ថៃ​ហាម​មិន​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រំដែន​ចូល​កម្ពុជា​ពេល​យប់

កងយោធា​ថៃ បាន​បិទ​មិន​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ទំនិញ​នៅ​ពេល​យប់​ឆ្លង​កាត់​ច្រក​អន្តរជាតិ​ខ្លងលឹក ជាប់​ជាមួយ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ បម្រាម​​កងទាហាន​ថៃ​នេះ ​បាន​ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី និង​ពុំ​បាន​ចេញ​លិខិត​ស្នាម​ជូន​ដំណឹង​​​មក​ភាគី ​កម្ពុជា​នោះ​ឡើយ។

វា​ជា​វិធាន​ការ​រដ្ឋបាល​​របស់​កងយោធា​ថៃ​ ដើម្បី​លើក​កម្ពស់​សន្តិសុខ​ជាតិ​របស់​ខ្លួន​ក៏​ពិត​មែន​ ប៉ុន្តែ​ បម្រាម​ភ្លឹបភ្លែត​ដូច​ភ្នែក​បន្ទោរ​នេះ ​កំពុង​បង្ក​ផល​លំបាក​ទៅ​ដល់​សេវា​ដឹក​ជញ្ជូន​ទំនិញ​​នានា ​នៅ​ពេល​យប់​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន។

បុគ្គលិក​​ជា​អ្នក​បម្រើការ​ខាង​ផ្នែក​ការងារ​ឯកសារ​នាំ​ទំនិញ​ចេញ​ចូល​របស់​ក្រុមហ៊ុន​កម្ពុជា​មួយ ​ថ្លែង​នៅ​ថ្ងៃ​ទី​២៣ មិថុនា ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ ​ទាហាន​ថៃ បាន​ចេញ​បទ​បញ្ជា និង​ជូន​ដំណឹង​ដល់​ក្រុម​អាជីវករ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ មិន​ឲ្យ​មាន​ការ​នាំ​ទំនិញ​ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ពេល​យប់ ប៉ុន្តែ​ពួកគេ​អនុញ្ញាត​ឲ្យ​រថយន្ត​ទំនេរ មិន​មាន​ផ្ទុក​​ទំនិញ​ អាច​បើក​ឆ្លង​កាត់​បាន​រហូត​ដល់​ម៉ោង ១០​យប់៖ «ក្នុង​រយៈពេល​ប្រហែល​បី​ថ្ងៃ​កន្លង​មក​នេះ ​ភាគី​ថៃ​បាន​ជូន​ដំណឹង​មក​ដល់​ក្រុម​អាជីវករ​ មក​ដល់​ពី​ក្រុមហ៊ុន​ដែល​នាំ​ទំនិញ​ចេញ​ចូល​ឲ្យ​ផ្អាក​នាំ​ចេញ​ ត្រឹមតែ​រយៈពេល​ម៉ោង ៥ ប៉ុណ្ណោះ។ យោធា​គេ​ប្រាប់​អ្នក​រត់​ការ​ថា ថៃ​ត្រូវ​រក្សា​ស្ថានភាព​នយោបាយ​ សន្តិសុខ​សង្គម​របស់​គេ​ឲ្យ​បាន​រឹងមាំ​ ពេល​យប់​ពិបាក​គ្រប់គ្រង។ កាល​ពី​មុន​មក​ចរាចរណ៍​បើក​ដល់​ម៉ោង ១០​យប់​ទើប​បាន​បិទ»

នេះ​ជា​បម្រាម​ថ្មី​មួយ​ទៀត​របស់​កងទាហាន​ថៃ។ កញ្ញា ​ណង​ ម៉ាំ ជា​អ្នក​រត់​ការ​ឯកសារ​ទំនិញ​ចេញ​ចូល​របស់​ក្រុមហ៊ុន​ថៃ ​ថ្លែង​ថា ​ទាហាន​ថៃ​តម្រូវ​ឲ្យ​ឡាន​ដឹក​ទំនិញ​ចេញ​ចូល​ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ខ្លង​លឹក​ ជាប់​ច្រក​ទ្វារ​ប៉ោយប៉ែត ត្រូវ​ដំណើរ​ការ​ឲ្យ​ចប់​សព្វ​គ្រប់​នៅ​​មុន​ម៉ោង ៥​ល្ងាច។

ទន្ទឹម​គ្នា​នេះ ​កង​ទាហាន​ថៃ បាន​បញ្ជា​​ឲ្យ​មន្ត្រី​គយ​ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​ខ្លង​លឹក ក្នុង​ស្រុក​ អារ៉ាញ់ ខេត្ត​ស្រះកែវ ប្រទេស​​ថៃ ត្រូវ​ឈប់​ធ្វើ​ការ​ត្រួតពិនិត្យ​លើ​រថយន្ត​ដឹក​ទំនិញ​ទាំង​​អស់​ឲ្យ​បាន​នៅ​មុន​ម៉ោង ៥​ល្ងាច​​ដូចគ្នា៖ «យើង​មិន​ដឹង​ពី​បទ​បញ្ជា​របស់​កងទាហាន​ថៃ ដែល​បាន​​ដាក់​បម្រាម ​នេះ​ទេ ហើយ​ការ​​​បិទ​រហូត​ដល់​ថ្ងៃ​ណា​នោះ​ក៏​គេ​មិន​បាន​ដឹង​ឡើយ។ គេ​គ្រាន់​តែ​ដឹង​ថា ​ទាហាន​បាន​ហាមឃាត់​ដាច់ខាត​ រាល់​ទំនិញ​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ទាំង​អស់​ មិន​ឲ្យ​មាន​ចរាចរណ៍​ឆ្លង​កាត់​ហួស​ពី​ម៉ោង ៥​ល្ងាច​នោះ​ទេ ប៉ុន្តែ ​រថយន្ត​ទំនេរ​ដែល​មិន​ដឹក​ទំនិញ​អាច​ចេញ​ចូល​ឆ្លង​ច្រក​ទ្វារ​បាន​រហូត​ដល់​ម៉ោង ១០​យប់»

តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ​ជា​ធម្មតា​ក្រុមហ៊ុន​របស់​លោក​បាន​ដឹក​ទំនិញ​ចេញ​ចូល​ទៅ​ប្រទេស​ថៃ និង​មក​ប្រទេស​កម្ពុជា​​ រហូត​ដល់​ម៉ោង ១០​យប់​ ប៉ុន្តែ​នៅ​ពេល​នេះ​ ទាហាន​បាន​កំណត់​ត្រឹម​តែ​ម៉ោង ៥​ល្ងាច។ ការ​កំណត់​វេលា​ បាន​ធ្វើ​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត។ ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​ថៃ និង​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «វា​ប៉ះពាល់...។ កាល​ឡាន​យើង​មក​យឺត​បើ​ខាង​ខ្ញុំ​ភាគ​ច្រើន​ឡាន​មក​ដល់​ម៉ោង ៧​យប់ ហើយ​បាន​មក​ដល់​ អ៊ីចឹង​ការ​នាំ​ចេញ​ទៅ​ហ្នឹង​វា​បើ​ចាំ​ព្រឹក​ឡើង​យើង​ឡើង​យន្ត​ហោះ​អត់​ទាន់​ អ៊ីចឹង​យើង​ចេញ​យប់​ហ្នឹង​ទៅ​ដល់​ម៉ោង​៩​ ទៅ ៩​កន្លះ​រៀបចំ​អី​ហើយ ខ្លះ ១០​នាទី ឡាន​ខ្ញុំ​ចូល​ទៅ​បាន​ ទាន់​ទំនិញ​នៅ ត្រូវ​នាំ​ចេញ​ធ្វើ​បាន​ ទំនិញ​រោងចក្រ​កាត់​ដេរ បើ​ធ្វើ​អ៊ីចឹង​ស្ទះ​ហើយ»

ប្រធាន​គណៈកម្មការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​លោក អាន វណ្ណៈ បញ្ជាក់​ថា រូប​លោក​ពុំ​ទាន់​បាន​ដឹង​ជុំវិញ​ព័ត៌មាន​ដែល​ទាហាន​ថៃ ហាមឃាត់​មិន​ឲ្យ​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រកទ្វារ​នៅ​ពេល​យប់​នេះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​បញ្ជាក់​ថា ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជាប់​នឹង​ច្រក​ខ្លងលឹក ថៃ ចាប់​បើក​ទ្វារ​ឲ្យ​ដំណើរ​ការ​ពី​ម៉ោង ៦​ព្រឹក រហូត​ដល់​ម៉ោង ១០​យប់​ ទើប​បិទ​ចរាចរណ៍​មិន​ឲ្យ​ឆ្លង​កាត់។ លោក​បន្ត​ថា បម្រាម​របស់​ទាហាន​ហាម​ឃាត់​ទំនិញ​មិន​ឲ្យ​ឆ្លង​កាត់​នៅ​ពេល​យប់​នេះ នឹង​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ។

មាន​ក្រុមហ៊ុន​ឯកជន​ធំៗ​ជាង ១០​ក្រុមហ៊ុន ​ដែល​រក​ស៊ី​ដឹក​ទំនិញ​ចេញ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ និង​ដឹក​ចូល​មក​ប្រទេស​កម្ពុជា​ ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ហើយ​បម្រាម​ថ្មី​របស់​កងទាហាន​ថៃ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​សេវា​ដឹក​ជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន។ ទំនិញ​សំខាន់ៗ​ទាំង​នោះ​ នឹង​មាន​ការ​កកស្ទះ​មិន​អាច​បញ្ជូន​ដល់​ជើង​យន្ត​ហោះ​ទាន់​ពេលវេលា​នោះ​ឡើយ។ ទំនិញ​នានា​ដែល​ចរាចរណ៍​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ មាន​គ្រឿង​បរិភោគ​ សម្ភារៈ​សំណង់​ រថយន្ត​ដឹក​ឡាន ម៉ូតូ​ និង​​សំលៀក​បំពាក់​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។