ពួកគេទាមទារអោយភាគីក្រុមហ៊ុនចេញមុខដោះស្រាយសំណើរបស់ពួកគេ ដើម្បីទាមទារអោយភាគីក្រុមហ៊ុនអនុវត្តតាមលក្ខខណ្ឌការងារមួយចំនួន ដែលពួកគេសង្ឃឹមថា ពួកគេនឹងទទួលបានអត្ថប្រយោជន៍ដូចអ្វីដែលច្បាប់ការងារបានធានា។ នៅរសៀលថ្ងៃដដែលនេះ មានការចរចាមួយបានធ្វើឡើងរវាងភាគីក្រុមហ៊ុន និងក្រុមកូដករ។
កម្មករធ្វើការអោយក្រុមហ៊ុនម៉ៅការចំនួន៦ នៃក្រុមហ៊ុនស៊ីម៉ងត៍កំពតស៊ីមែន ឬហៅថា ខេស៊ីមែន ក្នុងស្រុកដងទង់ ខេត្តកំពត ទាមទារអោយក្រុមហ៊ុនអនុវត្តច្បាប់ការងារ ដែលអាចអោយពួកគេមានប្រាក់ខែច្រើនជាងមុន និងមានលក្ខខណ្ឌការងារគ្រាន់បើ។
កម្មករម្នាក់ឈ្មោះ ឈុន ពៅ មានប្រសាសន៍ថា ក្រុមកម្មករទាមទារអោយថៅកែក្រុមហ៊ុន ខេស៊ីមែន ចេញមុខមកដោះស្រាយ និងយល់ព្រមទទួលយកសំណើរបស់កម្មករ។ លោកព្រមានថា បើថៅកែមិនព្រមចេញមុខដោះស្រាយឲ្យទេនោះ កម្មករនឹងមិនព្រមចូលធ្វើការឡើយ។
បើតាមក្រុមកម្មករក្រុមហ៊ុន ខេស៊ីមែន បានផ្ដល់សិទ្ធិទៅអោយក្រុមហ៊ុនម៉ៅការចំនួន៦ ដើម្បីជួលកម្មករអោយបំពេញការងារតាមផ្នែកក្នុងការផលិត វេចខ្ចប់ និងដឹកជញ្ជូនស៊ីម៉ងត៍ រួមនឹងផ្នែកជួសជុល ដំឡើងគ្រឿងម៉ាស៊ីនជាដើម។
ករណីផ្ទុះកូដកម្មរបស់កម្មករនៃក្រុមហ៊ុនខេស៊ីមែន ត្រូវបញ្ជាក់ថា កើតចេញពីការលំបាកដែលក្រុមកម្មករបានជួបប្រទះនៅពេលដែលក្រុមហ៊ុននេះបានជួលកម្មករអោយធ្វើការ ប៉ុន្តែពុំបានយកច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ទៅអនុវត្ត ដើម្បីផ្ដល់ផលប្រយោជន៍ដល់អ្នកបម្រើការនៅទីនោះឡើយ។
កម្មការិនី ទឹម ជ្រើន មានប្រសាសន៍ថា កន្លងមក កម្មករបានជួបការលំបាកជាច្រើនតាំងពីការផ្ដល់ប្រាក់ឈ្នួល បញ្ហាសុវត្ថិភាពការងារ ការគាំពារសុខភាព និងពុំមានប្រាក់អត្ថប្រយោជន៍ផ្សេងៗត្រូវផ្ដល់អោយឡើយ។
វិទ្យុអាស៊ីសេរី ពុំអាចសុំការអធិប្បាយពីតំណាងក្រុមហ៊ុន ខេស៊ីមែន ប្រចាំនៅខេត្តកំពត បានទេ នៅរសៀលថ្ងៃសុក្រ ទី៧ ខែមិថុនា។
ចំណែកតំណាងក្រុមហ៊ុន ខេស៊ីមែន ប្រចាំនៅរាជធានីភ្នំពេញ បានបដិសេធមិនអធិប្បាយឡើយ ដោយសម្អាងថា ផ្នែករោងចក្រផលិតស៊ីម៉ងត៍ នៅខេត្តកំពត ស្ថិតនៅក្រោមការគ្រប់គ្រងដោយឡែក។
យ៉ាងណា នៅរសៀលថ្ងៃសុក្រ ទី៧ ខែមិថុនា តំណាងក្រុមហ៊ុនម៉ៅការដែលចំណុះអោយក្រុមហ៊ុន ខេស៊ីមែន បានយល់ព្រមចរចាជាមួយក្រុមកម្មករ។
មន្ត្រីសហព័ន្ធសហជីពសំណង់ និងព្រៃឈើកម្ពុជា លោក យ៉ាន់ ស៊ី ដែលបានចូលរួមក្នុងការចរចា បានអោយដឹងថា ការចរចាបានអូសបន្លាយរហូតដល់ម៉ោង ៧យប់ ទើបបញ្ចប់ ក្នុងនោះតំណាងក្រុមហ៊ុនម៉ៅការចំនួន៤ បានយល់ព្រមដំឡើងប្រាក់ឈ្នួលដល់កម្មករ និងយល់ព្រមអនុវត្តចំណុចមួយចំនួនតាមច្បាប់ការងារ។ បើទោះជាយ៉ាងណា នៅមានក្រុមហ៊ុនចំនួន ២ទៀត ដែលមិនទាន់មានការព្រមព្រៀងជាមួយកម្មករ។
បន្ទាប់ពីបានទទួលកិច្ចព្រមព្រៀង ក្រុមកម្មករភាគច្រើនបានយល់ព្រមចូលធ្វើការវិញនៅថ្ងៃបន្ទាប់ បានអះអាងថា នឹងចូលធ្វើការវិញ ចំណែកក្រុមកម្មករដែលនៅក្រោមក្រុមហ៊ុន ២ទៀត នៅមិនទាន់ចូលធ្វើការវិញឡើយ។ ពួកគេនឹងបន្តការទាមទាររហូតក្រុមហ៊ុនយល់ព្រមទទួលយកសំណើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
