តុលាការ​ខេត្ត​កំពង់ចាម​ដោះ​លែង​មន្ត្រី​សហជីព​និង​កម្មករ​៥​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ

តុលាការ​ខេត្ត​កំពង់ចាម សម្រេច​ចេញ​ដីកា​ដោះ​លែង​មន្ត្រី​សហជីព និង​កម្មករ​ចំនួន ៥​នាក់​នៅ​រោងចក្រ​ស្បែក​ជើង​ជូហួយ (JUHUI) នៅ​ខេត្ត​កំពង់ចាម ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ទី​១២ វិច្ឆិកា។

ការ​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ បន្ទាប់​ពី​មាន​លិខិត​ស្នើសុំ​ជា​បន្តបន្ទាប់​ពី​សំណាក់​មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ជាប់​ចោទ​ទាំង ៥​នាក់​នោះ ដាក់​ជូន​ទៅ​តុលាការ ដើម្បី​ឱ្យ​កូន​ក្តី​ខ្លួន​អាច​នៅ​ក្រៅ​ឃុំ ពីព្រោះ​ការ​សម្រេច​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៨ តុលា នោះ ជា​រឿង​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ឡើយ។

មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ជាប់​ចោទ​ទាំង ៥​នាក់ គឺ​លោក គីម សុជាតិ មាន​ប្រសាសន៍​ថា នេះ​មិន​មែន​ជា​ការ​ដោះ​លែង​ទាំង​ស្រុង​ទេ ពោល​គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ដោយ​តម្រូវ​ឱ្យ​អ្នក​ទាំង​នោះ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​របស់​ខ្លួន​មួយ​ខែ​ម្តង មិន​ត្រូវ​ផ្លាស់​ប្ដូរ​លំនៅឋាន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​ជាដើម។ លោក​បន្ត​ថា លោក​នឹង​ស្នើសុំ​ឱ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​ជុំវិញ​សំណុំ​រឿង​មួយ​នេះ។

លោក គីម សុជាតិ៖ «នីតិវិធី​បន្ត​ទៀត​ហ្នឹង គឺ​ខ្ញុំ​នឹង​ធ្វើ​ការ​ស្នើសុំ​បំពេញ​កិច្ច ដោយ​ឱ្យ​តុលាការ​ស៊ើបសួរ​ឱ្យ​ដល់​ទៅ​ឫសគល់​កើត​ឡើង​បញ្ហា​ក្នុង​រឿង​ហ្នឹង ព្រោះ​អី​ឫសគល់​ដែល​កើត​ឡើង គឺ​វា​ផ្ដើម​ចេញ​ដោយ​ក្រុម​ជើង​កាង​នៅ​ក្នុង​រោងចក្រ បង្ក​ចេញ​ពី​ក្នុង​មក​ហ្នឹង​បង្កើត​ឱ្យ​មាន​អំពើ​ហិង្សា​ហ្នឹង។ អ៊ីចឹង​យើង​នឹង​ស្នើ​ឱ្យ​តុលាការ​ស៊ើប​អង្កេត​ដល់​អ្នក​ទាំងអស់​ហ្នឹង។ បាទ! ហើយ​បន្ត​ទៀត យើង​នឹង​ស្នើសុំ​វត្ថុ​ដែល​ក្រុម​អ្នក​ទាំង ១០​នាក់​ហ្នឹង ដែល​សមត្ថកិច្ច​ដក​ហូត​យក​ហ្នឹង។ មាន​ដូចជា​ទូរស័ព្ទ មាន​ដូចជា​កាបូប មាន​ឯកសារ​មួយ​ចំនួន ហើយ​និង​លុយ​មួយ​ចំនួន។ ហើយ​ខ្ញុំ​ដាក់​ឯកសារ​ហ្នឹង ហើយ​នឹង​ដាក់​ទៅ​ស្អែក​ខាន​ស្អែក»

ជន​ជាប់​ចោទ​ទាំង ៥​នាក់​នោះ​រួម​មាន អ្នកស្រី ម៉ុន សារ៉ែម ជា​អនុប្រធាន​សហជីព​ស៊ីខៅឌូ (CCAWDU) ក្នុង​រោងចក្រ​ជូហួយ លោក ឃុន សុខុម មន្ត្រី​សហជីព​ស៊ីខៅឌូ អ្នកស្រី បៀន សារីម ជា​កម្មការិនី​ក្នុង​រោងចក្រ​ជូហួយ លោក ណេត ពិសី ជា​អ្នក​បើក​ឡាន​ដឹក​កម្មករ និង​លោក កង សាវុធ ជា​ជាង​ផ្សារ​ដែក ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៨ តុលា បន្ទាប់​ពី​មាន​កម្មករ​ជាច្រើន​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​រោងចក្រ​ដោះស្រាយ​បញ្ហា​ការងារ​របស់​ពួក​គាត់ រហូត​មាន​ផ្ទុះ​អំពើ​ហិង្សា​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ តុលា នៅ​រោងចក្រ​ជូហួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។