កម្មករប្រមាណ ២ពាន់នាក់នៃរោងចក្រកំចាយមារ បានយល់ព្រមចូលធ្វើការវិញ នៅថ្ងៃទី១៩ ខែកញ្ញា បន្ទាប់ពីមន្ត្រីសហជីពចំនួន៥ ដែលជាតំណាងកម្មកររោងចក្រកាត់ដេរកំចាយមារ នៅខេត្តព្រៃវែង និងភាគីក្រុមហ៊ុនបានជួបចរចាគ្នាកាលពីព្រឹកថ្ងៃទី១៨ កញ្ញា នៅសាលាខេត្ត។
ការយល់ព្រមចូលធ្វើការនេះ គ្រាន់ជាដំណោះស្រាយបណ្ដោះអាសន្ន បញ្ចប់កូដកម្មទាមទារលក្ខខណ្ឌការងាររបស់កម្មករដែលបានបន្តអស់រយៈពេលជាងមួយសប្ដាហ៍រួចមកហើយនេះ។ ចំណែកចំណុចទាមទារដែលនៅសេសសល់ ក្រុមសហជីព និងភាគីរោងចក្រ នឹងពិភាក្សាដោះស្រាយបន្តទៀត។
មន្ត្រីសហជីពដែលចូលរួមរកដំណោះស្រាយមានជាអាទិ៍ សហព័ន្ធសហជីពកម្មករ និយោជិក សហព័ន្ធសហជីពយុវជនខ្មែរ សម្ពន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា សហជីពកម្មករដើម្បីការងារ និងសហជីពស៊ីខៅឌូ (CCAWDU) បានព្រមព្រៀងគ្នាទទួលយកសំណើបណ្ដោះអាសន្ន ក្រោមការសម្របសម្រួលពីអភិបាលរងខេត្តព្រៃវែង។
អភិបាលរងខេត្តព្រៃវែង និងជាប្រធានរកដំណោះស្រាយកូដកម្ម និងបាតុកម្មខេត្ត លោក កែវ សេន មានប្រសាសន៍ក្នុងអង្គប្រជុំនាព្រឹកថ្លៃទី១៨ កញ្ញា ដោយស្នើឲ្យភាគីក្រុមហ៊ុន និងតំណាងកម្មករ បញ្ចប់វិវាទនៃកូដកម្មទាមទារលក្ខខណ្ឌការងារបណ្ដោះអាសន្ន ក្នុងលក្ខខណ្ឌតម្រូវឲ្យក្រុមហ៊ុនបើកប្រាក់ខែចំនួន ៥០ភាគរយ ដល់កម្មករ សម្រាប់ចាយវាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៖ «ខ្ញុំសំណូមពរឲ្យកម្មករចូលធ្វើការនៅថ្ងៃស្អែកនេះបន្ត ហើយខ្ញុំរុញឲ្យរោងចក្រផ្ដល់លុយ ទោះជាមិនទាន់ដល់ថ្ងៃបើក ក៏ត្រូវឲ្យផ្ដល់ ៥០ភាគរយ នៃប្រាក់ទទួលបាន។ បានបងប្អូនទៅភ្ជុំទៅបុណ្យទៅទាន»។
បើទោះជាយ៉ាងនេះក្ដី តំណាងមន្ត្រីសហជីពទាំង៥ មិនទាន់បានឯកភាពលើចំណុចលក្ខខណ្ឌការងាររបស់កម្មករនៅឡើយទេ។
មន្ត្រីសហព័ន្ធសហជីពយុវជនខ្មែរ លោក ហង់ សូរិយា លើកឡើងថា ការដោះស្រាយបញ្ចប់វិវាទនេះ ថ្វីត្បិតពុំមែនច្រកចេញពិតប្រាកដ ប៉ុន្តែក៏ជាវិធីមួយជួយសម្រាលទុក្ខរបស់កម្មករបានមួយកម្រិត៖ «ជាវិធានការមួយដែលយើងធ្វើសម្រាប់គាត់។ ខ្ញុំគិតថា មន្ត្រីសហជីពហាក់មានការខ្វែងគំនិតគ្នា ខ្លះចំពោះការរកដំណោះស្រាយបញ្ចប់បញ្ហាបណ្ដោះអាសន្នរបស់អាជ្ញាធរ»។
មន្ត្រីសហជីពស៊ីខៅឌូ លោក សុត សៀម ថ្លែងរិះគន់អាជ្ញាធរថា ការរកដំណោះស្រាយនេះមិនមែនចក្រចេញដើម្បីបញ្ចប់ជម្លោះ ដែលជាតម្រូវការរបស់ក្រុមកម្មករនោះទេ។ លោកបន្តថា ក្រុមកម្មករចង់ឲ្យដោះស្រាយលក្ខខណ្ឌការងារសមស្រប ពីព្រោះជាទុក្ខលំបាករបស់ពួកគេ៖ «ព្រោះថាម្សិលម៉េចដែលយើងមានកំណត់ហេតុច្បាស់ណាស់ ថាយើងហ្នឹងជជែកចរចាជាមួយស៊ីខៅឌូ។ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំប្លែកអារម្មណ៍ នៅពេលដែលខ្ញុំចូលមកដល់សាលប្រជុំ គឺឃើញមានសហជីពជាច្រើនបានចូលរួមនៅក្នុងអឺ! ដំណើរការនៃការផ្សះផ្សា។ អ៊ីចឹងហើយទើបដំណើរនៃការផ្សះផ្សា យើងអាក់ខានទៅវិញ គឺមិនបានមានលទ្ធផលណាមួយជាផ្លែផ្កាធំដុំសម្រាប់បងប្អូនជាកម្មករទេ»។
ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរខេត្តបញ្ជាក់ថា អាជ្ញាធរមិនអាចសម្របសម្រួលទ្វេភាគីរវាងមន្ត្រីសហជីពស៊ីខៅឌូ ជាមួយក្រុមហ៊ុនបាននោះទេ ពីព្រោះជាបញ្ហារួមរបស់កម្មករទាំងមូល។ លក្ខខណ្ឌការងារសំខាន់ៗដែលក្រុមកម្មករទាមទារ រួមមាន ស្នើឲ្យភាគីរោងចក្រដំឡើងថ្លៃឡូបន្ថែម ១.២០០រៀលលើតម្លៃឡូដែលមានស្រាប់ ស្នើឲ្យក្រុមហ៊ុនចេញតម្លៃឡូគ្រប់ប្រភេទសម្លៀកបំពាក់ ទៅលើកម្មករចូលថ្មី បន្ទាប់ពីធ្វើការងារមួយសប្ដាហ៍ ស្នើឲ្យក្រុមហ៊ុនដកជនជាតិចិន ម្នាក់ឈ្មោះ មីង យៀក ចេញពីរោងចក្រ និងណែនាំចិន ម្នាក់ឈ្មោះ ចែ ភិង ព្រមទាំងស្នើឲ្យភាគីរោងចក្រ ធ្វើកិច្ចសន្យាការងារមិនកំណត់ ចំពោះកម្មករណាដែលមានអតីតភាពការងារចាប់ពី ២ឆ្នាំឡើងទៅ ជាដើម។
នៅក្នុងអង្គប្រជុំ ក្រុមហ៊ុនបានឯកភាពបើកប្រាក់ខែ ៥០ភាគរយនៃប្រាក់ខែគោល ឲ្យកម្មករដែលបានបម្រើការងារចាប់ពី ២ខែឡើងទៅ ដើម្បីដោះស្រាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ចំណែកឯលក្ខខណ្ឌការងារដែលក្រុមកម្មករទាមទារក្នុងអង្គប្រជុំកំណត់ជួបចរចាគ្នាដោះស្រាយជាថ្មី នៅសាលាស្រុកកំចាយមារ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌរួច នៅថ្ងៃទី២៧ ខែកញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
