កម្មការិនីរោងចក្រកាត់ដេរ ឈ្មោះ ស៊ិច ផ្លាស់ អិនដាស្ទ្រី (Six Plus Industry) មានទីតាំងនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល រាប់សិបនាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃច័ន្ទ ទី២៨ ខែកក្កដា។
កម្មករម្នាក់ស្ថិតក្នុងចំណោមកម្មករច្រើននាក់ទៀត ដែលទើបពីសន្លប់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនៃមណ្ឌលសុខភាពព្រែកអញ្ចាញឲ្យដឹងថា មុនពេលដួលសន្លប់ គឺមានធំក្លិនជាតិអ្វីម្យ៉ាង បន្ទាប់មកក៏មានអាការៈក្អួតចង្អោរ ឈឺក្បាល និងថប់ដង្ហើម។
កម្មកររងគ្រោះស្នើដល់ក្រសួង ឬស្ថាប័នពាក់ព័ន្ធ ជួយចុះស៊ើបអង្កេតបរិស្ថានក្នុងបរិវេណរោងចក្រដើម្បីឲ្យដឹងមូលហេតុពិត នាំឲ្យកម្មករដួលសន្លប់ឲ្យបានឆាប់៖ «ដំបូងពេលខ្ញុំចូលទៅដល់ក្នុងរោងចក្រមានអារម្មណ៍ថាឈឺក្បាល ហើយមានធំក្លិនថ្នាំរៀបដូចជាថ្នាំអង់ត្រីន។ ខ្ញុំក៏ចូលទៅក្នុងបន្ទប់រោងចក្របិទជិត ប៉ុន្តែនៅពេលខ្ញុំចេញមកក្រៅបន្ទប់ ដើម្បីបោសសំអាតរោងចក្រ ក៏មានអាការៈវិលមុខ និងស្រវាំងភ្នែក ព្រមទាំងឈឺក្បាលយ៉ាងខ្លាំង។ ពេលនោះខ្ញុំក៏ឃើញកម្មកររត់ឆ្លេឆ្លា និងរត់ចេញពីបរិវេណរោងចក្រ ដោយសារពួកគេធំក្លិនថ្នាំនៅក្នុងរោងចក្រ។ បន្ទាប់មកខ្ញុំក៏ដើរតាមក្រោយគេមកខាងក្រៅបរិវេណក្រុមហ៊ុនតាមសម្រួលដែរ។ ប៉ុន្តែក្រោយមកខ្ញុំក៏ដួលសន្លប់ ហើយត្រូវគេជួយគ្រាដាក់ឡាន ដោយនៅពេលភ្ញាក់ដឹងខ្លួនឃើញនៅក្នុងមន្ទីរពេទ្យបង្អែក»។
បន្ទាប់ពីមានកម្មករដួលសន្លប់ ឃើញមានវត្តមានសមត្ថកិច្ច និងមន្ត្រីមូលដ្ឋាន បានចុះដល់បរិវេណរោងចក្រ ដែលមានកម្មករដួលសន្លប់នេះដែរ។ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនាំឲ្យកម្មករដួលសន្លប់នេះទេ។
កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ ក្រុមកម្មកររោងចក្រ ស៊ិច ផ្លាស់ ជាង ១០០នាក់ ក៏បានដួលសន្លប់ម្ដងរួចមកហើយ ដោយសារចំណាយដែលភាយចេញពីការធ្លាយធុងហ្គាស៍នៅក្នុងបរិវេណរោងចក្រ។ ប៉ុន្តែការដួលសន្លប់ជាលើកទី២នេះ មិនទាន់មានប្រភពណាមួយបញ្ជាក់ថា បណ្ដាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
