នៅក្នុងឱកាសបុណ្យដាក់បិណ្ឌភ្ជុំ ដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែរតាំងពីបុរាណមក ពលរដ្ឋខ្មែរតែងនាំគ្នាប្រារព្ធឡើង និងនាំគ្នាយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ។ ពលរដ្ឋទាំងនោះតែងបួងសួងឧទ្ទិសដល់បុព្វការីជនរបស់ខ្លួនដែលចែកឋានទៅ។ ដោយឡែកពលរដ្ឋនៅខេត្តកំពង់ចាម ក៏នាំគ្នាទៅធ្វើបុណ្យដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ខ្លួន និងប្រាថ្នាចង់បានផលលាភត្រឡប់វិញផង។
តើពលរដ្ឋទាំងនោះបួងសួងចង់បានអ្វីខ្លះនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ?
ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ដែលរស់នៅតាមទីជនបទ ឬនៅតាមដងទន្លេមេគង្គ នាំគ្នាទៅធ្វើបុណ្យដាក់បាត្រក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺមានសេចក្ដីប្រាថ្នាប្រហាក់ប្រហែលគ្នា។ អ្នកខ្លះប្រាថ្នាសុំសេចក្ដីសុខសប្បាយដល់ក្រុមគ្រួសារ និងសាច់សាលោហិតរបស់ខ្លួន អ្នកខ្លះទៀតបួងសួងសុំឱ្យទេវតារក្សាលោក មេត្តាបង្អុរភ្លៀងឱ្យបានគ្រប់គ្រាន់ ដើម្បីជួយដល់កសិករធ្វើកសិកម្ម។ រីឯពលរដ្ឋខ្លះទៀតចង់ឱ្យទឹកទន្លេឡើងបន្ថែមទៀត ដើម្បីអាចធ្វើស្រែប្រដេញទឹកបាន។ ជាមួយគ្នានេះ ពលរដ្ឋខ្លះទៀតបួងសួងសុំឱ្យដំណាំកសិកម្មរបស់ពួកគាត់អាចរួចផុតពីសត្វល្អិតចង្រៃជាដើម។
ប្រជាពលរដ្ឋនៅឃុំរាយប៉ាយ ស្រុកកងមាស ម្នាក់ លោក ជិត គា មានប្រសាសន៍ថា ជារៀងរាល់ព្រឹកនៅរដូវដាក់បិណ្ឌភ្ជុំនេះ លោកតែងតែទៅវត្តមិនដែលអាក់ខានទេ។ លោកថា គោលបំណងដែលលោកទៅធ្វើបុណ្យ ព្រោះជាប្រពៃណីទំនៀមទម្លាប់ខ្មែរពីដូនតាមក ម្យ៉ាងដើម្បីឧទ្ទិសកុសលផលបុណ្យទាំងឡាយ ទៅសាច់ញាតិដែលបានស្លាប់ទៅ និងសុំពរសុំជ័យសម្រាប់អ្នកនៅរស់រានមានជីវិតផង៖ «បន់ដែលហ្នឹងបន់ឱ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយឱ្យមានទឹកភ្លៀងគ្រប់គ្រាន់ដើម្បីធ្វើស្រូវស្រែបានហូប»។
ឃុំរាយប៉ាយ ជាឃុំចុងកាត់មាត់ញក ហើយពលរដ្ឋភាគច្រើនធ្វើស្រែប្រដេញទឹក។ ពលរដ្ឋដដែលឱ្យដឹងថា ឆ្នាំនេះមិនឃើញមានទឹកទន្លេហូរចូលបឹងពាសវាលពាសកាលដូចឆ្នាំមុនៗឡើយ ជាហេតុធ្វើឱ្យពលរដ្ឋបារម្ភថា នឹងមិនមានទឹកធ្វើស្រែប្រាំង ពិសេសពលរដ្ឋដែលមានស្រែនៅផ្នែកខាងលើ។ ជាមួយគ្នានេះ លោក ជិត គា ក៏បានបួងសួងសុំឱ្យមានទឹកចូលបឹងឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កភាពងាយស្រួលដល់កសិករ។
ស្រដៀងគ្នានេះ ពលរដ្ឋនៅឃុំសណ្ដែក ស្រុកបាធាយ មួយរូប លោក ចេក ជឿន មានប្រសាសន៍ថា ចង្ហាន់ដែលយកប្រគេនព្រះសង្ឃនៅឱកាសបុណ្យភ្ជុំបិណ្ឌ គឺដើម្បីប្រាថ្នាសុំសេចក្ដីសុខចម្រើនដល់ក្រុមគ្រួសារកុំឱ្យជួបការខ្វះខាតទៀត។ មិនតែប៉ុណ្ណោះ លោកចង់ឱ្យឆ្នាំនេះមានទឹកភ្លៀងគ្រប់គ្រាន់ដើម្បីកសិករអាចធ្វើស្រូវបាន កុំឱ្យជួបភាពរាំងស្ងួតដូចកាលពីឆ្នាំមុនទៀត៖ «ឧស្សាហ៍ចុះត្រួតពិនិត្យ ព្រោះប្រជាពលរដ្ឋសព្វថ្ងៃដោយសាររាំងស្កក ឆ្នាំមុនទៅក៏ងាប់អស់ទៅ»។
កាលពីឆ្នាំ២០១៤ អ្នកភូមិនៅឃុំសណ្ដែក ជាច្រើនគ្រួសារ និងជាច្រើនភូមិជួបប្រទះភាពរាំងស្ងួតជាខ្លាំង រហូតធ្វើឱ្យស្រូវពលរដ្ឋប្រមាណ ៣.០០០ហិកតារ រងផលប៉ះពាល់ និងខូចខាតទាំងស្រុងប្រមាណ ១.០០០ហិកតារ។ ក្រោយមកអាជ្ញាធរបានយកម៉ាស៊ីនទៅដាក់ជូនប្រជាពលរដ្ឋដោយបូមទឹកពីប្រឡាយមេនៅក្បែរនោះ ប៉ុន្តែសកម្មភាពជួយប្រជាពលរដ្ឋកាលណោះមិនបានប៉ុន្មានផង ក៏ដកគ្រឿងចក្រទៅវិញ។ ភាពរាំងស្ងួតកាលពីឆ្នាំ២០១៤ មិនត្រឹមត្រូវតែធ្វើឱ្យប៉ះពាល់ស្រូវស្រែរបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែទឹកប្រើប្រាស់ក៏អ្នកភូមិជួបបញ្ហាដែរ។ គ្រោះរាំងស្ងួតមិនបានប៉ុន្មាន ប្រជាពលរដ្ឋនៅឃុំនេះ ក៏ជួបប្រទះខ្យល់កន្ត្រាក់ធ្វើឱ្យពលរដ្ឋជាច្រើនរយគ្រួសាររងផលប៉ះពាល់។ បញ្ហាផ្ទួនៗទាំងនេះ ជាហេតុធ្វើឱ្យពលរដ្ឋបន់ស្រន់សូមឱ្យជៀសផុតពីរឿងអកុសលទាំងនោះ។
បន្ថែមពីនេះ អ្នកភូមិមួយរូបទៀត លោក បិន បាន មានប្រសាសន៍ថា ក្រៅប្រាថ្នាចង់បានសេចក្ដីសុខ លោកគឺចង់ឱ្យផលិតផលកសិកម្មរបស់ពួកគាត់ទទួលបានផលល្អ។ លោកថា បើមានទឹកគ្រប់គ្រាន់ គឺអាចកាត់បន្ថយការចំណាកស្រុករបស់អ្នកភូមិបានច្រើន។ អ្វីដែលសំខាន់ជាងនេះទៀត គឺលោកចង់ឃើញស្ថានភាពនយោបាយនៅស្រុកខ្មែរមានភាពល្អប្រសើរ ហើយចង់ឱ្យអ្នកនយោបាយត្រូវរ៉ូវគ្នាដើម្បីអភិវឌ្ឍន៍ជាតិទៅថ្ងៃមុខ៖ «សុំបួងសួងឱ្យអ្នកនយោបាយហ្នឹង ឈប់ឈ្លោះគ្នាទៅ សម្រួលឥរិយាបថដាក់គ្នាទៅ»។
ទាក់ទងការបួងសួងរបស់ប្រជាពលរដ្ឋ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានព្រះថេរដីកាថា ជំនឿការបួងសួងសុំសេចក្ដីសុខ ឬផលលាភណាមួយនោះ គឺមិនមានចែងនៅក្នុងគម្ពីរបស់សាសនាព្រះពុទ្ធទេ ប៉ុន្តែជាទំនៀមទម្លាប់ដែលសល់ពីព្រហ្មញ្ញសាសនា និងការប្រកាន់ភ្ជាប់ក្នុងសន្ដានចិត្តរបស់ពលរដ្ឋខ្មែរ៖ «ប្រហែលជាការផ្សារភ្ជាប់គ្នាទេមើលទៅ។ បើថាឱ្យមានចែងនៅក្នុងព្រះពុទ្ធសាសនាថា មានគម្ពីរបិដកណាថា ឱ្យអ្នកនយោបាយត្រូវរ៉ូវគ្នា ឬសុំទឹកភ្លៀង សុំសេចក្តីសុខនោះ គឺមិនមានទេ គឺគ្មានទេ»។
ព្រះតេជព្រះគុណមានថេរដីកាទៀតថា គោលបំណងរៀបចំពិធីបុណ្យភ្ជុំបិណ្ឌឡើង គឺអាចមានរឿងបី ក្នុងនោះគឺដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបំពេញកាតព្វកិច្ចអនុវត្តប្រពៃណីទំនៀមទម្លាប់ខ្មែរបែបព្រះពុទ្ធសាសនា។ ទីពីរ គឺបង្ហាញពីការធ្វើបុណ្យកុសលរួមគ្នា និងចុងក្រោយគឺការអនុវត្តទៅតាមមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធទៅតាមរឿងពុទ្ធប្រវត្តិរបស់ទ្រង់។
យ៉ាងណា ប្រធានមជ្ឈមណ្ឌលសិក្សា និងស្រាវជ្រាវកសិកម្មកម្ពុជា ហៅកាត់ថា អង្គការសេដាក (CEDAD) លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា ការបួងសួងគឺគ្រាន់តែដើម្បីរំងាប់ផ្លូវចិត្តតែប៉ុណ្ណោះ ប៉ុន្តែលោកថា រឿងសំខាន់គឺពលរដ្ឋខ្លួនឯងត្រូវចេះកែច្នៃពីរបៀបធ្វើកសិកម្មដោយខ្លួនឯង។ លោកបន្ថែមទៀតថា ប្រសិនបើកសិករប្រឈមការខ្វះទឹកធ្វើស្រែ ពួកគេគប្បីត្រូវមានស្រះដើម្បីស្តុកទឹក ឬគ្រប់គ្រងទឹកទៅតាមស្រែរបស់ពួកគាត់នីមួយៗ ប៉ុន្តែកសិករត្រូវចំណាយដើមបន្តិច។ ជាងនេះទៀត កសិករត្រូវរៀនពីវិធីការពារសត្វល្អិតចង្រៃជាដើម៖ «អាចត្រង់ទឹកភ្លៀងសម្រាប់ប្រើប្រាស់ទៅ ព្រោះស្រុកខ្មែរយើងសំបូរទឹកទេ ប៉ុន្តែសំខាន់ចេះគ្រប់គ្រងទឹក»។
ក្រៅពីកសិករត្រូវពង្រឹងខ្លួនឯង រាជរដ្ឋាភិបាលក៏មានចំណែកទទួលខុសត្រូវចំពោះបញ្ហាប្រឈមរបស់ពលរដ្ឋដែរ។ លោកថា រាជរដ្ឋាភិបាលត្រូវបង្រៀនបច្ចេកទេស និងទ្រឹស្ដីផ្នែកកសិកម្មដល់កសិករ។ លើសពីនេះ ត្រូវជួយជាដើមទុនដល់ពួកគាត់សម្រាប់ធ្វើកសិកម្មនៅពេលកសិករខ្វះធនធាន និងត្រូវជួយស្វែងរកទីផ្សារលក់ផលិតផលកសិកម្មក្នុងតម្លៃខ្ពស់ ដើម្បីជាការលើកទឹកចិត្តដល់កសិករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
