មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចេញលិខិតជូនដំណឹងមួយដល់ម្ចាស់អគារ ឬម្ចាស់ផ្ទះដែលមានសម្ភារៈលក់ដូរគ្រឿងសំណង់ និងកំណល់ឡើងយានយន្ត ត្រូវរុះរើចេញពីទ្រូងផ្លូវ ឬចិញ្ចើមផ្លូវក្រាលកៅស៊ូរបស់គម្រោងចៃកា (JICA) នៅក្នុងក្រុង។ ក្រុមអាជីវករ និងប្រជាពលរដ្ឋលក់ដូរក្រោមឆត្រខ្លះ សាទរចំពោះលិខិតជូនដំណឹងរបស់អាជ្ញាធរនេះ។
លិខិតចុះហត្ថលេខាដោយប្រធានមន្ទីរ លោក កែវ ពៅ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ បានដាក់កំហិតចំពោះម្ចាស់សម្ភារៈទាំងឡាយណាដែលប៉ះពាល់សោភណភាពទ្រូងផ្លូវ ឬចិញ្ចើមផ្លូវត្រឹមថ្ងៃទី២៥ ខែធ្នូ គឺមុនពេលពិធីបើកសម្ពោធជាផ្លូវការដាក់ឲ្យប្រើប្រាស់នៅថ្ងៃខាងមុខ។ លិខិតព្រមានថា បើម្ចាស់ផ្ទះ ឬអគារមិនរុះរើឲ្យអស់តាមកាលកំណត់ កម្លាំងសមត្ថកិច្ចនឹងចុះរុះរើ ហើយមិនទទួលខុសត្រូវចំពោះការខូចខាតនោះទេ។
បន្ថែមលើលិខិតជូនដំណឹងនេះ អនុប្រធានការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង លោក កែវ វ៉ិត ថ្លែងថា ការដាក់កំណល់ឡើងយានយន្ត តាំងអីវ៉ាន់លក់ដូរលើចិញ្ចើមផ្លូវ និងការដាក់គ្រឿងសំណង់លើផ្លូវជាដើម បានធ្វើឲ្យបាត់សោភណភាពទីក្រុង។ លោកថា ការដាក់កំណល់ឡើងយានយន្តក៏អាចធ្វើឲ្យស្ទះទឹក ឬទឹកដក់នៅលើផ្លូវក្រាលកៅស៊ូដែរ៖ «ត្រូវយកចេញឲ្យអស់នៅតាមផ្លូវចៃកា ក្នុងក្រុងកំពង់ឆ្នាំង ព្រោះយើងមើលទៅអត់ល្អមើល ហើយម្យ៉ាងទៀតបើនៅមុខទឹកហូរវាអាចទប់ទឹកឲ្យដក់នឹងថ្នល់ វាអាចខូចថ្នល់ខូចអ៊ីចឹងទៅ»។
អាជីវករលក់ដូង នំចំណី និងភេសជ្ជៈក្រោមឆត្រ ព្រមទាំងម្ចាស់គ្រឿងសំណង់នៅតាមចិញ្ចើមផ្លូវក្នុងក្រុងកំពង់ឆ្នាំង ថ្លែងសាទរចំពោះវិធានការ ឬលិខិតជូនដំណឹងនេះ ប៉ុន្តែស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តឲ្យបានស្មើភាពគ្នា។ ការស្នើនេះដោយគេសង្កេតឃើញថា វិធានការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងសោភ័ណភាពតាមដងផ្លូវកន្លងមក អនុវត្តបានតែមួយរយៈពេលខ្លី ឬដោយកន្លែង។
ប្រជាពលរដ្ឋ និងជាម្ចាស់ផ្ទះលក់ជើងសសរម្នាក់នៅភូមិកណ្ដាល ក្រុងកំពង់ឆ្នាំង គឺលោក មុំ រឿ មានប្រសាសន៍នៅថ្ងៃទី១៨ ខែធ្នូ ថា ជើងសសររបស់លោកតិចតួចប៉ុណ្ណោះដែលប៉ះពាល់ដល់ចិញ្ចើមផ្លូវ។ ប៉ុន្តែលោកថា នឹងឲ្យកម្មករលើកចេញពីចិញ្ចើមផ្លូវ ដើម្បីឆ្លើយតបទៅនឹងការជូនដំណឹងរបស់មន្ទីរសាធារណការ ហើយលោកក៏ចង់ឃើញសោភណភាពផ្លូវក្នុងក្រុងស្អាតដែរ៖ «ខ្ញុំជាចាស់ព្រឹទ្ធាចារ្យមួយរូបដើម្បីឲ្យអ្នកភូមិស្ដាប់ខ្ញុំ ឲ្យរៀបចំត្រឹមណា ខ្ញុំប្រាប់ឲ្យគេ។ ឥឡូវប្រាប់ខ្ញុំមកវិញថា ឥឡូវរៀបចំត្រឹមណាខ្ញុំនឹងធ្វើតាមនោះ។ ប៉ុណ្ណឹងគ្មានអ្វីគួរឲ្យអាក្រក់មើលអីពេកទេ ព្រោះមើលផ្លូវទៅវាទៅធ្លុងដែរទេ តែបើប៉ុណ្ណឹងនៅតែមិនល្មមទៀតខ្ញុំបន្ថយក៏បានដែរ»។
គម្រោងធ្វើឲ្យប្រសើរឡើងវិញ និងកាត់បន្ថយគ្រោះមហន្តរាយដោយសារទឹកជំនន់របស់ប្រទេសជប៉ុន បានផ្ដល់ជំនួយឥតសំណងដល់កម្ពុជា តាមរយៈការស្ថាបនាផ្លូវ និងស្ដារប្រព័ន្ធលូរំដោះទឹកជំនន់ក្នុងក្រុងកំពង់ឆ្នាំង ដោយគម្រោងចៃកា។ មន្ត្រីសាធារណការបញ្ជាក់ថា គម្រោងចៃកា ទើបបានបញ្ចប់ការងារធ្វើផ្លូវក្រាលកៅស៊ូប្រវែងជិត ៥គីឡូម៉ែត្រ (៤.៦០០ម៉ែត្រ) និងប្រព័ន្ធលូជាច្រើនខ្សែទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
