យុវជនខ្មែរកម្ពុជាក្រោម មានក្តីបារម្ភពីការបាត់បង់ឱកាសការងារ ដោយសារប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មិនមានចំណេះដឹង និងជំនាញត្រឹមត្រូវ និងម្យ៉ាងវិញទៀត រដ្ឋាភិបាលវៀតណាម នៅតែបិទសិទ្ធិសេរីភាពពលរដ្ឋខ្មែរកម្ពុជាក្រោម ទោះបីកម្ពុជា នៅពេលខាងមុខ ប្រទេសក្នុងតំបន់នឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានក៏ដោយ។
អ្នកវិភាគយល់ឃើញថា កម្ពុជា ត្រូវតែមានយន្តការគាំពារសិទ្ធិដល់ប្រជាជនខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាម នោះ។ តែបញ្ហានេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងថា កម្ពុជា មិនអាចលូកដៃក្នុងដែនអធិបតេយ្យភាពប្រទេសដទៃបានឡើយ។
យុវជនខ្មែរកម្ពុជាក្រោម លើកឡើងថា កម្ពុជា មិនមានផែនការច្បាស់លាស់ក្នុងការពង្រឹងសមត្ថភាពតាមរយៈបង្កើតផលិតផលក្នុងស្រុកដោយខ្លួនឯង មិនមានផែនការផ្សព្វផ្សាយឲ្យទូលំទូលាយស្ដីពីអាស៊ានដល់ប្រជាជន និងប្រជាជនភាគច្រើន គ្មានជំនាញវិជ្ជាជីវៈត្រឹមត្រូវ។ ការលើកឡើងនេះ គឺនៅក្នុងសិក្ខាសាលាស្ដីពីសេដ្ឋកិច្ចអាស៊ាន និងបញ្ហាប្រឈមរបស់យុវជនខ្មែរក្រោម នៅថ្ងៃទី២៨ មិថុនា នៅសមាគមខ្មែរកម្ពុជាក្រោម ក្រុងភ្នំពេញ។
យុវជនខ្មែរកម្ពុជាក្រោម លោក ផូ រស្មី និយាយថា ពលរដ្ឋកម្ពុជា និងកម្ពុជាក្រោម យល់ដឹងតិចតួចណាស់ពីអាស៊ាន ហើយភាគច្រើននៃប្រជាពលរដ្ឋនោះនឹងក្លាយជាប្រជាជនរងគ្រោះ ដោយសារគ្មានសមត្ថភាពប្រកួតប្រជែងការងារ និងមិនមានចំណេះដឹងស្ដីពីសហគ្រិនភាព ខណៈដែលប្រជាជននៃប្រទេសជាសមាជិកដទៃទៀត គេត្រៀម និងយល់ដឹងច្រើនពីអាស៊ាន។
លោកបន្តថា កម្ពុជា គ្រប់វិស័យទាំងអស់អន់ណាស់ គឺស្មើសូន្យតែម្តង។ រដ្ឋាភិបាលកម្ពុជា មិនបានយកចិត្តទុកដាក់ និងគាំពារដល់យុវជនកម្ពុជាក្រោម នោះឡើយ។ ម្យ៉ាងវិញទៀត ពលរដ្ឋ និងយុវជនកម្ពុជាក្រោម សព្វថ្ងៃ មិនមានលទ្ធភាពសិក្សាល្អប្រសើរនោះទេ៖ «ដូចយុវជនខ្មែរក្រោមអ៊ីចឹង ជាយុវជនទន់ខ្សោយ ដែលរស់នៅលើទឹកដីកម្ពុជា ហើយស្ថិតក្រោមការត្រួតត្រារបស់យួន ទៀត និងយុវជនមួយចំនួនមានចំណេះតិចតួច»។
ស្រដៀងនឹងការលើកឡើងនេះដែរ លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា កម្ពុជា ត្រូវតែលើកសេចក្តីព្រាងស្ដីពីការការពារសិទ្ធិដល់ពលរដ្ឋ និងយុវជនកម្ពុជាក្រោម ទៅពិភាក្សាជាមួយរដ្ឋជាសមាជិកទាំងអស់ក្នុងតំបន់សមាគមអាស៊ាន ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាក្រោម ទទួលបានសិទ្ធិសេរីភាព។
លោកបន្ថែមថា ព្រះមហាក្សត្រ និងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ត្រូវតែជំរុញ និងលើកទឹកចិត្ត រួមទាំងផ្តល់ការគាំពារតាមរយៈដំណើរទស្សនកិច្ចទៅសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មួយឆ្នាំងពីរទៅបីដង៖ «ប្រទេសកម្ពុជា ត្រូវតែឧស្សាហ៍ជំរុញទៅអាជ្ញាធរវៀតណាម កុំមានការរើសអើងចំពោះមុខងារ និងភារកិច្ចរបស់ប្រជាជនខ្មែរកម្ពុជាក្រោម នៅក្នុងរដ្ឋាភិបាលវៀតណាម»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយអ្វីក្នុងការការពារដល់ប្រជាជនខ្មែរក្រោមនោះឡើយ។ មិនមានគោលនយោបាយគាំពារព្រោះថា ពលរដ្ឋកម្ពុជាក្រោម ស្ថិតក្នុងដែនអធិបតេយ្យភាពប្រទេសវៀតណាម។ លោកបន្តថា ពលរដ្ឋកម្ពុជាក្រោម គឺជាប្រជាជនវៀតណាម៖ «គឺយើងមិនមានគោលនយោបាយអីទាំងហ្នឹងទេ ប៉ុន្តែយើងនឹងជំរុញតាមរយៈអង្គការសហប្រជាជាតិ ហើយពលរដ្ឋខ្មែរកម្ពុជាក្រោម ជាជនជាតិវៀតណាម»។
នាយកវិទ្យាស្ថានកម្ពុជាអាស៊ាន លោក ស៊ាង សុបញ្ញា លើកឡើងថា នៅពេលប្រទេសកម្ពុជា ធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានចុងឆ្នាំ២០១៥ យុវជនកម្ពុជា និងកម្ពុជាក្រោម ពិតជាប្រឈមនឹងផលវិបាកមួយចំនួនដែលគេចមិនផុតនោះទេ។ ចំណុចលំបាកទី១ យុវជននឹងជួបការលំបាកក្នុងការប្រើប្រាស់ភាសាបរទេស និងភាសានៃប្រទេសដទៃទៀតក្នុងសហគមន៍អាស៊ាន និងទី២ ប្រជាជនកម្ពុជា និងកម្ពុជាក្រោម ទទួលបានការងារនឹងគេដែរ ប៉ុន្តែប្រាក់ខែតិច។ ទទួលបានប្រាក់តិចព្រោះធ្វើការប្រើកម្លាំង តែគ្មានជំនាញវិជ្ជាជីវៈច្បាស់លាស់៖ «ឥឡូវនេះគ្រាន់តែប្រទេសជាសមាជិកអាស៊ាន ទំហំពាណិជ្ជកម្មរហូត ៦០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយការវិនិយោគទុនបរទេសផ្ទាល់មកក្នុងប្រទេសអាស៊ានវិញ គឺមានចំនួនជាង ១៤០ពាន់លានដុល្លារកាលពីឆ្នាំទៅ»។
យ៉ាងណាក៏ដោយ លោក ស៊ាង សុបញ្ញា ពន្យល់ថា យុវជនកម្ពុជា និងកម្ពុជាក្រោម នឹងមានឱកាសច្រើនក្នុងការរៀនសូត្រតាមការផ្តល់អាហារូបករណ៍ពីប្រទេសដទៃទៀត ដែលជាសមាជិកអាស៊ាន។ លោកបន្ថែមថា យុវជនអាចរៀនពីរបៀបនៃការធ្វើអាជីវកម្ម និងសហគ្រិនភាព តាមរយៈការវិនិយោគទុនពីប្រទេសជាសមាជិក និងប្រទេសដែលមិនមែនជាសមាជិកអាស៊ាន។
យុវជនកម្ពុជា និងកម្ពុជាក្រោម សង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជា ត្រូវតែមានយន្តការជាក់លាក់ក្នុងការបណ្តុះបណ្តាលយុវជន និងប្រជាជនគ្រប់មជ្ឈដ្ឋាន មិនថាខ្មែរលើ ឬខ្មែរក្រោមនោះឡើយ។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលកម្ពុជា ត្រូវលើកឡើងនូវសេចក្តីព្រាងទៅប្រទេសជាសមាជិកអាស៊ាន ស្ដីពីការគាំពារសិទ្ធិ ពិសេសយុវជនដោយមានតម្លាភាព និងត្រូវគោរពតាមសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។
អាស៊ានបង្កើតឡើងដោយប្រទេសចំនួន៥ គឺហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងសិង្ហបុរី នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ កម្ពុជា ចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ បច្ចុប្បន្ន អាស៊ានមានប្រទេសជាសមាជិកចំនួន១០ ហើយនៅចុងឆ្នាំ២០១៥ នេះ ប្រទេសជាសមាជិកទាំងអស់ នឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចតែមួយ នៅពេលនោះជាពេលវេលាមួយដែលមានលំហូរកម្លាំងពលកម្មពីគ្នាទៅវិញទៅមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
