សមាគមព្រះកាតូលិកនៃសាសនាយេស៊ូគ្រិស្ត គ្រោងរៀបចំពិធីប្រកួតខ្លែងឯកនៅខេត្តតាកែវ នៅចុងសប្ដាហ៍នេះ។ គណៈកម្មការនៃកម្មវិធីប្រកួត បានប្រាប់អំពីគោលបំណងនៃការប្រកួតនេះឡើង គឺដើម្បីរក្សាវប្បធម៌ខ្មែរផង និងដើម្បីផ្ដល់ឱកាសឲ្យអ្នកកាន់សាសនាគ្រិស្ត បានអបអរបុណ្យគ្រិស្ត ម៉ាសផង (Merry Christmas)។
ពិធីប្រកួតខ្លែងឯកខ្មែរនេះ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ក្នុងភូមិចម្ការទៀង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានអ្នកប្រកួតប្រមាណ ១២០នាក់ រួមទាំងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចូលរួមផង។
ប្រធានសមាគមព្រះកាតូលិក លោក កុល ជៀង ឲ្យដឹងថា ពិធីប្រកួតនឹងធ្វើឡើងនៅវាលស្រែមួយ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច ដើម្បីរំឭកគុណ និងអបអរថ្ងៃកំណើតព្រះយេស៊ូផង និងអភិរក្សប្រពៃណីវប្បធម៌នៃការបង្ហោះខ្លែងឯកខ្មែរផង៖ «ថ្ងៃនេះថ្ងៃបុណ្យព្រះយេស៊ូប្រសូត ថ្ងៃទី២៥ (ធ្នូ) ថ្ងៃដែលព្រះយេស៊ូគង់នៅក្នុងបងប្អូនយើងទាំងអស់គ្នាក្នុងភូមិផងរបងជាមួយ។ ពិធីនេះធ្វើដើម្បីរំឭកអំពីអត្តសញ្ញាណរបស់ខ្មែរតាំងពីយូរលុងមកហើយ គឺមានប្រពៃណីខ្មែរយើងពីមុនមក។ ខ្ញុំធំដឹងក្ដីឃើញចាស់ៗលេងខ្លែងឯក ខ្ញុំក៏លេងខ្លែងឯកដែរទៅ ធ្លាប់លេងដែរ អ៊ីចឹងគ្រាន់ថារំឭកប្រពៃណីខ្មែរកុំឲ្យបាត់បង់»។
លោកទទួលស្គាល់ថា ពិធីបុណ្យណូអែលនេះជាបុណ្យប្រពៃណីសាសនាយេស៊ូគ្រិស្ត ខាងនិកាយកាតូលិក ធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយល់អំពីតម្លៃនៃការរួបរួមគ្នា និងយល់ដឹងអំពីវប្បធម៌នៃសាសនាកាតូលិក ក្នុងការរួមចំណែករក្សា និងអភិរក្សវប្បធម៌ខ្មែរ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិជឿលើសាសនាដែលខ្លួនពេញចិត្ត។
បើតាមអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋខេត្តតាកែវ ពិធីបុណ្យណូអែលដែលមានបង្ហោះខ្លែង រៀបចំឡើងដោយសមាគមព្រះកាតូលិកនេះ មានការទាក់ទាញយ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅក្នុងតំបន់ ចាប់តាំងពីសមាគមព្រះកាតូលិកបានរៀបចំពិធីនេះអស់រយៈពេលបួនប្រាំឆ្នាំកន្លងមក។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ទ្រាំង សារី អាយុជាង ៦០ឆ្នាំ រស់នៅឃុំគុស ស្រុកត្រាំកក់ ឲ្យដឹងថា ចំនួនប្រជាពលរដ្ឋកាន់តែច្រើនឡើងនាំគ្នាចូលរួមប្រកួតខ្លែងនេះ ដែលមានទីតាំងនៅស្រុកត្រាំកក់ នេះ។ លោកថា ប្រជាពលរដ្ឋនៅក្នុងស្រុក និងអ្នកមកពីចម្ងាយ បានចូលរួមប្រកួតខ្លែងយ៉ាងច្រើន ដោយមិនប្រកាន់និន្នាការសាសនា៖ «ខ្ញុំកាន់ព្រះពុទ្ធសាសនាទេ ប៉ុន្តែបើគេមានគំនិតស្រឡាញ់ប្រពៃណីខ្មែរវប្បធម៌ខ្មែរ បើសិនគេមានបំណងចង់ប្រមូលកម្លាំងចង់ពង្រីកសាសនាគេក៏អត់ដឹងដែរ។ ខ្ញុំគ្រាន់តែថាចូលរួម ព្រោះថា ខ្លែងបើតាមដឹងមក វាជារឿងរ៉ាវល្បែងប្រជាប្រិយរបស់ខ្មែរ ទំនៀមទម្លាប់ ហើយម្យ៉ាងទៀតបញ្ជាក់អត្តសញ្ញាណរបស់ជាតិផង ព្រោះថាស្ទើរតែពិភពលោកនេះមិនសូវមាននរណាលេងខ្លែងទេ កាលណាលេងខ្មែរគេដឹងថាខ្មែរ»។
ទាក់ទងពិធីប្រកួតខ្លែងនេះដែរ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ លោក ជន វ៉ាន បានអបអរសាទរ។ លោកយល់ថា រឿងជំនឿសាសនាជាសិទ្ធិជ្រើសរើសរបស់ប្រជាពលរដ្ឋម្នាក់ៗ តែចំពោះពិធីប្រកួតបង្ហោះខ្លែងវិញ គឺអាចជួយរំឭកស្មារតីប្រជាពលរដ្ឋដែលកំពុងបោះបង់ល្បែងបង្ហោះខ្លែងជាបណ្ដើរៗ ឲ្យចាប់អារម្មណ៍នាំគ្នាលេងឡើងវិញ ដើម្បីរក្សាកុំឲ្យបាត់បង់ទៅអនាគត៖ «ប្រពៃណីនឹងមានការថយចុះ កាលមុនយើងឃើញថាដូចជាក្មេង ឬចាស់ៗ គាត់ចាប់អារម្មណ៍ទៅលើការបង្ហោះខ្លែង នៅពេលដែលគាត់ច្រូតហើយ តែមកដល់បច្ចុប្បន្ននេះ គាត់ហាក់ដូចជាអត់សូវយកចិត្តដាក់ទៅលើការបង្ហោះខ្លែង»។
ចំពោះដំណើរការប្រកួតវិញ គណៈកម្មការរៀបចំការប្រកួតឲ្យដឹងថា អ្នកចូលរួមប្រកួតនឹងត្រូវរៀបចំឲ្យឡើងប្រកួតមួយវគ្គម្ដងៗ ហើយក្នុងមួយវគ្គមានចំនួន ១០នាក់ រហូតដល់ចប់ការប្រកួត។ ចំណែកលក្ខខណ្ឌ និងបច្ចេកទេសនៃការប្រកួតវិញ គឺម្ចាស់ខ្លែងម្នាក់ៗត្រូវបង្ហោះខ្លែងឲ្យបានកម្ពស់ ២០០ម៉ែត្រ ហើយខ្លែងត្រូវនៅនឹងថ្កល់មួយកន្លែងឲ្យបានក្នុងរយៈពេល ១៥នាទី ទើបឈ្នះការប្រកួត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
