អ្នកនេសាទខេត្តកំពត ៤០នាក់ ចាប់បានជនជាតិវៀតណាម ១៣នាក់ និងទូក ៣គ្រឿង ប្រើឧបករណ៍នេសាទខុសច្បាប់ ចូលចាប់ត្រីសមុទ្ទនៅទឹកដីក្រុងកំពត ដែនសមុទ្ទកម្ពុជា។
ប្រធានសហគមន៍នេសាទសង្កាត់ត្រើយកោះ ខេត្តកំពត លោក នាក់ សេន ឲ្យដឹងថា អ្នកភូមិចុះចាប់ កាលពីយប់ថ្ងៃអាទិត្យ ទី៤ ខែឧសភា។ លោកបន្តថា ដោយសារតែមន្ត្រីខណ្ឌរដ្ឋបាលជលផលចេះតែរវល់ អ្នកភូមិបានបញ្ជូនឧបករណ៍ល្មើស និងជនល្មើសនេសាទវៀតណាម ទៅមន្ត្រីនគរបាលជើងទឹក។
លោក នាក់ សេន៖ «ពេលយប់ងងឹតបើកសំដៅតែម្ដង ហើយហកឡើងព្រឹបៗដល់ទូកវាទៅ អ៊ីចឹងវាអត់ធ្វើអីយើងកើត វាអង្គុយតាមតែយើងបញ្ជាឲ្យធ្វើអីធ្វើហ្នឹងទៅ។ ការចាប់ហ្នឹងសំខាន់ យើងដាក់កម្លាំងយើងច្រើនមក បានយើងអាចចាប់វាបាន។ ព្រោះទូកយើងតូច ទាល់តែទូកច្រើន ព័ន្ធជិតតែម្ដង ហើយយើងចូលមិនឲ្យដឹងខ្លួនទេ បើចូលឲ្យដឹងថាខ្លួន វាដឹង វាផ្ដាច់មងអីរត់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលជលផលកំពត លោក ស សារិន សុំការបំភ្លឺបាននៅថ្ងៃ៦ ខែឧសភា។ ប៉ុន្តែមន្ត្រីអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជនផល ប្រចាំតំបន់ឆ្នេរ ហៅថា ហ្វេក (FACT) លោក ហួត សីណាត បានឲ្យដឹងថា អ្នកភូមិសង្កាត់ត្រើយកោះ ដែលចាប់អ្នកនេសាទវៀតណាម បាន ១៣នាក់ និងទូក ៣គ្រឿង ហើយបញ្ជូនទៅនគរបាលជើងទឹក គឺខុសនឹងនីតិវិធីច្បាប់។ លោកថា តាមច្បាប់ត្រូវបញ្ជូនជនល្មើសនិងឧបករណ៍ល្មើសទៅខណ្ឌរដ្ឋបាលជលផល និងទៅអាជ្ញាធរខេត្តដើម្បីដោះស្រាយ។
ក្រុមសហគមន៍នេសាទកំពត បានអះអាងថា ជនជាតិវៀតណាម ទាំង ១៣នាក់ និងទូក ៣គ្រឿង មិនទាន់មានការដោះស្រាយនៅឡើយរវាងអាជ្ញាធរកម្ពុជា និងវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
