សមាគម​ខ្មែរ​ក្រោម​នឹង​ប្រមូល​ផ្ដុំ​មុខ​ស្ថានទូត​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​៤​តុលា

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ នឹង​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៤ វេលា​ម៉ោង ៨​ព្រឹក ដើម្បី​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ជុំវិញ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ តុលា ថា ក្នុង​ការ​ជួប​ជុំ​នោះ ក្រៅ​ពី​ការ​សម្ដែង​មតិ ក្រុម​បាតុករ​ក៏​នឹង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​ប្រើប្រាស់​ទំនិញ និង​សេវា​ផ្សេងៗ​របស់​វៀតណាម នៅ​កម្ពុជា។ លោក​បន្ត​ថា យុវជន​នឹង​ចែក​គ្នា​ជា​ក្រុម ដើម្បី​ដើរ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​នៅ​តាម​ទីកន្លែង​ផ្សេងៗ។

លោក ថាច់ សេដ្ឋា៖ «ដោយសារ​ថា​យើង​បាន​តវ៉ា​ច្រើន​លើក​ច្រើន​សា​ហើយ ហើយ​ខាង​រដ្ឋាភិបាល​យួន គេ​មិន​ឆ្លើយ​តប មិន​អើពើ​ទាំងអស់។ អ៊ីចឹង យើង​បន្ត​ការ​ធ្វើ​បាតុកម្ម​បន្ត​ទៀត ដោយ​យើង​កំណត់​ថា ធ្វើ​ថ្ងៃ​៤-៥-៦-៧-៨ អាជ្ញាធរ​លោក​ថា ៣​ថ្ងៃ​ជាប់​រវល់​នៅ​ទីលាន​ប្រជាធិបតេយ្យ ដូច្នេះ​ហើយ​យើង​ខ្ញុំ​នឹង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​នៅ​មុខ​ស្ថានទូត​យួន តែ​ម្តង ដើម្បី​យើង​សម្ដែង​មតិ​នៅ​ទីនោះ ហើយ​ឲ្យ​យួន សុំ​ទោស​យើង​ជា​សាធារណៈ»

លិខិត​អំពាវនាវ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បញ្ជាក់​ថា ដើម្បី​កុំ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ការ​ដង្ហែ​ចែក​ខិត្តប័ណ្ណ និង​បិទ​ស្ទីកឃ័រ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​កុំ​ឲ្យ​មាន​ការ​ជាន់​កម្មវិធី​គ្នា​ជាមួយ​អង្គការ​ផ្សេងៗ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រុម​អ្នក​តវ៉ា​សម្រេច​ស្នើសុំ​សាលា​រាជធានី​ភ្នំពេញ មក​ជួប​ជុំ​គ្នា​នៅ​មុខ​ស្ថានទូត​វៀតណាម វិញ។

លិខិត​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៤ ទី​៥ និង​ទី​៦ ខែ​តុលា វេលា​ម៉ោង ៨​ព្រឹក ពួក​គេ​ជួប​ជុំ​គ្នា​នៅ​មុខ​ស្ថានទូត​វៀតណាម ដើម្បី​សម្ដែង​មតិ​រហូត​ដល់​ម៉ោង ៥​រសៀល។ ចំណែក​ថ្ងៃ​ទី​៧ និង​ទី​៨ ពួក​គេ​ទៅ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។