ព្រះមហាក្សត្រ​និង​សម្ដេច​ម៉ែ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ចិន

ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ នរោត្តម មុនីនាថ សីហនុ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ បាន​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ តាម​ជើង​យន្តហោះ​ពិសេស ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខភាព​នៅ​រៀង​រាល់ ៦​ខែ​ម្តង តាម​ការ​កំណត់​របស់​គ្រូពេទ្យ​ចិន។

0:00 / 0:00

ព្រះ​ករុណា​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ គ្រោង​គង់​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នោះ រយៈពេល ២ ឬ ៣​សប្ដាហ៍ ហើយ​ព្រះអង្គ​គ្រោង​យាង​មក​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​បាន​ពិនិត្យ​ព្រះរាជ​សុខភាព​រួច​ហើយ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​ប្រធាន​សភា​ជាតិ លោក ហេង សំរិន បាន​អញ្ជើញ​ទៅ​ជូន​ព្រះ​រាជដំណើរ​យាង​ចាកចេញ​ពី​មាតុ​ប្រទេស​របស់​ព្រះមហាក្សត្រ នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប៉ុន្តែ​គេ​មិន​បាន​ឃើញ​វត្តមាន​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា​នៅ​ទី​នោះ​ឡើយ។

ក្រៅ​ពី​នេះ​ក៏​មាន​សមាជិក​រាជវង្សានុវង្ស​បាន​យាង​ទៅ​ជូន​ព្រះរាជ​ដំណើរ​យាង​នោះ​ដែរ មាន​ដូចជា​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ព្រះអង្គម្ចាស់ នរោត្តម ជីវន្តមុនីរក្ស ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី ជាដើម។

អតីត​លេខាធិការ​ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​បន្ទូល​ប្រាប់​អ្នក​កាសែត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថា ការ​យាង​ចាកចេញ​របស់​ព្រះ​ករុណា​ព្រះមហាក្សត្រ​នៅ​ពេល​នេះ គឺ​រឿង​ឯកជន​សុទ្ធសាធ មិន​ជាប់​ទាក់ទង​នឹង​រឿង​នយោបាយ​ទេ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «ដល់​ពេល​ដែល​លោក​ត្រូវ​យាង​ទៅ​វិញ ដើម្បី​ពិនិត្យ​ពី​សុខភាព​លោក។ … ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​តាម​កម្មវិធី​ព្រះអង្គ​ត្រូវ​យាង​វិវត្តន៍​មក​ស្រុក​ខ្មែរ​វិញ។ … នេះ​ជា​ឯកជន លោក​យាង​ទៅ​ជា​ឯកជន ដូច្នេះ​អត់​មាន​អ្វី​ជា​ផ្លូវ​ការ ជា​ទស្សនកិច្ច​ជា​ផ្លូវការ​ក្នុង​ការ​ពង្រឹង​មិត្តភាព​រវាង​ខ្មែរ និង​ចិន​ទេ ប៉ុន្តែ​ពេល​ណា​មិត្តភក្ដិ​ជួប​គ្នា​ម្តងៗ គឺ​តែងតែ​ពង្រឹង​នូវ​មិត្តភាព​ហ្នឹង​ហើយ»

ចំណែក​ឯ​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា គ្រូពេទ្យ​ចិន បាន​ផ្តល់​ការ​ព្យាបាល​ពិសេស និង​ការ​ជឿ​ទុក្ខ​ចិត្ត​ពិសេស ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​ការ​ពិនិត្យ​ព្រះរាជ​សុខភាព៖ «ព្រះអង្គ​បន្ត​នូវ​ទំនាក់ទំនង​អ្វី​ដែល​ឪ​បាន​ធ្វើ។ ទី​២ គឺ​បង្ហាញ​អំពី​អសមត្ថភាព​របស់​សុខាភិបាល​នៅ​កម្ពុជា នៅ​កម្ពុជា​ហ្នឹង យើង​គិត​មើល​ថា សូម្បី​តែ​សម្ដេច​ស្រុក​ខ្មែរ​ក៏​លែង​ជឿ​លើ​សុខាភិបាល​យើង​ហើយ ទៅ​ពឹង​ចិន​ហើយ បាត់​បង់​ជំនឿ ហេតុ​អ្វី​ក៏​មិន​ពង្រឹង​សុខាភិបាល​យើង​បែរ​ជា​ថ្នាក់​ដឹកនាំ តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម ថ្នាក់​លើ​មែន​ទែន​ទៅ​ប្រទេស​កាន់​តែ​មាន...។ អ្នក​ក្រ​មែន​ទែន​ទៅ​អត់​ព្យាបាល​នៅ​ស្រុក​ខ្មែរ​អា​ហ្នឹង​បង្ហាញ​ពី​ភាព​មិន​មាន​ការ​រីក​ចំរើន​នៅ​ក្នុង​វិស័យ​សុខាភិបាល។ ទី​៣ យើង​ឃើញ​ថា ពេល​បោះ​ឆ្នោត​ជិត​មក​ដល់​ហើយ ដូច្នេះ​ទេ​ព្រះអង្គ​មិន​ចង់​ទាក់ទិន​នឹង​រឿង​នយោបាយ។ យើង​ដឹង​ហើយ​ថា នយោបាយ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​តែ​ក្តៅ​គគុក​មែន​ទែន»

គេ​បាន​កត់សំគាល់​ថា ការ​យាង​ចាកចេញ​របស់​ព្រះ​ករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ពេល​នេះ គឺ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៥​ខែ​កន្លង​មក​នេះ ក្រោយ​ពី​ការ​យាង​ទៅ​ទីក្រុង​ប៉េកាំង​កន្លង​មក ដើម្បី​យាង​ព្រះ​បរមសព នៃ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ មក​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។

កន្លង​មក មន្ត្រី​ជាន់​ខ្ពស់​ចិន បាន​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន នៅ​តែ​រឹងមាំ និង​ស៊ី​ជំរៅ​គ្រប់​ជ្រុងជ្រោយ​ដដែល ទោះ​បី​ជា​ព្រះ​មហា​វីរក្សត្រ​បាន​យាង​ចូល​ទិវង្គត​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។