កម្មករ​រោងចក្រ​ឃីង​ហ្វឺស​ប្រមាណ​៣០​នាក់​ទៀត​ដួល​សន្លប់

កម្មករ​រោងចក្រ ឃីង​ហ្វឺស​២ (King First) បាន​ពុល​ដោយ​ក្អួត​ចង្អោរ រាករូស និង​ដួល​សន្លប់​ចំនួន​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា។ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ទី​២២ វិច្ឆិកា មាន​កម្មករ​ប្រមាណ ៣០​នាក់ បន្ថែម​ទៀត បាន​ពុល​ដោយ​ក្អួត​ចង្អោរ​នៅ​ពេល​ពួក​គេ​ទៅ​ដល់​រោងចក្រ ដើម្បី​ចូល​រួម​ពិធី​សូត្រ​មន្ត​នៅ​ទី​នោះ។

នេះ​ជា​លើក​ទី​២ ហើយ បន្ទាប់​ពី​ថ្ងៃ​ម្សិលមិញ ទី​២១ វិច្ឆិកា ដែល​មាន​កម្មករ​ប្រមាណ ៨០​នាក់ បាន​ពុល​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​ដដែល​នោះ។

រោងចក្រ ឃីង​ហ្វឺស​២ មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ កម្មករ​ដែល​បាន​ដួល​សន្លប់ បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្យាបាល​បែកចាន និង​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត​ដែល​នៅ​ជិត​នោះ។

កម្មការិនី​ម្នាក់​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ទៅ​ដល់​រោងចក្រ​ភ្លាម នាង​ចាប់​ផ្ដើម​វិល​មុខ ថប់​ដង្ហើម តឹង​ទ្រូង ឈឺ​ពោះ​ក្អួត និង​រាក​តែ​ម្តង។

លោក ជា មុនី មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​ណា​មួយ​ពិត​ប្រាកដ​ពី​ក្រុម​ជំនាញ​នោះ​ទេ។

ក្រុម​មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ចុះ​ទៅ​ត្រួត​ពនិត្យ​ស្ថានភាព​ក្នុង​រោងចក្រ​នោះ​កាល​ពី​រសៀល​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា។

អនុប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក​វេជ្ជបណ្ឌិត ប៉ុក វណ្ណថាត មាន​ប្រសាសន៍​ថា ក្រសួង​បាន​រក​ឃើញ​ថា រោងចក្រ​ពុំ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់ ទើប​នាំ​អោយ​មាន​ករណី​ដួល​សន្លប់​នេះ​កើត​ឡើង។

យ៉ាង​ណា​ក្តី លោក ជា មុនី បាន​ស្នើសុំ​ខាង​រោងចក្រ​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​បាន​ពីរ​ថ្ងៃ គឺ​ថ្ងៃ​សុក្រ​ទី​២២ និង​ថ្ងៃ​សៅរ៍ ទី​២៣ វិច្ឆិកា ដើម្បី​ឲ្យ​កម្មករ​មាន​កម្លាំង​សុខភាព និង​អារម្មណ៍​ល្អ​ឡើង​វិញ ហើយ​ត្រៀម​លក្ខណៈ​ចូល​ធ្វើ​ការ​ឡើង​វិញ នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ។

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១២ កន្លង​ទៅ មាន​កម្មករ​ប្រមាណ ១​ពាន់​នាក់ បាន​ដួល​សន្លប់ ហើយ​មូលហេតុ​ចម្បង គឺ​ស្ថានភាព​សុវត្ថិភាព​សុខភាព​ក្នុង​រោងចក្រ និង​ប្រាក់​ខែ​ទាប ដែល​បង្ខំ​អោយ​កម្មករ​រស់​នៅ​ក្នុង​ស្ថានភាព​ពុំ​មាន​អាហារ​គ្រប់​គ្រាន់ និង​ធ្វើ​ការ​លើស​កម្រិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។