អាជ្ញាធរខេត្តកំពង់ចាម ឱ្យដឹងថា ពួកគេបានត្រៀមលក្ខណៈការពារសុវត្ថិភាពប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ រួមមានដាក់កម្លាំងនៅតាមតំបន់គោលដៅនានា ពង្រីងសន្តិសុខសុវត្ថិភាព ដោយការពារមិនឱ្យមានអំពើចោរកម្ម ក្មេងទំនើង ល្បែងស៊ីសងផ្សេងៗ។ ក្រៅពីនេះ អាជ្ញាធរក៏បានពន្យល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នរឿងអគ្គិភ័យ និងធ្វើដំណើរឲ្យមានការប្រុងប្រយ័ត្នជាដើម។
ថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែខិតជិតមកដល់ដែលនាំអាជ្ញាធរខេត្តកំពង់ចាម ស្ទើរគ្រប់ផ្នែកត្រៀមពង្រីងកម្លាំងរបស់ខ្លួន ដើម្បីចូលរួមការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងអំឡុងពេលបុណ្យចូលឆ្នាំ ៣ថ្ងៃ និងអំឡុងពេលមុន និងក្រោយពេលចូលឆ្នាំផង ដោយបញ្ចៀសនូវបញ្ហាផ្សេងៗ រួមមាន ចោរកម្ម អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ជាដើម។ វិធានការរបស់អាជ្ញាធរ គឺដាក់កម្លាំងត្រួតពិនិត្យនៅតាមតំបន់គោលដៅ រួមមាន តំបន់កម្សាន្តតាមវត្តអារាម ទីប្រជុំជន កំពង់ចម្លងនានា ដោយសមត្ថកិច្ចមិនត្រូវអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម ដូចជារថយន្ត ឬសាឡាង ដឹកមនុស្សលើសចំណុះទេ។
ស្នងការនគរបាលខេត្តកំពង់ចាម លោក ប៉ែន រ័ត្ន មានប្រសាសន៍ថា ក្រៅពីរៀបចំផែនការទាំងនេះហើយ ខាងអាជ្ញាធរក៏បានពង្រីកការផ្សព្វផ្សាយ និងសហការជាមួយប្រជាពលរដ្ឋ គណៈកម្មការវត្ត ព្រះសង្ឃ ម្ចាស់អាជីវកម្ម ម្ចាស់កន្លែងរមណីយដ្ឋាន ដោយធ្វើយ៉ាងណារៀបចំសណ្ដាប់ធ្នាប់សន្តិសុខឱ្យបានប្រសើរ។ លោកបន្តថា ត្រូវប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិរបស់ខ្លួន និងអ្នកមកលេងកម្សាន្ត ម្យ៉ាងទៀតត្រូវប្រយ័ត្នចំពោះគ្រោះអគ្គិភ័យផង។ ដោយឡែកចំពោះប្រជាពលរដ្ឋវិញ លោក ប៉ែន រ័ត្ន ថា ពួកគាត់មានតួនាទីផ្ដល់ព័ត៌មានមកសមត្ថកិច្ចគ្រប់ពេលឱ្យតែមានភាពមិនប្រក្រតីកើតឡើង។
លោក ប៉ែន រ័ត្ន៖ «សម្រាប់នេះ យើងខ្ញុំបានធ្វើមួយថ្ងៃយ៉ាងតិចក៏បីដងទៅបួនដងក្នុងមួយស្រុកសម្រាប់ការចុះទៅជួបប្រជាពលរដ្ឋតាមរយៈការបញ្ជ្រាបគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងនោះខុសប្លែកពីគេបន្តិចត្រង់ថា យើងមានការចែកលេខទូរស័ព្ទជូនប្រជាពលរដ្ឋស្ទើរគ្រប់គ្នា»។
លោកមានប្រសាសន៍ទៀតថា បើទោះបីជាខេត្តកំពង់ចាម មិនធ្លាប់មានបាតុភាពអាក្រក់ណាមួយកើតឡើងធំក៏ដោយ ប៉ុន្តែកិច្ចការពារសុវត្ថិភាពរបស់ពលរដ្ឋ គឺសមត្ថកិច្ចត្រូវមានការទទួលខុសត្រូវខ្ពស់។ លោកឱ្យដឹងទៀតថា កិច្ចការពារសុវត្ថិភាពជូនពលរដ្ឋមិនអាចខានបាន ក៏ប៉ុន្តែត្រូវឈរលើគោលការណ៍សីលធម៌ដែរ ដោយសមត្ថកិច្ចទាំងអស់អាចមានពេលឈប់សម្រាកទៅជួបជុំក្រុមគ្រួសាររបស់ពួកគាត់ ដើម្បីធ្វើបុណ្យទានក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ប៉ុន្តែពួកគេត្រូវប្តូរវេនគ្នាឈប់សម្រាក។
ទាក់ទងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ រួមនឹងបញ្ហាបង្ការគ្រោះថ្នាក់ចរាចរណ៍ជាដើមនោះ ប្រធាននាយកដ្ឋានចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃ បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះ លោក ហ៊ឹម យ៉ាន់ មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍នៅអំឡុងពេលបុណ្យទានធំៗ គឺតែងកើតឡើងទ្វេដងបើប្រៀបធៀបនឹងថ្ងៃធម្មតា។ លោកថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើនឡើង គឺដោយសារកំណើននៃការប្រើប្រាស់ផ្លូវកាន់តែច្រើន ការពិសាគ្រឿងស្រវឹង ការបើកបរមិនគោរពគ្នា និងមិនគោរពច្បាប់ចរាចរណ៍ ការបើកបរលើសល្បឿនកំណត់ជាដើម។
ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីអំពាវនាវមួយដែលមាន ៩ចំណុច ក្នុងនោះរួមមាន សុំឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ សុំឱ្យគោរពច្បាប់ចរាចរណ៍ ចេះគោរពនិងអធ្យាស្រ័យគ្នាទៅវិញទៅមក មិនត្រូវប្រើប្រាស់គ្រឿងស្រវឹងហើយបើកបរជាដើម។
ចំណែកវិធានការចំពោះបញ្ហាទាំងនេះ លោក ហ៊ឹម យ៉ាន់ បញ្ជាក់ដូច្នេះថា៖ «អប់រំដល់ពលរដ្ឋ អប់រំអ្នកនៅលើផ្លូវជាក់ស្ដែង ត្រូវអប់រំ ត្រូវណែនាំទីមួយ និងអប់រំដូចជាមានចេញសេចក្ដីអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយ។ បញ្ហាទីពីរ យើងរឹតបន្តឹងច្បាប់»។
បន្ថែមលើវិធានការការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋរបស់អាជ្ញាធរពេលនេះ មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ សម្ដែងការគាំទ្រចំពោះវិធានការទាំងនេះ។ លោកថា ទាំងបុណ្យជាតិ និងអន្តរជាតិ មន្ត្រីមានសមត្ថកិច្ចគឺមានភារៈជួយការពារសុវត្ថិភាពប្រជាពលរដ្ឋ។ លោកបន្ថែមថា នៅខេត្តកំពង់ចាម កន្លងមកធ្លាប់មានបញ្ហាខ្លះកើតឡើង ប៉ុន្តែប្រសិនបើវិធានការទប់ស្កាត់បញ្ហាផ្សេងៗរបស់អាជ្ញាធរពេលនេះមានប្រសិទ្ធភាព នោះអាចនឹងធ្វើឱ្យពលរដ្ឋប្រាកដជាពេញចិត្តជាក់ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
