និស្សិត​ពេទ្យ​ធ្វើ​កូដកម្ម​ទាមទារ​បញ្ចុះ​តម្លៃ​សិក្សា

និស្សិតពេទ្យ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ ឬ​ហៅ​ថា អាយ.យូ (IU) ជិត ២០០​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ដោយ​មាន​លើក​បដា និង​ដុត​កង់​ឡាន​មុខ​សាលា ដើម្បី​ទាមទារ​អោយ​ថ្នាក់​ដឹកនាំ​សាលា​បញ្ចុះ​តម្លៃ​សិក្សា​សម្រាប់​ដំណាច់​ឆ្នាំ​បញ្ចប់​ការសិក្សា។

ក្រុម​និស្សិត​ទាំង​នេះ នៅ​តែ​បន្ត​ការ​តវ៉ា​ត​ទៅ​ទៀត លុះ​ត្រា​ទទួល​បាន​ដំណោះ​ស្រាយ​មួយ​ដែល​អាច​ទទួល​យក​បាន។ ពួក​គេ​ស្នើ​អោយ​មន្ត្រី​គ្រប់គ្រង​សាលា​បញ្ចុះ​តម្លៃ​ប្រាក់​ឈ្នួល​បង់​ថ្លៃ​សាលា​ពី ២.១០០​ដុល្លារ មក​ត្រឹម ១.៥០០​ដុល្លារ ដោយ​រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​សារណា និង​ចុះ​កម្មសិក្សា ហើយ​និង​អនុញ្ញាត​អោយ​ពួក​គាត់​បន្ត​ការ​សិក្សា​មួយ​ឆ្នាំ​ទៀត​ដើម្បី​ចូលរួម​ប្រឡង​ថ្នាក់​ជាតិ។

លោក ប៉េង សុវណ្ណ តំណាង​ក្រុម​និស្សិត​បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​នៃ​ការ​ធ្វើ​កូដកម្ម​នេះ ដោយសារ​ ភាគី​ខាង​សាលា​បាន​កំណត់​តម្លៃ​សិក្សា​សម្រាប់​និស្សិត​ជិត​បញ្ចប់​ការសិក្សា​មាន​តម្លៃ​ថ្លៃ ដែល​ធ្វើ​អោយ​និស្សិត​ភាគច្រើន​មិន​មាន​​លទ្ធភាព​អាច​បញ្ចប់​ការ​សិក្សា​របស់​គេ​បាន។

វិទ្យុ​អាស៊ីសេរី ព្យាយាម​ស្វែង​រក​ការ​ស្រាយ​បំភ្លឺ​បញ្ហា​នេះ​ពី​លោក សាបូ អូសាណូ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ ដោយ​ហៅ​ទៅ​កាន់​ទូរស័ព្ទ​គាត់​ជា​ច្រើន​លើក​តែ​មិន​មាន​អ្នក​ទទួល។

ក្រុម​និស្សិត​សង្ឃឹម​ថា ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹង​​ផ្ដល់​កិច្ច​អន្តរាគមន៍​សមស្រប​មួយ​សម្រាប់​ពួកគេ​ទាក់ទង​នឹង​ការ​កំណត់​ថ្លៃ​សិក្សា​នៅ​សាកល​វិទ្យាល័យ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។