តំណាងពលករខ្មែរដែលមកពីធ្វើការនៅប្រទេសស៊ុយអែត (Sweden) ប្រមាណ ២០នាក់ក្នុងចំណោមជាង ៧០នាក់ ដាក់ញត្តិទៅរដ្ឋសភា សុំអន្តរាគមន៍ជួយដោះស្រាយវិវាទការងារនៅរសៀលថ្ងៃទី២៩ ឧសភា។
ក្រុមពលករអះអាងថា ពួកគេកំពុងមានទំនាស់ជាមួយក្រុមហ៊ុនដាំកូនឈើមួយនៅក្នុងប្រទេសស៊ុយអែត ដែលមិនទាន់បើកប្រាក់ខែឲ្យពួកគេគ្រប់ចំនួន។
តំណាងពលករខ្មែរ លោក ឡុង សម្ផស្ស អះអាងថា ញត្តិរបស់ពួកគេត្រូវប្រធានគណៈកម្មការទី៨នៃរដ្ឋសភា គឺអ្នកស្រី កែ សុវណ្ណរតន៍ ចេញមកទទួល និងសន្យាថា នឹងជួយដោះស្រាយទៅតាមផ្លូវច្បាប់ជាមួយស្ថានទូត និងក្រសួងការងារ៖ «គាត់នឹងលើកយកបញ្ហារបស់ពួកយើងទៅជជែកជាមួយស្ថានទូត ដើម្បីឲ្យស្ថានទូតជួបជាមួយរដ្ឋាភិបាលក្នុងការពន្លឿនដំណោះស្រាយដែលពួកយើងមាន»។
ការដាក់ញត្តិទៅរដ្ឋសភាពេលនេះ បន្ទាប់ពីពលករជាច្រើននាក់បាននាំគ្នាតវ៉ា និងសុំអន្តរាគមន៍ពីស្ថានទូតស៊ុយអែត ប្រចាំកម្ពុជា ឲ្យជួយដោះស្រាយម្តងរួចហើយកាលពីថ្ងៃទី២៥ ឧសភា ប៉ុន្តែមិនទាន់មានលទ្ធផលយ៉ាងណានៅឡើយ។
ពាក់ព័ន្ធបញ្ហានេះ តំណាងខាងភាគីក្រុមហ៊ុនពន្យល់ថា ការដែលមិនបើកប្រាក់ខែឲ្យគ្រប់ចំនួននោះ ដោយសារក្រុមហ៊ុនក្ស័យធន ហើយពលករខ្មែរទាំងនោះក៏មិនទាន់សងលុយដែលជំពាក់ក្រុមហ៊ុនមកវិញដែរ។
ពលករខ្មែរ ៧២នាក់បានចេញទៅធ្វើការងារជាអ្នកដាំ និងកាត់ដើមឈើនៅប្រទេសស៊ុយអែត កាលពីឆ្នាំ២០១៤ កន្លងទៅ។ ពួកគេចោទក្រុមហ៊ុននៅប្រទេសស៊ុយអែត នោះថា មានចេតនាគេចវេសមិនចង់បើកប្រាក់ខែឲ្យពួកគេគ្រប់ចំនួននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
