ចិនជាប្រទេសដែលបណ្ដាក់ទុនធំជាងគេនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសចិន ធ្លាប់បានអះអាងថា ការវិនិយោគចិន បានជួយលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ប៉ុន្តែអ្នកសេដ្ឋកិច្ចនិងស្ថាប័នស្រាវជ្រាវអន្តរជាតិនានា ព្រួយបារម្ភថា តើវត្តមានចិន ពិតជាជួយ អភិវឌ្ឍប្រទេស ឬកេងចំណេញធនធានរបស់កម្ពុជា?
រយៈពេលជាង ៣០ឆ្នាំមកនេះ ប្រទេសចិន បានបង្ហាញអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងកាន់តែប្រសើរលើផ្នែកអភិវឌ្ឍ និងនយោបាយរវាងប្រទេសនៅក្នុងតំបន់។ ក្នុងនោះប្រទេសចិន បាន វិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតំបន់អាស៊ី រួមទាំងប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំចិន និងរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ទំនាក់ទំនងនេះ ថាបានជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
ប្រទេសកម្ពុជា សង្កេតឃើញថា ការវិនិយោគមកពីប្រទេសចិន មានចំនួនកាន់តែច្រើន ដែលស្ថាប័ននិងអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើការសិក្សាអំពីផលប៉ះពាល់ និងការចូលរួមចំណែកដល់សេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។
របាយការណ៍វាយតម្លៃឥទ្ធិពលរបស់ចិន ក្នុងការកាត់បន្ថយភាពក្រីក្រកម្ពុជា ដោយវិទ្យាស្ថានស្រាវជ្រាវនិងបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍកម្ពុជា ដែលហៅកាត់ថា ស៊ី.ឌី.អ.អាយ (CDRI) ប្រចាំឆ្នាំ២០១៣ បានបង្ហាញថា ការអភិវឌ្ឍសេដ្ឋកិច្ចចិន បានរីករាលដាលនិងផ្ដល់ផលប្រយោជន៍ដល់ប្រទេសនៅក្នុងតំបន់ទទួលផលប្រយោជន៍ទាំងសេដ្ឋកិច្ចនិងនយោបាយ។ ផលប្រយោជន៍នេះ ក៏ជាផ្នែកមួយក្នុងការកាត់បន្ថយភាពក្រីក្រ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ផលប៉ះពាល់របស់ចិន ដដែលបានបន្ថែមទៀតថា វត្តមានរបស់ប្រទេសចិននៅកម្ពុជា បង្ហាញអំពីការចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែរបាយការណ៍បានគួសបញ្ជាក់យ៉ាងខ្លីថា ចំណុចអវិជ្ជមាននៃវត្តមានចិននៅកម្ពុជា មិនត្រូវមើលរំលងឡើយ។
នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា ការវិនិយោគរបស់ចិន បានប៉ះពាល់ដល់បរិស្ថានការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិជាច្រើននៅប្រទេសកម្ពុជា។ ការវិនិយោគនោះ ក៏បានបណ្ដេញចេញប្រជាពលរដ្ឋជាច្រើនគ្រួសារពីដីធ្លី ឬផ្ទះសម្បែងរបស់ពួកគេ។ លោកបញ្ជាក់ថា ស្របពេលកម្ពុជា មានភាពអន់ខ្សោយប្រព័ន្ធគ្រប់គ្រង អ្នកវិនិយោគបរទេសមួយចំនួននឹងចាប់ឱកាសកេងចំណេញតាមគ្រប់រូបភាពទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់ ស៊ី.ឌី.អ.អាយ ប្រចាំឆ្នាំ២០១៣ បានបង្ហាញថា ប្រទេសចិនបានប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីទាញយកធនធានធម្មជាតិពីប្រទេសផ្សេងដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួន។ អ្នកវិភាគនានាបានចោទជាសំណួរថា តើប្រទេសចិន ចូលរួមដល់ការអភិវឌ្ឍប្រទេសក្រីក្រ ឬរារាំងដល់ការអភិវឌ្ឍ។
អ្នកវិភាគសេដ្ឋកិច្ច លោក ស្រី ចន្ធី មានប្រសាសន៍ថា តួនាទីរបស់ចិន ដែលបានបង្ហាញយ៉ាងច្បាស់ក្នុងការកាត់បន្ថយភាពក្រីក្រ គឺក្នុងវិស័យកាត់ដេរសំលៀកបំពាក់។ ប៉ុន្តែការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងវិស័យផ្សេងដូចជាដីសម្បទានសេដ្ឋកិច្ចលើការរុករ៉ែ ថាមពល និងវារីអគ្គិសនី មិនអាចប៉ាន់ស្មានបាននៅក្នុងរយៈពេលខ្លីឡើយ។
សមាគមរោងចក្រកាត់ដេរកម្ពុជា បង្ហាញថា អ្នកវិនិយោគនៅក្នុងវិស័យកាត់ដេរមានប្រមាណ ២០% គ្រប់គ្រងដោយអ្នកវិនិយោគមកពីហុងកុង ២៥% គ្រប់គ្រងដោយកោះតៃវ៉ាន់ និងប្រទេសចិន គ្រប់គ្រងប្រមាណ ១៣%។ តាមការប៉ាន់ស្មានការវិនិយោគចិន នៅក្នុងវិស័យកាត់ដេរកម្ពុជា បានបង្កើតការងារប្រមាណជិត ២០ម៉ឺននាក់។
ចំណែកការវិនិយោគរបស់ក្រុមហ៊ុនចិន នៅក្នុងវិស័យរុករករ៉ែ ថាមពល និងវារីអគ្គិសនី កំពុងកើនឡើងយ៉ាងខ្លាំងនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនចិន ចំនួនពីរទទួលសិទ្ធិធ្វើអាជីវកម្មលើការទាញយកធនធានប្រេងនិងឧស្ម័ននៅប្លុក អេ (A) អេហ្វ (F)។ ក្រុមហ៊ុនចិន ចំនួន ១១ បានទទួលសិទ្ធិលើដំណាំកសិកម្ម និង ៤ផ្សេងទៀតទទួលសិទ្ធិអភិវឌ្ឍទំនប់វារីអគ្គិសនី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសចិន បានលើកទឹកចិត្តដល់អ្នកវិនិយោគចិន មកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា។
ប្រទេសចិនគឺអ្នកវិនិយោគធំបំផុតដែលទឹកប្រាក់វិនិយោគមានទំហំជិត ១០ពាន់លានដុល្លារអាមេរិក នៅចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៣។ គម្រោងវិនិយោគភាគច្រើនផ្ដោតលើវិស័យកាត់ដេរ ធនាគារ ការរុករករ៉ែ អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ។
ក្រៅពីនេះ វិនិយោគិនចិន បានចាប់ដៃគូជាមួយលោកឧកញ៉ា គិត ម៉េង ដើម្បីបណ្ដាក់ទុនលើការអភិវឌ្ឍទំនប់វារីអគ្គិសនីស្ថិតនៅតំបន់ទន្លេសេសាននៃខេត្តស្ទឹងត្រែង។ តាមការប៉ាន់ស្មាននៃគម្រោងនេះ មានតម្លៃជិត ៨០០លានដុល្លារអាមេរិក។ ភាគីចិន ជឿជាក់ថា ការវិនិយោគរបស់ខ្លួននេះ អាចជួយកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នស្រាវជ្រាវអភិវឌ្ឍបានអះអាងថា វត្តមានចិននៅកម្ពុជា បានចូលរួមចំណែកតិចតួចដល់ការកាត់បន្ថយភាពក្រីក្រ ក្រៅពីការទាញយកធនធានធម្មជាតិ រួមទាំងប៉ះពាល់ដល់ជម្រកមនុស្សសត្វ និងព្រៃឈើ។
របាយការណ៍របស់ធនាគារពិភពលោកប្រចាំឆ្នាំ២០១៣ បង្ហាញថា អត្រាភាពក្រីក្រកម្ពុជា បានថយចុះមកត្រឹម ២០% ពេលបច្ចុប្បន្ន ដោយសារតែការតែកត្តាសំខាន់បួន។ ទីមួយ ការកើនឡើងជំនួញរបរតូចតាច ទីពីរ អត្រាប្រាក់ឈ្នួលនៅជនបទ ទីបី ផលិតកម្មស្រូវកើនឡើង និងទីបួន ស្រូវមានតម្លៃខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
