មេដឹកនាំគណបក្សប្រឆាំង បានបន្តរិះគន់រាជរដ្ឋាភិបាលកម្ពុជា ថាមិនអាចគ្រប់គ្រងប្រាក់ចំណូលពន្ធរដ្ឋពីការនាំទំនិញគ្រប់ប្រភេទចូលមកកម្ពុជា ឲ្យបានត្រឹមត្រូវទេ ហើយបញ្ហានេះ នាំឲ្យបាត់ថវិកាជាតិជារៀងរាល់ឆ្នាំ។ ការរិះគន់នេះ ស្របពេលមន្ត្រីជំនាញស្ថាប័នគយ និងរដ្ឋាកររាជធានីភ្នំពេញ កំពុងរឹតបន្តឹងសកម្មភាពចុះចាប់រថយន្តស៊េរីទំនើបៗគ្មានបង់ពន្ធជាច្រើនគ្រឿង ដែលកំពុងចរាចរតាមផ្លូវសាធារណៈ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ រដ្ឋសភា បានចោទថា បទល្មើសនាំទំនិញគេចពន្ធគ្រប់ប្រភេទ បានបន្តកើតមានតាមព្រំដែនគោក និងព្រំដែនទឹក នាខេត្តជាប់សមុទ្រ ពិសេសខេត្តព្រះសីហនុ និងខេត្តកោះកុង។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបរាជ័យធ្ងន់ធ្ងរក្នុងការគ្រប់គ្រងប្រាក់ចំណូលពន្ធគយបង់ចូលរដ្ឋ ដោយសារទំនិញគេចពន្ធមួយចំនួន មានដូចជា ម៉ូតូ រថយន្ត គ្រឿងឧបភោគបរិភោគ ពិសេសប្រេងសាំង ជាដើម រដ្ឋាភិបាលមិនអាចគ្រប់គ្រងឲ្យបានត្រឹមត្រូវទេ។
លោក កឹម សុខា៖ «ទំនិញគេចពន្ធដែលកើតមានរាល់ថ្ងៃនេះ គណបក្សប្រឆាំងមិនអាចលូកដៃចូលបានទេ ប៉ុន្តែជាសមត្ថកិច្ចរបស់រដ្ឋាភិបាលត្រូវដោះស្រាយ។ តែបើរដ្ឋាភិបាលគ្រប់គ្រងមិនបានល្អ នាំឲ្យបាត់បង់ចំណូលពន្ធចូលថវិកាជាតិ គឺជាបរាជ័យធ្ងន់ធ្ងរមួយ ហើយបើថវិកាជាតិរកបានដោយចំណូលពន្ធ បែរជាគ្រប់គ្រងមិនបានល្អ ធ្វើឲ្យបាត់បង់ ហើយបែរជារដ្ឋាភិបាលទៅដើរខ្ចីប្រទេសជិតខាង ហើយទុកឲ្យប្រជាពលរដ្ឋ ឬកូនខ្មែរជំនាន់ក្រោយជាអ្នកសងជំនួស គឺមិនត្រឹមត្រូវនោះទេ។ បញ្ហានេះបើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតដឹកនាំប្រទេស នឹងពិនិត្យមើលចំណូលពន្ធគយនេះដោយយកចិត្តទុកដាក់ និងមិនឲ្យបាត់បង់ទេ»។
លោក កឹម សុខា រិះគន់រដ្ឋាភិបាលដូច្នេះ ធ្វើឡើងស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាដល់មន្ត្រីជំនាញស្ថាប័នសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ឲ្យពង្រឹងសកម្មភាពការងារចុះបង្ក្រាប និងចាប់បានរថយន្តស៊េរីទំនើបៗពាក់ស្លាកលេខក្លែងក្លាយ និងពាក់ស្លាកលេខ ខ.ម ឬខេមរភូមិន្ទជាដើម ដែលកំពុងធ្វើចរាចរជារៀងរាល់ថ្ងៃ បានជាច្រើនគ្រឿងក្នុងប៉ុន្មានថ្ងៃមកនេះ។
ទាក់ទិនបញ្ហានេះដែរ មន្ត្រីសង្គមស៊ីវិល មន្ត្រីរាជការចូលនិវត្តន៍ និងប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានអះអាងថា បទល្មើសនាំទំនិញគេចពន្ធមានប្រេងសាំង ម៉ូតូ ឬរថយន្ត ជាដើម បានបន្តធ្វើសកម្មភាពនាមូលដ្ឋាននេះមិនទាន់ស្រាកស្រាន្តទេ ហើយបទល្មើសទាំងនេះ ទំនងជាអាចមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីស្ថាប័នជំនាញខ្លះនាមូលដ្ឋាននេះ ជាអ្នកបើកដៃឲ្យឈ្មួញល្មើស ជាថ្នូរទទួលសំណូកពុករលួយ។
ទោះជាបែបនេះក្តី មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ថ្លែងថា សកម្មភាពនាំទំនិញគេចពន្ធមានដូចជា គ្រឿងភេសជ្ជៈ ម៉ូតូ រថយន្ត និងប្រេងសាំង ជាដើម អាចមានសញ្ញាថយចុះនាពេលបច្ចុប្បន្ន។ យ៉ាងនេះក្តី លោកស្នើដល់ស្ថាប័នជំនាញពាក់ព័ន្ធថ្នាក់ជាតិ ត្រូវត្រួតពិនិត្យសកម្មភាពនាំទំនិញគេចពន្ធ ដែលឈ្មួញនាំចូលតាមព្រំដែនគោក ពិសេសព្រំដែនលំហសមុទ្រ ដោយការទទួលខុសត្រូវខ្ពស់ និងឲ្យស្របតាមបទបញ្ជារបស់ប្រមុខដឹកនាំរដ្ឋាភិបាល ដែលប្រកាសធ្វើកំណែទម្រង់ស្ថាប័នគយ និងរដ្ឋាករក្នុងអាណត្តិទី៥ ឲ្យបានប្រសើរថែមទៀត៖ «ទំនិញគយគេចពន្ធនាខេត្តព្រះសីហនុ សព្វថ្ងៃនេះ នៅតែបន្តកើតមាន ប៉ុន្តែសង្កេតឃើញថា បានថយចុះចំនួន បើប្រៀបធៀបពេលមុន»។
ត្រង់ចំណុចនេះ លោក ប៊ួន ណារិទ្ធិ ថ្លែងបញ្ជាក់ថា នាមូលដ្ឋានខេត្តព្រះសីហនុ សព្វថ្ងៃនេះ ម៉ូតូស៊េរីទំនើបៗគ្មានស្លាកលេខ ក៏កំពុងធ្វើចរាចរនៅតាមផ្លូវសាធារណៈអនាធិបតេយ្យ និងគ្មានស្ថាប័នណាមួយទប់ស្កាត់ទេ។ ជាងនេះ លោកស្នើដល់មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យការដាក់លក់ម៉ូតូនៅតាមទីតាំងជាច្រើននាខេត្តនេះឲ្យបានត្រឹមត្រូវ ព្រោះអាចមានម៉ូតូនាំចូលគេចពន្ធ ត្រូវបានឈ្មួញដាក់លក់នៅតាមទីតាំងខ្លះនាមូលដ្ឋាននេះ។
ទាក់ទិនបញ្ហានេះដែរ លោក កែម ឡី អ្នកស្រាវជ្រាវ និងឃ្លាំមើលការអភិវឌ្ឍសង្គម បានបង្ហាញរូបមន្ត ៣ចំណុចដល់រដ្ឋាភិបាល ដើម្បីឈានដល់គ្រប់គ្រងការនាំចូលទំនិញគេចពន្ធ និងប្រមូលចំណូលបង់ពន្ធចូលរដ្ឋមានលទ្ធផលល្អនាថ្ងៃអនាគត៖ «វិធានការរកចំណូលពន្ធគយចូលថវិកាជាតិ គឺត្រូវអនុវត្តមានលក្ខណៈម៉ត់ចត់ណាស់នៅតាមព្រំដែននីមួយៗ។ ការប្រមូលពន្ធគយនេះ រដ្ឋាភិបាលអាចប្រើរូបមន្តថ្មី ៣ប្រភេទ មានដូចជា សាកល្បងឲ្យក្រុមហ៊ុនប្រមូលពន្ធនេះនៅក្នុងទម្រង់ណាមួយ ឬរដ្ឋាភិបាលធ្វើការប្រមូលពន្ធដោយសហការជាមួយក្រុមហ៊ុន និងរដ្ឋាភិបាលជាអ្នកប្រមូលពន្ធដោយខ្លួនឯង ហើយធ្វើការប្រៀបធៀបគ្នា តើទម្រង់ណាមួយនាំឲ្យរដ្ឋាភិបាលប្រមូលពន្ធគយចូលថវិកាជាតិបានច្រើនជាងគេ នៅតាមបណ្ដាខណ្ឌ ស្រុក ខេត្ត ឬនៅតាមព្រំដែននីមួយៗ»។
ទោះជាបែបនេះក្តី មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងតាមព្រំដែនគោកមួយចំនួន បានបង្ហាញភាពមិនទទួលខុសត្រូវ ឬឆ្លើយដាក់គ្នាចំពោះសកម្មភាពទប់ស្កាត់ការនាំទំនិញគេចពន្ធ ឬបទល្មើសផ្សេងៗដែលបានកើតមានតាមព្រំដែន និងតាមខេត្តជាប់សមុទ្រដែលកើតមានជាបន្តបន្ទាប់។
បញ្ហានេះ ទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការចូលនិវត្តន៍ខេត្តព្រះសីហនុ បានអះអាងថា បទល្មើសនាំទំនិញគេចពន្ធគ្រប់ប្រភេទ មានម៉ូតូ រថយន្ត គ្រឿងឧបភោគបរិភោគ និងប្រេងសាំង ជាដើម អាចធ្វើសកម្មភាពទៅបាន ទាល់តែមានការអនុញ្ញាត ឬមានការឃុបឃិតពីមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធខ្លះជាអ្នកបើកដៃ ទើបអាចធ្វើសកម្មភាពបានដោយរលូន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
