សហភាព​សហជីព​អន្តរជាតិ​ស្នើ​ផ្នែក​ពាក់ព័ន្ធ​គិតគូរ​ប្រាក់​ខែ​កម្មករ​ឲ្យ​បាន​សមរម្យ

0:00 / 0:00

ក្រុម​ប្រឹក្សា​សហភាព​សហជីព​អន្តរជាតិ ឬ​ហៅ​កាត់ អាយ.ធី.យូ.ស៊ី-ស៊ី.ស៊ី (ITUC-CC) រៀបចំ​សិក្ខា​សាលា​ស្ដីពី "សន្តិសុខ​ការងារ និង​ទំនាក់ទំនង​ឧស្សាហកម្ម​នៅ​កម្ពុជា" ដើម្បី​ជួយ​ឲ្យ​កម្មករ​ទទួល​បាន​លក្ខខណ្ឌ​ការងារ​គាប់​ប្រសើរ​នា​ថ្ងៃ​អនាគត។ សិក្ខា​សាលា​នេះ មាន​សហភាព​ធំៗ​ចំនួន​៣​ចូលរួម និង​មាន​សមាជិក​សហជីព​ទាំង​ជាតិ និង​អន្តរជាតិ​ជិត ១០០​នាក់។

ភាគី​សហជីព​អះអាង​ថា មក​ដល់​ពេល​នេះ ការ​បញ្ជា​ទិញ​ក្នុង​វិស័យ​កាត់​ដេរ​បាន​ថយ​ចុះ ដោយសារ​បញ្ហា​រំលោភ​សិទ្ធិ​កម្មករ និង​ការ​ទាមទារ​ប្រាក់​ឈ្នួល​គោល​ដែល​មិន​ទាន់​ដោះស្រាយ​បាន។ បញ្ហា​នេះ មន្ត្រី​ក្រសួង​ការងារ ចោទ​មេ​ដឹក​នាំ​សហជីព និង​កម្មករ ថា​បាន​ធ្វើ​សកម្មភាព​មិន​គោរព​ច្បាប់ និង​បង្ក​ឲ្យ​មាន​វិវាទ​ការងារ​នៅ​កម្ពុជា។

លោក រ៉ុង ឈុន លេខាធិការ​សហភាព​សហជីព​អន្តរជាតិ ប្រចាំ​កម្ពុជា ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​សិក្ខា​សាលា ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ អ្នក​បញ្ជា​ទិញ​នៅ​ក្រៅ​ប្រទេស​មាន​ការ​រារែក ក្នុង​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ដោយសារ​តែ​បញ្ហា​រំលោភ​សិទ្ធិ​កម្មករ និង​ការ​ដំឡើង​បៀវត្ស​ជូន​កម្មករ​មិន​ទាន់​ដោះស្រាយ​ចប់​សព្វ​គ្រប់​នៅ​ឡើយ។

លោក រ៉ុង ឈុន សង្កត់​ធ្ងន់​ថា ដរាប​ណា​ប្រាក់​បៀវត្ស​កម្មករ​រដ្ឋាភិបាល និង​ភាគី​ថៅកែ​រោងចក្រ​មិន​ដោះស្រាយ​ឲ្យ​ចប់​នៅ​ឆ្នាំ​២០១៤ នេះ​ទេ អ្នក​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា បញ្ជាក់​ថា នឹង​កាត់​បន្ថយ​កាន់​តែ​ច្រើន​ចាប់​ពី​ចុង​ឆ្នាំ​នេះ​ត​ទៅ៖ «វិស័យ​កាត់​ដេរ​នៅ​កម្ពុជា យើង​មាន​ការ​ផុយ​ស្រួយ​ណាស់។ បើ​សិន​ជា​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់ ឬ​មិន​ដោះស្រាយ ទាក់ទង​ការ​រំលោភ​សិទ្ធិ​កម្មករ ទាក់ទង​នឹង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្តី។ បើ​មិន​ដូច្នេះ​ទេ អ្នក​បញ្ជា​ទិញ គេ​នឹង​ឈប់​កុម្ម៉ង់​ទិញ ហើយ​នៅ​ពេល​គេ​ឈប់​កុម្ម៉ង់​ទិញ នឹង​ប៉ះពាល់​ដល់​កម្មករ​ខ្មែរ បាត់​បង់​ការងារ ហើយ​រដ្ឋាភិបាល​កម្ពុជា ក៏​បាត់​បង់​ចំណូល​តាម​រយៈ​ការ​ឈប់​បញ្ជា​ទិញ​ហ្នឹង​ដែរ»

ទាក់ទិន​បញ្ហា​នេះ លោក សាត សមុទ្រ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ ដែល​ចូលរួម​ក្នុង​សិក្ខា​សាលា បាន​ចោទ​មេ​ដឹក​នាំ​សហជីព និង​ក្រុម​កម្មករ​មួយ​ចំនួន ថា​ជា​អ្នក​បង្ក​ឲ្យ​មាន​បាតុកម្ម​ខុស​ច្បាប់ ប៉ះពាល់​ដល់​ការ​ផលិត និង​នាំ​ចេញ​ផលិតផល​សម្លៀកបំពាក់​ពី​កម្ពុជា ទៅ​ក្រៅ​ប្រទេស។ លោក​បន្ត​ថា ការ​ធ្វើ​បាតុកម្ម​របស់​មេ​ដឹក​នាំ​សហជីព និង​កម្មករ កាល​ពី​ដើម​ឆ្នាំ​២០១៤ ជា​រឿង​ខុស​ច្បាប់ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​កាត់​ដេរ​កម្ពុជា។ លោក​ស្នើ​ឲ្យ​មេ​ដឹក​នាំ​សហជីព ត្រូវ​ធ្វើ​សកម្មភាព​ឲ្យ​ស្រប​តាម​ច្បាប់​ការងារ​កម្ពុជា៖ «កម្មករ​និយោជិត និង​សហជីព​របស់​យើង​ដំណើរ​ការ​ដោយ​សន្តិភាព គឺ​យើង​ទាំងអស់​គ្នា មាន​តែ​ខ្នាត​មួយ​ដែល​អាច​វាស់វែង​នៅ​ក្នុង​ទំនាស់​វិជ្ជាជីវៈ​បាន គឺ​មាន​តែ​ច្បាប់​ទេ។ ដូច្នេះ យើង​មិន​អាច​ដើរ​ជៀស​ពី​អ្វី​ដែល​ច្បាប់​ចែង។ កាល​ណា​យើង​ដែល​ជៀស​ពី​ច្បាប់​ចែង គឺ​យើង​មាន​ន័យ​ថា យើង​អត់​មាន​ខ្នាត​វាស់វែង ហើយ​ពិបាក​គ្រប់គ្រង។ ខ្ញុំ​បាន​សំណូមពរ​ទៅ​បងប្អូន ត្រូវ​ធ្វើ​អី​ធ្វើ​ទៅ​តាម​នីតិវិធី ទៅ​តាម​ច្បាប់ ទើប​យើង​មាន​សុវត្ថិភាព និង​ទំនាក់ទំនង​ល្អ​ក្នុង​វិជ្ជាជីវៈ»

ជំនួយ​ការ​លេខាធិការ​អង្គការ ជីឡាហ្វ (JILAF) នៃ​ប្រទេស​ជប៉ុន លោក រីយ៉ូ សាយតូ (Ryo Saito) ថ្លែង​ឲ្យ​ដឹង​តាម​អ្នក​បកប្រែ​ភាសា​ថា សហជីព​នេះ​កំពុង​តាម​ដាន​សកម្មភាព​រំលោភ​សិទ្ធិ​កម្មករ​កម្ពុជា ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក​បន្ត​ថា វិវាទ​ការងារ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា គួរ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ ប្រសើរ​ជាង​គេច​ចេញ​ពី​បញ្ហា។

បញ្ហា​នេះ លោក កេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា ជីម៉ាក់ (GMAC) បាន​ឲ្យ​ដឹង​ថា ការ​ចរចា​ដំឡើង​ប្រាក់​ខែ​កម្មករ នឹង​មិន​មាន​ទៀត​ទេ​នៅ​ឆ្នាំ​២០១៤ នេះ ប៉ុន្តែ​អាច​នឹង​ពិចារណា​នៅ​ឆ្នាំ​២០១៥ ខាង​មុខ។ លោក​ចោទ​ថា ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​រោងចក្រ តាម​ការ​ញុះញង់​ដោយ​សហជីព​មួយ​ចំនួន​ជា​រឿង​ខុស​ច្បាប់ និង​ជា​ដើម​ហេតុ​នាំ​ឲ្យ​អ្នក​បញ្ជា​ទិញ​ទំនិញ​ធ្លាក់​ចុះ ហើយ​រោងចក្រ​ខ្លះ​ប្រឈម​បិទ​ទ្វារ។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ក្រុម​កម្មករ និង​មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន បាន​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​បៀវត្ស​អប្បបរមា​ចំនួន ១៦០​ដុល្លារ​ក្នុង​១​ខែ។ ប៉ុន្តែ​ការ​តវ៉ា​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​បាញ់​បង្ក្រាប​ដោយ​ហិង្សា បណ្ដាល​ឲ្យ​ស្លាប់​កម្មករ ៥​នាក់ រង​របួស​រាប់​សិប​នាក់ និង​ចាប់​ខ្លួន​មនុស្ស​ចំនួន ២៣​នាក់ យក​ទៅ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ។

ទោះ​យ៉ាង​ណា ការ​ទាមទារ​របស់​ក្រុម​កម្មករ​មិន​ទាន់​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​នៅ​ឡើយ​ទេ គឺ​រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​ជូន​កម្មករ​ត្រឹម​ចំនួន ១០០​ដុល្លារ​ក្នុង​១​ខែ ហើយ​ចាប់​អនុវត្ត​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។