ពលករ​ខ្មែរ​ស្រប​ច្បាប់​មួយ​ចំនួន​បន្ត​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ

0:00 / 0:00

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​ថៃ បញ្ជាក់​ថា យោធា​ថៃ នៅ​តែ​បន្ត​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា វិញ ស្រប​ពេល​ដែល​ពលករ​ស្រប​ច្បាប់​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា យ៉ាង​ហោច​ណាស់​ក៏​មាន​ពលករ​ខ្មែរ​ប្រមាណ ១​ពាន់​នាក់ ត្រូវ​បាន​យោធា​ថៃ ចាប់​បញ្ជូន​មក​វិញ។

ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​ថៃ លោក ពេជ្រ វណ្ណា អះអាង​ថា ស្ថានភាព​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​ហើយ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ថៃ នៅ​បន្ត​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា វិញ​ក៏ដោយ៖ «ធម្មតា​ដូច​មុន​វិញ មុន​រដ្ឋ​ប្រហារ​យោធា​ក៏​មាន ៧ ឬ ៨០០ ទៅ ១​ពាន់​ជា​ប្រចាំ​ហើយ។ ចង់​មក​ហ្នឹង​គាត់​ទៅ​ឲ្យ​ចាប់​បញ្ជូន​មក។ តាម​ខាង​ភាគី​ថៃ គាត់​មិន​អស់​លុយ​ច្រើន»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ប្រកាស​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ពលករ​ខ្មែរ​ប្រមាណ ២​សែន ៥​ម៉ឺន​នាក់ ភាគ​ច្រើន​ត្រូវ​បាន​ចាប់​បញ្ជូន និង​ខ្លះ​ទៀត​ស្ម័គ្រ​ចិត្ត​វិល​ត្រឡប់​មក​កម្ពុជា វិញ។ លោក​បញ្ជាក់​ថា ដំបូង​ឡើយ រដ្ឋាភិបាល​ថៃ បាន​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ការ​ចាប់​បញ្ជូន ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​តវ៉ា​ពី​រដ្ឋាភិបាល​កម្ពុជា មក រដ្ឋាភិបាល​យោធា​ថៃ គោរព​សិទ្ធិ​ពលករ​ប្រសើរ​ជាង​មុន។ លោក ហ៊ុន សែន ក៏​សន្យា​នឹង​ពន្លឿន​ដំណើរ​បញ្ជូន​ពលករ​ធ្វើ​ការងារ​ដោយ​ស្រប​ច្បាប់ ដោយ​សម្រួល​ធ្វើ​លិខិត​ឆ្លង​ដែន​ក្នុង​រយៈពេល ២០​ថ្ងៃ ហើយ​យក​តម្លៃ ៤​ដុល្លារ​សម្រាប់​រូបថត។

លោក ពេជ្រ វណ្ណា បញ្ជាក់​ថា នៅ​តាម​ច្រក​ព្រំដែន​កម្ពុជា​ថៃ មួយ​ចំនួន ពលករ​កម្ពុជា កំពុង​ធ្វើ​លិខិត​ស្នាម​ដើម្បី​ទៅ​ធ្វើ​ការងារ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ វិញ។

កាល​ពី​សប្ដាហ៍​មុន ក្រសួង​សុខាភិបាល​ថៃ ក៏​បាន​រៀបចំ​ការិយាល័យ​ប្រចាំ​ខេត្ត​ថៃ ចំនួន​បួន រួម​មាន ខេត្ត​ស្រះកែវ ចាន់បុរី ត្រាត និង​ខេត្ត​សុរិន្ទ ដើម្បី​ផ្តល់​សេវាកម្ម​ពិនិត្យ​សុខភាព និង​លក់​ប័ណ្ណ​ធានា​រ៉ាប់រង​ផ្នែក​សុខភាព​ឲ្យ​ពលករ​ខ្មែរ ដែល​នឹង​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ វិញ។

សារព័ត៌មាន​ថៃ (The Nation) ដក​ស្រង់​សម្ដី​មន្ត្រី​សុខាភិបាល​ថៃ ថា តម្លៃ​ពិនិត្យ​សុខភាព​សម្រាប់​ពលករ​ខ្មែរ​មាន​តម្លៃ ១៥​ដុល្លារ និង​ធានា​រ៉ាប់រង​សុខភាព​មាន​តម្លៃ​ប្រមាណ ៤៩​ដុល្លារ​សម្រាប់​មនុស្ស​ពេញ​វ័យ និង ១១​ដុល្លារ​សម្រាប់​កុមារ។ វិធានការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​របាយការណ៍​ក្រសួង​សុខាភិបាល​ថៃ រក​ឃើញ​ថា ពលករ​ប្រមាណ ២​នាក់ កាល​ពី​ឆ្នាំ​២០១២ រក​ឃើញ​ថា​មាន​ផ្ទុក​ជំងឺ​របេង។

ពលករ​ដែល​នឹង​ចូល​រក​ការងារ​តាម​ច្រក​ខេត្ត​ទាំង​បួន​នេះ នឹង​ដាក់​ឲ្យ​ស្នាក់នៅ​ក្នុង​មណ្ឌល​បណ្ដោះអាសន្ន អាច​រហូត​ដល់ ៦០​ថ្ងៃ រង់ចាំ​ម្ចាស់​ក្រុមហ៊ុន​មក​ទទួល​យក​ទៅ​ធ្វើ​ការងារ។ ក្នុង​ពេល​រង់ចាំ​នោះ ពលករ​ទាំង​នោះ​នឹង​ទទួល​សេវា​ពិនិត្យ​សុខភាព និង​ទិញ​ប័ណ្ណ​ធានា​រ៉ាប់រង។

មន្ត្រី​សុខាភិបាល​ថៃ មិន​ទាន់​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​ថា​តើ ប្រសិន​បើ​ពលករ​ពិនិត្យ​ឃើញ​ថា​មាន​បញ្ហា​សុខភាព និង​មិន​ទិញ​ប័ណ្ណ​ធានា​រ៉ាប់រង នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ឬ​ទេ? ក្រៅ​ពី​ការ​ធ្វើ​កែ​ទម្រង់​ពលករ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ ក្រសួង​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ​ថៃ ក៏​ធ្វើ​យុទ្ធនាការ​បោស​សម្អាត​ករណី​កុមារ​ដើរ​សុំ​ទាន​នៅ​តាម​ផ្លូវ​សាធារណៈ។ មន្ត្រី​ថៃ រក​ឃើញ​ថា កុមារ​កម្ពុជា តូចៗ​ជាច្រើន ត្រូវ​បាន​ជួញ​ដូរ ហើយ​បង្ខំ​ឲ្យ​ដើរ​សុំ​ទាន​នៅ​ប្រទេស​ថៃ។ កុមារ​ទាំង​នោះ​ភាគ​ច្រើន​មាន​អាយុ​ក្រោម ១០​ឆ្នាំ ហើយ​ខ្លះ​ទៀត​ជា​ទារក។

ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​ថៃ លោក ពេជ្រ វណ្ណា បដិសេធ​ព័ត៌មាន​ថា មាន​កុមារ​កម្ពុជា ដើរ​សុំ​ទាន​នៅ​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។