ពលរដ្ឋ​នៅ​ស្វាយរៀង​ចោទ​ក្រុមហ៊ុន​ខេមា​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ថៃ​ថា​បោកប្រាស់

0:00 / 0:00

ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ចោទ​ប្រកាន់​ក្រុមហ៊ុន ខេមា (Kama) ថា​បោក​ប្រាស់​ពលករ ដោយ​នាំ​ពួក​គេ​យក​ដាក់​ចោល​នៅ​ប្រទេស​ថៃ មិន​ផ្ដល់​លិខិត​ឆ្លង​ដែន ព្រម​ទាំង​យក​ទៅ​ដាក់​ឲ្យ​ធ្វើ​ការងារ​ប្រឈម​មុខ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ហើយ​បាន​ប្រាក់​ខែ​តិច​ខុស​ពី​ការ​សន្យា។ ដោយសារ​តែ​បញ្ហា​នេះ ពលករ​មួយ​ចំនួន​លួច​រត់​មក​កម្ពុជា វិញ​បាត​ដៃ​ទទេ​ទាំង​ខុស​ច្បាប់។

ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​តាម​រយៈ​ក្រុមហ៊ុន ខេមា ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ បញ្ជាក់​ថា កាល​ពី​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នោះ ពលករ​ខ្មែរ​ជាច្រើន​តែង​ត្អូញត្អែរ​ថា លង់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​នេះ ដោយ​ម្នាក់ៗ​ទៅ​មុខ​មិន​រួច​ចង់​ថយ​ក្រោយ​ក៏​ពិបាក គឺ​ក្រុមហ៊ុន​នេះ​ពុំ​ទទួល​ខុស​ត្រូវ​ចំពោះ​ពលករ​ទេ ទុក​ឲ្យ​ពួក​គេ​រស់នៅ​ប្រថុយប្រថាន​ដូច​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់។

ពលករ​ម្នាក់ លោក ស សុផៃ រស់នៅ​ភូមិ​សាម៉ ឃុំ​ស្វាយរំពារ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ថ្លែង​នៅ​ថ្ងៃ​ទី​៤ កក្កដា ថា តាម​ការ​សន្យា​របស់​ក្រុមហ៊ុន ថា​នាំ​ពួក​គេ​ទៅ​ធ្វើ​ការ​រោងចក្រ​ទឹក​ដោះ​គោ​នៅ​ប្រទេស​ថៃ ដោយ​ពលករ​ម្នាក់​បាន​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ ៣០០​បាត។ ប៉ុន្តែ​នៅ​ពេល​ដល់​ប្រទេស​ថៃ ក្រុមហ៊ុន​យក​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង ហើយ​ការងារ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត បាន​ប្រាក់​ឈ្នួល​តិច ធ្វើ​ការ​ទាំង​លំបាក​លំបិន។ ពេល​បើក​ប្រាក់​រៀង​រាល់​ខែ សល់​ពី​ក្រុមហ៊ុន​ប្រមាណ​ម្នាក់ ៦០​ដុល្លារ​អាមេរិក។ ជាង​នេះ​ទៅ​ទៀត ពលករ​ទាំងអស់​គ្មាន​លិខិត​ឆ្លង​ដែន​ទេ គឺ​រស់នៅ​ទាំង​ភ័យ​ខ្លាច​ប៉ូលិស​ថៃ ចាប់​ផង។

លោក ស សុផៃ៖ «ពេល​ខ្លះ​បាញ់​អា​កាំភ្លើង​ខ្យល់ យើង​បាញ់​ដែក​គោល​អូស! មាន​បាក់​ជើង​បាក់​ឆ្អឹងជំនី​ទៀត។ ដល់​ពេល​អ៊ីចឹង ខ្ញុំ​ធ្វើ​ការ​កន្លែង​ហ្នឹង ដល់​ខ្ញុំ​ឃើញ​ផ្ទាល់ៗ​ខ្លះ​ដែរ បាន​ខ្ញុំ​អត់​នៅ​ទេ ខ្ញុំ​មក​វិញ។ ព្រោះ​អី​ដូច​គ្នា​អ៊ីចឹង​បង! ទាំង​មុន​ទាំង​ក្រោយ គេ​អ្នក​ស្គាល់​ខ្ញុំ ហើយ​អ្នក​គេ​មក​មុន ខ្ញុំ​ទៅ​ក្រោយ គេ​ជួប​គេ​នៅ​ហ្នឹង​ដែរ គេ​ទៅ​តាម​ក្រុមហ៊ុន​ហ្នឹង​ដែរ​បង​ណាស់​បាទ! ហើយ​អ្នក​គេ​នៅ​ផ្ទះ​ជួល​ហ្នឹង គេ​ប្រាប់​ខ្ញុំ​គេ​ទៅ​ធ្វើ​បាន​តែ​បួន​ប្រាំ​ថ្ងៃ​អី គេ​មក​វិញ អ៊ីចឹង​គេ​រក​កន្លែង​បង​ប្អូន​គេ​ធ្វើ​ការ​កន្លែង​ផ្សេង សុខ​ចិត្ត​ចោល​ប៉ាសស្ព័រ​គ្រប់​គ្នា​បង!»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​ក្រុមហ៊ុន ខេមា នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ថៃ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ កក្កដា។

ប៉ុន្តែ មន្ត្រី​របស់​ក្រុមហ៊ុន ខេមា អ្នកស្រី ដា ធ្លាប់​មាន​ប្រសាសន៍​កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ​ថា ក្រុមហ៊ុន​ពុំ​មែន​នាំ​ពលករ​ទៅ​ទុក​ចោល​ប្រទេស​ថៃ ដោយ​មិន​ទទួល​ខុស​ត្រូវ​ដូច​ការ​លើក​ឡើង​នោះ​ទេ គឺ​ពលករ​ទៅ​ដល់​កន្លែង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដំបូង​នោះ ការ​ចាយ​វាយ​ជា​បន្ទុក​របស់​ពួក​គេ។ ចំណែក​ការ​មិន​ផ្ដល់​លិខិត​ឆ្លង​ដែន​នោះ អ្នកស្រី​បញ្ជាក់​ថា ការ​ធ្វើ​ដូច​នេះ ជា​តម្រូវ​ការ​របស់​ក្រុមហ៊ុន ដើម្បី​បញ្ចៀស​បញ្ហា​ពេល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ៖ «អត់​ទេ​បង ពលករ បង​អាច​ស៊ើបសួរ​កន្លែង​ផ្សេង​បាន ពលករ​អត់​មាន​ក្រុមហ៊ុន​ណា​ឲ្យ​ពលករ​កាន់​ប៉ាសស្ព័រ​ខ្លួន​ឯង​ទេ​បង! គេ​មាន​ឲ្យ​ប័ណ្ណ​ចេញ​ចូល ប័ណ្ណ​អន្តោប្រវេសន៍ លិខិត​ថ្កោលទោស​អី​ផ្សេងៗ​ទៀត​មួយ​កំផ្លេ​រួច​បាត់​ទៅ​ហើយ​ណាស់។ ហើយ​ម្ចាស់​ថៅកែ​នៅ​ថៃ បាន​ធានា​ឈ្មោះ​ម្នាក់​ហ្នឹង​រួច​បាត់​ទៅ​ហើយ អត់​មាន​បញ្ហា​ទេ»

នាយក​ប្រតិបត្តិ​អង្គការ​ខារាម​កម្ពុជា លោក យ៉ា ណាវុធ ចាត់​ទុក​ការ​ដក​ហូត​លិខិត​ឆ្លង​ដែន​ពី​ពលករ​របស់​ក្រុមហ៊ុន​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​ស្រប​ច្បាប់​របស់​ពលករ​នៅ​ក្រៅ​ប្រទេស ធ្វើ​ឲ្យ​បាត់​បង់​សិទ្ធិ​ធ្វើ​ដំណើរ និង​ការ​រស់​នៅ​របស់​ពលករ។ លោក យ៉ា ណាវុធ កត់​សម្គាល់​ថា កន្លង​មក ក្រុមហ៊ុន​ជាច្រើន​ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ នោះ តែង​កើត​មាន​បោក​ពលករ និង​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​ជាមួយ​ក្រុមហ៊ុន​បន្តបន្ទាប់៖ «អ៊ីចឹង​ពលករ​ត្រូវ​តែ​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន ហើយ​ត្រូវ​អឺ! ប្ដឹង​ទៅ​ស្ថាប័ន​ណា​ដែល​ពាក់ព័ន្ធ ដើម្បី​ឲ្យ​គាត់​ជួយ​អន្តរាគមន៍​ក្នុង​វិស័យ​ហ្នឹង។ បាទ! កាល​ណា​ដក​យក​ឯកសារ​ផ្សេងៗ ពេល​ដែល​តម្រួត​ថៃ ឬ​សមត្ថកិច្ច​គេ​ឆែក​ទៅ យើង​អត់​មាន​ឯកសារ យើង​ប្រឈម​មុខ​ទៅ​នឹង​ការ​ចាប់​ខ្លួន ឬ​ក៏​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​គេ​ហើយ។ អ៊ីចឹង​ការ​ធ្វើ​ដូច្នេះ វា​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​ទេ ការ​រំលោភ​សិទ្ធិ​ឯកជន​របស់​ហើយ»

ពលករ​ដែល​ត្រឡប់​មក​កម្ពុជា បញ្ជាក់​ថា ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​រយៈ​ក្រុមហ៊ុន ខេមា ដោយ​ស្រប​ច្បាប់​ក្នុង​តម្លៃ​សេវា​ម្នាក់ ៣០០​ដុល្លារ ហើយ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។