ពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​រំកិល​ព្រំដែន​ពី​ភាគី​ថៃ

អ្នក​វិភាគ​បញ្ហា​សង្គម និង​ប្រជាពលរដ្ឋ ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល និង​អ្នក​នយោបាយ​គ្រប់​និន្នាការ​នយោបាយ សហការ​គ្នា​ការពារ និង​ទប់ស្កាត់​រាល់​សកម្មភាព​ឈ្លាន​ពាន​ទឹកដី​ពី​ប្រទេស​ជិត​ខាង​កម្ពុជា បន្ទាប់​ពី​ឃើញ​ទាហាន​ថៃ បាន​ពង្រាយ​កងទ័ព​ឈរ​ជើង​ចូល​ទឹកដី​ខ្មែរ​ធ្លាប់​កាន់​កាប់។
ដោយ ដែន អយុធ្យា
2013-03-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
១៨-មីនា-២០១៣៖ បច្ចុប្បន្ន​ចំណុច​នេះ​ស្ថិត​ក្រោម​អធិបតីភាព​របស់​ថៃ ដែល​អតីត​ជា​ទឹកដី​ខ្មែរ នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ត្រង់​ចំណុច​អូអែម ចន្លោះ​ខេត្ត​ចាន់បូរី ប្រទេស​ថៃ និង​ខេត្ត​ប៉ៃលិន។
១៨-មីនា-២០១៣៖ បច្ចុប្បន្ន​ចំណុច​នេះ​ស្ថិត​ក្រោម​អធិបតីភាព​របស់​ថៃ ដែល​អតីត​ជា​ទឹកដី​ខ្មែរ នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ត្រង់​ចំណុច​អូអែម ចន្លោះ​ខេត្ត​ចាន់បូរី ប្រទេស​ថៃ និង​ខេត្ត​ប៉ៃលិន។
RFA/Den Ayuthea

អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ហាក់​មិន​មាន​អ្នក​ជួយ​គិតគូរ​ពី​បញ្ហា​បូរណភាព​ទឹកដី ឬ​សកម្មភាព​រំលោភ​ទឹកដី​ពី​ប្រទេស​ជិត​ខាង​នោះ​ទេ។ លោក​រក​ឃើញ​ថា សកម្មភាព​រំលោភ​ទឹកដី​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​ពី​ភាគី​ថៃ បាន​កើត​មាន​ជា​បន្ត​បន្ទាប់។ លោក​បាន​រៀបរាប់​ដើម​ហេតុ និង​ទំហំ​នាំ​ឲ្យ​កម្ពុជា បាត់​ទឹកដី​តាម​បន្ទាត់​ព្រំដែន នា​ខេត្ត​មួយ​ចំនួន​ទៅ​ឲ្យ​ប្រទេស​ថៃ កន្លង​មក។

អ្នក​ស្រាវជ្រាវ​រូប​នេះ​ព្រួយ​បារម្ភ​ចំពោះ​ផែន​ការ​រុករក​បង្គោល ឬ​កំណត់​ព្រំដែន​គោក រវាង​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ពី​អាណាព្យាបាល​បារាំង អាច​នាំ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​ថែម​ទៀត ព្រោះ​បច្ចុប្បន្ន ទឹកដី​តាម​បន្ទាត់​ព្រំដែន​ដែល​កន្លង​មក​គ្រប់គ្រង​ដោយ​អតីត​កងទ័ព​ខ្មែរ​ក្រហម រណសិរ្ស​ហ៊្វុនស៊ិនប៉ិច និង​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​បាន​ប្រទេស​ថៃ កាន់​កាប់​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ​នោះ។

លោក កែម ឡី ដែល​បាន​ចុះ​ស្រាវជ្រាវ​បញ្ហា​ព្រំដែន ឬ​បញ្ហា​ចំណាក​ស្រុក​ជាដើម តាម​ព្រំដែន​កម្ពុជា-ថៃ នា​ខេត្ត​បន្ទាយមានជ័យ ដើម​ខែ​មីនា ឆ្នាំ​២០១៣ លោក​បាន​ស្រង់​សម្ដី​ពលរដ្ឋ​មក​អះអាង​ថា បច្ចុប្បន្ន​ទឹកដី​តាម​ព្រំដែន​ដែល​អតីត​ទាហាន​តស៊ូ​គ្រប់គ្រង​អំឡុង​ពេល​ប្រទេស​មាន​សង្គ្រាម​មុន​ឆ្នាំ​១៩៩៦ ត្រូវ​បាត់​បង់​ទៅ​ប្រទេស​ថៃ។

លោក​បន្ត​ថា ការ​បាត់​បង់​ទឹកដី​នេះ អាច​កើត​មាន​បន្ទាប់​ពី​កម្លាំង​តស៊ូ​ជាយ​ដែន ឬ​អតីត​កងទ័ព​ខ្មែរ​ក្រហម​មួយ​ផ្នែក បាន​ធ្វើ​សមាហរណកម្ម ឬ​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​១៩៩៦។ លោក​បន្ត​ថា ទឹកដី​ខ្មែរ​តាម​ព្រំដែន​ដែល​ពលរដ្ឋ​អះអាង​ថា​បាត់​ទៅ​ប្រទេស​ថៃ គឺ​មាន​ជម្រៅ​ពី ១​គីឡូម៉ែត្រ ទៅ ៣​គីឡូម៉ែត្រ មាន​នៅ​ម្តុំ​ច្រក​ព្រំដែន​អូរបីជាន់ ម្តុំ​ច្រក​ព្រំដែន​ក​៥ ច្រក​ជោគជ័យ ច្រក​ព្រៃគប់ និង​ម្តុំ​ច្រក​បឹង​ត្រកួន នៅ​ស្រុក​អូរជ្រៅ និង​ស្រុក​ថ្មពួក ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាដើម។

ទោះ​យ៉ាង​ណា លោក កែម ឡី មិន​ហ៊ាន​វាយ​តម្លៃ​ទៅ​លើ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​បាត់​បង់​ទឹកដី​តាម​បន្ទាត់​ព្រំដែន​នេះ​ទេ ដោយ​បញ្ជាក់​ខ្លី​ថា ការ​អះអាង​របស់​លោក​គឺ​ផ្អែក​ទៅ​តាម​ពលរដ្ឋ​លើក​ឡើង។ លោក​ថា របាយការណ៍​វាយ​តម្លៃ​នេះ​មាន​តម្លៃ ឬ​កម្រិត​ស្តង់ដារ​ប៉ុណ្ណា គឺ​វា​អាស្រ័យ​ទៅ​លើ​បុគ្គល ឬ​ស្ថាប័ន​នីមួយៗ​ជា​អ្នក​វាយ​តម្លៃ។ រឿង​នេះ សម្រាប់​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​ជាប់​តាម​បន្ទាត់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន ក៏​បាន​អះអាង​ពី​សកម្មភាព​ថៃ រំលោភ​ចូល​ទឹកដី​ខ្មែរ​នៅ​តាម​ព្រំដែន​នេះ​ដូច​គ្នា​ដែរ។

ពលរដ្ឋ​មិន​បង្ហាញ​អត្តសញ្ញាណ នៅ​ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ថា សកម្មភាព​ថៃ ទន្ទ្រាន​ចូល​កាន់​កាប់​ដីធ្លី​នៅ​តាម​ព្រំដែន បាន​កើត​មាន​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ។ ពលរដ្ឋ​អះអាង​ថា ដី​ព្រៃ​តាម​បន្ទាត់​ព្រំដែន ឬ​ទី​កន្លែង​ពុំ​មាន​ពលរដ្ឋ​សង់​លំនៅឋាន ទាហាន​ថៃ តែង​ចូល​កាន់​កាប់ និង​ដាក់​ពង្រាយ​កងទ័ព ព្រម​ទាំង​មាន​ពេល​ខ្លះ​គំរាម​ពលរដ្ឋ​ឲ្យ​រុះរើ​លំនៅឋាន​ថែម​ទៀត។

កសិករ​រស់នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន បាន​ឲ្យ​ដឹង​ទៀត​ថា ដី​ចម្ការ​បង្កបង្កើន​ផល​ដែល​ពលរដ្ឋ​រុករាន​ពី​ឆ្នាំ​២០០០ មក ទាហាន​ថៃ តែង​មក​រំខាន និង​គំរាម​មិន​ឲ្យ​ដាំដុះ​ញឹកញាប់។ ជាង​នេះ​ទៀត ការ​រស់នៅ និង​ការ​បង្កបង្កើន​ផល​របស់​កសិករ​តាម​ព្រំដែន ស្ថិត​ក្នុង​សង្កាត់​បរយ៉ាខា ក្រៅ​ពី​រង​ការ​គំរាម​ពី​កងទ័ព​ថៃ ក៏​ត្រូវ​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល មក​គំរាម​យក​ដី​ចម្ការ និង​បង្ខំ​ពលរដ្ឋ​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​ថែម​ទៀត។

មិន​ខុស​គ្នា​ទេ អ៊ំ​ស្រី​វ័យ​ជិត ៧០​ឆ្នាំ ឈ្មោះ សារី ពៅ មាន​លំនៅឋាន​ក្បែរ​ច្រក​ព្រំដែន​កម្ពុជា-ថៃ ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ទទួល​ស្គាល់ និង​មាន​អារម្មណ៍​សោកស្ដាយ​ដែល​ដីធ្លី​តាម​ព្រំដែន​ត្រូវ​បាត់​បង់​ទៅ​ឲ្យ​ប្រទេស​ថៃ។ អ៊ំ​ស្រី​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល គួរ​ងាក​មក​គិតគូរ​រឿង​បូរណភាព​ទឹកដី​តាម​ព្រំដែន ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ព្រោះ​ថា​សព្វថ្ងៃ​នេះ ភាគី​ថៃ មាន​មហិច្ឆតា​ចូល​ឈ្លាន ឬ​រំកិល​ព្រំដែន​ចូល​ក្នុង​ទឹកដី​ខ្មែរ​ជា​បន្ត​បន្ទាប់។

ប្រធាន​កិត្តិយស​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ក៏​បាន​ទទួល​ស្គាល់​ថា ដី​ខ្មែរ​តាម​ព្រំដែន​មួយ​ភាគ​ធំ​ដែល​ចលនា​តស៊ូ​ជាយ​ដែន មាន​រណសិរ្ស​ហ៊្វុនស៊ិនប៉ិច ឬ​អតីត​កងទ័ព​ខ្មែរ​ក្រហម​កាន់​កាប់​កន្លង​មក ត្រូវ​ថៃ គ្រប់គ្រង​ស្ទើរ​អស់​ទៅ​ហើយ។ លោក​អះអាង​ថា សកម្មភាព​រំលោភ​ទឹកដី​ខ្មែរ​តាម​ព្រំដែន​ពី​សំណាក់​ភាគី​ថៃ អាច​កើត​មាន​ក្រោយ​កម្លាំង​តស៊ូ​ជាយ​ដែន​បាន​ចូល​រួម​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ទៅ​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១។

យ៉ាង​នេះ​ក្តី លោក លឺ ឡាយស្រេង បាន​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ឬ​អ្នក​នយោបាយ​គ្រប់​និន្នាការ​បក្ស​នយោបាយ ត្រូវ​សហការ​ទប់ស្កាត់​រាល់​សកម្មភាព​ឈ្លាន​ពាន​ទឹកដី​ពី​ប្រទេស​ជិត​ខាង ជា​ជាង​ឈ្លោះ​ទាស់​ទែង​ខ្មែរ​គ្នា​ឯង។

ទាក់ទិន​បញ្ហា​នេះ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​រដ្ឋាភិបាល ធ្លាប់​បាន​បញ្ជាក់​ថា បញ្ហា​ព្រំដែន​នេះ​គ្មាន​នរណា​ទៅ​ឆោត​ល្ងង់​បោះ​កំណត់​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង នាំ​ឲ្យ​បាត់​បង់​ទឹកដី​ខ្លួន​ទេ។ លោក​បន្ត​ថា បញ្ហា​កំណត់​បង្គោល​ព្រំដែន​គោក​ជាមួយ​ថៃ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​យក​តាម​បង្គោល​ព្រំដែន​មាន​ស្រាប់ និង​ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ក្រោយ​ឆ្នាំ​១៩០៤ មាន​ចំនួន ៧៣​បង្គោល។

ទោះ​យ៉ាង​ណា អតីត​កងទ័ព​ខ្មែរ​ក្រហម លោក ឃិន ប៉ុន បច្ចុប្បន្ន​រស់នៅ​ខេត្ត​ប៉ៃលិន គ្មាន​ជំនឿ​ថា ការ​កំណត់​បង្គោល​ព្រំដែន​គោក​កម្ពុជា-ថៃ នា​ថ្ងៃ​ខាង​មុខ រដ្ឋាភិបាល​អាច​រក្សា​អធិបតីភាព ឬ​បូរណភាព​ទឹកដី​ទៅ​តាម​បង្គោល​ព្រំដែន​ពី​ជំនាន់​បារាំង បាន​ទេ ព្រោះ​សង្កេត​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភាគី​ថៃ បាន​រំកិល​បង្គោល​ព្រំដែន​មក​បោះ​ចូល​ក្នុង​ទឹកដី​ខ្មែរ​ធ្លាប់​កាន់​កាប់​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន។ លោក​អះអាង​ថា ថៃ ពិត​ជា​បាន​រំកិល​បន្ទាត់​ព្រំដែន និង​ពង្រាយ​ទ័ព​ឈរ​ជើង​ចូល​ក្នុង​ទឹកដី​ខ្មែរ​ពិត​ប្រាកដ​មែន ដែល​សកម្មភាព​នេះ​អាច​កើត​មាន​ក្រោយ​កម្លាំង​តស៊ូ​ជាយ​ដែន​បាន​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​រដ្ឋាភិបាល​នៅ​ឆ្នាំ​១៩៩៦។

បញ្ហា​នេះ មន្ត្រី​​ថ្នាក់​ដឹកនាំ​ខេត្ត​មាន​មូលដ្ឋាន​ជាប់​ព្រំដែន​កម្ពុជា-ថៃ មាន​ខេត្ត​បន្ទាយមានជ័យ និង​ប៉ៃលិន បាន​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ព្រំដែន​នេះ​ទេ។ ដូច​គ្នា​ដែរ វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​តំណាង​ស្ថានទូត​ថៃ ប្រចាំ​ក្រុង​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​ព្រំដែន​បាន​ទេ តាម​សារ​អេឡិចត្រូនិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

khmerpartriot

ពិតមែនហើយបង្គោលព្រំដែននិមួយត្រូវថៃរំកិលទាំងអស់ដូចជាច្រកបិងត្រកួន៣ដងច្រកនិមួយតាមព្រំដែនកាលពីមុនមានទំនប់ប្ញុហៅថាvoryoហើយvoryoនេះនៅចម្ងាយពិភូមិtapiya​​ចាស់​ប្រហែល៤០០ទៅ៥០០មែត្រហើយចំណុចនោះមានដើមស្នាយធំនិងមានដំបូកទឿតផង់។ហើយបច្ចុប្បន្នអស់លោកបានជ្រាប់ដែរទេ?តើបង្គោលនេះចូលមកក្នុងដិ់ខ្មែរយើងមានបុន្មានគិឡូមែត្រពីចំណុចបង្គោលដើមមកដល់ចំណុចថ្មីក្នុងទឹកដីខ្មែរ?????????

Mar 21, 2013 09:39 PM

អ្នក​អាន​អនាមិក

HUN SEN DEOS CARE WELL HIS POWER MONEY(STEAL FROM KHMER NATION) AND HIS FAMILY. HE NEVER CARE CAMBODIA AND CAMBODIAN, HE FIGHTS WITH HIS OWN PEOPLE TO PROTECT HIS BOSS(YUN AT EAST) HIS BEST FRIEND(TACSIN SINAVATTRA AT WEST)THAN EVRRY DAY THE BORDER LINE CAULD WALK.

Mar 21, 2013 10:50 AM

ខ្មែរ

ពី ភ្នំពេញ

ហ៊ុសែន​ និយាយថាមិនបាត់ទេ១មិលិម៉ែត្រ​ គាត់មិនដែលនិយាយថាមិនបាត់លើសពី១គីឡូម៉ែត្រឡើងទៅឯណា

Mar 21, 2013 05:35 AM

អ្នក​អាន​អនាមិក

Dear sir.
am waiting your reply wroter by khmer partriot on this morning. About tapriya thailand willage to bueng tra kuan. cambodia willage

Mar 21, 2013 11:17 PM

អាកឹង

ពី កូឡាំបៀ

គ្មានពាក្យនិងថ្លាថ្លែងប្រមុខរាជរដ្ឋាភិបាលរបស់យើងសព្វថ្ងៃ
នេះចេះត្រឹមតែក្អេងក្អាងរួចហើយអំពាវនាវឱ្យអ្នកស្រុកម្ចាស់
ប្រទេសស្រឡាញ់បោះឆ្នោតឱ្យ ខ្លួនឯងខ្វាក់ហើយថ្លង់ស្ដាប់
ប្រជារាស្រ្ដថ្លែងពីទុក្ខកង្វល់នៃការបាត់បង់ទឹកដីទៅប្រទេស
ជិតខាងមិនទាំងឮផង នៅចង់ដឹកនាំចង់ធឺជាម្លប់ស្អីទៀត បើ
ភ្លឹកនឹងថ្កល់ដូចទីងមោងមានតាសំលែង សូមអង្វរអោយប្រ
កាច់លាលែងតំណែងនិងដាក់រាជឱ្យអស់ទៅ ទុកឧិកាសឱ្យ
អ្នកមានសមត្ថភាពឡើងកាច់ចង្កូតនាវាប្រទេសជាតិម្ដងទៅ
បើខ្លួនវាមិនខ្មោចទៅហើយនោះ។

Mar 21, 2013 02:13 AM

អាកឹង

ពី កូឡាំបៀ

គ្មានពាក្យនិងថ្លាថ្លែងប្រមុខរាជរដ្ឋាភិបាលរបស់យើងសព្វថ្ងៃ
នេះចេះត្រឹមតែក្អេងក្អាងរួចហើយអំពាវនាវឱ្យអ្នកស្រុកម្ចាស់
ប្រទេសស្រឡាញ់បោះឆ្នោតឱ្យ ខ្លួនឯងខ្វាក់ហើយថ្លង់ស្ដាប់
ប្រជារាស្រ្ដថ្លែងពីទុក្ខកង្វល់នៃការបាត់បង់ទឹកដីទៅប្រទេស
ជិតខាងមិនទាំងឮផង នៅចង់ដឹកនាំចង់ធឺជាម្លប់ស្អីទៀត បើ
ភ្លឹកនឹងថ្កល់ដូចទីងមោងមានតាសំលែង សូមអង្វរអោយប្រ
កាច់លាលែងតំណែងនិងដាក់រាជឱ្យអស់ទៅ ទុកឧិកាសឱ្យ
អ្នកមានសមត្ថភាពឡើងកាច់ចង្កូតនាវាប្រទេសជាតិម្ដងទៅ
បើខ្លួនវាមិនខ្មោចទៅហើយនោះ។

Mar 21, 2013 02:13 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល