កម្មករនៅរោងចក្រស្បែកជើង ជូហួយ (JUHUI) នៅខេត្តកំពង់ចាម ប្រតិកម្មចំពោះថៅកែរោងចក្រនៅតែរក្សាទុកក្រុមក្មេងស្ទាវនៅក្នុងរោងចក្របន្តទៀត គឺធ្វើឲ្យពួកគាត់មានការបារម្ភ។ រីឯមន្ត្រីសហជីពវិញយល់ថា ការរក្សាទុកក្រុមជើងកាង គឺជារឿងផ្ទុយនឹងច្បាប់ការងារ។ ប៉ុន្តែ អាជ្ញាធរធ្លាប់បញ្ជាក់ថា ក្នុងរោងចក្រមិនបានជួល និងមិនមានក្រុមជើងកាងនោះឡើយ។
វិវាទការងារនៅក្នុងរោងចក្រស្បែកជើង ជូហួយ (JUHUI) នៅមិនអាចដោះស្រាយបាននៅឡើយ ចំណែកក្រុមកម្មករដែលនាំគ្នាទៅប្រមូលផ្តុំតវ៉ានៅមុខរោងចក្រ នៅតែភ័យខ្លាចចំពោះក្រុមជើងកាង ឬក្រុមបុគ្គលិកថ្មី ដែលរោងចក្រទើបតែនឹងទទួលមកធ្វើការងារនោះ។ កម្មករថា ក្រុមដែលភាគីរោងចក្រជួលមកនោះ អាចនឹងបង្កបញ្ហាផ្សេងៗ ពិសេសអាចនឹងចេញមុខបង្ក្រាបពួកគាត់ ខណៈដែលពួកគាត់តវ៉ារឿងបញ្ហាការងារបន្តទៀត។
កម្មការិនីម្នាក់ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ក្រុមកម្មករថ្មីដែលរោងចក្រជ្រើសរើសមកធ្វើការនោះ ដំបូងឡើយគេជួលគិតជាថ្ងៃ គឺក្នុងមួយថ្ងៃ ២ម៉ឺនរៀល យកមកពីតាមស្រុកភូមិមួយចំនួននៅក្នុងស្រុកបាធាយ មកទុកប្រចាំការនៅក្នុងរោងបាយ។ អ្នកស្រីបន្តថា ក្រោយមកបាត់ពីកន្លែងរោងបាយ ប៉ុន្តែបែរជាកើនឡើងនៅអគារធ្វើការងារលាយឡំជាមួយកម្មករ។ អ្នកស្រីបារម្ភថា នៅពេលមានបញ្ហា រោងចក្រនឹងអាចបញ្ជាក្រុមនោះឲ្យទៅបង្ក្រាបកម្មករតែម្តង៖ «អង្គុយដូចថាបើយើងអ្នកធ្វើការ យើងទៅធ្វើការអ៊ីចឹងបង។ ប៉ុន្តែនេះគេអង្គុយជាក្រុមជជែកគ្នាលេងហូបទឹកតែធម្មតា តែដល់ម៉ោង៤ម៉ោងអី គេចេញមក។ ហើយរោងចក្រហ្នឹងពីដើមមកមិនដែលរើសមនុស្សប្រុសទេ ព្រោះគេរើសមនុស្សប្រុសៗប៉ិនបាតុកម្មអ៊ីចឹង ហើយគេអត់រើសតែប្រុសៗទេ គេរើសតែមនុស្សស្រី តែមួយរយៈនេះគេប្រុសៗច្រើនមែនទែន»។
ប្រភពដដែលបន្ថែមថា អ្នកស្រីមិនចង់ឲ្យមានរូបភាពជាក្រុមក្មេងស្ទាវ ឬជើងកាងនៅក្នុងរោងចក្រតទៅទៀតឡើយ ពីព្រោះវាធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់កម្មករ ទាំងការងារ និងការធ្វើដំណើរឡើងចុះមកធ្វើការ ជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានរដ្ឋបាលរោងចក្រ ជូហួយ លោក តេង សម្បត្តិ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៩ វិច្ឆិកា ពីព្រោះលោកមិនលើកទូរស័ព្ទ។
យ៉ាងណាក៏ដោយ អាជ្ញាធរស្រុក រួមនិងអាជ្ញាធរខេត្ត ធ្លាប់មានប្រសាសន៍បដិសេធកាលពីពេលកន្លងទៅថា នៅក្នុងរោងចក្រគ្មានក្រុមជើងកាង ដើម្បីយកមកទប់ទល់កម្មករទេ។ ចំណែកកម្មករដែលចេញមកបង្ក្រាបកម្មករដែលតវ៉ានៅមុខរោងចក្រ កាលពីថ្ងៃទី២៥ តុលា នោះ គឺជាក្រុមកម្មករដែលធុញទ្រាន់ទៅនឹងការធ្វើកូដកម្មរបស់កម្មករចាស់ នៅខាងក្រៅតែប៉ុណ្ណោះ។ លើសពីនេះទៀត កម្មករដែលព្រមចូលធ្វើការទាំងនោះ រឹតតែក្តៅក្រហាយចំពោះការបិទផ្លូវមិនឲ្យអ្នកលក់បាយ ឬចំណី អាចចូលទៅលក់ឲ្យពួកគេនៅខាងក្នុងបាន។ បន្ថែមពីនេះទៀត មុនពេលផ្ទុះអំពើហិង្សាឡើងនៅថ្ងៃទី២៥ តុលា កាលពីថ្ងៃទី៩ តុលា មានការបង្ហោះរូបភាពដោយម្ចាស់គណនីហ្វេសប៊ុក (Facebook) ឈ្មោះ អុល សំអាត បញ្ជាក់ពីការប្រមូលផ្តុំកម្មករប្រុសៗជាច្រើននាក់ ហាក់ដូចជាការត្រៀមខ្លួនទប់ទល់នឹងកម្មករ ដែលធ្វើកូដកម្មនៅខាងក្រៅរោងចក្រ ដោយបញ្ជាក់អត្ថន័យនៅលើរូបថតថា ប្រជាពលរដ្ឋ និងកម្មករ នឹងមិនបណ្តោយឲ្យសហជីពស៊ីខៅឌូ (CCAWDU) ធ្វើអ្វីស្រេចតែនឹងចិត្តឡើយ។
រោងចក្រស្បែកជើង ជូហួយ ពីដើមមកកម្រនឹងទទួលយកកម្មករប្រុសៗឲ្យចូលធ្វើការណាស់ លើកលែងតែជាងម៉ាស៊ីន ឬអ្នកលើកអីវ៉ាន់ដាក់ឡានមួយចំនួនតូចប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅក្រោយពេលកម្មករជាច្រើនរយនាក់បន្តធ្វើកូដកម្មជាប់រហូត និងកាន់តែខ្លាំងឡើងៗនោះ រោងចក្រនេះស្រាប់តែរើសយកកម្មករប្រុសៗជាច្រើនចូលធ្វើការ។ ហើយកម្មករខ្លះ ត្រូវគេស្គាល់ថាជាក្មេងស្ទាវនៅក្នុងភូមិស្រុកទៀតផង។ ជាក់ស្តែង កាលពីថ្ងៃទី២៥ តុលា មានការប៉ះទង្គិចគ្នារវាងកម្មករខាងក្រៅ និងកម្មករក្នុងរោងចក្រនោះ កម្មករប្រុសៗដែលរត់ចេញពីក្នុងរោងចក្រមកមានកាន់បំពង់ទីបស្ទើរគ្រប់ដៃ មកដេញវាយកម្មករខាងក្រៅ ប៉ុន្តែសមត្ថកិច្ចវិញមិនបានចាប់ពួកគេទេ បែរជាមកចាប់កម្មករនៅខាងក្រៅរោងចក្រ ១០នាក់ បញ្ជូនទៅតុលាការខេត្តទៅវិញ។
ទាក់ទងបញ្ហានេះ មន្ត្រីផ្នែកច្បាប់នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថាស៊ីខៅឌូ លោក ប៊ុត ប៊ុនឈាន យល់ថា ការទទួលយកក្រុមជើងកាងមកធ្វើការនៅក្នុងរោងចក្រ ដើម្បីទប់ទល់នឹងកម្មករនៅពេលមានការតវ៉ានោះ គឺជារឿងផ្ទុយទៅនឹងផ្លូវច្បាប់។ លោកបន្ថែមថា ការអនុវត្តច្បាប់របស់សមត្ថកិច្ចកន្លងមក វាហាក់បីដូចជាគាំទ្រចំពោះក្រុមក្មេងស្ទាវទាំងនោះ ឲ្យប្រព្រឹត្តអំពើមិនគប្បីក្នុងសង្គមបន្តទៀត និងជាការអនុវត្តច្បាប់មួយដែលមានការរើសអើង៖ «អ៊ីចឹងវាជារឿងមួយគួរឲ្យសោកស្ដាយបំផុត បើអាជ្ញាធរនៅតែមិនចាត់វិធានការចំពោះក្រុមក្មេងជើងកាងទាំងនោះទេ ដែលយើងទាំងអស់គ្នាដឹងច្បាស់ ដែលកម្មករនៅខាងមុខដឹងច្បាស់ថា មានប៉ុន្មានៗប្រភពមកពីណា។ ដឹងព័ត៌មានហ្នឹងជាក់លាក់ ដែលយើងអាចផ្តល់ព័ត៌មាន និងប្រភពជូនដល់សមត្ថកិច្ច ប្រសិនគាត់ចាប់ផ្តើមអនុវត្ត និងស្រាវជ្រាវរកសាវតារអ្នកទាំងអស់ហ្នឹង គឺយើងមានឯកសារដើម្បីបញ្ជាក់ជូន»។
លោកថា សកម្មភាពក្រុមក្មេងស្ទាវនៅក្នុងរោងចក្រយកមកទប់ទល់នឹងកម្មករ ដែលតវ៉ាទាមទារសិទ្ធិសេរីភាពការងារ គប្បីត្រូវបញ្ចប់ ពីព្រោះវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់កម្មករដទៃទៀត និងម្យ៉ាង វាធ្វើឲ្យការងារមិនអាចទៅមុខដោយល្អប្រសើរឡើយ។
ដោយសារតែមានលើកឡើងខុសៗពីគ្នារវាងកម្មករដែលតវ៉ា និងរបាយការណ៍របស់សមត្ថកិច្ចនោះ បានជាមេធាវីមកពីសហភាពការងារដែលការពារក្តីឲ្យកម្មករកន្លងមក លោក គីម សុជាតិ មានប្រសាសន៍ថា លោកនឹងដាក់លិខិតមួយទៅតុលាការខេត្តកំពង់ចាម ឲ្យបើកការស៊ើបអង្កេតរឿងក្មេងស្ទាវដែលបានបង្កបញ្ហា កាលពីថ្ងៃទី២៥ តុលា នោះឡើងវិញ ដើម្បីធានានូវភាពត្រឹមត្រូវកូនក្តីរបស់លោក៖ «អង្គហេតុដែលឈានទៅដល់អំពើហិង្សាហ្នឹង គឺបង្កឡើងដោយក្រុមជនមួយក្រុម ដែលជាជើងកាងរបស់ក្រុមហ៊ុនហ្នឹង បង្កហិង្សាមកលើបងប្អូនកម្មករនៅខាងក្រៅហ្នឹង បានជាមានការបង្ក្រាបហ្នឹង។ ហ្នឹងតាមការបញ្ជាក់ ប៉ុន្តែដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចដែលកសាងមកនេះ គឺមិនបានបញ្ជាក់លើអង្គហេតុហ្នឹងទេ។ តែបែរជាថា បងប្អូនកម្មករនៅខាងក្រៅជាអ្នកបង្កហិង្សាទៅវិញ។ អ៊ីចឹងមានការកំណត់ខុសគ្នា ដោយសារតែមានការកំណត់ខុសគ្នាអ៊ីចឹងហើយ បានជាយើងចង់ដឹងថា អង្គហេតុណាពិតប្រាកដ ហ្នឹងហើយបានជាយើងស្នើឲ្យតុលាការស៊ើបអង្កេត បំពេញកិច្ចតាមការបំភ្លឺទៅដល់កូនក្តីខ្ញុំជាកម្មករនៅខាងក្រៅ»។
លោកបន្តថា កូនក្តីរបស់លោកទាំងអស់ដែលតុលាការសម្រេចចោទប្រកាន់កាលពីថ្ងៃទី២៧ តុលា នឹងអាចរួចផុតពីបទចោទ ប្រសិនបើតុលាការរកឃើញថា អ្នកបង្កហេតុ គឺជាក្រុមដែលរោងចក្រជួលមកនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
