សប្បុរសជន​បរិច្ចាគ​ប្រាក់​ដើម្បី​អភិវឌ្ឍ​បូជនីយដ្ឋាន​ឧកញ៉ា ឃ្លាំង មឿង

0:00 / 0:00

បូជនីយដ្ឋាន​ឧកញ៉ា ឃ្លាំង មឿង នៅ​តែ​ជា​ទី​សក្ការបូជា​ពេញ​និយម​សម្រាប់​អ្នក​ខេត្ត​ពោធិ៍សាត់ និង​ភ្ញៀវ​ទេសចរ​មក​ពី​ខែត្រ​ផ្សេងៗ​ទៀត។ អ្នក​គ្រប់គ្រង​បូជនីយដ្ឋាន​អះអាង​ថា បច្ចុប្បន្ន​មាន​ភ្ញៀវ​មក​ពី​គ្រប់​ទិសទី​បាន​ចូល​គោរព​បូជា​យ៉ាង​តិច ៦០​នាក់​ក្នុង​មួយ​ថ្ងៃៗ ប៉ុន្តែ​ថ្ងៃ​ខ្លះ​មាន​ភ្ញៀវ​រាប់​រយ​នាក់​ចូល​គោរព​បូជា​ព្រមៗ​គ្នា ធ្វើ​ឲ្យ​មនុស្ស​កក​ស្ទះ​នៅ​បរិវេណ​បូជនីយដ្ឋាន។ តើ​អាជ្ញាធរ​គ្រោង​អភិវឌ្ឍ​អ្វី​ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ។

ប្រធាន​គណៈកម្មការ​គ្រប់គ្រង​បូជនីយដ្ឋាន​ឧកញ៉ា ឃ្លាំង មឿង ឬ​អ្នកតា ឃ្លាំង មឿង បង្ហាញ​គម្រោង​ពង្រីក​ផ្ទៃ​ដី​បូជនីយដ្ឋាន​ទំហំ ៥​ហិកតារ​ទៀត សម្រាប់​ចត​រថយន្ត​គ្រប់​ប្រភេទ។ គម្រោង​អភិវឌ្ឍន៍​នេះ គឺ​ស្រប​ពេល​ដែល​សប្បុរសជន​ផ្ដល់​ទឹក​ប្រាក់​ជាង ៣​ម៉ឺន​ដុល្លារ ដើម្បី​កសាង​បុស្បុក ជណ្ដើរ​មង្គល ៣៨​កាំ និង​កញ្ចុះ​អង្គុយ​លេង នៅ​លើ​ផ្ទៃ​ដី​របស់​បូជនីយដ្ឋាន​ដែល​មាន​ស្រាប់​ទំហំ​ប្រមាណ ៣​ហិកតារ។

ប្រធាន​គណៈកម្មការ​គ្រប់គ្រង​បូជនីយដ្ឋាន លោក ម៉ៅ សោភ័ណ្ឌ មាន​ប្រសាសន៍​ថា ប្រភព​ជំនួយ​ធំ​បាន​មក​ពី​អ្នក​ជំនួញ​ឈើ​ដ៏​ធំ​នៅ​កម្ពុជា គឺ​លោក​ឧកញ៉ា ទ្រី ភាព និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន លោក ប្រាក់ ចំរើន។

ចំពោះ​គម្រោង​ទិញ​ដី​ពង្រីក​កន្លែង​ចត​ឡាន​វិញ លោក​បញ្ជាក់​ថា ម្ចាស់​ដី​នៅ​ក្បែរ​នោះ​បាន​ដំឡើង​ថ្លៃ​ដី​ទ្វេ​មួយ​ជា​បី​ដែល​លំបាក​អំពាវនាវ​រក​ម្ចាស់​ជំនួយ​បរិច្ចាគ​ទឹក​ប្រាក់​ដ៏​ច្រើន​បែប​នេះ៖ «ផែនការ​ចាក់​ដី​នៅ​ខាង​លិច​ដែល​លោក​តា​មាន​ដី​មួយ​ចំនួន​នៅ​ត្រង់​ហ្នឹង កំពុង​តែ​រក​លុយ​ទិញ​បន្ថែម ប៉ុន្តែ​មិន​ទាន់​ពេញ​ល្អ​ទេ។ អា​ហ្នឹង​មាន​បំណង​ថា រុញ​ឡាន​ឲ្យ​ទៅ​ជ្រក​ត្រង់​ហ្នឹង​ទាំង​អស់ ហើយ​ឲ្យ​គាត់​អញ្ជើញ​ដើរ​ចូល​មក​ទទេ​តែ​ម្ដង មិន​បាច់​ឲ្យ​ចូល​ទាំង​ឡានៗ​មក​ទេ»

ប្រភព​ពី​ឆ្មាំ​យាម​បូជនីយដ្ឋាន និង​លោក ម៉ៅ សោភ័ណ្ឌ ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ មាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ​ចូល​គោរព​បូជា ហើយ​បាន​បរិច្ចាគ​ធនធាន​ដែល​ខ្លួន​មាន​គ្រប់ៗ​គ្នា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ប៉ុន្តែ​ភ្ញៀវ​ទាំង​នោះ​ភាគ​ច្រើន​យល់​ដឹង​តិចតួច និង​ខ្លះ​មិន​ដឹង​តែ​ម្ដង​ពី​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ឧកញ៉ា ឃ្លាំង មឿង ដែល​ជា​មេទ័ព​ដ៏​ល្បីល្បាញ​កាល​ពី​សម័យ​លង្វែក។

បូជនីយដ្ឋាន​លោក​ឧកញ៉ា ឃ្លាំង មឿង ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់។ រូបថត​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០១៥
បូជនីយដ្ឋាន​លោក​ឧកញ៉ា ឃ្លាំង មឿង ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់។ រូបថត​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០១៥ (RFA/Chin Chetha)

ទាក់ទង​នឹង​ភាព​ខ្វះខាត​នៃ​ការ​យល់​ដឹង​របស់​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​ពី​ប្រវត្តិ​ឧកញ៉ា ឃ្លាំង មឿង នេះ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​បូជនីយដ្ឋាន​លោក ម៉ៅ សោភ័ណ្ឌ មាន​គំនិត​បោះ​ពុម្ព​កូន​សៀវភៅ​សង្ខេប​យ៉ាង​ខ្លី​ចេញ​ពី​ឯកសារ​មហា​បុរស​ខ្មែរ ដើម្បី​លក់​ក្នុង​តម្លៃ​ថោក ឬ​ចែក​ជូន​ភ្ញៀវ​នៅ​ថ្ងៃ​អនាគត។

លោក​ថា ភ្ញៀវ​តិច​ណាស់​បាន​សួរ​លោក​អំពី​ប្រវត្តិសាស្ត្រ​នេះ និង​ខ្លះ​មិន​សួរ​ហើយ​​និយាយ​តាម​គ្នា​មិន​ត្រឹមត្រូវ​ទៅ​តាម​ប្រវត្តិសាស្ត្រ៖ «យើង​ចង់​បាន​ឯកសារ​ដែល​និយាយ​តែ​ពលិកម្ម​ជីវិត​នៅ​ត្រង់​ហ្នឹង​របស់​លោក​ឧកញ៉ា ឃ្លាំង មឿង ទេ យើង​មិន​និយាយ​អី​វែង​ឆ្ងាយ​ដូច​មហា​បុរស​ខ្មែរ​ទេ! អ៊ីចឹង​យើង​ចង់​និយាយ​តែ​ចំណុច​លោក​តា មឿង បាន​បូជា​ជីវិត​ត្រង់​ហ្នឹង​ដោយ​សារ​អី? គឺ​ដោយសារ​តែ​ព្រះអង្គ ច័ន្ទរាជា ប្រើ​ឲ្យ​គាត់​ទប់​ទល់​ជាមួយ​ទ័ព​ខ្មាំង​ទៅ​រួច​មិន​រួច? តែ​លោក​តា​មឿង មើល​ទៅ​អត់​រួច​ទេ បាន​គាត់​សុំ​បូជា​ជីវិត ដើម្បី​កេណ្ឌ​ទ័ព​ខ្មោច​ជួយ​វាយ​គាត់ (ព្រះអង្គ​ច័ន្ទរាជា)»

ត្បិត​បូជនីយដ្ឋាន​ឧកញ៉ា ឃ្លាំង មឿង ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ប៉ុន្តែ​ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ពោធិ៍សាត់ លោក សំ ឃីម បញ្ជាក់​ថា ខាង​លោក​បាន​គ្រប់គ្រង​តួលេខ​ភ្ញៀវ​ទេសចរ​ដោយ​ប្រយោល​នៅ​ទី​នោះ។ លោក​ថា ទី​សក្ការបូជា​ឧកញ៉ា ឃ្លាំង មឿង គឺ​ជា​ទិសដៅ​របស់​ភ្ញៀវ​សម្រុក​ទៅ​បន់ស្រន់​ច្រើន ដូច​ជា​នៅ​តាម​រមណីយដ្ឋាន​សំខាន់ៗ​ដែល​មាន​ក្នុង​ខេត្ត​ដែរ។

លោក សំ ឃីម រំលឹក​ថា កាល​ពី​ឆ្នាំ​២០០៨ នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា មាន​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ គេ​បាន​ធ្វើ​ពិធី​ឡើង​អ្នកតា ឃ្លាំង មឿង ហើយ​កាល​ណោះ​មាន​ភ្ញៀវ​ច្រើន​ណាស់​បាន​ចូល​រួម។ លោក​ថា បច្ចុប្បន្ន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ គិត​ជា​មធ្យម​ក្នុង​មួយ​ខែ​មាន​ចំនួន ១​ម៉ឺន ៦​ពាន់​នាក់ ដែល​បាន​ចូល​ទៅ​លេង ឬ​បន់ស្រន់​នៅ​ទី​សក្ការបូជា​ឧកញ៉ា ឃ្លាំង មឿង៖ «កន្លែង​ហ្នឹង (បូជនីយដ្ឋាន​ឧកញ៉ា ឃ្លាំង មឿង) មាន​សក្ដានុពល​ល្អ​ប្រសើរ​ជាង​កន្លែង​ណា​ទាំង​អស់ ព្រោះ​កន្លែង​ហ្នឹង​មាន​មាន​អប្បិយជំនឿ​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ភ្ញៀវ​មាន​អត់​ដាច់​ទេ មាន​ជា​អចិន្ត្រៃយ៍»

កំពុង​អង្គុយ​ផ្អែក​សសរ​នៅ​ជ្រុង​ម្ខាង​នៃ​ទី​សក្ការបូជា​របស់​អ្នកតា មឿង ក្នុង​ទឹក​មុខ​ស្រគត់ស្រគំ គឺ​អ្នកស្រី ជា ចាត មាន​ប្រសាសន៍​ថា រូប​គាត់​មាន​កំណើត​កើត​ជា​នៅ​ក្បែរ​ទី​សក្ការ​បូជា​របស់​អ្នក​តា ឃ្លាំង មឿង ប៉ុន្តែ​រូប​គាត់​ទើប​ស្ម័គ្រ​ចិត្ត​ចូល​មក​ជួយ​ថែរក្សា​បូជនីយដ្ឋាន​ក្នុង​វ័យ ៧៥​ឆ្នាំ​នេះ​ទេ។

អ្នកស្រី​ថា ត្បិត​រូប​គាត់​ទើប​មក​រក្សា​បូជនីយដ្ឋាន តែ​គាត់​មាន​ជំនឿ​យូរ​មក​ហើយ​ដោយ​អ្នក​ស្រុក​ភូមិ​បន់ស្រន់​អ្វី​សម្រេច​ដូច​បំណង៖ «ភ្ញៀវ​ច្រើន​ណាស់​កូន​អើយ! ប៉ុន្តែ​មិន​បាន​គិត​ថា មាន​ប៉ុន្មាន​អី​ប៉ុន្មាន​ទេ តែ​គេ​ចុះ​ឡើង​មក​គគ្រឹកគគ្រេង​វាស់ៗ​ល្ងាច​ហ្នឹង។ គេ​មក​បន់ស្រន់​សូម​សេចក្ដី​សុខ ខ្លះ​ទៅ​បន់​បាន​សម្រេច​ការងារ​អី​មួយ​អ៊ីចឹង​គេ​យក​ដង្វាយ​មក​លា​មាត់​លាក»

បូជនីយដ្ឋាន​ឧកញ៉ា ឃ្លាំង មឿង ឋិត​នៅ​ភូមិ​កំពែងស្វាយ ឃុំ​ស្នាមព្រះ ស្រុក​បាកាន ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់ ត្រូវ​បាន​ពលរដ្ឋ និង​អាជ្ញាធរ​ខ្លះ​ក្នុង​ខេត្ត​ ផ្ដល់​កិត្តិនាម​ដ៏​អស្ចារ្យ​ចំពោះ​អ្នក​តា មឿង ដោយ​ពួកគាត់​មាន​ជំនឿ។ បច្ចុប្បន្ន​មាន​យាយ​តា​ប្រមាណ ១០​នាក់ បាន​បូជា​កម្លាំង​កាយ​សម្អាត​បរិវេណ​បូជនីយដ្ឋាន ព្រម​ទាំង​បម្រើ​សេវាកម្ម​លក់​ទាន​ធូប​ជូន​ភ្ញៀវ។ ចាស់ៗ​ទាំង​នេះ​បាន​ទេយ្យទាន​ខ្លះ​ពី​សប្បុរសជន​ហូរហែ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។