ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​នៅ​ពេល​ដើរ​ជីក​ដំឡូង​ព្រៃ

0:00 / 0:00

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ កន្លង​ទៅ ទាហាន​ការពារ​ព្រំដែន​ថៃ ខេត្ត​សុរិន្ទ បាន​បញ្ជូន​សាកសព​ស្ត្រី​ខ្មែរ​ម្នាក់​ត្រឡប់​មក​ឱ្យ​ក្រុម​គ្រួសារ​វិញ នៅ​ក្នុង​សង្កាត់​អូរស្មាច់ ក្រុង​សំរោង នៃ​ខេត្ត​ឧត្តរមានជ័យ។

សាកសព​ស្ត្រី​ខ្មែរ​ឈ្មោះ ផន ចែម អាយុ ៥៥​ឆ្នាំ ត្រូវ​ទាហាន​ថៃ នៃ​ស្រុក​កាប់​ជើង​ខេត្ត​សុរិន្ទ បាញ់​ស្លាប់​នៅ​ពេល​ដែល​គាត់​ដើរ​ជីក​មើម​ដំឡូង​ព្រៃ យក​មក​ឱ្យ​គ្រួសារ​ហូប ព្រម​ទាំង​លក់ដូរ​ខ្លះ​ដើម្បី​បាន​ប្រាក់​ទិញ​អង្ករ​ជាដើម។

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ អះអាង​ថា គេ​កំពុង​តវ៉ា​តាម​ផ្លូវ​ច្បាប់ ដោយ​ទាមទារ​ឱ្យ​មេបញ្ជាការ​យោធា​ថៃ ខេត្ត​សុរិន្ទ ឆ្លើយ​បំភ្លឺ​យ៉ាង​ច្បាស់​លាស់​ជុំវិញ​ករណី​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​ម្នាក់​ជា​ជន​ស៊ីវិល ដែល​តែង​ចូល​ព្រៃ​ដើម្បី​ជីក​ដំឡូង​ព្រៃ​យក​មក​លក់​រក​កម្រៃ​ចិញ្ចឹម​ជីវិត។

នាយក​រដ្ឋបាល​សាលា​ខេត្ត​ឧត្តរមានជ័យ គឺ​លោក ហោ ជិនវិរៈយុទ្ធ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​ធ្នូ ថា អភិបាលខេត្ត​ឧត្តរមានជ័យ កំពុង​ស្នើ​សុំ​ទៅ​កង​ការពារ​ព្រំដែន​ខ្មែរ​ឱ្យ​ស៊ើប​អង្កេត​ទីតាំង​ដែល​ទាហាន​ថៃ បាញ់​សម្លាប់​ស្ត្រី​នោះ ថា​តើ​វា​ស្ថិត​នៅ​ក្នុង​ទឹកដី​ខ្មែរ ឬ​ក៏​ទឹកដី​ថៃ? ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ក៏​បាន​ឱ្យ​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ទាមទារ​ទៅ​ទាហាន​ថៃ ឱ្យ​បំភ្លឺ​យ៉ាង​ច្បាស់​លាស់​ជុំវិញ​ករណី​បាញ់​សម្លាប់៖ «លោក​ជំទាវ​អភិបាលរង​ខេត្ត​ដែល​ជា​ស្ត្រី បាន​ទៅ​ទទួល​យក​សាកសព ព្រមទាំង​ចូល​រួម​ពិធី​បុណ្យ​សព​ផង បាន​ណែ​នាំ​ទៅ​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន ទាមទារ​ទៅ​ភាគី​ថៃ ឱ្យ​ឆ្លើយ​បំភ្លឺ។ ភាគី​ថៃ បាន​យល់​ព្រម​ទទួល​យក​ការ​ទាមទារ​នោះ»

ក្រុម​គ្រួសារ​របស់​ស្ត្រី​ដែល​ទាហាន​ថៃ បាញ់​សម្លាប់​នោះ បាន​ត្រឹមតែ​ទៅ​ទទួល​យក​សាកសព​ពី​ទាហាន​ថៃ មក​ធ្វើ​បុណ្យ​ប៉ុណ្ណោះ ដោយ​មិន​មាន​លទ្ធភាព​ប្ដឹងផ្ដល់​តាម​ផ្លូវ​ច្បាប់​ទេ។

លោក ចក់ ជាន ជា​កូន​ប្រុស​របស់​ស្ត្រី​រងគ្រោះ មាន​ប្រសាសន៍​ថា គាត់​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ទាហាន​ថៃ បាញ់​សម្លាប់​ម្ដាយ​របស់​គាត់ ក៏ប៉ុន្តែ​គាត់​គ្មាន​លទ្ធភាព​អ្វី​ដើម្បី​ទាមទារ​ឱ្យ​ទាហាន​ថៃ សង​ថ្លៃ​ជំងឺ​ចិត្ត​ចំពោះ​ការ​បាត់បង់​សាច់​ញាតិ​នេះ​ទេ៖ «សោកស្ដាយ​ចេះតែ​សោកស្ដាយ ឈឺ​ចាប់​ចេះ​តែ​ឈឺ​ចាប់​ហើយ ក៏ប៉ុន្តែ​មិន​យើង​ធ្វើ​យ៉ាង​ម៉េច»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា លោក​នឹង​ទៅ​ជួប​ជាមួយ​ក្រុម​គ្រួសារ​របស់​ស្ត្រី​ឈ្មោះ ផន ចែម ដើម្បី​ជួយ​ឱ្យ​ពួកគេ​ដាក់​ពាក្យ​ប្ដឹង​ចំពោះ​ករណី​នោះ ហើយ​លោក​នឹង​ផ្ញើ​សំណុំ​រឿង​ទាំង​ឡាយ​ទៅ​ទីស្នាក់ការ​កណ្ដាល​ឯ​ទីក្រុង​ភ្នំពេញ ដើម្បី​ជួយ​រៀបចំ​បណ្ដឹង​ប្រឆាំង​ទាហាន​ថៃ តាម​ផ្លូវ​ច្បាប់។

ក្នុង​រយៈពេល ២​ខែ​ជាប់​គ្នា​នេះ ទាហាន​ថៃ ខេត្ត​សុរិន្ទ បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ២​នាក់​ហើយ។ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា កន្លង​ទៅ ទាហាន​ថៃ បាន​បាញ់​សម្លាប់​យុវជន​ខ្មែរ​ម្នាក់​ឈ្មោះ ហេង ម៉េងអ៊ី អាយុ ២១​ឆ្នាំ នៅ​ពេល​យុវជន​ខ្មែរ​រូប​នោះ​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ខុស​ច្បាប់។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មករា រហូត​ដល់​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៤ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៨​នាក់​ហើយ ដែល​ទាហាន​ថៃ បាញ់​សម្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។