ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង រិះគន់អាជ្ញាធរចំពោះការផ្ដល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជា ការចម្លងសំបុត្រកំណើត និងសំបុត្ររៀបអាពាហ៍ពិពាហ៍ ជាដើម ថាមានតម្លៃខ្ពស់ និងមិនបានចេញវិក្កយបត្រត្រឹមត្រូវ។ ពួកគាត់បញ្ជាក់ថា ការអនុវត្តបែបនេះ គឺជាទង្វើផ្ទុយទៅនឹងអនុក្រឹត្យរបស់រដ្ឋាភិបាល និងថាជាចេតនានៃការប្រព្រឹត្តអំពើពុករលួយ។
ប្រជាពលរដ្ឋនៅឃុំក្រាំងលាវ ឲ្យដឹងនៅថ្ងៃទី១៣ ខែមីនា ថា មន្ត្រីទទួលបន្ទុកចម្លងសំបុត្រកំណើត និងមន្ត្រីថ្នាក់ឃុំខ្លះ បានដាក់តម្លៃធ្វើលិខិតស្នាមផ្សេងៗតាមទំនើងចិត្ត ដោយមិនគិតពីជីវភាពពលរដ្ឋ និងអនុក្រឹត្យលេខ៦៨ថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំក្រាំងលាវ ស្រុករលាប្អៀរ លោក គ្រោះ សារៀន មានប្រសាសន៍ថា កាលពីពេលថ្មីៗ លោក និងដន្លងបានចំណាយប្រាក់ជិត ១០ម៉ឺនរៀល ដើម្បីចម្លងសំបុត្រកំណើតចំនួន ៤សន្លឹក នៅសាលាស្រុកអស់ ២ម៉ឺនរៀល និងលិខិតសម្រាប់រៀបអាពាហ៍ពិពាហ៍កូននៅថ្ងៃទី១៣ ខែមីនា នេះអស់ចំនួន ៤ម៉ឺនរៀល។ លោកបន្តថា រាល់វិក្កយបត្រទាក់ទងនឹងលិខិតស្នាមទាំងនោះ ទាំងថ្នាក់ឃុំ និងស្រុក មិនបានចេញឲ្យឡើយ៖ «ខ្ញុំឲ្យដន្លងខ្ញុំទៅសុំ! ខ្ញុំថាបងឯងទៅសុំគេមើល ក្រែងលោបានខ្លះ មិនដែលការមួយក៏យកអីដល់ ៥ ទៅ ៦ម៉ឺនម្ល៉េះ ស្រាប់តែគាត់ទៅសុំ គាត់ថាបានម្នាក់ត្រឹម ២ម៉ឺន ស្រីក៏យក ២ម៉ឺន ប្រុសក៏យក ២ម៉ឺន។ គ្រាន់ថាសុំឲ្យខាងរដ្ឋាភិបាលកុំឲ្យយកសំបុត្រការហ្នឹងថ្លៃពេក»។
តារាងកំណត់តម្លៃសេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានដំឡើងថ្លៃទ្វេដង ដូចជាសេវាចម្លងសំបុត្រកំណើត និងលិខិតបញ្ជាក់កំណើត បញ្ជាក់សំបុត្រអាពាហ៍ពិពាហ៍ និងលិខិតបញ្ជាក់មរណភាព ជាដើម គឺពី ៤០០រៀល មកដល់ ៥ពាន់រៀលក្នុង១សន្លឹក។
ចំណែកសមាជិកក្រុមប្រឹក្សាស្រុករលាប្អៀរ លោក តេង សុខុម បញ្ជាក់ថា មានប្រជាពលរដ្ឋជាច្រើននៅតាមឃុំមួយចំនួននៃស្រុកនេះ បានត្អូញត្អែរជុំវិញបញ្ហានេះប្រាប់ទៅលោក។ លោកថា ក្រុមប្រជាពលរដ្ឋទាំងនោះបានបង្ហើបប្រាប់លោកថា អាជ្ញាធរភូមិបានថាការដំឡើងថ្លៃសេវាសាធារណៈផ្សេងៗ គឺបណ្ដាលមកពីគណបក្សសង្គ្រោះជាតិ ទាមទារឲ្យដំឡើងប្រាក់ខែមន្ត្រីរាជការខ្ពស់។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុករលាប្អៀរ លោក ឈឹម វុទ្ធា មានប្រសាសន៍ថា សម្រាប់ស្រុករបស់លោកបានអនុវត្តអនុក្រឹត្យលេខ៦៨ នេះចាប់ពីខែកុម្ភៈ ឆ្នាំ២០១៤ មក ប៉ុន្តែការចេញវិក្កយបត្រ ឬមិនចេញយ៉ាងណា លោកមិនទាន់ក្ដាប់ច្បាស់នោះទេ។ លោកបន្តថា ការចំណាយប្រាក់ច្រើនក្នុងការធ្វើលិខិតស្នាមផ្សេងៗ អាចបណ្ដាលមកពីប្រជាពលរដ្ឋនិយមពឹងពាក់អ្នកដទៃឲ្យមកជួយធ្វើជំនួស៖ «គោលការណ៍ដែលត្រូវយក គឺកំណត់ទៅតាមអនុក្រឹត្យដែលបានកំណត់របស់រាជរដ្ឋាភិបាលលេខ៦៨ ហ្នឹង ជាពិសេសថ្ងៃនេះនៅថ្នាក់ខេត្តកំពុងតែធ្វើសន្និបាត»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក(Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែងថា ដើម្បីឲ្យទទួលបាននូវតម្លាភាពនៃការទទួល និងផ្ដល់សេវាកម្មរដ្ឋបាលថ្នាក់ក្រោមជាតិនេះ អាជ្ញាធរត្រូវតែបិទផ្សាយតម្លៃសេវានៅគ្រប់ទីកន្លែងផ្ដល់សេវា និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់មូលដ្ឋាន៖ «ថ្លៃអាករផ្សេងៗលើសេវាសាធារណៈក្រោមជាតិនេះ យើងមិនប្រកែកអីទេ ប៉ុន្តែរដ្ឋាភិបាលត្រូវតែពិនិត្យ និងដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅលើនរណាដែលបានប្រព្រឹត្តអំពើពុករលួយនៅក្នុងហ្នឹង»។
អនុក្រឹត្យលេខ៦៨ ស្ដីពីការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០១៣ ត្រង់ជំពូក៥ មាត្រា២០ បញ្ជាក់ថា រាល់ការប្រមូលកម្រៃសេវារដ្ឋបាលនានា មន្ត្រីទទួលបន្ទុកផ្ដល់សេវារដ្ឋបាល ត្រូវមានបង្កាន់ដៃប្រគល់ទទួលប្រាក់ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អង្គភាពផ្ដល់សេវារដ្ឋបាលត្រូវរក្សាទុកគល់បញ្ជី បង្កាន់ដៃទទួលប្រាក់រាល់ខែ និងតាមឆ្នាំនីមួយៗ ក្នុងអង្គភាពរបស់ខ្លួនតាមគោលការណ៍កំណត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
