មន្ត្រីសហព័ន្ធកីឡាប្រដាល់ ឲ្យដឹងថា កីឡាប្រដាល់សព្វថ្ងៃមានសន្ទុះរីកចម្រើន ប៉ុន្តែអ្នកប្រដាល់ខ្មែរ មិនអាចពឹងពាក់មុខរបរប្រដាល់ ដើម្បីចិញ្ចឹមជីវិតបានទេ។ អ្នកប្រដាល់ឡើងវាយនៅលើរេញទូរទស្សន៍ ភាគច្រើនជាក្រុមមនុស្សដែលមានជីវភាពក្រីក្រ។
កីឡាករប្រដាល់ទាំងនោះ ត្រូវធ្វើការងារបន្ថែមទៀត ដូចជា រត់ម៉ូតូឌុប កម្មកររោងចក្រ កម្មករសំណង់ សន្តិសុខឯកជន និងជាទាហាន ឬប៉ូលិសជាដើម។ ប្រការទាំងនេះហើយ ទើបធ្វើឲ្យកីឡាប្រដាល់ខ្មែរមិនសូវមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ។
"សំឡេងជួងលើសង្វៀនចាប់ផ្ដើមប្រកួត"
នេះជាសំឡេងជួងបន្លឺឡើងនៅសង្វៀនប្រដាល់ស៊ីធីអិន (CTN) កាលពីចុងខែមីនា និងជាសញ្ញាប្រាប់ថា គូឯកប្រចាំកម្មវិធីនេះដល់ពេលវាយហើយ។ បង្គោលក្រហម កីឡាករ វី សោយ័ន និងបង្គោលខៀវ កីឡាករ ខុន រាជ ពត់ពេនខ្លួនរេរាំតាមចង្វាក់ភ្លេងក្លងខែកប្រគំ រីឯអ្នកគាំទ្រស្រែកបន្ទរថា វ៉ៃទៅ!វ៉ៃទៅ!។
ស្នូរកណ្ដាប់ដៃ កែង ជង្គង់លាន់ឮផ្លាប់ៗ កក្រើកពេញសង្វៀន។ មិនបានមួយនាទីផង បង្គោលខៀវឡើងជង្គង់បីបួនជង្គង់ផ្ទួនៗគ្នា និងដាល់ថែមពីរដៃទៀត បណ្ដាលឲ្យបង្គោលក្រហមដួលផ្ងារជើងច្រងាង។
នៅបីទឹកដំបូង បង្គោលខៀវជាអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ ៦៥គីឡូក្រាម មានប្រៀបជាងបង្គោលក្រហម ដោយអ្នកមើលទាយថា ទំនងជារូបគេអាចនឹងឈ្នះ។ ប៉ុន្តែចូលដល់ទឹកទី៤ បង្គោលខៀវចាញ់ហត់ ដកដង្ហើមសឹងមិនដល់គ្នា ក៏ត្រូវបង្គោលក្រហមវាយសងវិញផាច់ៗ ស្ទើរទប់មិនបានចប់ប្រាំទឹក។ ចប់ទឹកទីប្រាំ អាជ្ញាកណ្ដាលប្រកាសថា បង្គោលក្រហមឈ្នះបង្គោលខៀវដោយពិន្ទុ។
រាងរាវខ្ពស់ស្រឡះ មុខមាត់សុភាពរាបសា កីឡាករ ខុន រាជ មកពីក្លឹបកងអន្តរាគមន៍លេខ៣ មានអាយុ ២៤ឆ្នាំ ជាកូនកសិករមកពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កំពុងអង្គុយសម្រាកក្បែរបន្ទប់ទឹក ដោយមានពួកម៉ាកម្នាក់ជាអ្នកបក់ខ្យល់ និងម្នាក់ទៀតជូតឈាមឲ្យនៅលើចិញ្ចើមខាងឆ្វេង។ ពួកគេរង់ចាំបើកលុយតម្លៃខ្លួន ៤០ម៉ឺនរៀល ពីផលិតករទូរទស្សន៍។ ខុន រាជ ឲ្យដឹងថា ខ្លួនមិនសូវបានហ្វឹកហាត់ ថែមទាំងខានឡើងវាយអស់ជាច្រើនខែមកហើយ ទើបធ្វើឲ្យឆាប់ហត់ និងវាយចាញ់គេ។ លោកបន្តថា លោកខានហ្វឹកហាត់ដោយសារតែជាប់រវល់ទៅរៀនវិជ្ជាពេទ្យ និងលក់ថ្នាំនៅគ្លីនិកពេទ្យឯកជនមួយនៅខេត្តកំពង់ធំ។
លោកបញ្ជាក់ថា ម្តាយលោកត្រូវការប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាព ទើបលោកឡើងវាយយកប្រាក់ ៤០ម៉ឺនរៀលឲ្យម្តាយ៖ «ដោយសារជីវភាពគ្រួសាររាងយ៉ាប់ពេក លំបាកពេក សំខាន់ជួយម៉ែឪដែលជំពាក់គេ សងគេ។ យើងវាយដែរ សំខាន់កម្លាំងយើងអត់ដល់ ល្មមវាយបានមួយស៊ីមួយស៊ី បានត្រឹមតែ ១ឆ្នាំ២ទៀត ខ្ញុំប្រហែលជាឈប់មែនទែនហើយ ខំរៀនហើយ។ អ្នកវ៉ៃល្បីៗចាស់ពីដើមមក ក្រោយពីវ៉ៃហើយគ្មានអ្នកគាំទ្រ បណ្ដាក្លឹបអីខ្វះខាតច្រើនគ្មានអ្នកឧបត្ថម្ភ»។
កីឡាករ ខុន រាជ បន្ថែមថា គាត់ចេញវាយតាំងពីអាយុ ១៤ឆ្នាំ ឆ្លងកាត់ការប្រកួតជាង ១០០ដង និងធ្លាប់ឆ្លងដែនទៅវាយលក់សំបុត្រនៅប្រទេសថៃ ច្រើនលើកដែរ។ លទ្ធផលល្អបំផុតនោះ គឺធ្លាប់ឈ្នះខ្សែក្រវាត់នៅស៊ីធីអិន ម្តង ដោយកាលនោះបានម៉ូតូមួយគ្រឿង និងប្រាក់ដុល្លារ ៤៥០ដុល្លារ ប៉ុន្តែរូបគេមិនធ្លាប់បានជាប់ជម្រើសជាតិឡើយ។ លោកបន្តថា រង្វាន់ដែលទទួលបានពីការបង្ហូរឈាមនោះ ត្រូវប្រគល់ឲ្យម៉ែឪទាំងអស់ ដើម្បីយកទៅចិញ្ចឹមប្អូនៗនៅក្នុងបន្ទុកគ្រួសារ ចំណែកឯរូបលោក ត្រូវរស់នៅពឹងលើប្រាក់ខែជាទាហាន និងការប្រកួតប្រដាល់។
អ្នកទស្សនាកីឡាប្រដាល់តាមសង្វៀនទូរទស្សន៍នានា ឲ្យដឹងថា កម្មវិធីប្រដាល់តាមសង្វៀនទាំងអស់នោះ មិនសូវជាថ្លឹងគីឡូ និងវាស់កម្ពស់ឲ្យបានត្រឹមត្រូវនោះទេ។ អ្នកខ្លះប្រកួតទាំងគីឡូខុសគ្នា ៣ ទៅ៥គីឡូ ឬដល់ ៧គីឡូក៏មាន។ កីឡាករប្រដាល់ឡើងវាយម្តងៗ បើត្រូវរបួសធ្ងន់ មានខាងសង្វៀនគេជួយព្យាបាលខ្លះ ប៉ុន្តែអ្នកដែលរបួសបែកមុខ បែកមាត់ បាក់ធ្មេញ ឬគ្រិចដៃជើង ឬរបួសគ្រាំក្នុងវិញ ប្រាក់ដែលបានមកពីការប្រដាល់ មិនគ្រប់មើលខ្លួនទេ។ អ្នកប្រដាល់គូធម្មតា មួយលើកៗ អ្នកឈ្នះបានប្រាក់ ២០ម៉ឺនរៀល និងអ្នកចាញ់បាន ១៥ម៉ឺនរៀល។ ចំពោះគូពិសេសវិញ គឺឈ្នះបាន ៣០ម៉ឺនរៀល និងចាញ់បានប្រាក់ ២៥ម៉ឺនរៀល។ ឯគូឯក អ្នកឈ្នះបាន ៤៥ម៉ឺនរៀល និងអ្នកចាញ់បាន ៤០ម៉ឺនរៀល។ គូប្រដាល់អន្តរជាតិ អ្នកឈ្នះបាន ២៥០ដុល្លារ និងអ្នកចាញ់បាន ២០០ដុល្លារ។ រាល់ការប្រកួតទាំងអស់ គឺក្លឹបប្រដាល់ជាអ្នកទាក់ទងឲ្យឡើងទូរទស្សន៍ ប៉ុន្តែក្លឹបត្រូវកាត់លុយវិញចំនួន ១០% ដើម្បីចំណាយផ្សេងៗ។
អ្នកប្រដាល់ម្នាក់អាចឡើងសង្វៀនមួយខែម្តង ឬពីរអាទិត្យម្តងតាមសុខភាព ឬការរៀបចំរបស់គ្រូបង្វឹក និងស្ថានីយទូរទស្សន៍។
ទន្ទឹមនឹងនេះ ប្រធានក្លឹបកីឡាប្រដាល់សាវ័ន្តកីឡា លោក ឡុង សាវ័ន្ត មានប្រសាសន៍ថា អ្នកចង់ចូលហ្វឹកហាត់ បើចង់ស្នាក់នៅក្នុងក្លឹប ត្រូវបង់លុយឲ្យក្លឹបចំនួន ១០០ដុល្លារ តែអ្នកស្នាក់នៅខាងក្រៅវិញ ហាត់ដាល់មួយចេះត្រូវចំណាយ ៥០ដុល្លារ។ លោកបញ្ជាក់ថា បើសិនកីឡាករណាចង់ល្បី ចង់វាយបានល្អ ទាល់តែហូបចុកគ្រប់គ្រាន់ សម្រាកឲ្យបានច្រើន ហ្វឹកហាត់ឲ្យម៉ឺងម៉ាត់ ប៉ុន្តែបើប្រដាល់ផងធ្វើការរកលុយផង ពិបាកថាណាស់។ លោកបញ្ជាក់ថា ក្លឹបនេះទទួលសិស្សភាគច្រើនជាកូនអ្នកក្រីក្រ ដែលស្រឡាញ់ប្រដាល់ និងចង់ឡើងវាយដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព៖ «និយាយទៅ អ្នកចូលហ្វឹកហាត់ ចង់វាយចង់វាយចង់ប្រកួតអីចឹង ច្រើនតែអ្នកមកពីខេត្ត សុំចូលហ្វឹកហាត់ គេមកដល់ហ្នឹង ក៏សុំចូលទៅ ក្លឹបហ្នឹងអត់មានអីទេ អត់មានអ្នកជួយដែរហ្នឹង ទាល់តែស៊ីខ្លួនឯងខ្លះ និងគ្រូជួយខ្លះ»។
លោកបន្ថែមថា កូនសិស្សខ្លះក៏ហាត់រៀនដើម្បីសុខភាព និងការពារខ្លួនដែរ តែគេមិនចង់វាយនោះទេ ព្រោះប្រដាល់ឈឺសាច់ និងមិនសូវមានជីវភាពធូរធារ។
អ្នកតាមដានកីឡា ឲ្យដឹងថា មកដល់ពេលនេះ កីឡាករប្រដាល់កម្ពុជា មិនមាននរណាម្នាក់ធ្លាប់បានមេដាយមាសក្នុងការប្រកួតកីឡាថ្នាក់តំបន់ ដូចជាកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម និងអេស៊ានហ្គេម ឬការប្រកួតកីឡាទ្វីបអាស៊ី ទេ។ នៅកម្ពុជា ក៏មិនមានកីឡាករប្រដាល់អាជីពដែរ បានន័យថា កីឡាករកម្ពុជា ជាអ្នកឡើងវាយស្ម័គ្រចិត្តប៉ុណ្ណោះ មិនដូចប្រទេសថៃ ឬហ្វីលីពីន ដែលមានកីឡាករខ្លាំងៗ ល្បីពេញពិភពលោកនោះឡើយ។ អ្នកប្រដាល់ជម្រើសជាតិកម្ពុជា គឺត្រូវជ្រើសរើសប្រមូលផ្តុំហ្វឹកហាត់មុនការប្រកួតកម្មវិធីធំៗត្រឹមតែ ៣ ទៅ ៦ខែប៉ុណ្ណោះ ហើយទទួលប្រាក់កម្រៃប្រមាណ ៣០ម៉ឺនរៀល ក្នុងពេលហ្វឹកហាត់ ១ខែ។ កត្តានេះ ជាមូលហេតុមួយដែលធ្វើឲ្យពួកគេហ្វឹកហាត់មិនបានពេញលេញ ដើម្បីទុកពេលរកស៊ីចិញ្ចឹមឆ្នាំង ទើបមិនអាចយកឈ្នះគូប្រកួតបាន។ ប៉ុន្តែ បើសិនជាប្រកួតបានមេដាយវិញ រដ្ឋាភិបាលក៏ផ្តល់ប្រាក់រង្វាន់រាប់ពាន់ដុល្លារដែរ ជាហេតុធ្វើឲ្យមានព័ត៌មានថា ការបញ្ជូនកីឡាករទៅប្រកួតនៅក្រៅប្រទេស ជាប់ពាក់ព័ន្ធនឹងបក្ខពួកនិយម ឬពុករលួយ។
ទោះជាយ៉ាងណាក្តី អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជាស្ម័គ្រចិត្ត លោក ម៉ឹល កាដូ ថ្លែងថា ការជ្រើសកីឡាករមិនពាក់ព័ន្ធនឹងបក្ខពួកនិយម ឬពុករលួយទេ។ ការជ្រើសរើសសមាជិកចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ធ្វើឡើងដោយបីភាគី រួមមានគណៈកម្មការកីឡាអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាប្រដាល់។ កីឡាករជម្រើសជាតិម្នាក់ ត្រូវផ្អែកលើសមត្ថភាព ភាពរីកចម្រើន និងក្រមសីលធម៌ល្អ។ លោកបន្តថា កម្ពុជា មានគោលដៅបង្កើតឲ្យមានកីឡាប្រដាល់អាជីពដូចនៅប្រទេសថៃ ឬនៅប្រទេសផ្សេងៗដែរ ប៉ុន្តែមិនទាន់អាចទៅរួច៖ «យើងចង់ឲ្យការប្រដាល់របស់យើងមានភាពរុងរឿងខ្ពង់ខ្ពស់ មានកត្តាច្រើន។ កត្តាទី១ គឺសេដ្ឋកិច្ច កត្តាទី២ គឺបច្ចេកទេស និងកត្តាទី៣ គឺផ្លូវច្បាប់ ដូច្នេះយើងឃើញមានជ្រុងច្រើន តែខ្ញុំជឿថា ផ្លូវឆ្ពោះទៅរកភាពអាជីពហ្នឹង គឺមិនវែងឆ្ងាយទៀតទេ»។

លោកបន្តថា អ្នកប្រដាល់ល្បីៗអាចយកមុខរបរប្រដាល់ធ្វើដើមទុនរកស៊ីបាន ប៉ុន្តែបើអាយុច្រើន ត្រូវតែដូរមុខរបរហើយ មិនអាចវាយបានទៀតទេ។
ទស្សនិកជនដែលនិយមមើលប្រដាល់ខ្មែរ កត់សម្គាល់ថា កីឡាករខ្មែរឡើងប្រដាល់ភាគច្រើន គឺមិនមានគ្រូបង្ហាត់នៅជាប់ខ្លួនឡើយ អ្នកខ្លះឡើងវាយដោយមានសាច់ញាតិ ឬមិត្តរួមគ្រូម្នាក់ ពីរនាក់ជាអ្នកឲ្យទឹកប៉ុណ្ណោះ។ ផ្ទុយពីកីឡាករបរទេសអាជីព ដែលមានគ្រូបង្វឹកនៅកៀក ចាំជួយផ្តល់យោបល់ និងកម្លាំងចិត្ត។ កីឡាករខ្មែរពេលសន្លប់ ត្រូវគេសែងយកទៅទម្លាក់ចោល នៅកន្លែងផ្លាស់សម្លៀកបំពាក់ ដាក់ប្រេងកូឡាឲ្យហិតជាការស្រេច។ ចំពោះអ្នកដែលត្រូវរបួសដាច់មុខមាត់ ឬបែកចិញ្ចើមវិញ តែងដើរទៅរកពេទ្យដោយខ្លួនឯងឲ្យពេទ្យដេររបួសឆៅៗ និងបើកលុយពីពេទ្យមួយថ្នេរ ៥ពាន់រៀល ជាការរួចរាល់។
កីឡាករ ខុន រាជ មានប្រសាសន៍ថា បើសិនជាតម្លៃខ្លួនឡើងវាយរបស់កីឡាករខ្មែរ បានថ្លៃជាងសព្វថ្ងៃបន្តិច កីឡាករភាគច្រើននឹងប្រមូលផ្តុំគ្នាហ្វឹកហាត់ ហើយក៏មិនចាំបាច់ទៅប្រកបរបរទី២ នាំលំបាកដែរ។ លោកបន្តថា អ្នករួមអាជីពជាមួយលោក អ្នកខ្លះទៅដាល់តាមខេត្ត ស៊ីលុយ ៤ ទៅ ៥ម៉ឺនរៀល ក្នុងមួយថ្ងៃ។ អ្នកខ្លះទៅស៊ីឈ្នួលលីសែងធ្វើការនៅប្រទេសថៃ។ អ្នកខ្លះទៀត ធ្វើសំណង់ ធ្វើការរោងចក្រ ជាដើម។ លោករំលឹកថា ព្រោះតែជីវភាពខ្វះខាត រូបលោកធ្លាប់ទៅវាយនៅថៃ ទាំងហ្វឹកហាត់មិនបានដិតដល់ ក៏ត្រូវជួបគ្រោះថ្នាក់ថែមទៀត៖ «មិនបាច់តម្លៃខ្លួនដូចថៃ ក៏បានដែរ ត្រឹមមធ្យមឡើងលើសតម្លៃខ្លួនបច្ចុប្បន្នត្រឹម ៣០% ក៏បានដែរ ធ្លាប់ប៉ះអស់ហើយ ធ្លាប់ត្រូវមួយជើងកណ្ដាលមុខរបស់ថៃ ប៉ាបីចុះពីលើរេញ ប៉ាយំដូចអីចឹង តស៊ូទៀតមិនចង់ក្រ វាយយកលុយដាក់ផ្ទះ»។
ក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០១៣ គ្រោងចំណាយថវិកាជាតិសរុបក្នុងវិស័យកីឡា សិស្ស និស្សិតចំនួនជាង ១.៦០០លានរៀល ប្រហាក់ប្រហែលនឹងជាង ៤០លានដុល្លារ។ ប៉ុន្តែ វិស័យកីឡាមហាជនវិញ មិនមានរបាយការណ៍ណាមួយបង្ហាញពីចំណាយនោះឡើយ។
បើតាមរបាយការណ៍របស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ស្ម័គ្រចិត្តឲ្យដឹងថា នៅឆ្នាំ២០១២ ក្លឹបប្រដាល់នៅទូទាំងប្រទេសកម្ពុជា មានជិត ១០០ក្លឹប ហើយកីឡាករប្រដាល់ទាំងសេរី ទាំងសកល មានចំនួនជិត ១ពាន់នាក់។ ក្លឹបប្រដាល់ភាគច្រើន ជាក្លឹបឯកជន ហើយម្ចាស់ក្លឹបជាអ្នកបង្ហាត់ និងដាក់ឈ្មោះកីឡាករឡើងប្រកួត។ ទីតាំងហ្វឹកហាត់ និងសង្វៀនប្រដាល់តាមខេត្តមួយចំនួន ក៏ត្រូវបានអាជ្ញាធរយកទៅលក់ ឬដោះដូរ ដោយមិនទាន់ឃើញសាងសង់ថ្មីឲ្យពលរដ្ឋចូលហ្វឹកហាត់ ឬធ្វើជាកន្លែងប្រកួតនៅឡើយ ដូចជានៅសង្វៀនប្រដាល់ខេត្តសៀមរាប សង្វៀនបាត់ដំបង និងសង្វៀនខេត្តកំពត ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
