អ្នកភូមិអន្លង់ក្រាញ់ ម្នាក់ ឈ្មោះ លោក ប៊ុន ថា បានបញ្ជាក់ថា លោកបានទៅសុំឈើពីក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ខណៈដែលឈើទាំងអស់ដែលលោកសុំនោះ ក្រុមហ៊ុនបម្រុងនឹងដុតចោលទៅហើយ។ ប៉ុន្តែ នៅពេលដែលលោកហៅកូនទៅជួយដឹកយកមកផ្ទះ មន្ត្រីបរិស្ថានពីរនាក់ និងនគរបាលម្នាក់ បានទៅគំរាមទារប្រាក់ពីពួកគាត់ចំនួន ១.៥០០.០០០រៀល ប៉ុន្តែក្រុមគ្រួសារគាត់មានត្រឹមតែ ៤០ម៉ឺនរៀល ទើបធ្វើឱ្យមន្ត្រីបរិស្ថានទាំងនោះរឹបអូសឈើរបស់គាត់។
លោក ប៊ុន ថា៖ «ដល់នេះ គេទារ ១លាន ៥០ម៉ឺន (១.៥០០.០០០) ដល់ពេលនេះ ខ្ញុំអង្វរគេទាំងប្ដីទាំងប្រពន្ធទាំងកូនអីហ្នឹងថា ខ្ញុំអត់មានទេ ខ្ញុំមានតែ ៤០ម៉ឺនទេ។ ៤០ម៉ឺន អត់យកទេ ដាច់ ១លាន បើអ៊ីចឹង ១លាន ក៏ខ្ញុំអត់មាន ខ្ញុំមានតែ ៤០ម៉ឺន នោះឯង។ ដល់ពេលនេះទៅ គេថាបើ ១លាន អត់មាន គេយកឈើ។ ក៏រហូតដល់ល្ងាចដាក់ផ្ទះ គេបណ្ដើរដល់ផ្ទះ ព្រឹកឡើងខ្ញុំទៅសុំគេម្តងទៀត ខ្ញុំថា ខ្ញុំមានតែ ៤០ម៉ឺន គេថាបើមានតែ ៤០ម៉ឺន គេយកឈើហ្នឹងទៅលើអីចេះ។ ខ្ញុំថា បើបងយកទៅ ខ្ញុំមិនដឹងជាធ្វើម៉េច ព្រោះខ្ញុំអត់លុយ រហូតព្រឹកឡើង គេយកឡានមកដាក់យកទៅឯណាបាត់ ខ្ញុំអត់ដឹង អត់ដឹងឈើទៅណាផង គេដឹកដាក់ឡានទៅបាត់ហើយ»។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទំនាក់ទំនងពីខាងមន្ត្រីបរិស្ថានទាំងនោះបានទេ កាលពីថ្ងៃទី៩ សីហា។
ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពង់ធំ លោក ឈួម រុណ បានបញ្ជាក់ថា ករណីបែបនេះបានកើតឡើងជាញឹកញាប់ទៅលើប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ក្នុងករណីជំរិតទារប្រាក់ពីសំណាក់មន្ត្រីបរិស្ថានទាំងនោះ នៅពេលដែលពួកគាត់ដឹកឈើត្រឹមតែរទេះគោ សម្រាប់ប្រើប្រាស់ក្នុងរង្វង់គ្រួសារនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
