ក្រុមគ្រួសារនាយប៉ុស្តិ៍រដ្ឋបាលនៅឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងតែព្រួយបារម្ភចំពោះការបាត់ដំណឹងសាច់ញាតិរបស់ខ្លួនកាលពីព្រឹកថ្ងៃ២១ មិថុនា។ ការបាត់ដំណឹងនេះ ក្រោយពេលនាយប៉ុស្តិ៍រូបនោះចុះទៅបំពេញការងារត្រួតពិនិត្យករណីនេសាទខុសច្បាប់នៅក្នុងឃុំស្វាយពោធិ៍។ សមត្ថកិច្ចសន្និដ្ឋានជាបឋមថា អ្នកបាត់ខ្លួនអាចនឹងស្លាប់ ប៉ុន្តែយ៉ាងណាសមត្ថកិច្ចក៏នៅតែបន្តស្វែងរក និងស៊ើបអង្កេតបន្ថែមទៀតជុំវិញបញ្ហានេះ។
សាច់ញាតិនិងប្រជាពលរដ្ឋនៅក្នុងឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រមាណជាង ១០០នាក់ នៅថ្ងៃទី២២ មិថុនា បាននាំគ្នាចេញស្វែងរកដំណឹងរបស់នាយប៉ុស្តិ៍រដ្ឋបាលឃុំស្វាយពោធិ៍ គឺលោក ចាន់ សុផល ដែលបាត់ខ្លួន។ ការស្វែងរកមេប៉ុស្តិ៍រូបនោះ បន្ទាប់ពីក្រុមគ្រួសារបាត់ដំណឹងតាំងពីព្រឹកថ្ងៃទី២១ មិថុនា ខណៈដែលលោកបានចុះទៅពិនិត្យករណីនេសាទខុសច្បាប់នៅក្នុងឃុំ។
ការបាត់ខ្លួននោះ ខាងក្រុមគ្រួសារយល់ថា អាចនឹងមានបញ្ហាជាមួយអ្នកនេសាទខុសច្បាប់នៅទីនោះតែម្ដង ពីព្រោះពេលលោកចុះទៅនោះ គឺមានតែម្នាក់ឯង ហើយការបង្រ្កាបកន្លងមកធ្លាប់ធ្វើឱ្យអ្នកប្រព្រឹត្តបទល្មើសមានការគុំគួនជាមួយលោក ចាន់ សុផល ជារឿយៗ។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំស្វាយពោធិ៍ លោក អេង សៅ ត្រូវជាប្អូនជីដូនមួយនាយប៉ុស្តិ៍ស្វាយពោធិ៍ គឺលោក ចាន់ សុផល ឱ្យដឹងថា បងរបស់លោកបានបាត់ដំណឹងតាំងពីព្រឹកថ្ងៃទី២១ មិថុនា រហូតមកដល់ពេលរសៀលថ្ងៃទី២២ មិថុនា នៅតែគ្មានដំណឹងដដែល។
លោកបន្តថា មុនពេលដែលបាត់ខ្លួននោះ បងប្រុសលោកបានចុះទៅបឹងក្រចាប់ នៅក្បែរនោះ ដើម្បីតាមដានពីស្ថានភាពនេសាទខុសច្បាប់ ហើយករណីបាត់ខ្លួននេះ លោកយល់ថា អាចជាការប៉ុនប៉ងសម្លាប់ពីសំណាក់អ្នកប្រព្រឹត្តបទល្មើសនេសាទតែម្តង៖ «តាមការសន្និដ្ឋាននរបស់យើងទាំងអស់គ្នា យើងសង្ស័យថា អាចជាការប៉ុនប៉ងសម្លាប់គាត់ មានអ្នកស្ងប់ច្រើនដែរក្នុងការបង្ក្រាបហ្នឹង ព្រោះអីម្នាក់ៗមកដល់ពេលហ្នឹងមានមនុស្សប្រហែលជា ១០០នាក់ដែរ មកជួយរក ទាំងកម្លាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ ទាំងកម្លាំងបងប្អូន មកជួយរក ប៉ុន្តែវាអត់មានតម្រុយអីសោះបង។ អ៊ីចឹងបើសិនជាគាត់មិនមានបញ្ហាអី គាត់នឹងវិលត្រឡប់មកកន្លែងវិញ...»។
ប្រភពដដែលបន្ថែមថា កន្លងមកលោក ចាន់ សុផល មិនដែលទៅណាបាត់ដំណឹងដូចនេះឡើយ ហើយលោកក៏មិនមានបញ្ហាអ្វីជាមួយក្រុមគ្រួសារនោះដែរ។ បើទោះបីជាមិនទាន់មានដំណឹងពីបងប្រុសរបស់លោកក៏ដោយ ក៏លោកនិងក្រុមគ្រួសារនាយប៉ុស្តិ៍រូបនោះ សូមអំពាវនាវអាជ្ញាធរដែលមានសមត្ថកិច្ចនិងប្រជាពលរដ្ឋមេត្តាតាមរកលោក ចាន់ សុផល បើទោះជាគាត់ស្លាប់ ឬរស់ក៏ដោយ។
អធិការស្រុកស្រីសន្ធរ លោក ខេង ស្រេង មានប្រសាសន៍ថា នៅថ្ងៃទី២២ មិថុនា កម្លាំងខាងស្នងការខេត្តរួមជាមួយស្រុក និងកម្លាំងប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ បាននាំគ្នាស្វែងរកលោក ចាន់ សុផល ប៉ុន្តែនៅតែមិនមានដំណឹងដដែល។ លោកបញ្ជាក់ថា តាមការសន្និដ្ឋានរបស់ខាងស្នងការខេត្តជំហានដំបូងឱ្យដឹងថា អ្នកបាត់ខ្លួនអាចនឹងស្លាប់ហើយ ប៉ុន្តែមិនទាន់ប្រាកដថាជាករណីអ្វីនៅឡើយ។
លោក ខេង ស្រេង៖ «ប៉ុន្តែការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងដោយលោកឧត្ដមសេនីយ៍ស្នងការគាត់ពិចារណាទៅឃើញថា ករណីហ្នឹង មនុស្សហ្នឹងគាត់ស្លាប់ហើយ។ ប៉ុន្តែថាករណីហ្នឹងវាមូលហេតុអីអត់ទាន់ដឹងប្រាកដនោះទេ អត់ទាន់ច្បាស់ទេ ដោយសារយើងអត់ទាន់រកសាកសពឃើញ»។
លោកបន្ថែមទៀតថា នៅក្នុងស្រុកស្រីសន្ធរ មានករណីបទល្មើសនេសាទច្រើនមែន ហើយសមត្ថកិច្ចតែងតែចុះបង្ក្រាបជាញឹកញាប់ ប៉ុន្តែនៅតែមានបទល្មើសកើតឡើងដដែល ហើយកន្លងមក សមត្ថកិច្ចនៅស្រុកស្រីសន្ធរ ក៏ធ្លាប់ទទួលការគំរាមកំហែងពីសំណាក់អ្នកប្រព្រឹត្តបទល្មើសនេសាទនៅទីនោះទៀតផង។ លោកបញ្ជាក់ថា នៅស្រុកស្រីសន្ធរ មិនធ្លាប់មានករណីសមត្ថកិច្ចបាត់ខ្លួននោះទេពីមុនមក ហើយករណីនេះ សមត្ថកិច្ចនឹងបន្តតាមស្វែងរកមេប៉ុស្តិ៍ស្វាយពោធិ៍ បន្តទៀត រហូតដល់ទទួលបានដំណឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
