ប្រជាសហគមន៍តំបន់ការពារធម្មជាតិភ្នំអន្លង់ស្វាយ នៅខេត្តកំពង់ឆ្នាំង គ្រោងប្រើចប និងកាំបិតជំនួសគ្រឿងចក្រ ដើម្បីធ្វើផ្លូវលំមួយខ្សែប្រវែង ២គីឡូម៉ែត្រ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍មួយកន្លែងដែលអ្នកភូមិគិតថា ជាតំបន់ទឹកធ្លាក់ដ៏កម្រ។ គម្រោងរបស់សហគមន៍នឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៧ ខាងមុខ។
តំណាងសហគមន៍ឲ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ថា រយៈពេលបីឆ្នាំហើយដែលសហគមន៍បានបង្ហាញពីសក្ដានុពល ឬសារសំខាន់នៃតំបន់ទេសចរណ៍ទឹកធ្លាក់ភ្នំអន្លង់ស្វាយ តាមរយៈកិច្ចប្រជុំថ្នាក់ឃុំ និងវេទិកាសាធារណៈ តែមិនទាន់ឃើញមានអ្នកវិនិយោគ ឬរដ្ឋាភិបាលអភិវឌ្ឍផ្លូវទៅតំបន់នោះនៅឡើយ។ តំបន់នេះមានទឹកធ្លាក់ជាង ១០ជាន់ ខណៈមានអ្នកទេសចរតិចតួចអាចលេងទឹកបានត្រឹមតែ ៨ជាន់។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិភ្នំអន្លង់ស្វាយ លោក នុត ហេង មានប្រសាសន៍ថា សមាជិកគណៈកម្មការសហគមន៍ចំនួន ៩រូប ត្រៀមប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងជំនាញបរិស្ថាន ដើម្បីកំណត់ដែនអភិរក្ស ឬចែកក្រុមការពារនៅក្នុងឆ្នាំ២០១៦ ហើយអភិវឌ្ឍផ្លូវ និងតំបន់ទេសចរណ៍ទាំងមូលនៅឆ្នាំ២០១៧ ខាងមុខ។
លោកថា បើដល់ពេលនោះនៅតែគ្មានអ្នកវិនិយោគ សហគមន៍នឹងរៀបចំតំបន់ទេសចរណ៍នេះដោយខ្លួនឯង៖ «សំណូមពរដល់អង្គការជាតិ និងអន្តរជាតិក្រៅរដ្ឋាភិបាលក្ដីមេត្តាជួយរៀបចំកន្លែងអេកូទេសចរណ៍ ដើម្បីកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ខ្ញុំឲ្យបានស្រួលដូចគេកុំឲ្យវាពិបាក»។
លោក នុត ហេង បញ្ជាក់ថា ផ្លូវលំឆ្ពោះទៅតំបន់ភ្នំ ឬទឹកធ្លាក់នេះត្រូវធ្វើចេញពីចំណុចក្បាលថ្នល់ នៃភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស រហូតដល់ចំណុចនោះចម្ងាយប្រមាណ ២គីឡូម៉ែត្រ។ លោកថា ផ្លូវដែលគ្រោងធ្វើដោយកម្លាំងមនុស្សនេះ ឡាននឹងមិនអាចចូលទៅដល់ទេ ប៉ុន្តែម៉ូតូ ឬថ្មើរជើងមានភាពងាយស្រួលជាងមុន ហើយពេលនោះសហគមន៍អាចនឹងលក់សំបុត្រចូលកម្សាន្ត ឬផ្ញើម៉ូតូ។
ឆ្លើយតបបញ្ហានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងលោក សេង សាលី បានរិះគន់អង្គការម្លប់បៃតងដែលកន្លងទៅសន្យាថា នឹងជួយជ្រោមជ្រែង ឬបញ្ចេញថវិកាអភិវឌ្ឍន៍តំបន់ទេសចរនេះជាមួយសហគមន៍ ប៉ុន្តែមិនឃើញលទ្ធផលអ្វីក្រៅពីចុះទៅយករបាយការណ៍ពីថ្នាក់មូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកថា បច្ចុប្បន្នអាជ្ញាធរកំពុងស្វះស្វែងរកប្រភពវិនិយោគថ្មី៖ «បម្រើតែផលប្រយោជន៍របស់គាត់ អ៊ីចឹងឥឡូវគាត់បញ្ចប់ហើយ! ខ្ញុំត្រូវបានអភិបាលខេត្តណែនាំឲ្យស្វែងរកអ្នកវិនិយោគ ដើម្បីធ្វើការអភិវឌ្ឍន៍នៅតំបន់ហ្នឹង»។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងតំណាងអង្គការម្លប់បៃតង ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នេះបានទេ នៅថ្ងៃទី២០ ខែវិច្ឆិកា។
តំណាង និងប្រជាសហគមន៍ឲ្យដឹងស្រដៀងគ្នាថា ផ្ទៃដីព្រៃសហគមន៍ ឬតំបន់អភិរក្សធម្មជាតិទំហំ ១.១៦៣ហិកតារ បានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១២។ តំបន់នេះមានពលរដ្ឋជាច្រើនភូមិ នៃឃុំក្បាលទឹក អាចចូលទៅអាស្រ័យអនុផលព្រៃឈើ ឬទទួលបានពីផលពីការអភិវឌ្ឍតំបន់ទេសចរនេះ។ អ្នកភូមិសម្បូរក្រូចថ្លុង ចេក និងអនុផលព្រៃឈើ សម្រាប់លក់ជូនភ្ញៀវដែលទៅកម្សាន្តនៅទីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
