ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ទាំងក្មេងចាស់ ប្រុសស្រី បាននាំគ្នាចេញពីខេត្ត ដើម្បីរកការងារធ្វើនៅក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់ភ្លាមៗ។ ប៉ុន្តែប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង អះអាងថា ចំនួនពលរដ្ឋដែលធ្វើចំណាកស្រុករកការងារធ្វើក្រៅខេត្តនេះ ពុំមានច្រើនទេ ព្រោះទីផ្សារការងារក្នុងខេត្តបានឆ្លើយតបនឹងតម្រូវការ ហើយថ្ងៃអនាគតអាចនឹងខ្វះកម្លាំងពលកម្មទៀតផង។
ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី១៨ និងទី១៩ ខែមេសា នៅបេនឡានផ្សារលើ និងតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង មានមនុស្សប្រុសស្រីក្មេងចាស់អង្គុយរង់ចាំរថយន្តឈ្នួលត្រៀបត្រា។ អ្នកទាំងនោះភាគច្រើនជាកម្មករ កម្មការិនីចេញទៅរកការងារធ្វើនៅរាជធានីភ្នំពេញ និងខេត្តខ្លះជាប់ព្រំដែនថៃ ដោយពួកគាត់បង្ហាញពីហេតុផលខុសៗគ្នា នៃការរកការងារធ្វើឆ្ងាយស្រុកកំណើតនេះ។
កំពុងអង្គុយចាំឡានក្រុងនៅបេនឡានផ្សារលើ អែបរបងធនាគារអេស៊ីលីដា (ACleda)ជាមួយមិត្តភក្ដីបីនាក់ទៀត គឺកញ្ញា ឈឺន ស្រីស្រស់ រៀបរាប់នៅថ្ងៃទី១៩ ខែមេសា ថា នេះជាលើកទី១ ដែលកញ្ញាចេញទៅរកការងារធ្វើនៅជាយដែនខ្មែរ-ថៃ ក្នុងទឹកដីខេត្តបាត់ដំបង។ បច្ចុប្បន្នកញ្ញាមានវ័យក្មេងនេះ រស់នៅឃុំពាមឆ្កោក ស្រុកជលគីរី ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណកាន់ដែលជាបញ្ហាលំបាករកការងារធ្វើតាមរោងចក្រក្នុងខេត្ត នៅក្រោយពេលទំនេរពីការងារធ្វើចម្ការ។
កញ្ញាសង្ឃឹមថា ការស្វែងរកការងារធ្វើនៅក្រៅខេត្តនេះ នឹងទទួលការងារជាប់លាប់ និងប្រាក់ឈ្នួលខ្ពស់៖ «ខ្ញុំឆ្នាំនេះអាយុ ១៨ឆ្នាំហើយ និយាយទៅអត់ទាន់បាន (ការងារ)។ ខ្ញុំទៅតាមមិត្តភ័ក្ដិដែរ ព្រោះខាងភូមិខ្ញុំខែហ្នឹងអត់មានអីធ្វើទេ ផុតខែធ្វើចម្ការហើយ»។
ចំណែកកម្មករម្នាក់ទៀតរស់នៅឃុំប្រឡាយមាស ស្រុកកំពង់លែង លោក កូយ ចាំ ថ្លែងថា រូបលោកបានរសាត់អណ្ដែតទៅដល់ប្រទេសថៃ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាដើម ជាង ១០ឆ្នាំហើយ។ លោកថា នៅទីនោះលោកធ្លាប់ស៊ីឈ្នួលធ្វើការងារគេមិនរើសមុខ ដូចជា កាប់ដំឡូង ធ្វើជាកម្មករសំណង់ និងម៉ៅធ្វើស្មៅចម្ការជាដើម ប៉ុន្តែរយៈពេលចុងក្រោយនេះ លោកមានការងារជាប់លាប់ គឺធ្វើជាជាងធ្វើតុទូនៅខេត្តបាត់ដំបង ដោយបានប្រាក់ឈ្នួលគួរសម ហើយមិនសូវហត់នឿយដូចមុន៖ «បាទ! ណាមួយខ្ញុំវាក្រផង អត់មានទូក ឬកាណូតនឹងគេ ខ្ញុំចេះតែដើរទៅ។ ជីវភាពនៅណោះ និងនៅទីនេះវាដូចតែគ្នា យើងចេះតែតស៊ូរកទៅ ព្រោះយើងអត់ ប៉ុន្តែថានៅខាងណោះការងារគេមានជាប់»។
ឆ្លើយតបបញ្ហាចំណាកស្រុកនេះ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា បញ្ជាក់ថា រហូតមកដល់ពេលនេះខាងលោកមិនទាន់អាចគ្រប់គ្រងតួលេខពលរដ្ឋចំណាកស្រុកបាននៅឡើយ ប៉ុន្តែលោកអះអាងថា ពលរដ្ឋចំណាកស្រុកមានតិចតួចប៉ុណ្ណោះ ស្របពេលដែលក្នុងខេត្តមានរោងចក្រចំនួន ១៨ កំពុងដំណើរការ ហើយស្រូបយកកម្លាំងពលកម្មជាង ៣ម៉ឺននាក់។
លោកថា នៅពេលតំបន់សេដ្ឋកិច្ចពិសេសនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ដំណើរការ នឹងត្រូវការកម្លាំងពលកម្មយ៉ាងតិច ២ម៉ឺននាក់ទៀត ហើយពេលនោះកម្លាំងពលកម្មអាចខ្វះ៖ «រោងចក្រកាត់ដេរយកស្រីច្រើនជាងប្រុស ហើយប្រុសៗច្រើនទៅថៃ ក៏ប៉ុន្តែបើនិយាយរឿងតួលេខយើងសរុបទាំងស្រីតិចជាង ២០០នាក់ ដែលយើងទទួលពលករពីប្រទេសថៃ កន្លងទៅ»។
លោក ពៅ ស៊ីថា បន្ថែមថា បញ្ហាប្រាក់ឈ្នួលទាបជាងនៅប្រទេសថៃ ឬនៅតាមខេត្តជាប់ព្រំដែនខ្មែរ- ថៃនោះ គឺរដ្ឋាភិបាល និងស្ថាប័នពាក់បានដោះស្រាយដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ដល់កម្មករដោយផ្អែកលើកំណើនសេដ្ឋកិច្ចជាក់ស្ដែង។ លោកថា លក្ខខណ្ឌការងារ និងប្រាក់ឈ្នួលតាមរោងចក្រ ឬសហគ្រាសនៅកម្ពុជា បច្ចុប្បន្នមានភាពប្រសើរជាងនៅបណ្ដាប្រទេសក្នុងតំបន់មួយចំនួនផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។