ចំនួន​អ្នក​ស្លាប់​និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នៅ​តែ​កើន​ឡើង

ដោយ អ៊ុំ រង្សី
2016-01-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រថយន្ត​ដឹក​កម្មករ​ដែល​ក្រឡាប់​ដោយសារ​ការ​បើក​ជែង​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
រថយន្ត​ដឹក​កម្មករ​ដែល​ក្រឡាប់​ដោយសារ​ការ​បើក​ជែង​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
RFA/Phann Yasy

របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​ថា ឆ្លងតាម​ការអនុវត្ត​រយៈពេល ២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​ករណី​ធ្ងន់ធ្ងរ នៅតែ​បន្ត​កើតមាន ដែល​បាន​ជំរុញ​ឲ្យ​មាន​កំណើន​ជនរងគ្រោះ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា កាលពី​ខែ​មុន​។ សង្គម​ស៊ីវិល​ធ្វើការ​ទាក់ទង​ចរាចរណ៍​នៅតែ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ត្រូវ​រឹត​បន្តឹង​មូលហេតុ​សំខាន់ៗ​នៃ​គ្រោះថ្នាក់ ចរាចរណ៍​បន្ត​ទៀត។

របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​ថា រយៈពេល ២០​ថ្ងៃនេះ អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១៣១​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែ​ធ្នូ ដែល​មាន​ចំនួន ១០៥​នាក់ មាន​ន័យថា​កើន​ចំនួន ២៦នាក់ ស្មើ ២៥%

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នករបួស មាន​ចំនួន ៤៨៧ នាក់​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែ​ធ្នូ ដែល​មានតែ​អ្នករបួស ៣៩៩ នាក់ ហើយ​ចំនួន​នេះ​កើន ៨៨ នាក់ ស្មើ ២២% បើ​ទោះបី​ជា​ចំនួន​ករណី​គ្រោះថ្នាក់​ថយ​ចុះ ៣៣​លើក ស្មើ ១៣%​

របាយការណ៍​នេះ ត្រូវ​បាន​បង្ហាញ​ឡើង នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២១ ខែ មករា។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ លោក រុន រ័ត្នវាសនា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ មករា ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់ នឹង​អ្នករបួស​កើន​ឡើង បើទោះ​ជា​សមត្ថកិច្ច បាន​ដំណើរការ​ច្បាប់​ចរាចរណ៍​ថ្មី​ក៏ដោយ ក្នុង​នោះ​កើន​ឡើង​ដោយសារ​ថ្មីៗ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​នៅ​កំពង់ស្ពឺ និង​បាត់ដំបង​ជាដើម​។ លោក​ឲ្យ​ដឹង​ថា កត្តា​ទាំងនេះ​ភាគច្រើន បណ្ដាល​មក​ពី​ការ​ដឹក​លើស​ចំណុះ ការ​បើកបរ​ប្រជែង​គ្នា និង​បើកបរ​ក្នុង​ល្បឿន​លឿន​ជាដើម៖ «ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​វា​មិនទាន់​ថយ ដោយសារតែ​ទី​១ យើង​ផ្ទុក​មនុស្ស វា​លើស​កំណត់ ហើយ​ដោយសារ​ស្លាប់​ជា​ក្រុម ហើយ​របួស​ក៏​ជា​ក្រុម​ដែរ ដោយសារ​បើ​មើល​ឡាន រោងចក្រ​មួយ​ផ្ទុក​មនុស្ស​១០០​នាក់ អ៊ីចឹង​នៅ​ពេល​ដែល​គ្រោះថ្នាក់​ចរាចរណ៍​បុក​ឡាន​មួយទៀត​១០០ នាក់​ដែរ វា​ឡើង​ចំនួន​២០០​នាក់​បាន​ហើយ អ៊ីចឹង​ហើយ​វា​ចំណុច​ព្រួយបារម្ភ និង​កើន​ឡើង​ចំនួន អ្នក​ស្លាប់»

ទាក់ទិន​នឹង​ករណី​នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​អន្តរជាតិ ទប់ស្កាត់​ផល​ប៉ះពាល់​គ្រឿង​ស្រវឹង (IARD) លោក គង់ សុវណ្ណ យល់ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​របស់​សមត្ថ​កិច្ច មិន​ទាន់​មាន​ប្រសិទ្ធភាព និង​មិនទាន់​ឆ្លើយតប និង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នៅឡើយ ព្រោះ​ការ​អនុវត្ត មិនទាន់​ចំ​ចំណុច​សំខាន់​ដែល​បណ្ដាល​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​ពិត​ប្រាកដ។

អ្នក​ជំនាញ​ខាង​ចរាចរណ៍​រូប​នេះ ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​រឹត​បន្តឹង​លើ​កត្តា​២ គឺ ការ​បើកបរ​ក្នុង​ល្បឿន​លឿន និង​បើក​ក្នុង​ឥទ្ធិពល​គ្រឿង​ស្រវឹង ព្រោះ​កត្តា​ទាំង​២​នេះ បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ និង​របួស​រហូត ជាង​៧០% «ខ្ញុំ​សង្ឃឹមថា នគរបាល​ចរាចរណ៍ និង​អនុវត្តន៍​ផ្ដោត​ទៅ​លើ​កត្តា​ហានិភ័យ សំខាន់ៗ ជាជាង​ផ្ដោត​លើ​កត្តា​ជាច្រើន​ទៀត ដែល​មិនមែន​ជា​កត្តា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​ផ្ដោត​លើ​កត្តា​ពីរ​គឺ បើក​ក្នុង​ល្បឿន​លឿន និង​បើក​ក្នុង​ឥទ្ធិពល​គ្រឿង​ស្រវឹង»

របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​រយៈពេល ២០​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​០១-២០ ខែ​មករា ឆ្នាំ​២០១៦​នេះ មាន​យានយន្ត​ជាង ៦​សែន​គ្រឿង ( ៦២៦.១៨៤ គ្រឿង​) ត្រូវ​បាន​ពិនិត្យ​។ ជាង​នេះ​ទៀត ក្នុង​ចំណោម​យានយន្ត ដែល​បាន​ពិនិត្យ​ជាង ៦​សែន​គ្រឿង​នេះ មាន​យានយន្ត​ប្រមាណ ២២,១៩​ភាគរយ ដែល​ស្មើ​ជាង​១​សែន​គ្រឿង (១៣៨.៩៥៨​គ្រឿង​) បាន​ល្មើសច្បាប់។

ចំពោះ​យានយន្ត ដែល​ល្មើសច្បាប់​នេះ មាន​ម្ចាស់​យានយន្ត ជាង​២​ម៉ឺន​គ្រឿង (២២.២៤២​គ្រឿង ) ស្មើនឹង​ជិត​៥០% (៤៨,៧៨​ភាគរយ​) ត្រូវ​បាន​អប់រំ។ រីឯ​យានយន្ត​ជាង ៧​ម៉ឺន​គ្រឿង ត្រូវ​បាន​ពិន័យ។ ប្រាក់​ទទួល​បាន​ពី​ការ​ផាក​ពិន័យ​យានយន្ត​ល្មើសច្បាប់​នេះ មាន​ចំនួន​ជាង​១​ពាន់​លាន​រៀល​(.៣៣៧.៦៩៦.០០០​រៀល)

របាយការណ៍​ដដែល ក៏​បញ្ជាក់​ថា ក្នុង​រយៈពេល ២០​ថ្ងៃ នេះ វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្នាក់​រាជធានី​ខេត្ត មិនទាន់​ឆ្លើយតប​ទៅ​នឹង​សភាពការណ៍​ជាក់ស្ដែង ពេលខ្លះ មានការ​យឺតយ៉ាវ ឬ​មិនទាន់​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នៃ​ការ​គួបផ្សំ​វិធានការ​ទាំង​បួន គឺ​ការអប់រំ ការ​រឹត​បន្តឹង​ច្បាប់ ការ​ធ្វើ​វិស្វកម្ម​ផ្លូវថ្នល់ និង​ការសង្គ្រោះ​ជនរងគ្រោះ។ ចំណែក​សេវា​សាធារណៈ​ក្នុង​ការ​ធ្វើ​ប័ណ្ណបើកបរ ធ្វើ​ស្លាក​លេខ និង​ឈៀក ជា​ប្រធានបទ​សំខាន់ ដែល​ត្រូវ​បន្ត​ដោះស្រាយ ឲ្យ​បាន​សមស្រប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ស្លាប់ របួស ដោយ គ្រោះថ្នាក់ ចរាចរ មកពី =
= ផ្លូវ តូច មានតែមួយ , អត់មានផ្លូវធំ ភ្លោះ ( មួយទៅ មួយមក )
= ភាគច្រើន មិនចេះច្បាប់ ចរាចរ : តើបត់ឆ្វេងបត់ស្តាំ ឆ្លងផ្លូវបែកជា 4 ជែងវ៉ាគ្នា ត្រូវធ្វើម៉េច ? កន្លែងណាត្រូវ បើកលឿន កន្លែងណាត្រូវ បើកយឺត ? ភ្លើងម៉ូតូ ឡាន គោយន្ត មានគ្រប់កំប្លេ ឬ នៅ ?
អ្នកស្រវឹងនៅតែបើកបរ លើផ្លូវថ្នល់ ! ក្មេងមិនទាន់់គ្រប់អាយុ នៅតែបើកបរ ! ជាដើម ។

Jan 23, 2016 04:46 AM

គេហទំព័រ​ទាំងមូល