នគរបាល​ឃុំ​និង​អធិការ​ស្រុក​នៅ​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ដោះស្រាយ​ទំនាស់​មិន​ត្រឹមត្រូវ

0:00 / 0:00

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយរំពា និង​អធិការ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ថា បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ បង់​ប្រាក់​ទៅ​ឲ្យ​ភាគី​ជម្លោះ​ម្ខាង​ទៀត​ក្នុង​រឿង​បាក់ និង​ភ្លើង​ឆេះ​ដើម​ស្វាយ។

មន្ត្រី​សិទ្ធិ​មនុស្ស ចាត់​ទុក​ករណី​នេះ​ថា អាជ្ញាធរ​ប៉ូលិស​អនុវត្ត​តួនាទី​របស់​ខ្លួន​មិន​បាន​ត្រឹមត្រូវ ពីព្រោះ​ប៉ូលិស​មិន​អាច​អារ​កាត់ ឬ​តម្រូវ​ឲ្យ​ភាគី​ជម្លោះ​ណា​មួយ​ចាញ់​ក្ដី និង​តម្រូវ​ឲ្យ​បង់​ប្រាក់​នោះ​ទេ ដែល​សកម្មភាព​បែប​នេះ គឺ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​យុត្តិធម៌​សង្គម។

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​តាឡាត់ ឃុំ​ស្វាយរំពា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ បង្ហាញ​ពី​ភាព​មិន​អស់​ចិត្ត​របស់​ខ្លួន ជុំវិញ​រឿងរ៉ាវ​បាក់ និង​ឆេះ​ដើម​ស្វាយ​ចំនួន ៥​ដើម របស់​អ្នក​ភូមិ​រស់នៅ​ក្បែរ​ខាង។ ពលរដ្ឋ​នោះ​បញ្ជាក់​ថា អាជ្ញាធរ​ប៉ូលិស​បាន​បង្ខំ​ឲ្យ​គាត់​ទទួល​កំហុស និង​បង់​ប្រាក់​សរុប ៣៥​ម៉ឺន​រៀល ទៅ​ឲ្យ​ភាគី​ម្ចាស់​ដើម​ស្វាយ ប៉ុន្តែ​គាត់​អះអាង​ថា​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

អ្នកស្រី តេង ឡាម ដែល​ត្រូវ​ម្ចាស់​ស្វាយ​ប្ដឹង​ទៅ​ប៉ូលិស​ឃុំ និង​ស្រុក ពី​បទ​បង្ក​ភ្លើង​ឆេះ និង​ធ្វើ​ឲ្យ​បាក់​ដើម​ស្វាយ ថ្លែង​បញ្ជាក់​ថា កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៤ មាន​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ក្រោយ​ផ្ទះ​របស់​អ្នកស្រី បាន​ឆេះ​រាល​ដល់​ដើម​ស្វាយ​នោះ ហើយ​គេ​បាន​ប្ដឹង​ទារ​ប្រាក់​ជាច្រើន​ម៉ឺន​រៀល ប៉ុន្តែ​អ្នកស្រី​បញ្ចប់​រឿង​ដោយ​បង់​ប្រាក់​ចំនួន ១០​ម៉ឺន​រៀល។ ក្រោយ​មក​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដើម​ស្វាយ​របស់​អ្នក​ភូមិ​រស់នៅ​ក្បែរ​ខាង​នោះ​បាន​បាក់ ហើយ​ប្ដឹង​ចោទ​គ្រួសារ​អ្នកស្រី​ថា ជា​អ្នក​បំផ្លិចបំផ្លាញ​ដោយ​ទារ​ប្រាក់​សំណង​ជាច្រើន​ម៉ឺន​រៀល​ទៀត តែ​បាន​បញ្ចប់​បញ្ហា​ត្រឹម​ប្រាក់ ២៥​ម៉ឺន​រៀល។

អ្នកស្រី​ថា​នៅ​តែ​មិន​អស់​ចិត្ត​ចំពោះ​នាយ​ប៉ុស្តិ៍​ឃុំ​ស្វាយរំពា និង​អធិការ​ស្រុក​កំពង់លែង ដែល​បាន​រឹត​ត្បិត និង​តម្រូវ​ឲ្យ​គាត់​បង់​ប្រាក់​ទៅ​ភាគី​ជម្លោះ​ម្ខាង​ទៀត ដោយ​អ្នកស្រី​មិន​មែន​ជា​អ្នក​បង្ក​ឲ្យ​ភ្លើង​ឆេះ ឬ​ធ្វើ​ឲ្យ​បាក់​ដើម​ស្វាយ​ផង​នោះ៖ «ប៉ូលិស​ថា​រឿង​នេះ​ជាន់​ដាន​ចាស់ នេះ​ត្រឹម​ដើម​ស្វាយ ចុះ​ថ្ងៃ​ក្រោយ ជីវិត​គេ​ស្លាប់​មាន​តែ​ឯង​ហ្នឹង​ហើយ​ជា​អ្នក​ធ្វើ​មាន​នរណា​ផ្សេង​ទៀត»

រហូត​មក​ដល់​ព្រលប់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៤ វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​នាយ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ស្វាយរំពា ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។

ចំណែក​អធិការ​ស្រុក​កំពង់លែង លោក ប៉ាល់ ជឿន ថ្លែង​បដិសេធ​ថា លោក​មិន​មែន​ជា​អ្នក​សម្រប​សម្រួល​ក្នុង​រឿង​នេះ​ឡើយ ហើយ​លោក​នឹង​សួរ​ទៅ​មន្ត្រី​ជំនាញ​របស់​លោក ជុំវិញ​រឿង​នេះ ប៉ុន្តែ​លោក​មិន​ប្រាប់​ថា​មន្ត្រី​នោះ​ជា​នរណា​ឡើយ៖ «អត់​បាន​ដឹង​ទេ​បង​អើយ! ខ្ញុំ​កំពុង​រវល់​នៅ​ឃុំ​ច្រណូក បន្តិច ចាំ​មើល​ខ្ញុំ​សួរ​ខាង​មន្ត្រី​ជំនាញ​របស់​ខ្ញុំ​ចាំ​ស្អែក»

មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ថ្លែង​ថា ខាង​លោក​បាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ផ្ទាល់ ដោយ​ជួប​សម្ភាស​ជាមួយ​គ្រួសារ​ដែល​ត្រូវ​គេ​ប្ដឹង និង​ក្រុម​ប្រឹក្សា​ឃុំ​ស្វាយរំពា បង្ហាញ​ថា ការ​ចោទ​ប្រកាន់​ថា អ្នកស្រី តេង ឡាម បំផ្លិចបំផ្លាញ ឬ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ដើម​ស្វាយ​នោះ គឺ​គ្មាន​ភស្តុតាង​អ្វី​ទាំងអស់ ហើយ​ពេល​ហេតុការណ៍​កើត​ឡើង​នោះ អ្នកស្រី តេង ឡាម ឋិត​នៅ​ក្នុង​ពិធី​មង្គលការ​គេ​ឆ្ងាយ​ពី​ផ្ទះ។ លោក​ថា ចំណាត់​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ប៉ូលិស​ក្នុង​រឿង​នេះ​មិន​ត្រឹមត្រូវ​ឡើយ ហើយ​សកម្មភាព​នេះ គឺ​អាច​ប៉ះពាល់​ដល់​យុត្តិធម៌​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។