ក្រសួង​មហាផ្ទៃ​មិន​ទាន់​មាន​វិធានការ​​ជាក់លាក់​​ចំពោះ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បង្ហើប​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ចុះ​ត្រួត​ពិនិត្យ​ការងារ​គ្រប់គ្រង​ជន​បរទេស​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​បាន​បង្កើត និង​ចាប់​ផ្ដើម​អនុវត្ត​ហើយ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​ថា នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ណា ហើយ​នឹង​មាន​វិធានការ​យ៉ាង​ណា​ចំពោះ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ទេ។

អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម​បាន​គាំទ្រ​ការ​បង្កើត​ក្រុម​ការងារ​នេះ ប៉ុន្តែ​ពុំ​មាន​ជំនឿ​ថា នឹង​ទួល​បាន​ជោគជ័យ​ច្រើន​ទេ ប្រសិន​បើ​គ្មាន​ការ​ចូល​រួម​ពី​គ្រប់​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ និង​សមត្ថកិច្ច​មូលដ្ឋាន​អះអាង​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ថា ការ​ចុះ​ធ្វើ​ស្ថិតិ​ជន​អន្តោប្រវេសន៍​លើក​នេះ គឺ​មាន​ភាព​ហ្មត់ចត់ និង​លម្អិត​ទៅ​លើ​គ្រប់​ជន​បរទេស​ទាំង​អស់​ដែល​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា ដោយ​មិន​ចំពោះ​តែ​អន្តោប្រវេសន៍​វៀតណាម នោះ​ទេ។ គេ​ក៏​សង្ឃឹម​ដែរ​ថា នៅ​ក្រោយ​ការ​ធ្វើ​ជំរឿន​នេះ ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដែល​ប្រទេស​កម្ពុជា ដែល​មាន​ស្រាប់​នោះ នឹង​ត្រូវ​រឹត​បណ្ដឹង​ការ​អនុវត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ដែល​បាន​បង្កើត​ឡើង​នោះ គឺ​មាន​តួនាទី​ត្រួត​ពិនិត្យ​លើ​ការ​ចាត់តាំង​អនុវត្ត​ច្បាប់​ស្ដី​ពី​ការងារ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍ ការ​ត្រួត​ពិនិត្យ​ដំណើរ​ចេញ​ចូល និង​ការ​ស្នាក់​នៅរបស់​ជន​បរទេស​ក្នុង​មូលដ្ឋាន និង​ការ​ពិនិត្យ​មើល​លើ​ពលករ​បរទេស​នៅ​តាម​រោងចក្រ និង​សហគ្រាស​ជា​ដើម។

ប៉ុន្តែ​លោក​មិន​ទាន់​អាច​អត្ថាធិប្បាយ​បាន​ថា តើ​នឹង​ត្រូវ​ចាត់​វិធានការ​យ៉ាង​ណា​ចំពោះ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់​នោះ៖ «វិធាន​យើង​នឹង​ស្នើ​សុំ​យោបល់​ដឹកនាំ​បន្ត​ទៀត​ពី​ក្រសួង ហើយ​សំខាន់​ឲ្យ​ដឹង​ច្បាស់​លាស់​ប៉ុន្មាន ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​យើង​ត្រូវ​តែ​ធ្វើ​តាម​ច្បាប់​ដែល​កំណត់​នៅ​ក្នុង​ច្បាប់ ក្នុង​ច្បាប់​អន្តោប្រវេសន៍។ នៅ​ក្នុង​ហ្នឹង​ដែល​យើង​យក​ចិត្ត​ទុក្ខ​ដាក់​ជាង​តួលេខ​ច្រើន​ជាង​គេ គឺ​ជន​អន្តោប្រវេសន៍​វៀតណាម​ហ្នឹង យើង​បូក​សរុប​ទៅ​ទូទាំង​ប្រទេស​មាន​ប្រមាណ​ជាង ១០​ម៉ឺន​នាក់»

ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ ទទួល​បន្ទុក​លើ​ការងារ​ស្ថិតិ លោក បាន ហេង មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ក្រុម​ការងារ​លោក​មាន​នីតិវិធី និង​កំពុង​ត្រៀម​ឯកសារ​មួយ​ចំនួន​ដើម្បី​ដំណើរការ ប៉ុន្តែ​មិន​ទាន់​កំណត់​ពេល​ចុះ​អនុវត្ដ​ច្បាស់​លាស់​នៅ​ឡើយ៖ «បាទ! ចុះ​ផ្ទាល់​តែ​ម្ដង​តាម​គ្រួសារ​នីមួយៗ យើង​ផ្ទាល់។ លើក​នេះ​មិន​ធ្វើ​ប្រយោល​ទេ​ធ្វើ​លម្អិត​តែម្ដង។ អ៊ីចឹង​ជម្រាប​ជូន​នេះ​ថា នៅ​ខេត្ត​ពោធិ៍សាត់​នេះ នៅ​ឆ្នាំ២០០២ យើង​បាន​ដំណើរ​ការ​ជំរឿន​មួយ​សា​ហើយ ហើយ​ក៏​បាន​ដាក់​ប្រកាស​ទៅ​ក្រសួង​មហាផ្ទៃ​ហ្នឹង​ហើយ ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ប្រកាស​យើង​កំពុង​តែ​ចែក​ប្រកាស​ជាង ៣០០​ប្រកាស​ហ្នឹង ដើម្បី​ឲ្យ​គាត់​យក​ប្រកាស​មក​ដាក់​ពាក្យ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង​បង់​អាករ ២៥​ម៉ឺន​រៀល សម្រាប់​ពីរ​ឆ្នាំ​តាម​ច្បាប់​អន្តោប្រវេសន៍»

អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ថ្លែង​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ការងារ​នេះ ប៉ុន្តែ​លោក​គ្មាន​ជំនឿ​ច្រើន​ឡើយ ដោយសារ​តែ​ការ​សន្យា ឬ​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​កន្លង​ទៅ​​ពុំ​មាន​ប្រសិទ្ធភាព។

លោក​ថា ដើម្បី​ឲ្យ​ការងារ​នេះ​ទទួល​បាន​ជោគជ័យ ​រដ្ឋាភិបាល​គប្បី​បង្កើត​ក្រុម​ការងារ​ថ្នាក់​ជាតិ​ដែល​មាន​ការ​ចូល​រួម​ពេញ​លេញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ទាំង​អស់៖ «ជួយ​កាត់​បន្ថយ​ការ​រើសអើង​ជាតិ​សាសន៍​ពេញលេញ​តែ​ម្ដង ហើយ​ទី​២ អាច​ជួយ​យុវជន​ខ្មែរ​យើង​មាន​ការងារ​ធ្វើ​ច្រើន ទី​៣ អាច​ជួយ​កាត់​បន្ថយ​នូវ​ឧក្រិដ្ឋកម្ម​ទាំង​ឡាយ​ដែល​កើត​ឡើង។ ខ្ញុំ​សួរ​អ្នក​ជាប់​ពន្ធនាគារ ដូចជា វន់ ពៅ ដូច​ជា​អី​ណាគាត់​ថា ១០​នាក់ មាន​វៀតណាម​ពីរ ទៅ​បី​នាក់​ហើយ​ដែល​ជាប់​ពន្ធនាគារ​ដោយសារ​បទ​ឧក្រិដ្ឋ»

ក្រុម​ការងារ​ដែល​បង្កើត​ឡើង​ដោយ​ក្រសួង​មហាផ្ទៃ ដើម្បី​ចុះ​ធ្វើ​ការងារ​គ្រប់គ្រង​ស្ថិតិ​ជនបរទេស​នេះ ត្រូវ​បាន​បែង​ចែក​ជា ៧​តំបន់​នៅ​ទូទាំង ២៥​ខេត្ត និង​ក្រុង។ ក្នុង​នោះ​តំបន់​ទី​១ គឺ​មាន​រាជធានី​ភ្នំពេញ កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ តំបន់​ទី​២ មាន​ខេត្ត​កំពង់ចាម ត្បូង​ឃុំ កំពង់ធំ និង​ខេត្ត​សៀមរាប តំបន់​ទី​៣ មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី តំបន់​ទី​៤ គឺ​មាន​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់​ដំបង និង​ខេត្ត​ប៉ៃលិន តំបន់​ទី​៥ មាន​បន្ទាយមានជ័យ ឧត្ដរមានជ័យ និង​ព្រះវិហារ តំបន់​ទី​៦ មាន​ខេត្ត​ព្រះសីហនុ កោះកុង និង​ខេត្ត​កំពត និង​តំបន់​ទី​៧ គឺ​ខេត្ត​តាកែវ ស្វាយរៀង និង​ខេត្ត​ព្រៃវែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។