ពលរដ្ឋ​ខេត្ត​កំពត​ប្រមាណ​១០០​នាក់​តវ៉ា​មុខ​តុលាការ​ខេត្ត​កំពង់ចាម​ស្នើ​ឲ្យ​ដោះ​លែង​សាច់ញាតិ

0:00 / 0:00

ប្រជាពលរដ្ឋ​ខេត្ត​កំពត ប្រមាណ​ជាង ១០០​នាក់ បាន​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​សាលា​ដំបូង​ខេត្ត​កំពង់ចាម ដើម្បី​ស្នើ​សុំ​ឱ្យ​តុលាការ​ដោះ​លែង​សាច់ញាតិ​របស់​ពួក​គាត់​វិញ។ ពួក​គាត់​អះអាង​ថា ការ​ចាប់​ខ្លួន​សាច់ញាតិ​ពួក​គាត់​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា ហើយ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​មាត់ឃ្មង់ នៅ​ថ្ងៃ​ទី​២៨ កក្កដា ដោយ​ចោទ​ពី​បទ​ឆបោក​នោះ គឺ​ជា​រឿង​អយុត្តិធម៌។

ប្រជាពលរដ្ឋ និង​សាច់ញាតិ​ជន​ជាប់​ចោទ​បី​នាក់ ដែល​តុលាការ​ខេត្ត​កំពង់ចាម ចោទ​ប្រកាន់​ពី​បទ​ផ្សំគំនិត​ឆបោក​ដោយ​ប្រើប្រាស់​កាតគ្រី​រថយន្ត​ក្លែងក្លាយ ទៅ​បន្លំ​ថា​ជា​របស់​ខ្លួន​នោះ អះអាង​ថា ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​សាច់ញាតិ​របស់​ពួក​គាត់​ពេល​នេះ គឺ​ជា​រឿង​អយុត្តិធម៌ ពីព្រោះ​តុលាការ​សម្រេច​ឃុំ​មនុស្ស​ដោយ​ខ្វះ​ការ​ស៊ើប​អង្កេត។

តុលាការ​បាន​ចោទ​ប្រកាន់ និង​សម្រេច​ឃុំ​មនុស្ស​បី​នាក់ គឺ​ពីរ​នាក់​ជា​ប្ដី​ប្រពន្ធ​មក​ពី​ខេត្ត​កំពត ប្ដី​ឈ្មោះ អ៊ួក ពៅ រីឯ​ប្រពន្ធ​ឈ្មោះ ពុំ ចន្តា និង​ម្នាក់​ទៀត​ឈ្មោះ នៅ ដា រស់នៅ​ខេត្ត​កំពង់ចាម ជា​តៃកុង​ឡាន ដែល​ជនល្មើស​ទើប​ជួល​មក​បើក​ឡាន​ឱ្យ​ខ្លួន។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ត្រមែង ស្រុក​ឈូក ខេត្ត​កំពត លោក ពាន សារ៉ាន ដែល​ត្រូវ​ជា​ប្អូន​ថ្លៃ​របស់ លោក អ៊ួក ពៅ ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខំ​ប្រឹង​ឡើង​មក​ពី​ខេត្ត​កំពត ដើម្បី​ជា​សាក្សី​បញ្ជាក់​ថា ឡាន​នោះ គឺ​ឡាន​របស់ លោក អ៊ួក ពៅ និង​ប្រពន្ធ ដែល​តែងតែ​រក​ស៊ី​ដឹក​ឥវ៉ាន់​ឱ្យ​គេ និង​ខ្លួន​ឯង​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា ​នៅ​ថ្ងៃ​ទី​២៣ កក្កដា បង​របស់​គាត់​បាន​ជួល​ឡាន​នោះ​ទៅ​ឱ្យ​ឈ្មោះ សន សារ៉ា ហើយ សន សារ៉ា ក៏​បាន​ជួល​អ្នក​បើកបរ​ម្នាក់​ឈ្មោះ នៅ ដា ដើម្បី​ដឹក​គ្រាប់​ស្វាយចន្ទី ឱ្យ​ខ្លួន​នៅ​ស្រុក​ចម្ការលើ។ លោក​បន្ថែម​ថា បើក​ដល់​ស្រុក​ចម្ការលើ សន សារ៉ា បញ្ជា​ឱ្យ​តៃកុង​នោះ​បើក​រថយន្ត​ទៅ​ដាក់​បញ្ចាំ ដោយ​យក​លេស​ថា​ជា​កន្លែង​យក​គ្រាប់​ស្វាយចន្ទី រួច​ហើយ​រត់​គេច​ខ្លួន​បាត់​ទៅ ដោយ​ទុក​ឱ្យ​តៃកុង​នៅ​ចាំ​ឡាន​ម្នាក់​ឯង។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​២៤ កក្កដា ទើប​បង​លោក និង​ប្រពន្ធ រួម​និង​តៃកុង​ឡាន ដឹង​ថា​រថយន្ត​នោះ​ដាក់​បញ្ចាំ​រួច​ហើយ​ក្នុង​តម្លៃ ១​ម៉ឺន​ដុល្លារ បន្ទាប់​មក​ក៏​មាន​ការ​ប្រកែក​គ្នា​ជាមួយ​ម្ចាស់​ហាង​បញ្ចាំ ឬ​កុងស៊ី ដើម្បី​បញ្ជាក់​ថា នរណា​ជា​ម្ចាស់​រថយន្ត​ពិត​ប្រាកដ។ ម្ចាស់​កុងស៊ី ឈ្មោះ ហ៊ាង វណ្ណលីជុង នៅ​ស្រុក​ចម្ការលើ សុំ​មើល​កាតគ្រី ហើយ​បង​លោក​ក៏​ហុច​កាតគ្រី​ពិត​ប្រាកដ​ទៅ​ម្ចាស់​កុងស៊ី​នោះ ស្រាប់​ម្ចាស់​កុងស៊ី​យក​កាតគ្រី​បង​លោក​រត់​ចូល​ផ្ទះ​តែ​ម្តង។ ចេញ​មក​វិញ ស្រាប់​តែ​ឱ្យ​កាតគ្រី​ក្លែងក្លាយ​មក​ឱ្យ​បង​លោក ដោយ​ប្ដឹង​ប៉ូលិស​ថា​បង​លោក​បាន​ប្រើ​កាតគ្រី​ក្លែងក្លាយ ដើម្បី​ធ្វើ​ការ​ឆបោក​គេ៖ «មិន​សម្រាប់​ខ្ញុំ​ជា​ប្អូន​ថ្លៃ​ទេ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រមែង ទាំងអស់ គឺ​គេ​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​គេ​ថា​វា​ជា​រឿង​អយុត្តិធម៌​បំផុត​រឿង​នេះ បើ​និយាយ​ឱ្យ​ចំ អ្នក​ដែល​ធ្វើ​រៀបចំ​គំនិត​នេះ គឺ​អារ​ករ​ហុត​ឈាម​គ្នា​ទាំង​ប្ដី​ទាំង​ប្រពន្ធ​ហើយ»

ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​កំពត ដើម្បី​ធ្វើ​ជា​សាក្សី​ប្រមាណ ១០០​នាក់ ជ្រួលច្រាល់​នៅ​មុខ​សាលា​ដំបូង​ខេត្ត អម​ដោយ​ទឹក​មុខ​ព្រួយ​បារម្ភ ហើយ​យំ​ស្ទើរ​គ្រប់​គ្នា ​​នៅពេល​វិទ្យុ​អាស៊ីសេរី សម្ភាស​ជាមួយ​កូនៗ​ជន​ជាប់​ចោទ​ទាំង​ពីរ ដែល​រៀប​រាប់​ពី​ការ​លំបាក​របស់​ខ្លួន​នៅ​ពេល​មិន​មាន​ឪពុក​ម្តាយ​នៅ​ជាមួយ មិន​មាន​លុយ​ទៅ​រៀន​សូត្រ និង​ម្យ៉ាង​ជំពាក់​បំណុល​ធនាគារ​ផង។

ចំណែក​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម វិញ លោក យ៉ង សុផល ត្រូវ​ជា​ពូ​របស់​តៃកុង​រថយន្ត​ឈ្មោះ នៅ ដា ឱ្យ​ដឹង​ថា ការ​សម្រេច​ឃុំ​ខ្លួន​ក្មួយ​លោក និង​ម្ចាស់​រថយន្ត​ពេល​នេះ គឺ​ជា​រឿង​អយុត្តិធម៌ ពីព្រោះ​ជន​រងគ្រោះ​បែរ​ជា​ត្រូវ​ជាប់​គុក​ទៅ​វិញ។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពង់ចាម លោក ងួន វុទ្ធី មាន​ប្រសាសន៍​ថា ជា​ការ​សន្និដ្ឋាន​របស់​តំណាង​អយ្យការ​បញ្ជាក់​ថា ករណី​នេះ​មាន​ការ​ចោទ​ប្រកាន់​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​ម្នាក់​ដែល​យក​រថយន្ត​មក​ដាក់​បញ្ចាំ ហើយ​រត់​គេច​ខ្លួន​បាត់​នោះ គឺ​ចោទ​ប្រកាន់​ពី​បទ​ឆបោក។ ចំណែក​ជន​ជាប់​ចោទ​បី​នាក់ កំពុង​ឃុំ​នៅ​ពន្ធនាគារ គឺ​ចោទ​ប្រកាន់​ពី​បទ​ផ្សំគំនិត​ឆបោក។ ប៉ុន្តែ​ចំពោះ​នីតិវិធី​បន្ត​ទៀត លោក​មិន​អាច​ជម្រាប​ជូន​បាន​នោះ​ទេ ពីព្រោះ​វា​ជា​រឿង​សម្ងាត់​ស្ថិត​នៅ​ក្នុង​ផ្លូវ​ច្បាប់។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ពេល​នេះ គឺ​ជា​រឿង​ខុស​ច្បាប់ និង​ខ្វះ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់ ពីព្រោះ​អ្នក​មាន​ចំណែក​ខ្លាំង គឺ​អ្នក​យក​រថយន្ត​មក​ដាក់​បញ្ចាំ និង​អ្នក​ទទួល​បញ្ចាំ មិន​មែន​ឃុំ​ជន​រងគ្រោះ​នោះ​ទេ៖ «គឺ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​នេះ គឺ​អ្នក​ទទួល​បញ្ចាំ និង​អ្នក​ដាក់​បញ្ចាំ​ទេ ហើយ​ការ​ដែល​នាំ​ខ្លួន​មនុស្ស​សុចរិត វា​គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​ច្បាប់ ហើយ​ល្មម​កែ​ខ្លួន​កុំ​មើល​ឃើញ​តែ​ផល​ប្រយោជន៍​ខ្លាំង​ពេក​ចំពោះ​អ្នក​ឃុំ​ខ្លួន​គេ។ ពីព្រោះ​អី ឡាន​ថ្លៃ​ជាង​កម្មវត្ថុ​នៃ​បណ្ដឹង។ បណ្ដឹង​នៃ​ការ​ឆបោក​តែ​មួយ​ម៉ឺន​ទេ តែ​ឡាន​គាត់​ពីរ​ម៉ឺន​ទៅ​បី​ម៉ឺន រឿង​អី​ដែល​ត្រូវ​ទៅ​ឃុំ​ខ្លួន​គាត់។ ឃុំ​ខ្លួន​ទាល់​តែ​គាត់​មក​តែ​នេះ​របស់​គាត់ ដេញ​គាត់​ក៏​គាត់​មិន​ចេញ​ពី​របស់​គាត់​ដែរ។ ដូច្នេះ​អត់​ត្រូវ​ឃុំ​ខ្លួន​ទេ អា​ការ​សម្រេច​ចិត្ត​ឃុំ​ខ្លួន គឺ​ខុស»

លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​អាច​ធ្វើ​ពាក្យ​ប្ដឹង​ជំទាស់​ទៅ​អគ្គព្រះរាជអាជ្ញា​នៃ​សាលា​ឧទ្ធរណ៍ ដើម្បី​ឱ្យ​ប្ដូរ​ការ​សម្រេច​ចិត្ត​នៃ​ការ​ឃុំ​ខ្លួន​នោះ ហើយ​តុលាការ​គប្បី​ស៊ើប​អង្កេត​កន្លែង​បញ្ចាំ​នោះ​ឱ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។