អ្នក​កាសែត​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​ខេត្ត​ក្រចេះ

0:00 / 0:00

អ្នក​​យក​ព័ត៌មាន​ឲ្យ​កាសែត​ក្នុង​ស្រុក​មួយ​រូប ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​កាល​​ពី​យប់​ថ្ងៃ​ទី​១១ ឈាន​ចូល ១២ តុលា នៅ​ភូមិ​ទួលពន្លៃ ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ។ ការ​​ស្លាប់​នេះ​បន្ទាប់​ពី​អ្នក​កាសែត​រូប​នោះ និង​មិត្ត​រួម​ការងារ​ចុះ​ទៅ​យក​ព័ត៌មាន​​ទាក់ទង​ការ​ដឹក​ឈើ​ប្រណីត​ឆ្លង​កាត់​ឃុំ​ឃ្សឹម។ សមត្ថកិច្ច​បញ្ជាក់​ថា ករណី​នេះ​ពួក​គាត់​កំពុង​ធ្វើ​ស៊ើប​អង្កេត​ដោយ​ដឹង​មុខ​សញ្ញា​ខ្លះៗ​ហើយ។

អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត “ថ្ងៃនេះ” គឺ​លោក តាំង ទ្រី ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់ ហើយ​រត់​គេច​ខ្លួន​បាត់​ក្នុង​ពេល​លោក​ទៅ​យក​ព័ត៌មាន​ទាក់ទង​ការ​ដឹក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ នាងនួន ​ដែល​បាន​ដឹកពី​ខេត្ត​មណ្ឌលគិរី ឆ្លង​កាត់​ស្រុក​ស្នួល ឆ្ពោះ​មក​កាន់​ខេត្ត​កំពង់ចាម ប្រមាណ​ជាង ២០​រទេះ​គោ។

អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ​ដែល​បាន​ដឹង​ហេតុការណ៍​នេះ សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ក្រុម​លោក​ប្រមាណ ៥ ទៅ ៦​នាក់ ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ឈើ​ប្រណីត​នេះ ​ប៉ុន្តែ​នៅ​ពេល​ត្រឡប់​មក​វិញ​នៅ​ម៉ោង​ប្រមាណ ១២​អធ្រាត្រ ថ្ងៃ​ទី​១១ ឈាន​ចូល​ថ្ងៃ​ទី​១២ តុលា ស្រាប់តែ​រថយន្ត​របស់​លោក តាំង ទ្រី ជាប់​ផុង ប៉ុន្តែ​​ពួក​លោក​មក​មុន​ហួស​ទៅ​ហើយ ក៏​នាំ​គ្នា​ចូល​​សម្រាក​អស់​ទៅ ស្រាប់​តែ​ព្រឹក​ឡើង​​ដឹង​ថា លោក តាំង ទ្រី បាន​ស្លាប់។

លោក​យល់​ថា ការ​ស្លាប់​នេះ​ គឺ​ពាក់ព័ន្ធ​នឹង​ឈ្មួញ​ឈើ​នោះ​ហើយ ពីព្រោះ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​មាន​បន្សល់​ទុក​រថយន្ត​ម៉ាក ឡិចស៊ីស ៤៧០ (LUXES 470) ពណ៌​ខ្មៅ ហើយ​កន្លង​មក​ឈ្មួញ​ឈើ​ក៏​ធ្លាប់​បាន​គំរាម​ពួក​លោក​ថែម​ទៀត​ផង៖ «កន្លង​មក​តែងតែ​មាន​ដែរ ពាក់ព័ន្ធ​នឹង​ការ​គំរាម​កំហែង​ប្រើ​ពាក្យ​អសុរោះ ការ​ប្រមាថ​ជា​រៀង​រហូត ប៉ុន្តែ​គ្រាន់​តែ​មិន​ករណី​ដល់​បាញ់ មាន​តែ​ការ​ប្រមាថ​ថា ប្រយ័ត្ន​ធ្វើ​អ៊ីចេះ ប្រយ័ត្ន​ធ្វើ​អ៊ីចុះ។ បាទ! ហើយ​អ្នក​ដែល​ធ្វើ​ហ្នឹង​មាន​តែ​ឈ្មោះ​ល្បីៗ មាន​តែ​ពីរ​បី ប៉ុន្មាន​នាក់​ទេ​ល្បីៗ ជើង​ខ្លាំង។ មាន​មួយ​ទៀត​ឈ្មោះ ហៀង ធ្លាប់​ជា​ប៉ូលិស​នៅ​ក្នុង​ទឹក​ដី​ស្រុក​យើង​នេះ ប៉ុន្តែ​មិន​មែន ហ៊ាង អធិការ​ស្រុក​ចិត្របូរី ទេ! ហៀង ផ្សេង ហើយ​មួយ​ទៀត​ឈ្មោះ រស់ សុទ្ធ​តែ​​អ្នក​ល្បី​ដែល​ចូល​ចិត្ត​ប្រើ​កាំភ្លើង​បាញ់​បោះ​អ៊ីចឹង»

លោក​បន្ត​ថា បញ្ហា​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​លោក​និង​អ្នក​សារព័ត៌មាន​ដទៃ​មាន​ការ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន នៅ​ពេល​ចុះ​យក​ព័ត៌មាន​​ទាក់​ទង​នឹង​បទ​ល្មើស​ឈើ​ប្រណីត​នោះ រួម​នឹង​ករណី​ខុស​ច្បាប់​ផ្សេងៗ​ទៀត។ ទាក់ទង​បញ្ហា​នេះ ស្នងការ​រង​ខេត្ត​ក្រចេះ ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ លោក អ៊ុំ ភី មាន​ប្រសាសន៍​ថា ខាង​សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​នេះ ដោយ​លោក​បញ្ជាក់​ថា មាន​តម្រុយ​ខ្លះៗ។ លោក​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​យ៉ាង​ណា​ទេ ប៉ុន្តែ​វាអាច​ពាក់ព័ន្ធ​នឹង​ឈើ​ប្រណីត​នោះ​ហើយ៖ «អា​ហ្នឹង​កុំអាល​សន្និដ្ឋាន ព្រោះ​មិន​ដឹង​យ៉ាង​ណា​ទេ គ្រាន់តែ​វា​អាច​មាន។ តែ​យើង​មិន​អាច​សន្និដ្ឋាន​ច្បាស់​ថា​វា​អាច​ទាក់ទិន​ទេ។ ប៉ុន្តែ​មុខ​សញ្ញា​គេ​កំណត់ គឺ​វា​ប្រកប​មុខ​របរ​ហ្នឹង​ហើយ»

ចំណែក​ខាង​ចាងហ្វាង​កាសែត​ថ្ងៃ​នេះ និង​ជា​ប្រធាន​សមាគម​សារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ​លោក​ សុខ សុវណ្ណ ​​មាន​ប្រសាសន៍​ថា ខាង​លោក​បាន​ឱ្យ​ភ្នាក់ងារ​លោក​ចុះ​ទៅ​ស៊ើប​អង្កេត​ជុំវិញ​បញ្ហា​នេះ។ លោក​បន្ត​ថា កន្លង​មក​អ្នក​យក​ព័ត៌មាន​របស់​លោក​នៅ​ស្រុក​ស្នួល តែង​ត្រូវ​បាន​​ឈ្មួញ​ឈើ​ទាំង​នោះ​គំរាមកំហែង​ជា​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​អាជ្ញាធរ​មិន​ដែល​មាន​វិធានការ​ចំពោះ​ឈ្មួញ​ទាំង​នោះ​ឡើយ។

លោក​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ថា លោក តាំង ទ្រី អាច​ស្លាប់​ដោយ​មាន​ការ​ចរចា​រឿង​លុយ​នោះ​គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ៖ «ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ដែរ​ថា ការ​ចាប់​ហ្នឹង​ច្រើន​តែ​ចាប់​លើ​អ្នក​កាសែត​ពី​បទ​កំហែង​យក​ពី​អ្នក​មាន​មុខ​របរ​រក​ស៊ី​ឈើ​ខុស​ច្បាប់​កន្លង​មក យើង​មិន​ដែល​ឃើញ​សមត្ថកិច្ច​ចាប់​បាន​ឈ្មួញ​ឈើ​ទេ។ អ៊ីចឹង​យើង​ដាក់​ការ​សន្និដ្ឋាន​ថា ការ​ឃាតកម្ម​លើ​ហ្នឹង ខ្ញុំ​ដូច​ជា​មិន​សង្ឃឹម​ថា សមត្ថកិច្ច​រក​ឃើញ​ជន​ដៃដល់​ហ្នឹង​ពិត​ប្រាកដ​ទេ។ ប៉ុន្តែ​យើង​ក៏​គិត​ថា ការ​ស៊ើប​មួយ​ជំហាន​ដំបូង​យើ​ង​ដូច​ជា​មាន​វិជ្ជមាន​ជា​ច្រើន។ ដែល​ថា អត្តសញ្ញាណ​របស់​ជន​ប្រព្រឹត្ត​ហ្នុង​ស្ថិត​នៅ​ចំណុច​របស់​សមត្ថកិច្ច»

បើ​ទោះ​បី​ជា​លោក​​​មិន​សូវ​មាន​ជំនឿ​ចំពោះ​សមត្ថកិច្ច​ថា នឹង​អាច​រក​ជន​ប្រព្រឹត្ត​ឃើញ​ក៏ដោយ ប៉ុន្តែ​លោក​ក៏​បាន​អំពាវនាវឱ្យ​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ស្វែង​​រក​ជន​ដៃដល់​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។