ពលរដ្ឋ​ខេត្ត​កំពង់ចាម​ព្រួយ​បារម្ភ​រឿង​សត្វ​ល្អិត​បំផ្លាញ​ដំណាំ​ស្រូវ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នារស ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម កំពុង​ព្រួយ​បារម្ភ​ចំពោះ​ដំណាំ​ស្រូវ​របស់​ពួក​គាត់​ដែល​ទើប​នឹង​ដុះ​លូតលាស់ ពីព្រោះ​ត្រូវ​ពពួក​សត្វ​ល្អិត​បំផ្លាញ​ជា​បន្តបន្ទាប់។ ទោះ​យ៉ាង​ណា​ក្តី អាជ្ញាធរ​មូលដ្ឋាន​មិន​ទាន់​ដឹង​ចំនួន​ខូចខាត​ពិត​ប្រាកដ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​អំពិល ឃុំ​ខ្នារស សង្កេត​ឃើញ​ថា ស្រូវ​ងាប់​ទាំង​នោះ គឺ​រលួយ​នៅ​ផ្នែក​ខាង​គល់ ដោយ​មាន​សត្វ​ល្អិត​ម្យ៉ាង​ដែល​អ្នក​ស្រុក​ហៅ​ថា មមាច​ត្នោត នៅ​ជាប់​នឹង​គល់​ស្រូវ​នោះ​ផង។ ពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា ស្រូវ​ដែល​រលួយ​ងាប់​អាច​បណ្ដាល​មក​ពី​សត្វ​មមាច​ត្នោត​នោះ​ហើយ។

ពលរដ្ឋ​នៅ​ភូមិ​អំពិល មាន​អាយុ​ជាង ៧០​ឆ្នាំ លោក ស៊ឹម ធី មាន​ប្រសាសន៍​ថា លោក​សម្រេច​ភ្ជួរ​ស្រូវ​ស្រែ​របស់​ខ្លួន​ប្រមាណ​ជិត ១​ហិកតារ​ចោល ហើយ​ក៏​សាបព្រោះ​សា​ឡើង​ភ្លាមៗ បន្ទាប់​ពី​ស្រូវ​ដែល​លោក​បាន​សាបព្រោះ​ប្រមាណ​ជិត​មួយ​ខែ​មក​ហើយ​នោះ ត្រូវ​សត្វ​ល្អិត​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង។ លោក​មាន​ប្រសាសន៍​បន្ត​ថា តាម​ការ​ពិនិត្យ​មើល​របស់​លោក ឃើញ​ស្រូវ​ពលរដ្ឋ​នៅ​ក្បែរៗ​ដី​របស់​លោក​ក៏​មាន​ងាប់​ដូច​គ្នា។ លើស​ពី​នេះ មាន​ស្រូវ​ពង្រោះ​ជាច្រើន​ហិកតារ​ផ្សេង​ទៀត គឺ​គេ​បាន​ភ្ជួរ និង​ព្រោះ​សា​ឡើង​វិញ​ដូច​គ្នា​ដែរ៖ «ខ្ញុំ​ទើប​ដឹង​ប៉ុន្មាន​ថ្ងៃ​ហ្នឹង ខ្ញុំ​ទៅ​ពិនិត្យ​មើល​ស្រូវ​របស់​ខ្ញុំ​ដុះ​មក​ហ្នឹង ដូច​គ្រាន់​បើ​ដែរ​ពីរ​បី​ថ្ងៃ​ចេញ​ទៅ​ស្តើង​ទៅ​វិញ ហើយ​ពីរ​បី​ថ្ងៃ​ចេញ​ទៅ​ទៀត​រឹត​តែ​ស្តើង។ ចុះ​ពិនិត្យ​មើលៗ អូ! អា​ហ្នឹង​អ៊ីចឹង​ទេ វា​ងាប់ៗ»

ពលរដ្ឋ​ចាប់​ផ្ដើម​សង្ស័យ​ថា មាន​សត្វ​ល្អិត​បំផ្លាញ​ស្រូវ​នេះ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​នៅ​ទីនោះ​កាល​ពី​ជាង ១​សប្ដាហ៍​មុន ហើយ​ពួក​គាត់​នាំ​គ្នា​ទៅ​មើល​ស្រូវ​ដែល​ខ្លួន​បាន​ព្រោះ ទើប​ដឹង​ថា មាន​បញ្ហា​កើត​ឡើង។ ចំណែក​ឯ​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​មិន​ទាន់​បាន​ទៅ​មើល​ស្រូវ​ស្រែ​របស់​ខ្លួន គឺ​ពួក​គេ​នៅ​មិន​ទាន់​បាន​ដឹង​អំពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ។ យ៉ាង​ណា ប្រភព​ពលរដ្ឋ​ដដែល​បញ្ជាក់​ថា ជាច្រើន​ឆ្នាំ​មក​ហើយ​មិន​ធ្លាប់​មាន​បញ្ហា​សត្វ​ល្អិត​បំផ្លាញ​ស្រូវ​ពលរដ្ឋ​ដូច្នេះ​ទេ។

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី សុខ លាង មាន​ប្រសាសន៍​ថា ឲ្យ​តែ​ពលរដ្ឋ​បាន​ចេញ​ទៅ​មើល​ស្រូវ​របស់​ខ្លួន ពេល​ត្រឡប់​មក​វិញ គឺ​ត្អូញត្អែរ​គ្រប់​គ្នា​ចំពោះ​បញ្ហា​ស្រូវ​ងាប់​នេះ។ អ្នកស្រី​ពិបាក​យល់​ណាស់​ថា តើ​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​ស្រូវ​របស់​ពួក​គាត់​រលួយ​គល់​ងាប់​ដូច​នេះ ស្រប​ពេល​ទឹក​ក្នុង​ស្រែ​មិន​មាន​ផង? អ្នកស្រី​បន្ថែម​ថា នឹង​តាមដាន​ស្រូវ​នោះ​បន្ត​ទៀត ដោយ​មិន​ទាន់​សម្រេច​ចិត្ត​ភ្ជួរ​ចោល​ទេ ព្រោះ​តម្លៃ​ភ្ជួរ​ក៏​ថ្លៃ និង​មិន​មាន​គ្រាប់​ពូជ​សម្រាប់​សាបព្រោះ​ឡើង​វិញ​ផង៖ «បញ្ហា​ហ្នឹង​ខ្ញុំ​សូម​ឲ្យ​ក្រសួង​អី​ត្រួត​ពិនិត្យ​មើល​ឲ្យ​ឃើញ​ជាក់ស្តែង​ហ្មង ថា​ស្រូវ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ហ្នឹង​មែន»

ជំទប់​ទី​១ ឃុំ​ខ្នារស លោក វ៉ាន់ មុន មាន​ប្រសាសន៍​ថា អាជ្ញាធរ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ និង​មាន​ទំហំ​ដី​ប៉ុន្មាន​ហិកតារ​ប្រាកដ​ទេ​ដែល​ជួប​ប្រទះ​បញ្ហា​នេះ? លោក​អះអាង​ថា ស្រូវ​របស់​ពលរដ្ឋ និង​ស្រូវ​របស់​លោក​ផង​ដែល​ងាប់​ជា​បន្តបន្ទាប់​នោះ នៅ​មិន​ទាន់​ដឹង​មូលហេតុ​ពិត​ប្រាកដ ប៉ុន្តែ​ពលរដ្ឋ​សន្និដ្ឋាន​ថា អាច​មាន​សត្វ​ល្អិត​បំផ្លាញ ឬ​អាច​ជា​មមាច​ត្នោត​តែ​ម្តង៖ «ផ្សព្វផ្សាយ​គ្រាន់​ថា​ទប់ស្កាត់​រឿង​ថ្នាំ​សង្កូវ​អី​ហ្នឹង។ បើ​ថា​ឲ្យ​ប្រើ​ថ្នាំ​សង្កូវ ក៏​យើង​មិន​ទាន់​ប្រើ​ការ​បាន ព្រោះ​ដី​ហ្នឹង​មិន​ទាន់​មាន​ទឹក»

ជំទប់​ឃុំ​ដដែល​បន្ត​ថា ខាង​លោក​នឹង​ប្រជុំ​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឃុំ​បន្ត​ទៀត ជុំវិញ​បញ្ហា​នេះ ហើយ​នឹង​អាច​រាយការណ៍​ទៅ​ថ្នាក់​លើ​ទៀត​ផង។

នាយក​រដ្ឋបាល​សាលា​ស្រុក​ស្រីសន្ធរ លោក លឹម ស៊ឹង បញ្ជាក់​ថា អាជ្ញាធរ​នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​ដូច​ពលរដ្ឋ​អះអាង ខាង​លោក​នឹង​ចាត់​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​ជុំវិញ​បញ្ហា​នេះ៖ «ឲ្យ​ខាង​ជំនាញ​កសិកម្ម​គេ​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​បើ​សិន​ជា​អាច​អន្តរាគមន៍​មាន​ថ្នាំ​មាន​អី ប៉ុន្តែ​មក​ដល់​ពេល​នេះ ខ្ញុំ​អត់​ទាន់​ទទួល​ព័ត៌មាន​នេះ»

ទាក់ទង​សត្វ​ល្អិត​បំផ្លាញ​ដំណាំ​ស្រូវ​ពលរដ្ឋ នាយក​កម្មវិធី​បរិស្ថាន និង​សុខភាព​អង្គការ​សេដាក (CEDAC) លោក គាម មករាឌី មាន​ប្រសាសន៍​ថា ពពួក​មមាច​ត្នោត​អាច​កើត​ឡើង​ភាគ​ច្រើន​នៅ​តំបន់​ជាប់​ព្រំដែន​វៀតណាម ហើយ​ត្រូវ​បាន​ខ្យល់​បក់​នាំ​សត្វ​ទាំង​នោះ​យក​មក ឬ​កើត​ឡើង​នៅ​ក្នុង​ស្រុក។ ម្យ៉ាង វា​អាច​កើត​ឡើង​ដោយសារ​គ្រាប់​ពូជ​ស្រូវ​របស់​កសិករ​មាន​ផ្ទុក​ពង​របស់​វា។ លោក​បន្ត​ថា កសិករ​អាច​អនុវត្ត​តាម​វិធានការ​បែប​ធម្មជាតិ ដើម្បី​កម្ចាត់​សត្វ​ល្អិត​ទាំង​នោះ​ដូច​ត​ទៅ៖ «ប្រសិន​បើ​មាន​ទឹក​ច្រើន គឺ​អាច​ឲ្យ​គាត់​ពន្លិច​ទឹក​លិច​ទុក​ស្រូវ​ហ្នឹង​ទៅ ព្រោះ​វា​លិច​ទឹក​មមាច​ហ្នឹង​អាច​ស្លាប់​បាន ហើយ​វិធីសាស្ត្រ​ទី​ពីរ អាច​យក​ស្បៃ​មុង​ដើរ​អូស​ដូច​គេ​អូស​ត្រី​អ៊ីចឹង មាន​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​ពីរ​ហ្នឹង ឬ​គេ​អាច​ដុត​ភ្លើង​ពេល​យប់​អ៊ីចឹង ព្រោះ​វា​ឃើញ​ភ្លើង​វា​មក​រក ប៉ុន្តែ​មិន​សូវ​មាន​ប្រសិទ្ធភាព»

មន្ត្រី​ជំនាញ​ដដែល​ឲ្យ​ដឹង​ទៀត​ថា វិធានការ​ប្រើប្រាស់​ថ្នាំ​ពុល​គីមី គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​វិញ ពីព្រោះ​អាច​បណ្ដាល​ឲ្យ​ងាប់​ប្រភេទ​ពពួក​សត្វ​ដែល​ជា​សត្រូវ​នឹង​មមាច​ត្នោត​នោះ​ទៀត​ផង។ លោក​ផ្តល់​អនុសាសន៍​ដល់​កសិករ​ដែល​សម្រេច​សាបព្រោះ​ស្រូវ​ម្តង​ទៀត ថា​ពលរដ្ឋ​គប្បី​ភ្ជួរ​រាស់​ដី​ស្រែ​ឲ្យ​បាន​ស្អាត និង​ជ្រើសរើស​ពូជ​ស្រូវ​ឲ្យ​បាន​ល្អ ជៀសវាង​យក​ពូជ​ស្រូវ​ដែល​មាន​ជំងឺ​សល់​កាល​ពី​បណ្ដា​ឆ្នាំ​មុនៗ មក​សាបព្រោះ​ទៀត ព្រោះ​វា​អាច​នៅ​ជាប់​ពង​សត្វ​មមាច​ត្នោត ឬ​ប្រភេទ​សត្វ​ល្អិត​ចង្រៃ​ក្នុង​នោះ ដែល​បណ្ដាល​ឲ្យ​កើត​ចេញ​ជា​កូន​មក​បំផ្លាញ​ស្រូវ​ពួក​គាត់​ម្តង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។