ប្រជាពលរដ្ឋជាង ១ពាន់គ្រួសារនៅខេត្តស្វាយរៀង បានផ្ដិតមេដៃតវ៉ាទៅអាជ្ញាធរឃុំក្រោលគ្រោ ពីភាពមិនប្រក្រតីនៃកុងទ័រភ្លើងអគ្គិសនី។ បញ្ហានេះ មេឃុំក្រោលគោ ទទួលស្គាល់ថា កុងទ័រអគ្គិសនីពិតជាដើរលឿនខុសប្រក្រតីមែន ហើយលោកនឹងធ្វើរបាយការណ៍ទៅអភិបាលស្រុកស្វាយជ្រំ ដើម្បីដោះស្រាយ។
ពលរដ្ឋជាង ២០០នាក់ក្នុងចំណោមជាង ១ពាន់គ្រួសារ ក្នុងឃុំក្រោលគោ កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា បានចូលរួមប្រជុំស្ដីពីបញ្ហាអគ្គិសនីដែលគ្រប់គ្រងដោយឯកជន។ កិច្ចប្រជុំនេះមានការចូលរួមពីប្រធានអគ្គិសនីឯកជន និងមេឃុំក្រោលគោ បានប្រើរយៈពេលជាង ២ម៉ោង។ តំណាងពលរដ្ឋបានលើកបញ្ហាធំៗចំនួន ៣ចំណុច រួមមានទី១ អគ្គិសនីច្រើនដាច់ញឹកញាប់ ទី២ ភាពមិនប្រក្រតីនៃកុងទ័រអគ្គិសនីដើរលឿន និងទី៣ បញ្ហាតម្លៃថ្លៃ។ ពលរដ្ឋចាត់ទុកថា អគ្គិសនីដាច់ញឹកញាប់នឹងងាយឲ្យកុងទ័រអគ្គិសនីកើនឡើងខ្លាំងទ្វេដង។
តំណាងពលរដ្ឋដែលបានចូលរួមប្រជុំនេះ រស់នៅភូមិធ្លក ឃុំក្រោលគោ គឺលោក ជា ឆាយ។ លោកថ្លែងថា ពលរដ្ឋគ្រោងផ្អាកការបង់ថ្លៃសេវាភ្លើងនៅខែឧសភា នេះ បើការតវ៉ារបស់ពលរដ្ឋនៅតែមិនមានដំណោះស្រាយទេ។ លោកបន្តថា កិច្ចប្រជុំដែលមានការប្រកែកគ្នាខ្លាំងៗរវាងពលរដ្ឋ និងប្រធានអគ្គិសនីឯកជននៅឃុំក្រោលគោ រហូតមានការព្រមានពីម្ចាស់អគ្គិសនីនៅក្នុងអង្គប្រជុំនោះ ថាអាចនឹងមានការផ្អាកដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនីជាបណ្ដោះអាសន្ន ប្រសិនពលរដ្ឋមិនបង់ថ្លៃអគ្គិសនី។
លោកថា គ្រួសារលោកធ្លាប់ប្រើអគ្គិសនីជាទូទៅអស់ចំនួន ៨០គីឡូវ៉ាត់ម៉ោង គិតជាប្រាក់ប្រហែល ១០ម៉ឺនរៀល តែប៉ុន្មានខែចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ រហូតបច្ចុប្បន្ន គីឡូវ៉ាត់ម៉ោងអគ្គិសនីកើនឡើងដល់ទៅ ២៤០គីឡូវ៉ាត់ម៉ោង គិតជាប្រាក់អស់ជាង ២០ម៉ឺនរៀល។ លោកថា នៅមានពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតមិនខុសពីគ្រួសារលោកឡើយ៖ «ខ្ពស់បំផុតអស់ត្រឹម ១៤០គីឡូដែលយើងធ្លាប់ប្រើ ហើយខែនេះផ្ទះខ្ញុំឡើងដល់ទៅ ២៣៦គីឡូ ២៣៦គីឡូ វាចូល ២៤ម៉ឺនជាងហើយបង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយពីប្រធានអគ្គិសនីក្រោលគោ លោក ស៊ន ស៊ីផាត បាននៅឡើយទេ នៅថ្ងៃ១៩ ខែឧសភា។
ចំណែកមន្ត្រីអគ្គិសនីឃុំក្រោលគោ លោក ឌី ផល្លី ថ្លែងថា ពេលខ្លះបុគ្គលិកអគ្គិសនីស្រង់បរិមាណភ្លើងអគ្គិសនីខ្វះនៅខែមុន នឹងកើនគីឡូភ្លើងនៅក្នុងខែនេះ។ លោកថា គីឡូភ្លើងកើនឡើងអាស្រ័យលើពលរដ្ឋប្រើតិច ឬច្រើនប៉ុណ្ណោះ មិនមានចេតនាអ្វីផ្សេងៗ ដូចដែលពលរដ្ឋចោទប្រកាន់ឡើយ៖ «ភ្លើងហ្នឹងវាខ្សោយទៅហើយ គាត់ថា អត់អ៊ីចឹងទេ គាត់ទៅថា ពួកខ្ញុំអ្នកបិទឲ្យឡើងគីឡូទៅវិញ?»។
តំណាងប្រជាពលរដ្ឋបានស្នើឲ្យរដ្ឋាភិបាលយកតម្លៃអគ្គិសនីទៅតាមតម្លៃរបស់រដ្ឋាភិបាលគ្រប់គ្រងត្រឹម ៦៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដូចនៅស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង ដែរ និងស្នើឲ្យរដ្ឋាភិបាលស៊ើបអង្កេតពីភាពមិនប្រក្រតីធ្ងន់ធ្ងរនៃកុងទ័រអគ្គិសនីសព្វថ្ងៃ។
មេឃុំក្រោលគោ លោក ម៉ែន លន់ ទទួលស្គាល់ថា គីឡូវ៉ាត់ម៉ោងអគ្គិសនីពិតជាកើនឡើងខុសពីធម្មតាមែន ប៉ុន្តែចាំបាច់ត្រូវប្រើពេលវេលាស៊ើបអង្កេតជាមុនសិន មុននឹងសម្រេចថា ការចោទរបស់ពលរដ្ឋត្រឹមត្រូវ ឬយ៉ាងណា?
លោកថា ដំណោះស្រាយសមស្របនឹងមានស្ដីពីបញ្ហានេះ តែត្រូវប្រើពេលវេលាស៊ើបអង្កេតជាមុន៖ «ខ្ញុំសរសេរបានហើយ ប្រជាពលរដ្ឋទាំងអស់គាត់ឯកភាពទាំងពលរដ្ឋទាំងអស់ដែលបានមកហ្នឹង»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា រដ្ឋាភិបាលគួរស៊ើបអង្កេតតាមដាន និងដោះស្រាយនូវទុក្ខកង្វល់ពលរដ្ឋដើម្បីធានាឲ្យបានចំពោះការរស់នៅរបស់ពលរដ្ឋ។
លោកបន្តថា រដ្ឋាភិបាលគួរចាត់វិធានការតាមផ្លូវច្បាប់ចំពោះសេវាឯកជនដែលមានចេតនាកេងចំណេញប្រាក់ពីពលរដ្ឋតាមរយៈកុងទ័រអគ្គិសនីនេះ។ លោកអំពាវនាវឲ្យរដ្ឋាភិបាលចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតករណីនេះដោយសុក្រឹត និងយុត្តិធម៌៖ «រដ្ឋាភិបាលហាក់ដូចជាមិនបានអើពើយកចិត្តទុកដាក់សោះចំពោះបញ្ហាហ្នឹង ដោះស្រាយធ្វើម៉េចកុំឲ្យមានអ៊ីចឹង បើមានអ៊ីចឹងត្រូវចាប់ពួកហ្នឹងដាក់ទោស»។
អគ្គិសនីក្រោលគោ គឺជាអគ្គិសនីឯកជនដែលវិនិយោគបន្តពីអគ្គិសនីខែត្រព្រៃវែង ក្នុងតម្លៃ ១.០៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលតម្លៃនេះរងការរិះគន់ថា ជាការវិនិយោគក្នុងតម្លៃខ្ពស់អស់រយៈពេលជិត ១០ឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
