អាជ្ញាធរ​ខេត្ត​កណ្ដាល​រង​ការ​ចោទ​ថា​រារាំង​សប្បុរសជន​ចែក​អំណោយ

សកម្មភាព​ចុះ​សួរ​សុខទុក្ខ និង​ការ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ពី​សំណាក់​បក្ស​នយោបាយ និង​សំណាក់​សប្បុរសជន គឺ​មាន​សភាព​ផុសផុល។ ប៉ុន្តែ មាន​សកម្មភាព​ចុះ​ចែក​អំណោយ​មួយ​ចំនួន​របស់​សប្បុរសជន ដែល​ធ្វើ​តាម​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កណ្ដាល ត្រូវ​បាន​ទទួល​រង​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ទៅ​វិញ។

0:00 / 0:00

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ពញាឮ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ភូមិ​ថា បាន​រារាំង​សកម្មភាព​ចុះ​ចែក​អំណោយ​របស់​សប្បុរសជន ដែល​ថា​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​សុំ​អនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​សប្បុរសជន​ជា​ម្ចាស់​ជំនួយ​ដែល​បាន​ចុះ​ទៅ​ចែក​អំណោយ​ជូន​បង​ប្អូន​ក្រីក្រ​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២០ តុលា ត្រូវ​បាន​រំខាន​ពី​សំណាក់​អាជ្ញាធរ​ភូមិ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល លោក ម៉ៅ ឌីយ៉ាម៉ង់ បាន​ឱ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា លោក​បាន​ដឹក​នាំ​ក្រុម​សប្បុរសជន​នៅ​ភ្នំពេញ ដើម្បី​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត និង​ទទួល​រងគ្រោះ​ដោយ​ទឹក​ជំនន់​នា​ពេល​កន្លង​ទៅ។ លោក​បន្ត​ថា អំណោយ​ទាំង​នោះ​មិន​មែន​ជា​ការ​យក​មុខ​មាត់​ខាង​បក្ស​នយោបាយ​នោះ​ទេ ប៉ុន្តែ​ពេល​ដែល​ចែក​នោះ ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ចំបក់មាស មក​ធ្វើ​ការ​រារាំង​ពួក​គាត់ មិន​ឱ្យ​បន្ត​ការ​ចែក ដោយ​ខាង​អាជ្ញាធរ​បាន​លើក​ឡើង​ថា សកម្មភាព​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​សប្បុរសជន​ធ្វើ​នោះ ជា​រឿង​ខុស​ច្បាប់ ពីព្រោះ​មិន​បាន​ជម្រាប​ឱ្យ​អាជ្ញាធរ​ភូមិ ឬ​ឃុំ បាន​ដឹង​ឮ​នោះ​ឡើយ។

លោក ម៉ៅ ឌីយ៉ាម៉ង់៖ «បន្ទាប់​មក គាត់​រៀប​ចំ​អំណោយ រៀប​ចំ​ដាក់​អង្ករ​នឹង​កន្ទេល ហើយ​អាជ្ញាធរ​ភូមិ​ហ្នឹង មាន​មេ​ភូមិ អនុ​ភូមិ កង​ការពារ​ភូមិ មក​ឃាត់​អត់​ឱ្យ​ចែក​ទេ។ គាត់​ថា អត់​មាន​ឱ្យ​ចែក​បាន​ទេ អំណោយ​ហ្នឹង ពីព្រោះ​អី​អស់​លោក​មក​ហ្នឹង​អត់​មាន​សុំ​ច្បាប់​អនុញ្ញាត​ពី​គាត់។ អ៊ីចឹង គាត់​អត់​ឱ្យ​ចែក​ទេ។ បន្ទាប់​មក ប្រធាន​ភូមិ អនុ​ភូមិ ប្រុង​ដក​ហូត​អំណោយ​របស់​គាត់​ហ្នឹង ប៉ុន្តែ​ម្ចាស់​ទាន​ហ្នឹង​គាត់​អត់​ព្រម​ឱ្យ​ទេ»

លោក​បន្ថែម​ទៀត​ថា សកម្មភាព​រារាំង​ពួក​គាត់​ពី​សំណាក់​អាជ្ញាធរ​ភូមិ​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ខឹង​សម្បារ​នឹង​អាជ្ញាធរ​ទាំង​នោះ រហូត​ដល់​មាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​មក​ធ្វើ​អន្តរាគមន៍ ខ្លាច​មាន​អំពើ​ហិង្សា​ឡើង។ លោក ម៉ៅ ឌីយ៉ាម៉ង់ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា លោក​មិន​ចាំបាច់​សុំ​អនុញ្ញាត​នោះ​ទេ ពីព្រោះ​វា​មិន​បាន​ផ្ទុយ​ទៅ​នឹង​ច្បាប់​នោះ​ឡើយ៖ «អត់​ទេ! អ៊ីចឹង​បាន​ជា​ខ្ញុំ​សួរ​គាត់​វិញ​ថា ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​អត់​មាន​អត់​មាន​បាន​ចែង​ត្រង់​ហ្នឹង​ទេ។ បើ​សិន​ជា​ថា​ប្រជាពលរដ្ឋ​គាត់​ដើរ​ធ្វើ​បុណ្យ​ដាក់​ទាន​ទៅ​ដល់​ជន​ក្រីក្រ​រងគ្រោះ នៅ​ក្នុង​ច្បាប់​មាន​អា​ហ្នឹង ពួក​ខ្ញុំ​សូម​ហើយ! ហើយ​អា​នេះ​វា​អត់ ហើយ​គាត់​ចែក​ហ្នឹង​តែ​អំណោយ​បន្តិចបន្តួច​ចំនួន​តែ ២៣​គ្រួសារ​ជាង​តែ​ប៉ុណ្ណឹង​ទេ​បង»

ផ្ទុយ​ទៅ​នឹង​ការ​លើក​ឡើង​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អនុ​ប្រធាន​ភូមិ​ចំបក់មាស លោក ឡេង ណៃ បាន​បដិសេធ​ថា លោក​មិន​បាន​ទៅ​រារាំង​សកម្មភាព​ចែក​អំណោយ​នោះ​ឡើយ ប៉ុន្តែ​លោក​គ្រាន់​តែ​សួរ​នាំ​ថា តើ​ការ​ចុះ​ចែក​អំណោយ​ហ្នឹង​មាន​ការ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ជា​មុន​ដែរ​ឬ​ទេ?៖ «មិន​មែន​ទេៗ មេ​ភូមិ​នេះ​ទេ អាជ្ញាធរ​ភូមិ​ទៅ ខ្ញុំ​ទៅ​ចង់​ដឹង​មើល ខ្ញុំ​ទៅ​សួរ។ ដល់​ទៅ​សួរ​ទៅ ក៏​ចែក​អីៗ ចែក​អំណោយ​ដល់​ជន​សង្គ្រោះ​ដល់​អ្នក​លិច​ទឹក​លិច​អី​ហ្នឹង។ ហើយ​ខ្ញុំ​ក៏​សូម​អំណរ​អរគុណ​ណាស់ ប៉ុន្តែ​គ្រាន់​តែ​សួរ​មើល មាន​ច្បាប់​មាន​ទម្លាប់​ទេ​ក្នុង​ការ​មក​ចែក​ហ្នឹង? អូ! ខ្ញុំ​ពិត​ជា​អត់​បាន​ប្រាប់​មែន​អ៊ំ។ ខ្ញុំ​សូម​ខុស​ហើយ អត់​បាន​ជម្រាប​ប្រាប់​អ៊ំ ខ្ញុំ​ស្មាន​ថា គេ​ជម្រាប​ប្រាប់​ហើយ ឥឡូវ​អត់​បាន​ប្រាប់! អាជ្ញាធរ​អត់​ដឹង​ណា​ប្អូន»

លោក​បាន​បន្ថែម​ទៀត​ថា លោក​រីករាយ​នឹង​សកម្មភាព​សប្បុរស​ជួយ​ជន​ក្រីក្រ​ទាំង​នោះ ប៉ុន្តែ​លោក​គ្រាន់​តែ​ព្រួយ​បារម្ភ​ថា ខ្លាច​អំណោយ​ទាំង​នោះ​មិន​បាន​គ្រប់​គ្នា នឹង​នាំ​ឱ្យ​មាន​បញ្ហា​ពេល​ក្រោយ។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ខាង​លោក​គ្រាន់​តែ​ចង់​ឱ្យ​មាន​ការ​គោរព​ច្បាប់​តែ​ប៉ុណ្ណោះ ជៀសវាង​ការ​មាន​ហេតុ​ភេទ​មិន​ល្អ​កើត​ឡើង ហើយ​អាជ្ញាធរ​មិន​បាន​ដឹង​ឮ​នោះ៖ «សំខាន់​ខ្លាច​មាន​បញ្ហា! បើ​អត់​មាន​បញ្ហា​ទេ មាន​អី! គេ​ចែកៗ​ទៅ​លោ​មាន​រឿងរ៉ាវ មនុស្ស​វា​ច្រើន​លោ​តែ​ទាស់ទែង​គ្នា​អ៊ីចេះ​អ៊ីចុះ​ទៅ ដល់​កាប់​ចាក់ ដល់​វ៉ៃ​តប​គ្នា​ទៅ វា​រឿងរ៉ាវ​ដល់​អ្នក​ណា ដល់​អាជ្ញាធរ​ដដែលៗ ភូមិ​ដដែល​ហ្នឹង។ បាន​ខ្ញុំ​សួរ​តែ​ប៉ុណ្ណឹង ខ្ញុំ​អត់​ដឹង លោ​ថា​ក្មួយ​ថា​មិន​មែន​គោរព​បុគ្គល​ទេ គោរព​ច្បាប់។ ខ្ញុំ​ប្រាប់​តាម​ដំណើរ​ថា ឱ្យ​គោរព​ច្បាប់ មិន​មែន​ឱ្យ​គោរព​បុគ្គល​ទេ»

សកម្មភាព​ចុះ​ចែក​អំណោយ​របស់​សប្បុរសជន សហការ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ភូមិ​ចំបក់មាស ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដែល​មាន​សមាជិក​អ្នក​ទទួល​អំណោយ​ប្រមាណ​ជាង ២០​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។