កងទ័ព​ការពារ​ព្រំដែន​ខ្មែរ-ថៃ​ស្ម័គ្រ​ស្លាប់​ការពារ​ទឹកដី

កង​យោធពល​ខេមរភូមិន្ទ ប្រចាំ​ការ​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ បាន​បង្ហាញ​ទឹក​ចិត្ត​ក្លាហាន ពុះពារ​ការពារ​បូរណភាព​ទឹកដី មិន​ឲ្យ​កងទ័ព​ថៃ ឈ្លាន​ពាន​កម្ពុជា នោះ​ឡើយ។
ដោយ ដែន អយុធ្យា
2013-02-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទាហាន​ខ្មែរ ឧត្ដរមានជ័យ ៣០៥
១៥-មេសា-២០១១៖ កង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​នៅ​តំបន់​ថ្មដូន ក្នុង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ
RFA/Hang Savyouth

ការ​អះអាង​នេះ កើត​មាន​ជា​ថ្មី​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​កងទ័ព​ត្រៀម​ទប់ទល់​សភាពការណ៍​អាច​នឹង​កើត​មាន​នៅ​ខែ​មេសា ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ បកស្រាយ​សាល​ក្រម​ឡើង​វិញ លើ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ។

កង​កម្លាំង​សមរភូមិ​ជួរ​មុខ ឬ​ខ្សែ​ត្រៀម​ជួរ​មុខ​ព្រំដែន​កម្ពុជា-ថៃ ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា នឹង​ត្រៀម​ប្រយុទ្ធ​ស្លាប់​រស់​ជាមួយ​កងទ័ព​ថៃ បើ​សិន​ថៃ ប្រើ​កម្លាំង​ទ័ព​ចូល​រំលោភ​ឈ្លាន​ពាន​កម្ពុជា តាម​ព្រំដែន​នោះ។

ពល​ទាហាន​មិន​បង្ហាញ​អត្តសញ្ញាណ ប្រចាំ​ការ​ម្តុំ​ច្រក​ទ្វារ​ជប់គគីរ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ទោះ​បី​ស្ថានការណ៍​តាម​បន្ទាត់​ព្រំដែន​ស្ងប់ស្ងាត់ ក៏ប៉ុន្តែ​ពួក​គេ​មិន​គិត​ថា​ភាគី​ថៃ មាន​សន្តិភាព​ជាមួយ​កម្ពុជា ទេ៖ «ចរិត​របស់​សៀម វា​ចង់​តែ​លួច​យក​ទឹកដី​ខ្មែរ ជា​រហូត វា​មិន​នៅ​ត្រង់​ណា​ឲ្យ​នៅ​ត្រង់​ហ្នឹង​ទេ។ បើ​យើង​ធ្វេសប្រហែស វា​រឹប​ចូល​យក​ហើយ។ តំបន់​ណា​ដែល​ស្ងាត់​ពី​ប្រជាពលរដ្ឋ ឬ​កង​កម្លាំង​របស់​យើង វា​តែង​តែ​ខិត​ចូល​បន្តិច​ម្តងៗ ព្រោះ​ដឹង​ចរិត​វា​តាំង​ពី​ណា​ពី​ណី​មក​ហើយ។ ខ្មែរ​យើង​មិន​ដែល​បាន​ទៅ​លួច​ទឹកដី​ពី​វា​ទេ គឺ​យើង​មិន​ដែល​ទៅ​លួច​អី​ពី​វា​ទេ។ មាន​តែ​វា​ទេ តាំង​ពី​ដូនតា​យើង​មក»

កងទ័ព​ផ្សេង​ទៀត​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា រាល់​ថ្ងៃ​នេះ​តាម​សង្កេត ភាគី​កងទ័ព​ថៃ តែង​បាន​ធ្វើ​សកម្មភាព​ជ្រៀត​ចូល និង​ពង្រាយ​កម្លាំង​ល្បាត​តាម​ព្រំដែន​ចូល​ទឹកដី​ខ្មែរ ពិសេស​នៅ​តំបន់​គ្មាន​មនុស្ស​រស់នៅ​ជាប់​លាប់។ ហើយ​ថា ទង្វើ​នេះ​ខាង​ថ្នាក់​ដឹកនាំ​កម្ពុជា តែង​ធ្វើ​ការ​សម្រប​សម្រួល និង​អនុវត្ត​ទៅ​តាម​ចង់​បាន​របស់​ភាគី​ថៃ ជា​ដរាប ទោះ​បាន​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ពលរដ្ឋ​កម្ពុជា បែប​ណា​ក្តី៖ «សព្វថ្ងៃ​ថៃ វា​ចង់​ដី និង​ផ្ទះ​ប្រជាពលរដ្ឋ​ពី​លំនៅឋាន និង​ដក​ដំឡូង​ពលរដ្ឋ​ថែម​ទៀត»

បញ្ហា​នេះ មន្ត្រី​នគរបាល​ព្រំដែន​កម្ពុជា-ថៃ ច្រក​ទ្វារ​ជប់គគីរ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ក៏​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ស្ថានការណ៍​ព្រំដែន​ក្នុង​មូលដ្ឋាន​លោក មាន​សភាព​ស្ងប់ស្ងាត់ ដោយ​កម្លាំង​ចម្រុះ​កម្ពុជា-ថៃ បន្ត​ធ្វើ​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ធម្មតា។

ប៉ូលិស​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ខ្លាច​ថ្នាក់​លើ​ស្តី​បន្ទោស បន្ត​ថា ច្រក​ទ្វារ​ព្រំដែន​ជប់គគីរ ក្នុង​១​សប្ដាហ៍ បាន​បើក​ច្រក​នេះ​ចំនួន ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ២​រសៀល ហើយ​ថា ការ​បើក​ច្រក​ទ្វារ​នេះ ប្រជាពលរដ្ឋ​ទាំង​សង​ខាង​អាច​ចេញ​ចូល​ដោះ​ដូរ​ទំនិញ​ជាមួយ​គ្នា​ជា​ធម្មតា។

យ៉ាង​នេះ​ក្តី លោក​ថា កម្លាំង​ចម្រុះ​កម្ពុជា តាម​ព្រំដែន​ជួរ​មុខ មិន​ធ្វេសប្រហែស​ក្នុង​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​នោះ​ទេ៖ «នៅ​ទី​នេះ សភាពការណ៍ គឺ​មិន​អី​ទេ យើង​បាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ទាំង​អស់។ ថៃ វា​និយាយ​ថា ប្រទេស​យើង​បាន​ចូល​អាស៊ាន​រួច​ហើយ យើង​ស្រឡាញ់​គ្នា​ដូច​ប្រទេស​តែ​១​ទៅ កុំ​មាន​បញ្ហា​ជាមួយ​គ្នា។ ទោះ​វា​និយាយ​ល្អ​យ៉ាង​ណា យើង​នៅ​តែ​ប្រុង​ប្រយ័ត្ន​មិន​ធ្វេសប្រហែស​ទេ»

លោក​ទទួល​ស្គាល់​ថា ទាហាន​ថៃ មាន​ល្បិច​ខូច ឬ​តែង​មក​ហាម​ឃាត់ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ពលរដ្ឋ​ខ្មែរ មាន​លំនៅឋាន​តាម​បន្ទាត់​ព្រំដែន មិន​ឲ្យ​ដាំ​ដំណាំ​ផ្សេងៗ​ជា​ហូរហែ ប៉ុន្តែ​ទង្វើ​នេះ​មិន​មាន​ប្រតិកម្ម​ពី​មន្ត្រី​ពាក់ព័ន្ធ​កម្ពុជា ទេ។

ងាក​ទៅ​តំបន់​ព្រំដែន​ប្រាសាទ​តាមាន់ និង​តាក្របី ឯ​ណោះ​វិញ កងទ័ព​ប្រចាំ​ការ​នៅ​តំបន់​នោះ បាន​ឲ្យ​ដឹង​ថា កម្លាំង​ប្រយុទ្ធ​បាន​ត្រៀម​លក្ខណៈ​មិន​ធ្វេសប្រហែស​ទេ ក្នុង​ករណី​មាន​ជម្លោះ​ផ្ទុះ​អាវុធ​ជាមួយ​ភាគី​ថៃ កើត​ឡើង។

លោក នាក់ វង្ស មេ​បញ្ជាការ​កងទ័ព​ប្រចាំ​ទិស​ប្រាសាទ​តាមាន់ បាន​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ​ជុំវិញ​ស្ថានការណ៍​នៅ​តាម​ព្រំដែន ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល។ ប៉ុន្តែ​លោក​បញ្ជាក់​ថា កម្លាំង​របស់​លោក​បាន​ប្រុង​ជើង​ការ​ប្រយុទ្ធ​ជានិច្ច ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ ទោះ​សភាពការណ៍​តាម​ព្រំដែន​ស្ងប់ស្ងាត់ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ថៃ មាន​សន្តិភាព​ជាមួយ​កម្ពុជា ទេ។

បន្ថែម​លើ​នេះ កងទ័ព​ខ្សែ​តៀម​ប្រាសាទ​តាមាន់ បាន​ថ្លែង​ថា នឹង​តស៊ូ​ប្រយុទ្ធ​ស្លាប់​រស់​ជាមួយ​ភាគី​ថៃ បើ​កងទ័ព​ថៃ ផ្ទុះ​អាវុធ​ក្នុង​បំណង​ឈ្លាន​ពាន​ទឹកដី​កម្ពុជា នា​ថ្ងៃ​អនាគត​មែន​នោះ។ ពលរដ្ឋ ទាហាន​ឲ្យ​ដឹង​ថា សភាពការណ៍​តាម​ព្រំដែន​នា​ខេត្ត​ឧត្តរមានជ័យ គ្មាន​អ្វី​ប្រែប្រួល​ទេ ហើយ​ទំនាក់​ទំនង​រវាង​កងទ័ព​កម្ពុជា និង​ថៃ នៅ​ខ្សែ​ត្រៀម​ទល់​មុខ​គ្នា មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ធម្មតា។

ដោយ​ឡែក ស្ថានការណ៍​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ខេត្ត​ព្រះវិហារ មាន​សេចក្តី​រាយការណ៍​ពី​កងទ័ព​ជួយ​មុខ ឲ្យ​ដឹង​ថា គ្មាន​ហេតុការណ៍​ប្រែប្រួល ឬ​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ កម្លាំង​ទ័ព​ខ្សែ​ត្រៀម​ជួរ​មុខ​ទិស​ប្រាសាទ​ព្រះវិហារ ថ្លែង​ថា ពួក​គេ​បាន​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​ជានិច្ច៖ «ខាង​យើង​ក៏​ត្រៀម ខាង​វា​ក៏​ត្រៀម​ដូច​គ្នា»

ពល​ទាហាន​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ស្តាប់​ឮ​ប្រមុខ​ដឹកនាំ​អំពាវនាវ និង​រំលឹក​ឲ្យ​កងទ័ព​ប្រុង​ជើង​ការ​នៅ​ក្នុង​អំឡុង​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ បកស្រាយ​សាល​ក្រម​ពាក់ព័ន្ធ​លើ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ នៅ​ខែ​មេសា ខាង​មុខ។ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ កាល​ពី​ឆ្នាំ​១៩៦២ បាន​កាត់​ក្តី​ឲ្យ​កម្ពុជា ឈ្នះ​ក្តី​លើ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ លើ​ភាគី​ថៃ។

ទាក់​ទិន​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ បាន​រំលឹក​ដល់​កង​យោធ​ពល​ខេមរភូមិន្ទ​ឲ្យ​ប្រុង​ប្រយ័ត្ន​បង្ការ​ខ្លាច​មាន​ការ​ផ្ទុះ​អាវុធ​បង្ក​ដោយ​ភាគី​ថៃ។ លោក​បន្ត​ថា កម្ពុជា មិន​ប្រកាន់​ជំហរ​ផ្ទុះ​អាវុធ​នោះ​ទេ ទោះ​បី​កម្ពុជា មាន​ប្រៀប​លើ​ភាគី​ថៃ លើ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ក្តី ក៏ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ភាគី​ថៃ ពិចារណា និង​បញ្ចៀស​ការ​ផ្ទុះ​អាវុធ​ណា​មួយ​បង្ក​ដោយ​ថៃ ខ្លួន​ឯង។

លោក ហ៊ុន សែន៖ «កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ក្នុង​នោះ​មាន​កង​កម្លាំង​នគរបាល​ជាតិ​ជានិច្ច ជា​កាល ត្រូវ​តែ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ស្មារតី​ម្ចាស់​ការ​ខ្ពស់ ដើម្បី​រួម​សហការ​គ្នា​តាម​ដាន​ឲ្យ​បាន​សភាពការណ៍​នានា និង​មាន​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព ចំពោះ​រាល់​សកម្មភាព​អាក្រក់​ណា​មួយ​ដែល​យាយី​មក​លើ​បូរណភាព​ទឹកដី អធិបតីភាព​ជាតិ ក៏​ដូច​ជា​ការ​ឃោសនា​សង្គ្រាម​ចិត្ត​សាស្ត្រ​មួល​បង្កាច់​កិត្តិនាម​របស់​កម្ពុជា យើង»

យ៉ាង​នេះ​ក្តី លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​តាម​ព្រំដែន ត្រូវ​ត្រៀម​លក្ខណៈ​ទប់ទល់​សភាពការណ៍​ដែល​អាច​កើត​មាន​ក្នុង​អំឡុង​ពេល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ បកស្រាយ​សាល​ក្រម​ពាក់ព័ន្ធ​សំណុំ​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ ទៅ​តាម​បណ្ដឹង​របស់​កម្ពុជា នៅ​ខែ​មេសា ខាង​មុខ។

ទោះ​យ៉ាង​ណា នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ រវាង​លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ដោយ​មាន​ការ​ចូល​រួម​ពី​មេ​ទ័ព​កំពូលៗ​ប្រទេស​ទាំង​ពីរ ព្រឹក​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ភាគី​កម្ពុជា និង​ថៃ បាន​ឯកភាព​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ និង​គោរព​កិច្ច​ព្រមព្រៀង (MOU) ឆ្នាំ​២០០០ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ បន្ថែម​លើ​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា-ថៃ បាន​ព្រមព្រៀង​ឲ្យ​គណៈកម្មការ​ចម្រុះ​ដែល​មាន​ស្រាប់​របស់​ប្រទេស​ទាំង​ពីរ ប្រជុំ​រៀប​ចំ​ដោះ​មីន និង​វាស់វែង​កំណត់​ព្រំដែន​នៅ​តំបន់​ជម្លោះ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (10)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

អ្នកក្ររអាងស្មោះ អ្នកមាន​អាងហោះ ជិះរត់រួចខ្លួន
ដល់ពេលសាន្តត្រាន ប្រើឯងមិនធួន គិតទៅរូបខ្លួន
រងគ្រោះអោយគេ ។

Mar 21, 2013 02:13 AM

អ្នក​អាន​អនាមិក

បើឈ្មោះ​ភាព​ នេះជាខ្មែរមិនគួរសរសេរ គ្មានមនសិកាបែបនេះទេ! វាមិនមែនមែនជារឿងដែលលោកថា ល្បែងនយោបាយទេ! បើលោកជាខ្មែរ ប្រហែលជាមិនពោលបែប យល់ចិត្តប្រទេសជិតខាងដែលតែងរុលចូលដីខ្មែរ រាល់ថ្ងៃទេ! លោកអញ្ជើទៅទាំងលិច និងកើត កុំនិយាយបែបរួញដី!

Feb 28, 2013 04:46 AM

HURRYCANE

No one can steal your land, if you left them do they will do it. For exemple: Cambodian government protect west side from Thai that's good, but Thai country was khmer before, how about east side Kampuchea Krom is got, than look at the north side maybe 1/2 was belond to khmer and last look at the south side big island call KOh Trol got and final look CAMBODIA now ??????? that do you think khmer people? going to finish verry soon.

Feb 27, 2013 05:33 PM

អ្នក​អាន​អនាមិក

every time before election coming always happen at the border khmer siem mr sen
do the same thing for win this the game.

Feb 27, 2013 11:48 AM

ភាពភ្នំពេញ

ពី Phnom Penh

អោយតែជិតបោះឆ្នោតតែងតែមានរឿងនៅទល់ដែន។ នៅឆ្នាំ២០០៨ក៏ដូចគ្នានេះដែរ។ វាជាល្បែងនយោបាយ?

Feb 27, 2013 05:11 AM

មើល​មតិ​ទាំង​អស់.