ព្រះ​បរម​អដ្ឋិ​នៃ​ព្រះ​បរម​រតន​កោដ្ឋ​តម្កល់​ក្នុង​ព្រះ​បរម​ចេតិយ​ព្រះរាជ​បុត្រី​គន្ធបុប្ផា

0:00 / 0:00

ព្រះ​រាជ​ពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ រយៈពេល ៣​ថ្ងៃ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា បន្ទាប់​ពី​ព្រះ​បរម​អដ្ឋិ​របស់​ព្រះអង្គ ត្រូវ​បាន​រំកិល​ពី​ព្រះវិហារ​ព្រះកែវមរកត យក​ទៅ​តម្កល់​នៅ​ព្រះ​ចេតិយ​នៃ​ព្រះ​គន្ធបុប្ផា។

បន្ទាប់​ពី​ព្រះ​រាជ​ពិធី​ផ្លូវ​ការ​តាម​បែប​សាសនា ត្រូវ​បាន​បញ្ចប់​សព្វ​គ្រប់ ប្រជាពលរដ្ឋ​ទូទៅ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ព្រះបរមរាជវាំង ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ចាប់​ពី​ម៉ោង ១១​ព្រឹក រហូត​ដល់​ម៉ោង ៣​រសៀល។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះ​រាជ​ពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អដ្ឋិ នៃ​ព្រះ​បរម​រតន​កោដ្ឋ នេះ ក្រៅ​តែ​ពី​ព្រះ​រាជ​ពិធី​ផ្សេងៗ​តាម​បែប​សាសនា ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះបរមរាជវាំង នៅ​ខាង​ក្រៅ​ព្រះបរមរាជវាំង​ឯណេះ ព្រះសង្ឃ​ប្រមាណ ៤​ពាន់​អង្គ ក៏​ត្រូវ​បាន​និមន្ត​ឲ្យ​ចូលរួម​ក្នុង​ពិធី​រាប់បាត្រ ហើយ​កាំភ្លើង​ធំ​ចំនួន ១០១​ណាត់ ក៏​ត្រូវ​បាន​បាញ់​បន្លឺ​សំឡេង​ឡើង​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែរ។

ពិធី​រាប់បាត្រ​ព្រះសង្ឃ​បាន​ចប់​នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក។ តែ​ទោះ​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ចូលរួម​ក្នុង​ពិធី​រាប់បាត្រ​នោះ នៅ​មិន​ទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ព្រោះ​ពួក​គេ​រង់ចាំ​ចូល​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រះ​ចេតិយ​ព្រះ​គន្ធបុប្ផា ដើម្បី​សម្ដែង​ការ​ដឹង​គុណ ការ​គោរព​ស្រឡាញ់ និង​ការ​អាឡោះអាល័យ​របស់​ពួក​គេ ចំពោះ​អតីត​ព្រះមហាក្សត្រ។

ប្រជាពលរដ្ឋ​ម្នាក់​អាយុ ៦៣​ឆ្នាំ មក​ពី​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ឈ្មោះ ទុន យ៉ុង ដែល​អះអាង​ថា អ្នកស្រី​មិន​ធ្លាប់​បាន​ចូល​វាំង​ពី​មុន​មក​នោះ មាន​ប្រសាសន៍​នៅ​ពេល​អ្នកស្រី​កំពុង​ដើរ​ចេញ​ពី​ព្រះបរមរាជវាំង​ជាមួយ​អ្នក​ភូមិ​មួយ​ចំនួន​ទៀត បន្ទាប់​ពី​បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​នោះ​ថា តាំង​ពី​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ចូល​ទិវង្គត​មក បេះដូង​អ្នកស្រី​ហាក់​ដូច​ជា​ខ្វះ​អ្វី​ម្យ៉ាង៖ «ស្រឡាញ់ៗ សម្ដេចឪ ធ្លាប់​មាន​ប្រវត្តិ​អាណិត​កូន​ចៅ កូន​ចៅ​ជ្រក​ក្រោម​ម្លប់​ដ៏​ត្រជាក់ (ហើយ​ឥឡូវ​អត់​ត្រជាក់​ទេ​ចុះ?) ត្រជាក់​ដែរ ប៉ុន្តែ​ដូចជា​ធីងធោង តាំង​ពី​ឪ​សុគត​ទៅ ដូច​ម៉ែ​ឪ​យើង​ចឹង ស្លាប់​ទៅ​ដូច​វា​វាល​ចឹង​ណា»

បន្ទាប់​ពី​ចូល​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ រួច ប្រជាពលរដ្ឋ​ខ្លះ​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​នោះ​ទេ ពួក​គេ​នាំ​គ្នា​ទៅ​ជួប​ជុំ​នៅ​ក្រោម​ដើម​ឈើ​ធំ​មួយ​នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​អង្គុយ​លេង ហើយ​ខ្លះ​ទៀត​នាំ​គ្នា​ចោមរោម​ទិញ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​យក​ទៅ​ផ្ទះ។

អ្នក​លក់​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច​ព្រះ នរោត្តម សីហនុ អ្នកស្រី ឆាយ សម្ផស្ស ដែល​អះអាង​ថា ពី​មុន​មក​អ្នកស្រី​ជា​អ្នក​ដើរ​រើស​អេតចាយ ដើម្បី​ចិញ្ចឹម​កូន​ចំនួន ១០​នាក់​នោះ ឲ្យ​ដឹង​ថា អ្នកស្រី​បាន​ចាប់​យក​របរ​លក់​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច​ព្រះ នរោត្តម សីហនុ ចាប់​តាំង​ពី​ពេល​ព្រះអង្គ​ចូល​ទិវង្គត​មក។ អ្នកស្រី​ថា មុខ​របរ​នេះ​បាន​ធ្វើ​ឲ្យ​គ្រួសារ​អ្នកស្រី​បាន​ធូរ​ស្បើយ​គួរសម។

អ្នកស្រី​អះអាង​ថា មាន​អ្នក​ខ្លះ​គ្រាន់​តែ​លក់​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច​ព្រះ នរោត្តម សីហនុ អាច​សន្សំ​លុយ​រហូត​ដល់​ទៅ​អាច​ទិញ​ឡាន​ជិះ​ក៏​មាន។ ចំពោះ​អ្នកស្រី​វិញ អ្នកស្រី​សល់​រ៉ឺម៉ក​កង់​៣​បាន​មួយ​គ្រឿង និង​អាច​ផ្គត់ផ្គង់​កូន​ចៅ​បាន​ប្រសើរ​ជាង​មុន៖ «អត់​បាន​រក​អី​ទេ រើស​អេតចាយ​ចិញ្ចឹម​កូន ១០​នាក់ រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក ឥឡូវ​បាន​សម្បូរ​សប្បាយ​ដោយសារ​គាត់ គ្រាន់​តែ​លក់​គាត់​សល់​អា​កង់​៣​បាន​មួយ ពី​មុន​រើស​អេតចាយ​បាន ៤​ពាន់ ចែក​កូន​ចាយ អត់​គ្រប់គ្រាន់​ទេ»

ចំណែក​យុវជន បុត ពេជ្រ ដែល​កំពុង​អង្គុយ​លេង​ជាមួយ​មិត្តភ័ក្ដិ​លើ​សួនច្បារ​ក្បែរ​នោះ ឲ្យ​ដឹង​ថា មូលហេតុ​ដែល​គាត់​ចូលរួម​ក្នុង​ព្រះ​រាជ​ពិធី​នេះ ដោយសារ​គាត់​ចង់​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​បាន​បូជា​ព្រះ​កាយ​ពល ទាមទារ​ឯករាជ្យ​ពី​បារាំង ព្រម​ទាំង​ប្រាសាទ​ព្រះវិហារ ពី​ថៃ និង​ស្នាដៃ​របស់​ព្រះអង្គ​ក្នុង​ការ​ធ្វើ​ឲ្យ​កម្ពុជា រីក​ចម្រើន​នា​សម័យ​សង្គម​រាស្ត្រ​និយម ជាពិសេស ព្រះអង្គ គឺ​ជា​តួអង្គ​បង្រួប​បង្រួម​ជាតិ​ខ្មែរ​មួយ​ដ៏​សំខាន់៖ «មិន​ដឹង​ថា​ប្រទេស​ខ្មែរ​យើង​ទៅ​ជា​យ៉ាង​ម៉េច​ទេ​ពេល​ហ្នឹង ហើយ​គណបក្ស​ទាំង​ពីរ​មិន​ត្រូវរ៉ូវ​គ្នា​ទៀត មើល​ទៅ គឺ​ពិបាក​មែន​ទែន កាល​គាត់​នៅ​មួយ ដូចជា​មាន​ភ្នំ​មួយ​យ៉ាង​ធំ​ចឹង គាត់​ខ្លាំង គាត់​ឈ្លាស​វៃ ពី​មុន​គាត់​អាច​បង្រួប​បង្រួម​បាន គឺ​រវាង​ពីរ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា»

កាល​ពី​ពេល​ដែល​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​នៅ​មាន​ព្រះ​ជន្មាយុ ព្រះអង្គ​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ជា​អ្នក​បង្រួប​បង្រួម​ជាតិ ជាពិសេស​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​ជាប់​គាំង​ដូច​សព្វថ្ងៃ។ នៅ​ក្នុង​ព្រះរាជ​សុន្ទរកថា​របស់​ព្រះអង្គ​នៅ​ឆ្នាំ​២០១១ ព្រះអង្គ​បាន​ផ្តែផ្តាំ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ ចេះ​បង្រួប​បង្រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ឲ្យ​ខ្មែរ​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។