សំណង់ព្រះបរមរូបនោះ ត្រូវសាងសង់អំពីស្ពាន់ ហើយនឹងត្រូវប្រើពេល ៨ខែសម្រាប់ការសាងសង់ បូករួមទាំងសំណង់ស្តូបទៀតផង។
រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីបញ្ចុះបឋមសីលាសាងសង់ព្រះបរមរូបព្រះមហាវីរក្សត្រ ជាផ្លូវការហើយ។ តាមគម្រោង ទម្រង់ព្រះបរមរូប របស់សម្ដេចតា គឺជារូបឈរ។ សំណង់ស្តូបមានកំពស់ ២៧,២០ម៉ែត្រ ស្ថិតនៅចម្ងាយ ២០០ម៉ែត្រ ខាងកើតវិមានឯករាជ្យ។ សំណាកព្រះបរមរូបសម្ដេចឪ ដែលមានកម្ពស់ទាំងទម្រចំនួន ៧ម៉ែត្រ ២តឹកនោះ នឹងត្រូវសង់អំពីស្ពាន់លេខ១។
អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា មានប្រសាសន៍ថា រាជរដ្ឋាភិបាលជាអ្នកធានាចេញប្រាក់ទាំងស្រុងសម្រាប់ការសាងសង់ព្រះបរមរូបនេះ ដោយគ្រោងចំណាយទឹកប្រាក់អស់ជិត ១លាន ៥សែនដុល្លារ។ លោកបន្តថា សំណង់នេះធ្វើឡើងដើម្បីរំលឹកព្រះគុណូបការៈរបស់ព្រះអង្គចំពោះជាតិមាតុភូមិ ម្យ៉ាងទៀតសំណង់ក៏សង់ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗស្គាល់ព្រះអង្គដែរ។
សំណង់នេះក៏ជាការបញ្ជាក់ស្វាមីភ័ក្តិរបស់រាជរដ្ឋាភិបាល ចំពោះអតីតព្រះមហាវីរក្សត្រ និងចំពោះរបបរាជានិយមដែរ។ លោក កែប ជុតិមា បញ្ជាក់ថា សំណង់ព្រះបរមរូបនេះ មិនត្រូវបានដាក់ឲ្យដេញថ្លៃជាសាធារណៈទេ ដោយមានក្រុមហ៊ុនឯកជនមួយឈ្មោះ សីលា ជាអ្នកម៉ៅការសាងសង់។
បើតាមការបញ្ជាក់របស់ក្រុមមន្ត្រីរាជរដ្ឋាភិបាល ក្រុមហ៊ុនសាងសង់សីលា នេះជាកម្មសិទ្ធិរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលធ្វើការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្រុមប្រជាពលរដ្ឋដែលចូលរួមប្រារព្ធពិធីបញ្ចុះបឋមសីលានេះ ពួកគាត់ស្នើឲ្យគណៈកម្មការសាងសង់ពិនិត្យលើគុណភាពជាចម្បង ជៀសវាងសង់មិនបានប៉ុន្មានផង ខូចដូចផ្លូវសាធារណៈមួយចំនួន។ ចំណែកឯភាគីព្រះបរមរាជវាំងវិញ រាប់តាំងពីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងសែព្រះរាជវង្ស មិនមាននរណាម្នាក់ចូលរួមក្នុងពិធីបញ្ចុះបឋមសីលានោះទេ។ ប្រការនេះ លោក កែប ជុតិមា អះអាងថា រាជរដ្ឋាភិបាលអញ្ជើញគ្រប់គ្នាអស់ហើយ តែមិនមានសមាជិករាជវង្សមកឡើយ ប្រហែលជាជាប់រវល់។
រាជរដ្ឋាភិបាលមានបំណងចង់អោយក្រុមហ៊ុនទទួលបន្ទុកការសាងសង់ សម្រេចបានស្តូបព្រះបរមរូបសម្ដេចតានេះ ចប់នៅមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ នេះ ដើម្បីរាជរដ្ឋាភិបាលអាចរៀបចំការសម្ពោធស្តូបព្រះបរមរូបនេះ នៅចំថ្ងៃប្រសូតរបស់សម្ដេចឪ នរោត្តម សីហនុ តែម្តង គឺថ្ងៃទី៣១ តុលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
