ប្រជាពលរដ្ឋរស់នៅឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅតែទន្ទឹងរង់ចាំយុត្តិធម៌ចំពោះករណីមន្ត្រីសមត្ថកិច្ចមូលដ្ឋានបានវាយដំលើពួកគាត់ឱ្យរបួសធ្ងន់កាលពីខែកក្កដា។ ការលើកឡើងនេះ ក្រោយពេលសំណុំរឿងរបស់ពួកគាត់បានដាក់ទៅស្នងការដ្ឋាននគរបាលខេត្ត និងតុលាការកាលពីខែកក្កដា ប៉ុន្តែមិនទាន់មានលទ្ធផលនៅឡើយ។
ក្រុមគ្រួសារជនរងគ្រោះពីរនាក់រស់នៅឃុំទ្រៀល ស្នើឱ្យអាជ្ញាធរពន្លឿននីតិវិធីលើសំណុំរឿងដែលពួកគាត់អះអាងថា មន្ត្រីប៉ូលិសរដ្ឋបាលឃុំ និងបក្ខពួក បានវាយដំលើពួកគាត់កាលពីខែកក្កដា។ ការស្នើសុំនេះ ក្រោយពេលពួកគាត់មិនទាន់ទទួលដំណឹងណាមួយពីអាជ្ញាធរឡើយ។
ពលរដ្ឋនៅភូមិឈូក ឃុំទ្រៀល លោក ឌឹម វណ្ណៈ ឱ្យដឹងថា អស់រយៈពេលជិតមួយខែមកហើយ សំណុំរឿងវាយដំរូបគាត់ពីសំណាក់នាយនគរបាលប៉ុស្តិ៍ឃុំទ្រៀល នៅមិនទាន់ត្រូវបានអាជ្ញាធរចាត់វិធានការ។
លោកបន្តថា ក្រោយពេលក្រុមសមត្ថកិច្ចវាយដំកាលពីថ្ងៃទី១១ កក្កដា បណ្ដាលឱ្យរងរបួសធ្ងន់រហូតដាច់ពោះវៀនទៀតនោះ លោកបានទៅសម្រាកនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ជាច្រើនថ្ងៃ ហើយសម្រេចចេញមកផ្ទះវិញកាលពីថ្ងៃទី៣០ កក្កដា ដោយសារមិនមានថវិកាគ្រប់គ្រាន់៖ «គេឱ្យខ្ញុំលើកដៃ ហើយវ៉ៃយកៗ ហើយគេដាក់ខ្នោះខ្ញុំ ហើយវ៉ៃថែមទៀត»។
កាលពីថ្ងៃទី១៩ កក្កដា ក្រុមគ្រួសារលោក ឌឹម វណ្ណៈ និងគ្រួសារអ្នកស្រី ឆេង ហុន ដែលមានកូនប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងវាយដំនៅថ្ងៃជាមួយគ្នានោះ បានសុំកិច្ចអន្តរាគមន៍ពីអង្គការលីកាដូ (LICADHO) ខេត្តកំពង់ធំ និងក្រោយមកពួកគេបានដាក់បណ្ដឹងទៅស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងសាលាដំបូងខេត្តទៀតផង។ ពួកគេបានប្ដឹងមេប៉ុស្តិ៍ឃុំទ្រៀល គឺលោក គ្រី សារិទ្ធ និងបក្ខពួកពីបទបង្ករបួសស្នាម ហើយស្នើឱ្យមន្ត្រីពាក់ព័ន្ធផ្ដន្ទាទោសតាមផ្លូវច្បាប់ ព្រមទាំងទាមទារសំណងក្នុងមួយគ្រួសារជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
កាលពីពេលកន្លងទៅ នាយនគរបាលប៉ុស្តិ៍ឃុំទ្រៀល លោក គ្រី សារិទ្ធ បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយលោកបញ្ជាក់ថា មិនបានវាយដំពលរដ្ឋទាំងនោះទេ ប៉ុន្តែពលរដ្ឋម្នាក់ធ្លាក់ពីរបងផ្ទះដោយខ្លួនឯង។ ចំណែកការចាប់ខ្លួនពលរដ្ឋទាំងពីរនាក់នោះ ព្រោះមានពាក្យបណ្ដឹងពីពលរដ្ឋនៅឃុំជាប់គ្នា ដោយចោទថា អ្នកទាំងពីរបានបង្ករបួសស្នាមដល់ពួកគេ។
អាស៊ីសេរី មិនអាចទាក់ទងស្នងការនគរបាលខេត្តកំពង់ធំ លោក ជូ សំអាន បានទេ នៅថ្ងៃទី៤ ខែសីហា។ យ៉ាងនេះក្តី កាលពីខែកក្កដា លោកបញ្ជាក់ថា ប្រសិនបើមានពាក្យបណ្ដឹង អាជ្ញាធរនឹងចុះស្រាវជ្រាវដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
បន្ថែមពីនេះ បងប្រុសលោក ឌឹម វណ្ណៈ គឺលោក ឌឹម វន្នី បញ្ជាក់ថា មន្ត្រីស្នងការខេត្តបានកោះហៅពួកគាត់ម្ដង កាលពីចុងខែកក្កដា ប៉ុន្តែក្រោយមកគ្មានដំណឹងទៀតឡើយ។ លោកចង់ឱ្យមន្ត្រីពាក់ព័ន្ធជួយពន្លឿនករណីនេះ ព្រោះស្ថានភាពក្រុមគ្រួសារលោកកាន់តែជួបការលំបាក ត្បិតប្អូនរបស់គាត់យកទៅព្យាបាលរបួសនៅរាជធានីភ្នំពេញ អស់ប្រាក់ជាង ៥ពាន់ដុល្លារ ហើយអាការៈជនរងគ្រោះនៅមិនទាន់ជាសះស្បើយទេ៖ «ខ្ញុំសុំបន្ថែមត្រង់ថា ឱ្យដកមេប៉ុស្តិ៍ហ្នឹងចោលទៅ ខ្ញុំទារសំណងគេហើយ ចង់ឱ្យដកគេចោលទៀត»។
ដោយឡែកពលរដ្ឋមួយរូបទៀត អ្នកស្រី ឆេង ហុន ចេះតែបារម្ភខ្លាចអាជ្ញាធរពាក់ព័ន្ធទុកសំណុំរឿងពួកគាត់ចោល ស្របពេលកូនអ្នកស្រី និងពលរដ្ឋមួយរូបទៀតមិនបានប្រព្រឹត្តដូចការចោទប្រកាន់ផង ស្រាប់តែសមត្ថកិច្ចមកវាយដំកូនគាត់ និងធ្វើឱ្យគ្រួសារអ្នកស្រីខូចកិត្តិយសថែមទៀត។
មន្ត្រីអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្តកំពង់ធំ លោក ឈួម រុណ មានប្រសាសន៍ថា សំណុំរឿងនេះ មន្ត្រីពាក់ព័ន្ធអាចកំពុងចាត់វិធានការ ប៉ុន្តែពលរដ្ឋចេះតែបារម្ភខ្លាចក្រែងអាជ្ញាធរទុកសំណុំរឿងពួកគាត់ចោល។ លោកបន្តថា ប្រសិនអាជ្ញាធរមិនបានចាត់ការតាមពាក្យបណ្ដឹងរបស់ពួកគាត់ ពលរដ្ឋអាចប្ដឹងទៅក្រសួងមហាផ្ទៃ បន្តទៀតបាន។ លោកយល់ថា ប្រសិនបើរឿងនេះអាជ្ញាធរមិនព្រមចាត់វិធានការ គឺប្រៀបដូចជាការលើកទឹកចិត្តឱ្យសមត្ថកិច្ចប្រើអំពើហិង្សាលើប្រជាពលរដ្ឋដោយខុសច្បាប់បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
