប្ដេជ្ញារបស់ក្រសួងស្ថាប័នពាក់ព័ន្ធ គឺមានតែលើបបូរមាត់ ប៉ុន្តែការអនុវត្តវិធានការជាក់ស្តែងវិញ ហាក់មិនសូវមានប្រសិទ្ធភាពឡើយ៖ «វាអត់ដែលឃើញមានប្រសិទ្ធភាពនូវរាល់បទបញ្ញត្តិ ឬក៏ការបញ្ជាទាំងឡាយទៅថ្នាក់មូលដ្ឋាន ឬពីអាជ្ញាធរមូលដ្ឋានទៅថ្នាក់ជាតិ គឺវាអត់មានប្រសិទ្ធភាពទៅវិញទៅមក»។
ការលើកឡើងនេះ នៅបន្ទាប់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ស្ដីពីការងារអន្តោប្រវេសន៍ ដល់សិក្ខាកាម និងមន្ត្រីនគរបាលនានានៅបណ្ឌិតសភានគរបាលកម្ពុជា កាលពីថ្ងៃទី៥ ខែមករា ដោយព្រមានថា នឹងដកតំណែងមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងមន្ត្រីអសកម្មណា ដែលនៅតែបន្តអនុញ្ញាតឲ្យជនបរទេសឆ្លងដែនចូលក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ។ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចាត់ទុកការលើកឡើងនេះ ថាគ្រាន់តែធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តប៉ុណ្ណោះ។
ចំពោះចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ ៤ពាន់នាក់ ភាគច្រើនជាជនជាតិវៀតណាម ដែលរដ្ឋាភិបាលចាប់បញ្ជូនចេញពីកម្ពុជា ក្នុងឆ្នាំ២០១៥ នោះ លោក ទិប ទាវ លើកឡើងថា ហាក់មិនទាន់សមស្របជាមួយចំនួនជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ ដែលបានមករស់នៅកម្ពុជា តាំងពីយូរលុងមកហើយទេ។
លោកបន្ថែមថា ដើម្បីចូលរួមបោសសម្អាតជនអន្តោប្រវេសន៍វៀតណាម ឲ្យមានប្រសិទ្ធភាពនោះ គឺរដ្ឋាភិបាលគួរតែផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរមូលដ្ឋាន ដើម្បីស្រង់ស្ថិតិ និងបញ្ជូនជនជាតិវៀតណាម ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ «វាជាការដែលធ្វើរឿងអន្តោប្រវេសន៍តែនៅលើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺយើងគួរផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរមូលដ្ឋាន ព្រោះថា អាជ្ញាធរមូលដ្ឋានគាត់ដឹងថា ជនជាតិវៀតណាម នៅភូមិ-ឃុំរបស់គាត់ចំនួនប៉ុន្មាននាក់»។
ទាក់ទិនបញ្ហានេះដែរ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន លើកឡើងថា ថ្វីត្បិតអាជ្ញាធរកម្ពុជា អះអាងថា រឹតបន្តឹងសន្តិសុខ និងទប់ស្កាត់ជនបរទេសលួចឆ្លងដែនមកកម្ពុជា ខុសច្បាប់យ៉ាងណាក៏ដោយ ប៉ុន្តែរឿងជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា ហាក់ដូចជារឿងវែកចក។ លោកថា សព្វថ្ងៃនេះ នៅច្រកព្រំដែនអន្តរជាតិ និងច្រករបៀងផ្សេងៗក្នុងខេត្តស្វាយរៀង ជនជាតិវៀតណាម នៅតែចេញចូលទឹកដីកម្ពុជា ដោយសេរី មានទាំងម៉ូតូឡានមកជាមួយទៀតផង។ បញ្ហាទាំងនេះ បណ្ដាលមកពីអំពើពុករលួយនៅតាមច្រកទ្វារព្រំដែន និងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់កម្ពុជា នៅទន់ខ្សោយ ដែលខុសឆ្ងាយពីប្រទេសដទៃ៖ «យើងសង្កេតមើលឃើញថា នៅក្រុងស្វាយរៀង នៅមានប្រជាពលរដ្ឋវៀតណាម ជិះម៉ូតឡានវៀតណាម ស្លាកលេខវៀតណាម មកដល់ស្វាយរៀង ហើយព្រឹកមិញក៏មានដែរ។ ពួកគេមកដើរលក់ឆ្នោតលក់ត្រី លក់ផ្លែឈើជាធម្មតា បើទោះជាយើងព្រមានរឹតបន្តឹងព្រំដែនក្តី»។
រហូតមកទល់ពេលនេះ រដ្ឋាភិបាលមិនដែលបានបញ្ចេញតួលេខពិតប្រាកដរបស់ជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីប្រទេសកម្ពុជា ឡើយ។
អ្នកវិភាគនយោបាយអះអាងថា ជនអន្តោប្រវេសន៍វៀតណាម មួយចំនួន បានប្ដូរផ្តាច់មករស់នៅកម្ពុជា ដោយសារកត្តាសេដ្ឋកិច្ច និងខ្លះទៀតដោយសារហេតុផលនយោបាយ។
ក្រុមសង្គមស៊ីវិលកត់សម្គាល់ថា ការដែលអនុញ្ញាតឲ្យជនជាតិវៀតណាម ចេញចូលទឹកដីកម្ពុជា ដោយខុសច្បាប់នេះ បង្កឲ្យមានអសន្តិសុខ និងអស្ថិរភាពសង្គម។ ពួកគេអំពាវនាវឲ្យអាជ្ញាធរ ពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍នេះឲ្យមានប្រសិទ្ធភាព កុំឲ្យការប្ដេជ្ញាទាំងឡាយមានតែនៅលើបបូរមាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
