ប្រជាពលរដ្ឋជាង ៣០០នាក់ នៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានលើកគ្នាមកសាលាឃុំធ្វើការទាមទារសុំឲ្យអាជ្ញាធរឃុំរកយុត្តិធម៌ឲ្យអ្នកភូមិ បន្ទាប់ពីគ្រូបង្រៀននៅសាលាបឋមសិក្សាមួយក្នុងភូមិពួកគាត់ បានវាយអ្នកភូមិម្នាក់ឲ្យរងរបួសជាទម្ងន់។
បុរសអ្នកភូមិឈ្មោះ អួន ម៉ាប់ អាយុ ៤៣ឆ្នាំ ជាតំណាងឲ្យអ្នកភូមិដែលលើកគ្នាមកកាន់សាលាឃុំនៅព្រឹកថ្ងៃអាទិត្យ ទី២១ មេសា។ គាត់បានឲ្យដឹងថា លោកគ្រូសាលាបឋមសិក្សាតាមល់លើ ២រូប ម្នាក់ឈ្មោះ យូ ប្រុស និងម្នាក់ទៀតឈ្មោះ ថា សំខាន់ បានព្រួតគ្នាវាយអ្នកភូមិម្នាក់ឈ្មោះ វុត្ថា ដោយដំបងឫស្សី បណ្ដាលឲ្យរងរបួសជាទម្ងន់ ដោយចោទប្រកាន់ថា ឈ្មោះ វុត្ថា ប៉ងលួចម៉ូតូរបស់ខ្លួន។
បុរសអ្នកភូមិឈ្មោះ អួន ម៉ាប់ បន្តថា នេះជាលើកទី២ហើយ ដែលលោកគ្រូទាំង ២រូបនេះ បានវាយអ្នកភូមិ។ កាលពីបុណ្យអកអំបុកសំពះព្រះខែកន្លងទៅ គ្រូទាំង ២រូបនេះ ក៏បានវាយអ្នកភូមិម្នាក់ឲ្យរងរបួសជាទម្ងន់ដែរ៖ «មូលហេតុដែលគ្រូនេះប្រើអំពើហិង្សា ព្រោះគ្រូនេះស្រវឹង។ គាត់បានប្រើហិង្សាមកលើអ្នកភូមិ ២ដងហើយ។ បើគ្រូនេះនៅបន្តទៀត វានឹងកើតមានអសន្តិសុខក្នុងភូមិខ្ញុំ ហើយកូនខ្ញុំអីនឹងក្លាយជាសិស្សទំនើងតាមគ្រូហ្នឹងដែរ...»។
សាក្សីអះអាងថា កាលពីថ្ងៃ១៤ មេសា កន្លងទៅ មានអំពើហិង្សាមួយកើតឡើងនៅភូមិតាមល់លើ ប្រព្រឹត្តឡើងដោយគ្រូសាលាបឋមសិក្សាតាមល់លើ។
ស្ត្រីអ្នកភូមិឈ្មោះ តេង វាសនា ដែលនៅជិតកន្លែងកើតហេតុឲ្យដឹងថា គាត់ពុំដឹងពីមូលហេតុអ្វីទើបលោកគ្រូ យូ ប្រុស និងលោកគ្រូ ថា សំខាន់ បានចោទឈ្មោះ វុត្ថា ពីបទប៉ុនប៉ងលួចម៉ូតូនោះទេ។ គាត់គ្រាន់តែឃើញសកម្មភាពវាយទៅលើឈ្មោះ វុត្ថា នោះ គឺមានលក្ខណៈឃោរឃៅពេកណាស់៖ «ជនរងគ្រោះនោះដើរពីជើងទៅត្បូង មកដូរក្រវិលកំប៉ុងស្រាបៀ ស្រាប់តែលោកគ្រូទាំង ២នាក់ជិះម៉ូតូតាមមកវាយពីក្រោយជនរងគ្រោះមួយដំបងដួលសន្លប់ ហើយតែលោកគ្រូនោះចុះពីម៉ូតូមកវាយបន្ថែមទៀត រួចទើបឡើងជិះម៉ូតូចេញទៅ...»។
វិទ្យអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺការចោទប្រកាន់នេះពីលោកគ្រូ យូ ប្រុស និងលោកគ្រូ ថា សំខាន់ បានទេ នៅរសៀលថ្ងៃទី២១ មេសា។
ទាក់ទិនបញ្ហានេះ ប្រធានការិយាល័យអប់រំស្រុកជលគីរី លោក ម៉ោញ ណៃ មានប្រសាសន៍ថា ករណីអំពើហិង្សារបស់គ្រូបឋមសិក្សាតាមល់លើ ទាំង ២រូបនេះ ទុកឲ្យអាជ្ញាធរប៉ូលិសជាអ្នកស្រាវជ្រាវ និងសម្រេច។ ចំពោះការទាមទាររបស់អ្នកភូមិវិញ លោកថា លោកនឹងធ្វើរបាយការណ៍ជូនទៅមន្ទីរអប់រំខេត្ត ដើម្បីពិនិត្យនិងសម្រេច៖ «ការដកគ្រូដកអីហ្នឹង ការិយាល័យមិនអាចសម្រេចបានទេ។ បើសិនមានករណីនេះមកដល់ ការិយាល័យនឹងបញ្ជូនព័ត៌មាននេះទៅមន្ទីរ ដើម្បីឲ្យថ្នាក់ដឹកនាំមន្ទីរមានវិធានការ ថាតើរឿងនេះវាយ៉ាងណា ហើយមន្ទីរនឹងសម្រេច...»។
ទាក់ទិននឹងបញ្ហានេះ មេឃុំកោះថ្កូវ លោក ចិន ផាន់ណា មានប្រសាសន៍ថា លោកបានទទួលពាក្យបណ្ដឹងរបស់អ្នកភូមិដែលមានស្នាមមេដៃចំនួន ៣២២ សុំឲ្យដកលោកគ្រូទាំង ២រូបនេះចេញពីសាលា និងបណ្ដេញចេញពីភូមិ។ លោកថា ករណីនេះលោកពុំមានសិទ្ធិសម្រេចនោះទេ តែលោកនឹងធ្វើរបាយការណ៍ និងផ្ញើស្នាមមេដៃនេះជូនទៅថ្នាក់ស្រុក និងខេត្តជាអ្នកសម្រេច។ អ្នកភូមិព្រមានថា បើពុំដក និងបណ្ដេញលោកគ្រូទាំង ២នេះចេញពីភូមិទេ ពួកគាត់នឹងធ្វើការតវ៉ាជាទ្រង់ទ្រាយធំទៅសាលាស្រុក ឬសាលាខេត្តបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
