រដ្ឋាភិបាលកម្ពុជា មិនទាន់មានវិធានការច្បាស់លាស់ណាមួយក្នុងការប្រមូលជនជាតិវៀតណាម ដែលកំពុងរស់នៅលើផ្ទៃទឹកទន្លេ និងស្ទឹងនានានៅទូទាំងប្រទេសឲ្យឡើងគោក ដើម្បីបញ្ចៀសការបំពុលទឹក និងបំផ្លាញធនធានមច្ឆជាតិនៅឡើយទេ។
អ្នកវិភាគបញ្ហាសង្គម និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល យល់ថា បញ្ហាអន្តោប្រវេសន៍វៀតណាម នៅតែជាចំណុចរសើបរបស់រដ្ឋាភិបាល។ ដូច្នេះ ការនាំយកជនអន្តោប្រវេសន៍ទាំងនោះឡើងគោក មិនមែនជាការងាយឡើយ ហើយបើអាចធ្វើទៅបាន លើកលែងតែរដ្ឋាភិបាលអនុវត្ដច្បាប់ និងមានយន្តការច្បាស់លាស់។
តើអ្វីខ្លះដែលជាឧបសគ្គរបស់រដ្ឋាភិបាលក្នុងការនាំយកជនបរទេស ឬជនជាតិវៀតណាម ឡើងគោក ហើយថាអាចនឹងមានប្រតិកម្មយ៉ាងណាពីប្រជាពលរដ្ឋខ្មែរ?
វិធានការចុះស្រង់ស្ថិតិ និងគ្រប់គ្រងជនបរទេសរបស់ក្រសួងមហាផ្ទៃ នាពេលនេះ អាចជាជំហានមួយទៅដល់ការជម្លៀសជនបរទេសចេញពីផ្ទៃទឹក ឬគ្រាន់តែជាការប្រថាប់ត្រាលើតួលេខជនជាតិវៀតណាម ដែលថ្នាក់ដឹកនាំរដ្ឋាភិបាលតែងតែអះអាងនាពេលកន្លងមក។ ការពិត រដ្ឋាភិបាល និងអាជ្ញាធរនៅបណ្ដាខេត្តជាប់បឹងទន្លេសាប មានវិធានការនាំយកជនជាតិវៀតណាម ឡើងគោកដែរកាលអំឡុងឆ្នាំ២០០០ និងឆ្នាំ២០១០។ ប៉ុន្តែការអនុវត្តត្រូវបរាជ័យ ហើយពលរដ្ឋខ្មែរ និងមន្ត្រីគណបក្សប្រឆាំង នៅតែបន្តរិះគន់រដ្ឋាភិបាល ចំពោះបញ្ហាអន្តោប្រវេសន៍។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សំ ច័ន្ទគា មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែប្រមូលអ្នករស់នៅលើផ្ទៃទឹកទាំងអស់ មិនថាតែជនជាតិវៀតណាម នោះទេ ហើយត្រូវរកដីជួលឲ្យពួកគេរស់នៅលើគោក ហើយអាជ្ញាធរត្រូវតែប្រើច្បាប់ ឬយន្តការនានាដែលមានស្រាប់ក្នុងការគ្រប់គ្រង។ លោកបន្តថា ប្រសិនបើអាជ្ញាធរអាចគ្រប់គ្រង និងប្រមូលជនអន្តោប្រវេសន៍ទាំងនោះមករស់នៅលើគោកមួយកន្លែងបាន ស្របតាមគោលការណ៍សិទ្ធិមនុស្ស វានឹងកាត់បន្ថយការបំពុលទឹក បរិស្ថាន និងធនធានមច្ឆជាតិ៖ «ការឲ្យអន្តោប្រវេសន៍ ឬប្រជាពលរដ្ឋខ្មែរនៅបណ្ដែតទឹកឡើងគោកនេះ គឺជាការអនុវត្តនៃច្បាប់អន្តោប្រវេសន៍ ឬច្បាប់បំពុលទឹក វាមិនប៉ះពាល់ទៅនឹងគោលការណ៍សិទ្ធិមនុស្សទេ។ តែដើម្បីបញ្ចៀសនូវការរិះគន់ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលទៅលើជនអន្តោប្រវេសន៍ រដ្ឋាភិបាលមានមធ្យោបាយច្រើន ដូចជាឲ្យពួកគាត់ឡើងគោក ដោយយើងជួលដីឲ្យពួកគាត់ស្នាក់នៅទៅ ហើយវាងាយស្រួលក្នុងការគ្រប់គ្រងសន្តិសុខ ឬសណ្ដាប់ធ្នាប់ និងចំនួនអ្នកអន្តោប្រវេសន៍ផង»។
យ៉ាងណា វិធានការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេ និងប្រមូលជនជាតិវៀតណាម ឡើងគោក ខណៈដែលពលរដ្ឋខ្មែរខ្លះគ្មានដីរស់នៅ និងធ្វើកសិកម្មផងនោះ អាចនឹងធ្វើឲ្យរដ្ឋាភិបាលរងការរិះគន់ខ្លាំងៗពីសំណាក់ពលរដ្ឋខ្មែរ។ បញ្ហានេះ ធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ស្ទាក់ស្ទើរ និងអនុវត្តផែនការជម្លៀសជនបរទេសចេញពីផ្ទៃទឹកទន្លេគ្មានប្រសិទ្ធភាព។ អ្នកវិភាគខ្លះមើលឃើញថា បញ្ហាអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា គឺជារឿងឈឺក្បាល ហើយរឹតតែមិនអាចទៅរួចទៀត ប្រសិនបើរដ្ឋាភិបាលទំនុកបម្រុងឲ្យជនជាតិវៀតណាម រស់នៅលើគោកក្នុងកាលៈទេសៈបែបនេះ។
អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា វិធានការគ្រប់គ្រង និងប្រមូលជនបរទេស ដែលភាគច្រើនជាជនជាតិវៀតណាម ឲ្យឡើងមករស់នៅលើគោកនោះ នឹងមិនអាចធ្វើទៅរួចឡើយ។ ជនបរទេសទាំងនោះ នឹងកាន់តែមានបង្អែករស់នៅលើគោកក៏បាន និងរស់នៅលើទូក ដើម្បីប្រកបមុខរបរនេសាទបណ្ដើរក៏បាន។ ពេលនោះ ប្រជាពលរដ្ឋខ្មែរអាចនឹងមានការខឹងសម្បាធ្វើបាតុកម្ម និងមានការរិះគន់កាន់តែខ្លាំងឡើងលើរដ្ឋាភិបាល ពីព្រោះពលរដ្ឋខ្មែរភាគច្រើនពុំមានដីគ្រប់គ្រាន់ដើម្បីបង្កបង្កើនផល និងរស់នៅនៅឡើយ៖ «ផលអវិជ្ជមាន យើងមើលទៅនៅកំពង់ចម្លងកំពង់ឆ្នាំង នៅកំពង់ចម្លងកំពុងហៅ ឬក៏នៅឃុំឆ្នុកទ្រូ អីច្រើនណាស់។ យើងត្រូវរកដីរកអីឲ្យគាត់នៅអាហ្នឹងខ្ញុំគិតថា ខ្មែរយើងកំពុងខ្វះដីស្រែចម្ការធ្វើ និងស្នាក់នៅអីផង ហើយយើងទៅទ្រទ្រង់ជនជាតិមួយទៀត ខ្ញុំគិតថាមិនសមស្របទេ។ យើងមើលទៅនរណាដែលចូលមករស់នៅខុសច្បាប់ យើងត្រូវបញ្ជូនទៅវិញ ហើយអនុវត្តច្បាប់អន្តោប្រវេសន៍ ពីព្រោះយើងមានច្បាប់ត្រឹមត្រូវ»។
ងាកមកខេត្តកំពង់ឆ្នាំង ទាំងអាណត្តិរបស់លោកអភិបាលខេត្ត ស៊ូ ភិរិន្ទ និងលោក ទូច ម៉ារីម សុទ្ធតែបានបង្កើតគណៈកម្មការចម្រុះ និងកែសម្រួលការតាំងទីលំនៅរបស់ពលរដ្ឋវៀតណាម រស់នៅលើផ្ទៃទន្លេ ប៉ុន្តែវិធានការរៀបចំទាំងនោះ ពុំមានប្រសិទ្ធភាពឡើយរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងសេចក្ដីសម្រេចរបស់អតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ទូច ម៉ារីម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១០ បានបង្កើតគណៈកម្មការចម្រុះមួយ និងអនុគណៈកម្មការចំនួនពីរ ដើម្បីធ្វើការងារផ្លាស់ប្ដូរទីលំនៅប្រជាពលរដ្ឋ ដែលតាំងទីលំនៅអចិន្ត្រៃយ៍លើផ្ទៃទឹកតាមដងទន្លេ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ដោយឈរលើគោលការណ៍ស្រុះស្រួល និងស្ម័គ្រចិត្ត ប៉ុន្តែកាលណោះ អាជ្ញាធរមិនទាន់បានអនុវត្តការងារនោះនៅឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៣ ខែតុលា។ ប៉ុន្តែកន្លងទៅ លោកធ្លាប់បដិសេធមិនធ្វើអត្ថាធិប្បាយចំពោះវិធានការប្រមូលជនបរទេស ឬជនជាតិវៀតណាម ឡើងគោកឡើយ ដោយលោកប្រាប់ថា វាជារឿងថ្មីពេកត្រូវរង់ចាំលទ្ធផលការងាររបស់ក្រុមការងារថ្នាក់ជាតិ ចុះស្រង់ស្ថិតិ និងគ្រប់គ្រងជនបរទេសជាមុនសិន។ លោកថា ក្រោយពីបានតួលេខច្បាស់លាស់ រដ្ឋាភិបាលនឹងរៀបចំឲ្យជនបរទេសរស់នៅរៀបរយ និងអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលប្រទេសកម្ពុជា មានស្រាប់។
បច្ចុប្បន្ន គេមិនទាន់ឃើញអាជ្ញាធរបង្កើតគណៈកម្មការ និងអនុវត្តឡើងវិញចំពោះវិធានការផ្លាស់ប្ដូរទីលំនៅរបស់ជនបរទេស ដែលភាគច្រើនជាជនជាតិវៀតណាម ចេញពីផ្ទៃទឹកនៅឡើយទេ។ នៅខេត្តកំពង់ឆ្នាំង តាមតួលេខក្រៅផ្លូវការ មានជនជាតិវៀតណាម ទាំងស្រប និងមិនស្របច្បាប់រស់នៅគោក និងលើផ្ទៃទឹកចំនួន ១.៧២៣គ្រួសារ ស្មើនឹងចំនួនមនុស្ស ៨.៦៦៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
