បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ស្នើ​សេចក្ដី​ព្រាងច្បាប់​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ទៅ​រដ្ឋ​សភា

0:00 / 0:00

សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ស្នើ​សេចក្ដី​ព្រាង​ច្បាប់​កំណត់​ប្រាក់​ឈ្នួល​កម្មករ​អប្បបរមា ១៧៧​ដុល្លារ​ទៅ​រដ្ឋ​សភា​ពិភាក្សា និង​អនុម័ត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ​រួច​ហើយ ដោយ​រង់ចាំ​តែ​ការ​ចូល​រួម​ពិនិត្យ ផ្ដល់​គំនិត​បន្ថែម​ពី​សង្គម​ស៊ីវិល និង​ក្រុម​សហជីព​ប៉ុណ្ណោះ។

​ប្រសិនបើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​អាទិត្យ​ក្រោយ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​កំណត់​ប្រាក់​ឈ្នួល​កម្មករ និង​មន្ត្រី​រាជការ នឹង​ចែក​ផ្ញើ​ជូន​ទៅ​បណ្ដា​សង្គម​ស៊ីវិល និង​សហជីព​ដើម្បី​ពិនិត្យ​មើល។

ការ​សម្រេច​ដូច​នេះ បន្ទាប់​ពី​មាន​ជំនួប​រវាង​អនុ​ប្រធាន​ទី​១ រដ្ឋ​សភា លោក កឹម សុខា និង​អនុ​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​របស់​ក្រុម​សហជីព​នៅ​មន្ទីរ​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​តុលា។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា លោក សុន ឆ័យ បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ផ្ញើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៅ​សហជីព​និង​សង្គម​ស៊ីវិល មិន​ត្រូវ​ការ​ចំណាយ​ពេល​វែង​ពេក​ទេ ព្រោះ​នៅ​ពេល​នេះ លោក​មាន​គ្រប់គ្រាន់​អស់​ហើយ នៅ​រង់ចាំ​តែ​ការ​ពិនិត្យ​ការ​ផ្ដល់​មតិ​ពី​សហជីព​និង​សង្គម​ស៊ីវិល​ប៉ុណ្ណោះ។

លោក សុន ឆ័យ រំពឹង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ ពេល​បញ្ជូន​ទៅ​សភា​នឹង​ត្រូវ​បាន​ការ​គាំទ្រ​ពី​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា៖ «ជំហរ​ដែល​ទាមទារ ១៧៧​ដុល្លារ ជា​ជំហរ​មួយ​ដែល​សមរម្យ ហើយ​ខ្ញុំ​ក៏​បាន​ជម្រាប​ទៅ​វិញ​ដែរ​ថា ខ្ញុំ​នឹង​រៀបចំ​ឲ្យ​មាន​ការ​ស្នើ​ច្បាប់​ស្ដីពី​ប្រាក់​កម្រៃ និង​បៀវត្ស​អប្បបរមា​ទៅ​រដ្ឋសភា សង្ឃឹម​ថា វា​មាន​ការ​ជឿន​លឿន​ទៅ​មុខ»

​កន្លង​មក​លោក សុន ឆ័យ ក៏​ធ្លាប់​ផ្ញើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៅ​រដ្ឋ​សភា​ដើម្បី​អនុម័ត​ដែរ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋ​សភា​ច្រានចោល។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​បាន​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា ដោយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ចំនួន ១៧៧​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​បដិសេធ។

​ប្រធាន​សហជីព​ស៊ីខាវឌូ (C-CAWDU) លោក អាត់ ធន់ បាន​ឲ្យ​ដឹង​ថា លោក​ពេញ​ចិត្ត​ចូលរួម​ពិនិត្យ និង​ផ្ដល់​គំនិត​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​របស់​គណបក្ស​ប្រឆាំង។ លោក អាត់ ធន់ យល់​ថា ប្រសិនបើ​ប្រទេស​កម្ពុជា មាន​ច្បាប់​ស្ដីពី​ការ​កំណត់​ប្រាក់​ឈ្នួល​កម្មករ នោះ​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កម្មករ ហើយ​ក៏​មិន​ចាំបាច់​ឲ្យ​កម្មករ​ធ្វើការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដែរ៖ «យើង​ជា​ទូទៅ យើង​គាំទ្រ ហើយ​យើង​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ យើង​អត់​ទាន់​បាន​ឃើញ​សេចក្ដី​ព្រាង​យ៉ាង​ម៉េច​ទេ។ ប៉ុន្តែ​ប្រសិន​បើ​សភា​ឲ្យ​ផ្ដល់​យោបល់​វា​ល្អ​មែន​ទែន ព្រោះ​តែ​កាល​ណា​មាន​សេចក្ដី​ច្បាប់​ស្ដីពី​កំណត់​ប្រាក់​បៀវត្ស​អប្បបរមា​ហើយ មាន​ន័យ​ថា បើ​សិន​សភា​អនុម័ត គឺ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​វិស័យ​ទាំង​អស់ គឺ​ត្រូវ​បាន​កំណត់​តាម​ហ្នឹង»

​លោក សុន ឆ័យ បាន​ស្នើ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គិតគូរ​ពី​ប្រយោជន៍​កម្មករ ព្រោះ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្ពុជា ក៏​មាន​ការ​ព្រមព្រៀង​ពី​សមាគម​អ្នក​បញ្ជា​ទិញ។

សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​រង់ចាំ​ពិនិត្យ​មើល​សិន។ លោក ឈាង វុន មាន​ប្រសាសន៍​ថា លោក​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​ណា​ដែល​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ប្រាក់ខែ​កម្មករ​បាន​សមរម្យ មិន​ប៉ះពាល់​អ្នក​វិនិយោគ មិន​ប៉ះពាល់​ទីផ្សារ និង​មិន​ប៉ះពាល់​សេដ្ឋកិច្ច​ជាតិ៖ «កុំ​សួរ​ខ្ញុំ​ថា ខ្ញុំ​គាំទ្រ ​មិន​គាំទ្រ? ថា​ឲ្យ​ខ្ញុំ​គាំទ្រ សុន ឆ័យ ធ្វើ​ច្បាប់ ខ្ញុំ​អត់​គាំទ្រ​ទេ ព្រោះ​ច្បាប់​នោះ​ខ្ញុំ​អត់​ដឹង​ថា​អី​ផង។ ខ្ញុំ​គាំទ្រ​ស្អី​ទាំង​ឡាយ​ណា​ដែល​ដំណើរ​ទីផ្សារ​ដើរ​ទៅ​បាន​ស្រួល កម្មករ​បាន​ប្រាក់ខែ​ច្រើន អ្នក​ដាក់​ទុក​ក៏​ចំណេញ រដ្ឋ​ក៏​មាន​ចំណូល ខ្ញុំ​គាំទ្រ​អា​ហ្នឹង»

​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​នេះ មាន​ដាក់​បញ្ចូល​ប្រាក់​ឈ្នួល​កម្មករ ប្រាក់​បៀវត្ស មន្ត្រី​រាជការ គ្រូបង្រៀន​ផង​ដែរ និង​ចែង​យ៉ាង​ច្បាស់​ពី​ការ​ដំឡើង​ប្រាក់​បៀវត្ស​ជា​រៀង​រាល់​ឆ្នាំ។ អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា សភា​នឹង​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ ព្រោះតែ​គណៈកម្មាធិការ​ទី​៨ នៃ​រដ្ឋ​សភា​ដែល​ទទួល​ពិនិត្យ​សំណើ​ច្បាប់​នេះ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។