កម្មកររោងចក្រក្បាលកោះស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រមាណ ២០០នាក់ ប៉ះទង្គិចគ្នាមួយប្រាវក្នុងរឿងលក់ឡាយឡុងរបស់របររោងចក្រ ដែលនៅសេសសល់ ដើម្បីយកលុយទូទាត់ប្រាក់ឈ្នួលចុងក្រោយ សម្រាប់ខែធ្នូ ឆ្នាំ ២០១៦។
ការប៉ះទង្គិចគ្នារបស់កម្មករទាំងពីក្រុមនេះ នៅរសៀលថ្ងៃទី២២ កុម្ភៈ ដោយសារតែក្រុមកម្មករមួយក្រុម សម្រេចកាត់សោទ្វាររបងឲ្យរថយន្តចូលដឹករបស់របរ ដែលបានលក់ទាំងនេះចេញពីរោងចក្រ ហើយត្រូវក្រុមកម្មករមួយក្រុមប្រឆាំង និងរារាំង។
ក្រុមកម្មករ ដែលសម្រេចលក់របស់របររោងចក្រនេះ ផ្ដល់ហេតុផលថា ពួកគាត់មិនអាចរង់ចាំដំណោះស្រាយតាមផ្លូវតុលាការការបានទេ ពីព្រោះស៊ីពេលយូរ ហើយពួកគាត់កំពុងត្រូវការលុយសម្រាប់បង់ថ្លៃបន្ទប់ជួល និងចំណាយផ្សេងៗ។ ប៉ុន្តែកម្មករមួយក្រុមទៀត លើកហេតុផលថា ពួកគាត់ចង់បានដំណោះស្រាយតាមផ្លូវតុលាការ ដើម្បីឲ្យពួកគាត់ទទួលបានការទូទាត់សំណង ៥ចំណុច ដែលមានជាអាទិ ប្រាក់ឈ្នួលចុងក្រោយនៅខែធ្នូ ឆ្នាំ ២០១៦ និងប្រាក់អតីតភាពការងារ ដែលគាត់បានធ្វើការនៅរោងចក្រនេះ ១០ឆ្នាំមកហើយ។
បញ្ហានៅរោងចក្រនេះ កើតឡើងដោយសារតែថៅកែរត់ចោល ហើយមិនបានបើកប្រាក់ឈ្នួលក្នុងធ្នូឲ្យកម្មករឡើយ។ កម្មករនាំគ្នាតវ៉ា និងរកអន្តរាគមន៍ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ក្រសួងការ ហើយធ្លាប់នាំគ្នាតវ៉ាលើផ្លូវជាតិលេខ ១ កាលពីថ្ងៃទី៣០ មករា។
ក្រុមកម្មករទាំងពីរក្រុមក៏ខ្វែងគំនិតគ្នាដែរ ក្នុងរឿងដាក់ឲ្យឈ្មួញដេញថ្លៃរបស់របរទាំងនោះ ដែលក្រុមជំទាស់ថា ធ្វើដោយលាក់លៀមព្រមព្រៀងក្នុងតម្លៃ ១២ម៉ឺន ៥ពាន់ដុល្លារ។ ពួកគាត់ចង់លក់ឲ្យឈ្មួញមួយទៀត ដែលហ៊ានទិញក្នុងតម្លៃ ១៥ម៉ឺនដុល្លារ ប៉ុន្តែត្រូវគេមិនឲ្យចូលរួមដេញថ្លៃ។ ប៉ុន្តែកម្មករក្រុមអ្នកលក់ថា អ្នកដែលហ៊ានទិញក្នុងតម្លៃ ១៥ម៉ឺនដុល្លារថា តែមាត់ មិនមានអ្វីឲ្យពួកគាត់ទុកចិត្ត។
ទោះជាយ៉ាងក្ដី ពួកគាត់ទាំងពីរក្រុម បានព្រមព្រៀងទុកបញ្ហាប្រឈមមុខដាក់គ្នានេះ ទៅពិភាក្សាគ្នា នៅថ្ងៃទី២៣ កុម្ភៈ តាមការសម្របសម្រួលរបស់ចៅសង្កាត់ច្បារអំពៅ គឺលោក ណុប ផា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
