គណៈកម្មការ​ទី​៧​រដ្ឋ​សភា​កំពុង​តាមដាន​ករណី​បទ​ចោទ​ចៅ​អធិការ​វត្ត​លើ

0:00 / 0:00

ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​កំពុង​តាមដាន និង​រង់ចាំ​ស្ដាប់​លទ្ធផល​ដោះស្រាយ​របស់​មន្ត្រី​គណៈ​សង្ឃ​នាយក អំពី​បទ​ចោទ​ទៅ​លើ​ព្រះចៅ​អធិការ​វត្ត​ជោតញាណ ហៅ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​សង្ឃ​ដោយ​យក​ចិត្ត​ទុក​ដាក់។

ស្រប​ពេល​គ្នា​នេះ ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ខេត្ត​ព្រះសីហនុ ក៏​កំពុង​រង់ចាំ​លទ្ធ​ដោះស្រាយ​ពី​សភា​សង្ឃ​ទៅ​លើ​ករណី​ព្រះសង្ឃ គៀត ច័ន្ទធុច ដោយ​អន្ទះសា ប៉ុន្តែ​ហាក់​គ្មាន​ជំនឿ​ថា គ្មាន​ស្ថាប័ន​ណា​មួយ​មាន​ជំហរ​ឯករាជ្យ​ទេ ហើយ​ក៏​មិន​ហ៊ាន​ចាត់ការ​ទៅ​លើ​ព្រះចៅ​អធិការ​ដែល​សម្បូរ​ទៅ​ដោយ​រឿង​អាស្រូវ​រ៉ាំរ៉ៃ​នេះ​ដែរ។

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ឬ​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា មាន​ប្រសាសន៍​ថា លោក​នឹង​ត្រៀម​កោះ​អញ្ជើញ លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ឲ្យ​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា​ជុំវិញ​បញ្ហា​របស់​ព្រះចៅ​អធិការ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​បន្ត​ថា បទ​ចោទ​ព្រះសង្ឃ គៀត ច័ន្ទធុច ដែល​ជា​ព្រះ​មេគណ​ខេត្ត​ព្រះសីហនុ ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ និង​ព្រះពុទ្ធ​សាសនា មន្ត្រី​ជំនាញ​ស្ថាប័ន​នេះ​កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​អង្កេត ឬ​ដោះស្រាយ របស់​មន្ត្រី​គណៈ​សង្ឃ​នាយក៖ «ខ្ញុំ​នឹង​ពិនិត្យ​មើល​លើ​ករណី​ព្រះសង្ឃ គៀត ច័ន្ទធុច និង​ត្រៀម​ជួប​លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​សួរ​នាំ​ទៅ​លើ​បទ​ចោទ​របស់​ប្រជាពលរដ្ឋ ទៅ​លើ​ចៅ​អធិការ​វត្ត​ជោតញាណ ហៅ​វត្ត​លើ នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ពេល​ឆាប់ៗ​នេះ»

​ទន្ទឹម​គ្នា​នេះ ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ក៏​ទន្ទឹង​រង់ចាំ​លទ្ធផល​ដោះស្រាយ​លើ​ករណី​បទ​ចោទ​ព្រះសង្ឃ គៀត ច័ន្ទធុច ដោយ​អន្ទះសា​ដែរ។

បញ្ហា​នេះ លោក ឃុន សាវឿន មន្ត្រី​អង្កេត​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ ថ្លែង​ថា បទ​ចោទ​ទៅ​លើ​ព្រះចៅ​អធិការ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច ឆាន់​ស្រា​ខុស​ធម៌​វិន័យ និង​បញ្ហា​ផ្សេងៗ​នៅ​ពេល​កន្លង​មក គឺ​គ្មាន​ស្ថាប័ន​ណា​មួយ​នា​ខេត្ត​ព្រះសីហនុ ឬ​ថ្នាក់​ជាតិ​ជាដើម ហ៊ាន​ចេញ​មុខ​ដោះស្រាយ​កង្វល់​ពលរដ្ឋ​ទេ។

មន្ត្រី​អង្កេត​អង្គការ​លីកាដូ លោក ឃុន សាវឿន ដែល​ធ្លាប់​បួស​ជា​សង្ឃ​ជិត ១០​ឆ្នាំ បាន​ស្នើ​ឲ្យ​មន្ត្រី​ក្រសួង​ធម្មការ មន្ត្រី​ជំនាញ​រដ្ឋសភា ពិសេស​មន្ត្រី​គណៈ​សង្ឃ​នាយក​ជាដើម ត្រូវ​មាន​ដំណោះស្រាយ​ឲ្យ​បាន​សមស្រប​ទៅ​លើ​បទ​ចោទ​ព្រះសង្ឃ គៀត ច័ន្ទធុច ព្រោះ​ទង្វើ ឬ​សកម្មភាព​របស់​ព្រះសង្ឃ​អង្គ​នេះ ពលរដ្ឋ​ខេត្ត​​ព្រះសីហនុ បាន​ដឹង​ឮ​ស្ទើរ​គ្រប់ៗ​គ្នា៖ «ពី​អតីតកាល ព្រះសង្ឃ គៀត ច័ន្ទធុច មិន​មែន​ជា​ព្រះមេគណ​ខេត្ត​នេះ​ទេ គឺ​ជា​ព្រះចៅ​អធិការ​វត្ត​ធម្មតា និង​មាន​ព័ត៌មាន​ល្បី​តៗ​គ្នា​អំពី​សកម្មភាព​របស់​ព្រះសង្ឃ គៀត ច័ន្ទធុច ប្រព្រឹត្តិ​ខុស​ឆ្គង​ធម៌​វិន័យ​ដែរ។ ប៉ុន្តែ​គ្មាន​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​ដោះស្រាយ​ទេ ពាក់ព័ន្ធ​បញ្ហា​ពុករលួយ ឬ​ភាព​មិន​ប្រក្រតី​នៃ​ព្រះ​ចៅ​អធិការ​វត្ត​លើ គៀត ច័ន្ទធុច»

បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ខេត្ត​ព្រះសីហនុ ក៏​ទន្ទឹង​រង់ចាំ​ស្លាប់​លទ្ធផល​អង្កេត​ទៅ​លើ​បញ្ហា​របស់​ព្រះ​មេគណ គៀត ច័ន្ទធុច ដូច​គ្នា​ដែរ។ ប៉ុន្តែ​ពួកគេ​ហាក់​គ្មាន​ជំនឿ​ទៅ​លើ​ដំណោះស្រាយ​របស់​សភា​សង្ឃ ឬ​មន្ត្រី​គណៈ​សង្ឃ​នាយក​នោះ​ទេ ដោយសារ​តែ​កំហុស​ឆ្គង​របស់​ព្រះចៅ​អធិការ​អង្គ​នេះ ធ្លាប់​ប្រព្រឹត្ត​កន្លង​មក គ្មាន​ស្ថាប័ន​ណា​មួយ​ហ៊ាន​ចេញ​មុខ​បញ្ឈប់​សកម្មភាព​ព្រះសង្ឃ គៀត ច័ន្ទធុច នេះ​ទេ។ បន្ថែម​លើ​នេះ ព្រះសង្ឃ​អង្គ​នេះ​ក៏​បន្ត​ឡើង​បុណ្យ​ស័ក្ដិ​ពី​ចៅ​អធិការ​វត្ត ទៅ​ជា​ព្រះ​មេគណ ខេត្ត​ព្រះសីហនុ រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ទាក់ទិន​បញ្ហា​នេះ ព្រះចៅ​អធិការ​វត្ត​ជោតញាណ ហៅ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច ធ្លាប់​មាន​ថេរដីកា​បដិសេធ​ថា ព្រះអង្គ​មិន​បាន​ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា ឬ​មាន​ឆាន់​ស្រា​ជា​ប្រចាំ ដូច​ការ​ចោទ​ទេ។ ព្រះចៅ​អធិការ​អង្គ​នេះ បាន​ចាត់​ទុក​បទ​ចោទ​មក​លើ​ព្រះអង្គ គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម និង​មាន​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​ព្រះអង្គ។

​ទោះ​យ៉ាង​ណា លោក លី ឌី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា សកម្មភាព​ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា ឬ​វិន័យ​ព្រះសង្ឃ​របស់​ព្រះចៅ​អធិការ គៀត ច័ន្ទធុច គឺ​បាន​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា ករណី​ព្រះ​មេគណ គៀត ច័ន្ទធុច ឆាន់​ស្រា​ជា​ប្រចាំ​មិន​មែន​ទើប​កើត​ឡើង​ថ្មីៗ​នេះ​ទេ គឺ​បាន​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​គ្មាន​មន្ត្រី​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​បញ្ឈប់​សកម្មភាព​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ​របស់​ព្រះចៅ​អធិការ​អង្គ​នេះ​ទេ​កន្លង​មក៖ «ប្រជាពលរដ្ឋ ​ទាំង​ក្មេង ទាំង​ចាស់ ភាគ​ច្រើន​គេ​បាន​ដឹង​ពី​ពុតត្បុត​របស់​ព្រះសង្ឃ គៀត ច័ន្ទធុច នេះ​ដែរ។ ឥឡូវ​នេះ​ពួកគេ​ក៏​កំពុង​រង់ចាំ​ស្ដាប់​លទ្ធផល​សម្រេច​របស់​សភា​សង្ឃ ឬ​គណៈ​សង្ឃ​នាយក​លើ​បញ្ហា​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​សង្ឃ​របស់​ព្រះសង្ឃ​ អង្គ​នេះ​ដោយ​អន្ទះសា ព្រោះ​កន្លង​មក​គ្មាន​ស្ថាប័ន​ណា​មួយ​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​ទង្វើ ឬ​សកម្មភាព​របស់​ព្រះចៅ​អធិការ​វត្ត​លើ គៀត ច័ន្ទធុច នោះ​ទេ»

​បញ្ហា​នេះ​ដែរ ព្រះ​ភិក្ខុ ជួន វិទ្ធី ដែល​ត្រូវ​ចោទ​អធិការ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច បណ្ដេញ​ចេញ​ពី​វត្ត​នៅ​មុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ ក៏​កំពុង​រង់ចាំ​លទ្ធផល​ដោះស្រាយ​ពី​សភា​សង្ឃ​ទៅ​លើ​បញ្ហា​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​សង្ឃ និង​ព្រះពុទ្ធ​សាសនា ប្រយោជន៍​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា និង​អាច​ឲ្យ​ព្រះអង្គ​មាន​សិទ្ធិ​និមន្ត​មក​គង់​ក្នុង​វត្ត​នេះ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។